​កម្មករ​-​កម្ម​ការិនី​បង្កើន​ការប្រុងប្រយ័ត្ន​ច្រើនជាង​មុន ​ខណៈ​មេរោគ​កូ​វីដ​-១៩​ ផ្ទុះ​ឡើងវិញ

165

ភ្នំពេញ ៖ ​ ដោយសារ​ការផ្ទុះ​ឡើងជា​ថ្មី នៃ​មេរោគ​កូ​វីដ​១៩ ​បាន​កត់សម្គាល់​ឃើញថា ​កម្មករ​ កម្មការិនី ​នៅតាម​បណ្តា​រោងចក្រ ​សហគ្រាស​ក្នុង​រាជធានី​ភ្នំពេញ ​មានការ​ប្រុងប្រយ័ត្ន ពិសេស​ចំនួន នៃ​ការ​ពាក់​ម៉ាស់​ ក៏មាន​ច្រើនជាង​មុន​ផងដែរ​។

លោក ឈុន ប៉ែន សហជីព​មូលដ្ឋាន​នៅ​តំបន់​ផ្លូវ​វេ​ង​ស្រេង ​ខណ្ឌ​ពោធិ៍​សែន ​បាន​​លើកឡើង​ នៅ​ព្រឹក​ថ្ងៃទី​២៣ កុម្ភៈ ឆ្នាំ​២០២១​នេះ​ថា ​គិត​ចាប់ពី​សប្តាហ៍​កន្លងទៅ​ រហូតមកទល់​ពេលនេះ​ឃើញថា បងប្អូន​កម្មករ​និយោជិត​ក្នុង​មូលដ្ឋាន​របស់លោក ​មាន​ការប្រុងប្រយ័ត្ន​ច្រើនជាង​មុន​ទៅទៀត ​ដូចជា​ការពាក់​ម៉ាស់​ និង​ស្ទង់កម្តៅ ​បាញ់​ទឹក​អាល់កុល​ជាប្រចាំ​នៅមុន​ និង​ក្រោយ​បំពេញការងារ​។

ស្រដៀង​គ្នា​នេះ លោក សុខ សំអុល ប្រធាន​សហជីព​មូលដ្ឋាន​នៅ​តំបន់​សួន​វឌ្ឍនៈ​ ខណ្ឌមានជ័យ បាន​បញ្ជាក់ថា ​ទាក់ទង​បញ្ហា​កូ​វីដ​១៩​នេះ​ សម្រាប់​កម្មករ​និយោជិត មុននឹង​អនុញ្ញាត​ឱ្យ​ចូលធ្វើការ​ខាង​រោងចក្រ សហគ្រាស តម្រូវឱ្យ​ពាក់​ម៉ាស វាស់​កំដៅ និង​បាញ់​ទឹក​អាល់កុល​ ឬ​លាងដៃ​ជាប្រចាំ ហើយ​ការការពារ​នេះ មិនមែន​ទើប​មាន​នោះទេ ​ពោលគឺ​ចាប់តាំងពី​ដើមឆ្នាំ​២០២០​មកម្ល៉េះ ​ដោយសារ​ជំងឺ​កូ​វីដ​១៩ មិនទាន់​ផុតរលត់​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ​ករណី​វិជ្ជមាន​កូ​វីដ​១៩ ​ចំនួន​អ្នក​ឆ្លង​ថ្មី​សរុប ២៥​នាក់ ក្នុង​នោះ​អ្នកដំណើរ​ចូលមក​កម្ពុជា​ និង​អ្នក​ឆ្លង​បន្ត​នៅក្នុង​ប្រទេស​ចំនួន ​០២​នាក់ ​និង ២៣​នាក់​ផ្សេងទៀត ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​៕

អត្ថបទ​ ឈិ​ត បូរ៉ា​វី