វាយកូនបាល់៖ កីឡាការិនីជប៉ុន Naomi Osaka បានបង្ហាញសមត្ថភាពឥតខ្ចោះរបស់ខ្លួន ដើម្បីយកឈ្នះកីឡាការិនីអាមេរិក Serena Williams ឡើងវគ្គផ្តាច់ព្រ័ត្រ Grand Slam, Australian Open។ ជើងឯក Grand Slam ៣លើក Naomi Osaka មិនមានការកោតខ្លាច និងសំពាធឡើយ ដោយបានយកឈ្នះកីឡាការិនីជើងចាស់ Serena Williams លទ្ធផលបច្ចេកទេស ៦–៣ និង ៦–៤។
ជ័យជំនះនេះធ្វើអោយ Naomi Osaka បន្តស្ថិតិមិនចាញ់ ២០ប្រកួតជាប់គ្នា ហើយនាងមិនដែលចាញ់នៅវគ្គផ្តាច់ព្រ័ត្រ Grand Slam ឡើយ ពោលគឺឡើងវគ្គផ្តាច់ព្រ័ត្រ ៣លើកឈ្នះទាំង ៣លើក។ ចំណែក Serena Williams បរាជ័យនេះធ្វើអោយក្តីស្រមៃចង់ឈ្នះជើងឯក Grand Slam អោយស្មើនឹងកំណត់ត្រា ២៤លើករបស់ Margaret Court ត្រូវបញ្ចប់ និងត្រូវរង់ចាំនៅ Grand Slam បន្ទាប់គឺ French Open។ នេះជាលើកដំបូងហើយដែល Serena Williams ចាញ់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ Australian Open ក្នុងការបង្ហាញខ្លួន ៨លើកមកដល់វគ្គនេះ។ ចំណែក Naomi Osaka នឹងត្រូវជួបជាមួយកីឡាការិនីអាមេរិកមួយរូបទៀតគឺ Jennifer Brady។

Jennifer Brady បានយកឈ្នះកីឡាការិនីឆេក Karolina Muchova ដោយលទ្ធផល ៦–៤, ៣–៦ និង ៦–៤ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ Grand Slam លើកដំបូងក្នុងអាជីព។ Jennifer Brady និង Naomi Osaka ក៏ធ្លាប់ជួបគ្នាដែរកាលពីឆ្នាំ២០២០ នៅ U.S. Open ដែលនៅពេលនោះ Osaka យកឈ្នះ៕
អត្ថបទ៖នាង សុភាវុធ