បាល់ទាត់៖ ក្រុម U21 កងយោធពលខេមរភូមិន្ទ (ទ័ព) និងសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង បានទទួលការសរសើរពីគ្រូបង្វឹករៀងខ្លួន បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏តានតឹងស្មើគ្នា ១–១ ក្នុងជំនួបសប្ដាហ៍ទី៧ នៃលីគទី២ កម្ពុជា នៅកីឡដ្ឋានស្ដាតចាស់កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ម្សិលមិញ។

ជំនួបដ៏ស្វិតស្វាញនេះក្រុមម្ចាស់ផ្ទះ U21 កងយោធពលខេមរភូមិន្ទបានបើការនាំមុខ ក្រុមភ្ញៀវតាំងពីដើមវគ្គទី១ ហើយការប្រកួតបានអូសបន្លាយរហូតដល់នាទីចុងក្រោយ ទើបក្រុមលេខ៣ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ខេត្តព្រៃវែងវាយបកតាមស្មើ ១–១ ដែលធ្វើសម្រេចដោយកីឡាករ ចាន់ សារ៉ាពេជ្រ។ លោក វី លីកា គ្រូបង្វឹកខេត្តព្រៃវែងបានចាត់ទុកនេះ គឺជាការប្រកួតដ៏តានតឹងសម្រាប់ក្រុមខ្លួន ដ្បិតលេងក្រៅដី ហើយក្រុមម្ចាស់ផ្ទះមានការរៀបចំក្រុមបានល្អ។ តែយ៉ាងណា លោកនៅតែពេញចិត្តចំពោះកិច្ចខិតខំរបស់កូនក្រុម ដែលព្យាយាមរហូតដល់វិនាទីចុងក្រោយ និងមានឱកាសវាយបាកតាមស្មើវិញ។ ដោយឡែកលោក ប៊ួយ ភារម្យ គ្រូបង្វឹកក្រុម U21 កងយោធពលខេមរភូមិន្ទ បានសម្ដែងការសោកស្ដាយ ចំពោះឱកាសបាត់បង់ឱកាសចុងម៉ោងធ្វើឲ្យក្រុមភ្ញៀវតាមស្មើ។ តែយ៉ាងណាលោកថា នេះគឺជាបាល់ទាត់ អ្វីដែលសំខាន់គឺលោកបានកោតសរសើរកូនក្រុមខ្លួន ដែលធ្វើបានល្អក្នុងការប្រកួតដ៏សំខាន់នេះ។

ជាមួយការចែកគ្នា ១ពិន្ទុនេះបានធ្វើឲ្យសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង បន្ដឈរកំពូលតារាង តែមាន ១៧ពិន្ទុស្មើគ្នាជាមួយក្រុម U21 កងយោធពលខេមរភូមិន្ទ បន្ទាប់ពីឆ្លងកាត់ ៧ប្រកួតឈ្នះ៦ និងស្មើ ១ប្រកួតដូចគ្នា ។ ក្រឡែកទៅមើលលទ្ធផលការប្រកួតសប្ដាហ៍ទី៧ ចំនួន ៤ប្រកួតផ្សេងទៀត រួមមានក្រុម U21 ភ្នំពេញក្រោន យកឈ្នះក្រុមម្ចាស់ផ្ទះកោះកុង ១–០, ក្រុម ISI ដង្កោសែនជ័យយកឈ្នះក្រុមឬទ្ធីសែន ១–០, ក្រុមសៀមរាបអែហ្វស៊ី យកឈ្នះក្រុមភ្ញៀវខេត្តកំពង់ស្ពឺ ៦–០ និងខេត្តត្បូងឃ្មុំបានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តស្វាយរៀង ៩–២។ គួរបញ្ជាក់ថា បន្ទាប់ពីចប់ការប្រកួតសប្ដាហ៍នេះលីគទី២ កម្ពុជា នៅសល់ការប្រកួតសន្សំពិន្ទុ ២សប្ដាហ៍ទៀតប៉ុណ្ណោះនឹងរកឃើញបេក្ខភាព ៤ក្រុមចុងក្រោយ ដើម្បីធ្វើការប្រកួតចម្រាញ់រកក្រុមខ្លាំង ឡើងបង្គ្រប់កៅអីលីគកំពូលកម្ពុជាឆ្នាំ២០២១ ជាមួយរូបមន្ដប្រកួតក្រុមឈរលេខ៤ ប៉ះក្រុមឈរលេខ៣ បន្ទាប់មកក្រុមឈ្នះត្រូវឡើងទៅជួបក្រុមឈរលេខ២ ហើយក្រុមឈ្នះនឹងត្រូវឡើងទៅជួបក្រុមឈរកំពូលតារាង ដើម្បីកាត់សេចក្ដីរកក្រុមជើងឯក ដែលការប្រកួតគ្រោងនឹងបញ្ចប់នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ៕
អត្ថបទ៖ លី ឈុនឡា