អាមេរិក៖ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងយល់ព្រមជួបជាមួយអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ដែលចូលរួមក្នុងការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលជាជំហានសាធារណៈដំបូង ឆ្ពោះទៅរកការទូតជាថ្មីជាមួយទីក្រុងតេអេរ៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បាននិយាយថា សហរដ្ឋអាមេរិកនឹងទទួលយកការអញ្ជើញមួយ ពីអ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប ដើម្បីចូលរួមកិច្ចប្រជុំនៃប្រទេសជាម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដើម្បីពិភាក្សាអំពីការទូត ឆ្ពោះទៅមុខលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ មិនទាន់មានកិច្ចប្រជុំណាមួយត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែមន្ត្រីសហភាពអឺរ៉ុបបានបង្ហាញថា លោកនឹងមានឆន្ទៈក្នុងការអញ្ជើញភាគីចូលរួមក្នុងកិច្ចពិភាក្សា។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលត្រូវបានគេស្គាល់ថា JCPOA ត្រូវបានចរចាដោយសហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងអង់គ្លេស៕
អត្ថបទ៖ សុខមាន