បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United ត្រូវតាមពីក្រោយមួយគ្រាប់ មុនពេលយកឈ្នះក្រុមភ្ញៀវអូទ្រីស LASK នៅទឹកដី Old Trafford ជើងទី២ វគ្គ ១៦ក្រុមចុងក្រោយ UEFA Europa League។

ជើងទី១ រវាងក្រុមទាំងពីរនៅទឹកដីអូទ្រីស Manchester United បានយកឈ្នះ ៥–០ រួចមកហើយ តែចូលជើងទី២ នេះ LASK បាននាំមុខមុននៅនាទីទី៥៥ ដោយ Philipp Wiesinger មុនពេលដែល Jesse Lingard តាមស្មើភ្លាមៗនៅនាទីទី៥៧។ ខ្សែប្រយុទ្ធបារាំង Anthony Martial ដែលជាកីឡាករបម្រុងផ្លាស់ប្ដូរចូលនោះ ក៏បានស៊ុតគ្រាប់ជ័យជំនះអោយ Manchester United នៅនាទីទី៨៨។ ចប់ការប្រកួត Manchester United យកឈ្នះ ២–១ សរុបទាំងពីរជើង ៧–១ ឡើងវគ្គ ៨ក្រុមចុងក្រោយជួបជាមួយក្រុមដាណឺម៉ាក FC Copenhagen ដែលវគ្គ ៨ក្រុមចុងក្រោយទាំងអស់ត្រូវប្រកួតនៅទីក្រុង Cologne ប្រទេសអាល្លឺម៉ង់។

ងាកមកមួយប្រកួតទៀត ក្រុមម្ចាស់ផ្ទះអ៊ីតាលី Inter Milan ក៏បានយកឈ្នះក្រុមភ្ញៀវ Getafe ដែរក្នុងលទ្ធផល ២–០។ អតីតខ្សែប្រយុទ្ធ Manchester United, Romelu Lukaku រកបានគ្រាប់នាំមុខនៅនាទីទី៣៣ ខណៈអតីតកីឡាកររបស់ Spurs, Christian Eriksen បន្ថែមគ្រាប់ចុងក្រោយ។ ជ័យជំនះនេះធ្វើអោយក្រុមរបស់លោក Antonio Conte ឡើងវគ្គ ៨ក្រុមចុងក្រោយដោយនឹងត្រូវជួបជាមួយ Bayer Leverkusen រឺក៏ Rangers៕

អត្ថបទ៖នាង សុភាវុធ