សម្ដេចពញាចក្រី ស្នើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមថែរក្សាស្ថិរភាពនយោបាយ

17

ភ្នំពេញ៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តជំរុញចលនាប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ ដើម្បីធានាសុខុមាលភាព និងភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

នេះជាប្រសាសន៍ លើកឡើងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជន កម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ ក្នុងឱកាសនៃការបិទ កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែក នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តថា ជាក់ស្តែងក្នុងក្របខ័ណ្ឌខេត្ត ក្រុង ស្រុក ផ្អែកលើសក្តានុពលវិស័យសេដ្ឋកិច្ចដែលមានក្នុងស្ថានភាពថ្មីនេះ ត្រូវបន្តជំរុញដើម្បីរក្សាលំនឹង និងស្តារជីវភាពរស់នៅរបស់ប្រជាជនឱ្យបានល្អប្រសើរ។ អំពីទិសដៅការងារគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស អគ្គមហាពញាចក្រី ហេង សំរិន បានជម្រុញឱ្យបន្តក្តាប់ជាប់ សភាពការណ៍ដើម្បីកំណត់គោលការណ៍ដឹកនាំ ទិសដៅភារកិច្ច និងវិធានការអនុវត្តន៍ត្រឹមត្រូវ គ្រប់ពេលវេលាធានាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពក្នុងមូលដ្ឋាន អភិវឌ្ឍន៍លើកស្ទួយជីវភាពប្រជាជន និងពុះពារជំនះរាល់បញ្ហាប្រឈម និងហានិភ័យ ពង្រឹងសាមគ្គី ឯកភាពផ្ទៃក្នុងខ្ពស់ ទាំងខាងទស្សនៈគោលជំហរ និងសកម្មភាព ខិតខំលើកកម្ពស់សមត្ថភាពរបស់គណបក្សលើ មូលដ្ឋានក្តាប់ជាប់ការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្ត គឺរក្សាប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ.សង្កាត់អាណត្តិទី៥ ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅធានាជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណារាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ គណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមការងារមូលដ្ឋានគណបក្ស និងបណ្តាអង្គការមហាជនត្រូវបន្តយកចិត្តទុក ដាក់ជំរុញខ្លាំងការងារអប់រំនយោបាយសតិអារម្មណ៍ និងចលនាមហាជនឱ្យបានជាក់ស្តែង ទូលំ ទូលាយអំពីសមិទ្ធផលលើគ្រប់វិស័យទាំងក្របខ័ណ្ឌជាតិ ទាំងក្នុងមូលដ្ឋានរបស់ខ្លួន គោលការណ៍ គោលនយោបាយ និងវិធានការនានារបស់គណបក្ស និងរដ្ឋាភិបាល ព្រមទាំងឧបាយកលដ៏គ្រោះថ្នាក់របស់ពួកប្រឆាំងជ្រុលនិយមប្រកបដោយភាពម្ចាស់ការក្នុងការថែរក្សាសន្តិភាព និងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមទាំងការប្រយុទ្ធជំងឺកូវីត-១៩ ដោយនៅថ្ងៃទី២០ កុម្ភៈនេះកម្ពុជាបាន ទទួលរងនូវការផ្ទុះជំងឺនេះនៅក្នុងសហគមន៍ជាលើកទី៣ ដែលមានរហូតទៅដល់ ៣២ករណី ដែលជាចំនួនដ៏ច្រើនពុំធ្លាប់មាននៅពេលកន្លងមក ហើយនៅព្រឹកថ្ងៃទី២០ កុម្ភៈនេះដែរ សម្តេច តេជោនាយករដ្ឋមន្ត្រី ក៏បានចេញមកអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបន្តការប្រុងប្រយ័ត្នចំពោះបញ្ហានេះ និងសូមកុំឱ្យមានការរើសអើងនឹងគ្នា ជាពិសេសសូមកុំរើស អើងជាតិសាសន៍ ដែល៣២ករណីដែលយើងបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩ នៅថ្ងៃនេះ គឺសុទ្ធតែជាជនជាតិចិនទាំងអស់ ហើយសម្តេចបានសម្រេចបិទការធ្វើដំណើររបស់ពលរដ្ឋកម្ពុជា ទៅកាន់ប្រទេសជិតខាងទាំង៣ គឺថៃ វៀតណាម និងឡាវផងដែរ ព្រោះមកទល់នឹងថ្ងៃនេះកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩នេះ កើនដល់ជាង ៥០០នាក់ហើយ។

សម្តេចបានគូសបញ្ជាក់ថា៖ ការលើកឡើងរបស់សម្តេចនាពេលនេះគ្រាន់តែបញ្ជាក់បន្ថែមនូវការងារមួយចំនួនជូនដល់អង្គប្រជុំ ដើម្បីបន្តយកចិត្តទុកដាក់អនុវត្តន៍ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ឆ្នាំ២០២២ ដែលយើងត្រូវយកចិត្តទុកដាក់ដើម្បីធានាប្រៀប ឈ្នះដែលមានកន្លងមកព្រោះការបោះឆ្នោតនេះ គឺជាការកំណត់ជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅឆ្នាំ២០២៣៕