ជើងឯក​គុន​ល្បុក្កតោ​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ទទួល​បាន​ការឧបត្ថម្ភ​ផ្ដាច់មុខ​ពី​វិស័យ​ឯកជន​

12

ល្បុក្កតោ​៖ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បាន​ទទួល​ដៃគូ​សហការ​ធំ​លើកដំបូងគឺ​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ  ដែល​បាន​ប្រកាស​ឧបត្ថម្ភ​ផ្ដាច់មុខ​ក្នុង​ដំណើរ​ការ ប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើស​រើស​ជើងឯក​ថ្នាក់​ជាតិឆ្នាំ​២០២០ ដែល​គ្រោង​ធ្វើឡើង​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​២២២៤ ខែ​មករា ឆ្នាំ​២០២១ នេះនៅ​សាល​ដំបូលទូក នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានស្ដីពី​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ច័ន្ទ សារុន ប្រធាន​សហ​ព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជាបាន​មានប្រសាសន៍ថា នេះ​គឺជា​លើកដំបូង​ហើយ ដែល​សហព័ន្ធ​ទទួល​បាន​ឧបត្ថម្ភ​ធំ​ក្នុងការ​ប្រកួត  ក្រៅពី​ការឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា។​ ប្រធាន​សហព័ន្ធ​ដដែលបានចាត់ទុក​ការឧបត្ថម្ភ​នេះ  គឺជា​ការរួមចំណែក​យ៉ាងសំខាន់ក្នុង​ដំណើរ​ការប្រកួត និង​ការអភិវឌ្ឍន៍​វិស័យ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន។ អាស្រ័យហេតុនេះ ឯកឧត្តម​បាន​ជំរុញ​កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវខិតខំ​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ឆ្លើយតប​ជាមួយ​ការគាំទ្រ​ពី​វិស័យ​ឯកជន​ផង និង​សម្រួច​សមត្ថភាព​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម។​

ទន្ទឹម​ជាមួយគ្នា លោកស្រី នួន ស៊ុ​ន្ទ​រី អគ្គនាយិកា​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ បានបង្ហាញ​នូវ​មោទនភាពដែល​បានសម្រេច​បំណង ​ចូលរួម​លើកកម្ពស់​វិស័យ​កីឡា​ប្រពៃណី​មួយ​នេះ។ លើសពីនេះលោកស្រី​ថា បង្ហាញ​ភ្លើង​ខៀវ​ក្នុង​ការជជែក​ជាមួយ​សហព័ន្ធ ដើម្បី​សិក្សា​ពី​លទ្ធភាព​រៀបចំ​ការប្រកួត​ចាំ​សប្ដាហ៍ ឬ​ប្រចាំខែដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កីឡា​គុន​ល្បុក្កតោ​នេះ ជាមួយ​សហព័ន្ធ​ទៀតផង។​ សូមបញ្ជាក់ថា ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២០ ដែល​គ្រោង​ធ្វើឡើង​ចុង​សប្ដាហ៍​នេះ ក្រុមហ៊ុន​សម្រស់​ធម្មជាតិបាន​ឧបត្ថម្ភ​ថវិកា​សរុប ១៦,៨៥០​ដុល្លារសម្រាប់​ចំណាយ​លើ​ការរៀបចំ ការធ្វើដំណើរ​របស់​កីឡាករ​-​កីឡាការិនី​តាម​ខេត្ត ការ​ស្នាក់នៅ និង​ការហូបចុក​ជាដើម ខណៈ​មាន​កីឡាករ​-​កីឡាការិនី​សរុប ១៩៣​នាក់មកពី ២៤​សមាគម​/​ក្លិបត្រៀម​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ៕

អត្ថបទ៖ លី ឈុន​ឡា