សហព័ន្ធ​កីឡា​រាំ​កម្ពុជា​មាន​សុទិដ្ឋិនិយម​ចំពោះ​ការប្រកួត​អន្តរជាតិ​តាម​អន​ឡាញ​

8

កីឡា​រាំ៖ លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​សម្ដែង​ការ​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​ភាព​រីកចម្រើន​របស់​កីឡាករ​-​កីឡា​ការិនី​វ័យក្មេង​កម្ពុជាដែល​ធ្វើ​បាន​យ៉ាង​ល្អ ក្រោយ​ចូលរួម​ប្រកួត​កីឡា​រាំ​អន្តរជាតិ​តាម​អន​ឡាញ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​រាំ​ហ្វីលីពីន​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។

ការប្រកួត​លក្ខណៈ​បើកទូលាយ​នេះ គឺ​មាន​ប្រទេស​ចូលរួម​ជាច្រើនរួមមាន​កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជប៉ុន អូស្ត្រាលី ថៃ សិង្ហ​បុរី រុស្សី ឥណ្ឌា និង​ម្ចាស់ផ្ទះ​ហ្វីលីពីន ហើយ​ជា​លទ្ធផល​ភាគ​ច្រើន​កីឡាករ​-​កីឡា​ការិនី​កម្ពុជា សុទ្ធសឹងតែ​ទទួល​បាន​ចំណាត់ថ្នាក់ ក្នុង​នោះ​ដណ្ដើម​បាន​លេខ​១ ចំនួន ៤​វិញ្ញាសា​ឯណោះ។​ អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ថែម​ថា ទោះបី​មិនបាន​ចូលរួម​ការ​ប្រកួត​ផ្ទាល់​ជាមួយគ្នា ដោយសារ​វិបត្តិ​កូ​វីដ​១៩ តែ​ការប្រកួត​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ភាព​រីកចម្រើន ទាំង​សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​-​កីឡា​ការិនី​កម្ពុជា  ដែល​ជា​ទុន​សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​វៀតណាម និង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា។

ចំពោះ​លទ្ធផលដែល​កីឡាករ​-​កីឡា​ការិនី​កម្ពុជា​ទទួល​បាន​ ពី​ការចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ រួមមាន​វិញ្ញាសា Youth Boy 5 Dance-SCRPJ កីឡាករ ជុំ លី​ហៀ​ង ដណ្ដើម​បាន​លេខ​១, វិញ្ញាសា Youth Girl Cha Cha កីឡា​ការិនី ម៉ូ​វ ដា​នី​តា ទទួល​បាន​លេខ​១, វិញ្ញាសា Adult Open Boy 3 dance- CRJ កីឡាករ សេង សុ​គីម ទទួល​បាន​លេខ​១ និង​វិញ្ញាសា Junior1 Girl Cha Cha កីឡា​ការិនី ឱ រចនី ដណ្ដើម​បាន​លេខ​១។​ លើស​ពី​នេះ​កីឡាករ​-​កីឡា​ការិនី​វ័យក្មេង​កម្ពុជា ក៏​ដណ្ដើម​បាន​ចំណាត់ថ្នាក់​ពី​លេខ​២ ដល់​លេខ​៥ ជាច្រើន​វិញ្ញាសា​ទៀត​ផង​ដែរ។ ចំពោះ​ការប្រកួត​នេះ​គឺ​បែងចែក​វិញ្ញាសា​ជា ២​ធំ​ៗ ទី​១– ​វិញ្ញាសា​កុមារ​អាយុ​ក្រោម ៩​ឆ្នាំ និង​ទី​២– ​វិញ្ញាសា​កុមារ​អាយុ​លើស ១០​ឆ្នាំ៕

អត្ថបទ៖ លី ឈុន​ឡា