ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ ដល់យុទ្ធនាការរៃអង្គាសថវិការបស់ សាយ ដែលឥឡូវនេះថវិកា ដែលបានរៃអង្គាសមានចំនួនលើសពី ៤៨ម៉ឺនដុល្លារ បន្ទាប់ពីគាត់បានរត់ចម្ងាយជាង ២.៤០៨គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ២១ ក្នុងរយៈពេល ៩៧ថ្ងៃ។
សម្រាប់ការបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ ក្នុងយុទ្ធនាការ «រត់ជាមួយសាយ» ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ នេះ លោក ហ្វេរូស អ៊ីកវ៉ាន់(Feiruz Ikhwan) នាយកផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «លោក សាយ បានលើកទឹកចិត្តដល់ពួកយើងទាំងអស់គ្នា ហើយពួកយើងនៅក្រុមហ៊ុន Smart មានមោទនភាព ក្នុងការរួមចំណែកដល់សមិទ្ធផលដ៏អស្ចារ្យរបស់គាត់ ក្នុងការរៃអង្គាសថវិកាជាច្រើន តាមរយៈគំនិតផ្តួចផ្តើម ការខិតខំ និងការលះបង់ផ្ទាល់ខ្លួន។
យើងសង្ឃឹមថា ការបរិច្ចាគរបស់ក្រុមហ៊ុនទៅកាន់យុទ្ធនាការ «រត់ជាមួយសាយ» នៅថ្ងៃនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់យើងនឹងលើកទឹកចិត្តឱ្យពលរដ្ឋកម្ពុជាឲ្យចេះរួមគ្នា និងចេះជួយគ្នាទៅវិញទៅមក ជាពិសេសជួយអ្នកដែលងាយរងគ្រោះបំផុត ក្នុងអំឡុងពេលដ៏លំបាកទាំងនេះ។»
នៅពេលចុងបញ្ចប់នៃការរត់ចម្ងាយ ១០ គីឡូម៉ែត្រ ក្រុមហ៊ុន Smart ក៏បានប្រកាសឲ្យដឹងថាក្រុមហ៊ុននឹងពង្រីកការគាំទ្រដល់សេវាថែទាំសុខភាពកុមារឥតគិតថ្លៃ តាមរយៈការរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ និងបរិច្ចាគថវិការបស់ក្រុមហ៊ុនឲ្យគ្រប់ចំនួន១០ម៉ឺនដុល្លារ។ ថវិកាទាំងអស់នឹងត្រូវបានបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យកុមារឈានមុខគេខាងផ្នែកផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃដល់កុមារកម្ពុជារាប់លាននាក់។
សម្រាប់បរិច្ចាគ លោក សាយ បានលើកឡើង ពីអារម្មណ៍សប្បាយរីករាយ ដែលក្រុមហ៊ុនធំៗនៅកម្ពុជា ដូចជាក្រុមហ៊ុន Smart បានចូលរួមគាំទ្រកម្មវិធីសប្បុរសធម៌ ក្នុងការជួយប្រជាជនកម្ពុជាឲ្យចេះជួយយកអាសាគ្នា ជាពិសេសដល់អ្នកដែលមិនមានសំណាងជាងខ្លួន ជាពិសេសក្មេងៗ៕ អត្ថបទ៖ គឹមហុក