កីឡាករ​សំខាន់ៗ​របស់ Liverpool វិល​មក​ហ្វឹកហាត់​ឡើងវិញ​មុន​ជំនួប Merseyside ទល់នឹង Everton

4

បាល់ទាត់៖ ក្រុម​របស់​លោក​ Jurgen Klopp​ ហាក់​កំពុង​ត្រៀមខ្លួន​បាន​ល្អ​មុន​ជំនួប​សំខាន់ Merseyside Derby នា​ថ្ងៃអាទិត្យ​ខាងមុខនេះ ​ស្រប​ពេល​ដែល​សមាជិក​សំខាន់​បាន​ចាប់ផ្ដើម​បង្ហាញខ្លួន​ នៅ​ទីលាន​ហ្វឹកហាត់​ឡើងវិញ​។

​​Sadio Mane និង Thiago Alcantara​ បាន​ត្រឡប់​មក​ហ្វឹកហាត់​វិញ​ហើយ​នៅ​ថ្ងៃ​នេះ​ បន្ទាប់ពី​អ្នក​ទាំងពីរ​បាន​បង្ខំចិត្ត​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក​ ដើម្បី​ព្យាបាល​ក្រោយពី​ធ្វើតេស្ត​ឃើញ​មាន​ផ្ទុក​វីរុស Covid-19 ខណៈ​ខ្សែ​ការពារ​សញ្ជាតិ​កាមេរ៉ូន Joel Mathip​ ដែល​អវត្តមាន ​៣​សប្ដាហ៍​ទៅ​ហើយ​នោះ​ក៏បាន​បង្ហាញខ្លួន​ឡើងវិញ ​ដែល​នេះ​ជា​សញ្ញាណ​ល្អ​មួយសម្រាប់​លោក​ Klopp​ មុន​ការ​ប៉ះ​ក្រុម​មិនទាន់​ចាញ់​គឺ Everton នៃ​ជំនួប​សប្ដាហ៍​ទី​៥ ​នៃ​ក្រប​ខណ្ឌ Premier League ក្រោយពី​បរាជ័យ​ធ្ងន់ធ្ងរ​ទល់នឹង Aston Villa កាលពី​សប្ដាហ៍​មុន​។​ ​ទាំង​ Sadio Mane និង Thiago Alcantara​ សុទ្ធតែ​អវត្តមាន​ក្នុង​ជំនួប​ចុង​ក្រោយ​ទល់នឹង Arsenal និង Aston Villa ត្បិត​កីឡាករ​ដែល​វិជ្ជមាន​វីរុស Covid-19 ទាំងអស់​នឹង​ត្រូវ​ដាក់​ខ្លួន​ដាច់​ដោយ​ឡែក​យ៉ាង​ហោច​ណាស់​ ១០​ថ្ងៃ​ហើយ​មាន​លទ្ធផល​អវិជ្ជមាន ២​ដង​ក្នុង​ការ​ធ្វើតេស្ត​ឡើងវិញ​ ទើប​អនុញ្ញាត​ឱ្យ​ចូលរួម​ក្រុម​ហ្វឹកហាត់​សាជាថ្មី​។

​​យ៉ាង​ណា​ក្តី​សមាជិក​ម្នាក់ទៀត​របស់ Liverpool អាច​នឹង​អវត្តមាន​ផង​ដែរ​គឺ​ខ្សែបម្រើ​ហ្គី​ណេ​ Naby Keita ដែល​កំពុង​សង្ស័យ​ថា ​ឆ្លង​វីរុស Covid-19 ខណៈ​រូបគេ​អាច​នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​នៅ​ទឹកដី​ Goodison Park នា​ថ្ងៃអាទិត្យ​នេះ ​រួម​ទាំង​ការប្រកួត​ទល់នឹង Ajax ក្នុង​ព្រឹត្តិការណ៍ UEFA Champions League ផង​ដែរ​៕

អត្ថបទ៖ ខន មេសា