ស្វីស៖ ប្រមុខអង្គការសុខភាពពិភពលោកកាលពីថ្ងៃចន្ទបាននិយាយថា លោកត្រូវបានបញ្ជាក់ដោយប្រទេសជប៉ុន អំពីករណីឆ្លងវីរុសកូរ៉ូណាបម្លែងខ្លួនថ្មី លើអ្នកដំណើរមកពីប្រទេសប្រេស៊ីល ដែលមានលក្ខណៈខុសពីករណី ដែលត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង។
ប្រទេសជប៉ុនកំពុងធ្វើការជាមួយបណ្ដាប្រទេសបផ្សេងទៀត អង្គការសុខភាពពិភពលោក និងក្រុមអ្នកជំនាញវេជ្ជសាស្ត្រដើម្បីវិភាគពីជំងឺ COVID-19 បម្លែងខ្លួន។ ប្រមុខអង្គការសុខភាពពិភពលោកគឺលោក Tedros Adhanom Ghebreyesus បានជំរុញដល់ប្រទេសនានា បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់វីរុស ដែលក្រុមអ្នកវិទ្យាសាស្ត្រអាចសិក្សាពីរបៀបត្រូវឆ្លើយតប ចំពោះវីរុសបម្លែងខ្លួនថ្មី។ ប្រធានបច្ចេកទេសខាងជំងឺ COVID-19 លោកស្រី Maria Van Kerkhove បាននិយាយថា គេបានរកឃើញករណីឆ្លងហក់ឡើងខ្ពស់ នៅក្នុងបណ្ដាប្រទេសនានាមុនពេលជំងឺ COVID-19 បម្លែងខ្លួនថ្មីជាច្រើនត្រូវបានរកឃើញ។
លោកស្រីបាននិយាយថា យើងបានបរាជ័យការប្រយុទ្ធប្រឆាំងជំងឺនេះ ដោយសារតែយើងបានផ្លាស់ប្ដូរគំរូចលនាមនុស្សលាយឡំគ្នាកាលពីរដូវក្ដៅ រដូវស្លឹកឈើជ្រុះ ពិសេសពិធីបុណ្យណូអែល និងឆ្លងឆ្នាំថ្មី ដោយលោកស្រីបានពន្យល់ថា មនុស្សជាច្រើនបានប្រាស្រ័យទាក់ទងគ្នា ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិក្នុងឱកាសថ្ងៃឈប់សម្រាកផ្សេងៗ៕
អត្ថបទ៖ សុខមាន