ភ្នំពេញ៖ បច្ចុប្បន្នភាពជាការគិតគូ ដល់ឧត្ដមប្រយោជន៍បន្ថែមរបស់ជនមានពិការភាព មន្ត្រីជំនាញនៃក្រសួងសង្គមកិច្ចកំពុងរៀបចំវិសោធនកម្មច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបានចេញកាលពីឆ្នាំ ២០០៩ កន្លងទៅ។ ការធ្វើវិសោធនកម្មនេះ គឺធ្វើឡើងលើចំណុចមួយចំនួន ដោយក្នុងនោះ រាប់បញ្ចូលទាំងការដាក់ទោសទណ្ឌ ចំពោះជនណាដែលជេរប្រមាថ មើលងាយ រឺកេងប្រវ័ញ្ចចំពោះជនមានពិការភាព។
ក្នុងឱកាសនាំយកអំណោយសម្ដេច តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កុមារពិការភ្នែក គថ្លង់ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ឯម ចន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចលើកឡើងថា បច្ចុប្បន្នភាពរាជរដ្ឋាភិបាល គឺបន្តយកចិត្តទុកដាក់ពីសុខទុក្ខរបស់ជនមានពិការភាពជាខ្លាំង។ ជាក់ស្ដែងខណៈពេលនេះ ក្រសួងសង្គមកិច្ច រួមទាំងដៃគូពាក់ព័ន្ធក៏កំពុងរៀបចំ វិសោធនកម្មច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដើម្បីផ្ដល់ជូនឧត្តមប្រយោជន៍បន្ថែមដល់មានពិការភាព។
ឯកឧត្ដមថា ក្នុងវិសោធនកម្មច្បាប់ថ្មីដែលគ្រោងបញ្ចប់ក្នុងខែ មីនា ឆ្នាំ២០២១ខាងមុខនេះ នឹងមានការដាក់ទោសទណ្ឌចំពោះជនណា ដែលជេរប្រមាថ មើលងាយ រឺកេងប្រវ័ញ្ចលើជនមានពិការភាពផងដែរ។
ឯកឧត្ដមរដ្ឋលេខាធិការបន្តថា តាមការពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួង យុត្តិធម៌ វិសោធនកម្មច្បាប់នេះ អាចដាក់ទោសអ្នកប្រព្រឹត្តិខុសឆ្គងដោយជេរប្រមាថ មើលងាយ រឺកេងប្រវ័ញ្ច លើជនមានពិការភាព ចាប់ពីចន្លោះ១ឆ្នាំរហូតដល់៣ឆ្នាំ និងមានការពិន័យជាទឹកប្រាក់ផងដែរ។
ក្រៅពីកិច្ចការសំខាន់មួយនេះ ឯកឧត្ដម ឯម ចន្ទមករា បញ្ជាក់ដែរថា បច្ចុប្បន្នក្រសួងសង្គមកិច្ច ក៏កំពុងពិភាក្សាជាមួយក្រសួងអប់រំ ដើម្បីរកមធ្យោបាយធ្វើយ៉ាងណាបញ្ចុះតម្លៃសិក្សា សម្រាប់សាលារៀនឯកជនផងដែរ។ ក្រោមការយកចិត្តទុកដាក់យ៉ាងច្រើនបែបនេះ ឯកឧត្តម ក៏ជំរុញនិងបញ្ជាក់ឱ្យជនមានពិការភាព ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនជាចាំបាច់ផងដែរ៕ អត្ថបទ៖ គឹមហុក