ភ្នំពេញ៖ លោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បានយករថយន្តពេទ្យសង្គ្រោះបន្ទាន់ មួយគ្រឿងដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ ខណៈរថយន្តនេះទី៤៤ហើយ បន្ទាប់ពីផ្តល់ជូនតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនានានៅទូទាំងប្រទេសនោះ។
ថ្លែងនៅក្នុងកម្មវិធីផ្តល់នូវរថយន្តនោះ លោកឧកញ៉ា ជា រតនា បានលើកឡើងថា រថយន្តនេះបានបំពាក់នូវឧបករណ៍គ្រប់ទាំងអស់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់មន្ទីរពេទ្យបង្អែកនេះ និងក៏ដើម្បីបំរើផលប្រយោជន៍រួមជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោកឧកញ៉ាក៏បានបញ្ជាក់ផងដែរថា រថយន្តពេទ្យដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនេះ មិនមែនផ្តល់ជូនតែមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ នោះទេ គឺនឹងផ្តល់ជូនតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកនានា នៅទូទាំងប្រទេស។ សម្រាប់ដល់មន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារនេះគឺជារថយន្តទី៤៤ហើយ ហើយនឹងផ្តល់ជូនបន្តបន្ទាប់ទៀតនាពេលខាងមុខនេះ។
ថ្លែងនៅក្នុងកម្មវិធីនោះដែរ លោក ស៊ុម សិញ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានលើកឡើងថា ក្នុងនាមលោកជាប្រធានមន្ទីរ និងតំណាងដល់ក្រុមគ្រួពេទ្យទាំងអស់នៃខេត្តព្រះវិហារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចទាំងពីរ តែងបានយកចិត្តទុក្ខដាក់ គិតគូរក្រុមគ្រួពេទ្យ និងប្រជាពលរដ្ឋទូទាំងប្រទេសនោះ។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត ប្រកបដោយសប្បុរសធម៌របស់លោកឧកញ៉ាបណ្ឌិត ជា រតនា និងជំទាវ លី ហៀក រតនា ដែលបានចូលរួមចំណែកជួយដល់សង្គមជាតិ និងវិស័យការពារជាតិ សូមគោរពជូនពរ លោកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ បរិបូរណ៍ សុភមង្គល កម្លាំងពលំមាំមួនផងដែរ៕ អត្ថបទ៖ ចក់