ទឹកជំនន់​សម្លាប់​មនុស្ស ​១៥​នាក់ និង​បណ្ដាល​ឲ្យ​លំនៅឋាន​ ១​ខ្នង​បាក់​រលំ​នៅ​​ឥណ្ឌា

7

ឥណ្ឌា៖ នគរបាល​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ភ្លៀង​ធ្លាក់​ខ្លាំង ​និង​ទឹកជំនន់​យ៉ាង​ជន់​ជោរ​នៅ​ក្នុង​រដ្ឋតេ​ឡាន​ហ្គា​ណា​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា ​បាន​បណ្ដាល​ឲ្យ​បាក់​រ​លំនៅឋាន​មួយ​ខ្នង និង​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១៥​នាក់​។ ​មន្ត្រី​នគរបាល​លោក Gaja Bhopal Rao​ បាន​និយាយ​ថា​ មនុស្ស ៤​នាក់​ផ្សេង​ទៀត​បាន​រង​របួស​​ក្នុង​ទីក្រុង​ហ៊ី​ឌ័​រ​រ៉ា​បាដ នៅ​ពេល​ដែល​ជញ្ជាំង​ព្រំប្រទល់​ជាប់​នឹង​ផ្ទះ​ជិតខាង​បាន​បាក់​រលំ​។

ស្នងការ​នគរបាល​លោ​ក Anjani Kumar ​បាន​និយាយ​ថា​ លំនៅឋាន​ដំបូង​ដែល​ត្រូវ​ដួល​រលំ​នៅ​ទីក្រុង​ហ៊ី​ឌ័​រ​រ៉ា​បាដ គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​ភ្នំ​ខ្ពស់​ៗ​នៃ​ទីក្រុង ជាទី​ដែល​មាន​ដី​ជ្រាយ​ផុង​ដោយសារ​ភ្លៀង​កម្ពស់​ជាង ២៥​សង់ទីម៉ែត្រ​ក្នុង​រយៈ​ពេល ២៤​ម៉ោង​កន្លង​មក​នេះ​។ ​បំណាក់​ដី​នោះ​បាន​បណ្ដាល​ឱ្យ​មនុស្ស ៨​នាក់​ស្លាប់​។​ លោក Kumar ​បាន​និយាយ​ថា ​មនុស្ស ៥​នាក់​ផ្សេងទៀត​បាន​សម្លាប់​នៅ​ក្នុង​ការ​បាក់​រលំ​ផ្ទះ ​២ខ្នង​ផ្សេងទៀត​នៅ​ក្នុង​ទីក្រុង​នេះ​។ ​មនុស្ស ២នាក់​ផ្សេងទៀត​ត្រូវ​បាន​ហូរ​កួច​តាម​ទឹកជំនន់​ នៅ​កន្លែង​ផ្សេងទៀត​នៅ​ក្នុង​រដ្ឋ​នេះ​។​ ទឹកភ្លៀង​បាន​ជន់​លិច​ផ្នែក​ខ្លះ​នៃ​ផ្លូវ​ល្បឿន​លឿន ​ភ្ជាប់​ពី​ទីក្រុង​ទៅ​អាកាសយានដ្ឋាន​។ ​មន្ត្រី​រដ្ឋបាល​ស្រុក​លោក Amoy Kumar បាន​និយាយ​ថា ​រថយន្ត​ធុន​តូច និង​រថយន្ត​ដឹកទំនិញ​ចំនួន ៣០​គ្រឿង​ត្រូវ​បាន​ទឹក​ហូរ​កួច នៅ​ពេល​ដែល​បឹង​មួយ​នៅ​ក្នុង​ទីក្រុង​បាន​ជន់​លិច​។ ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទីក្រុង​ហ៊ី​ឌ័​រ​រ៉ា​បាដ ដែល​បណ្ដាល​មក​ពី​អា​កាសធាតុ​សម្ពាធ​ទាប​ខ្លាំងនៅ​ឆកសមុទ្រ​បេង​ហ្គា​ល់​ បាន​បំបែក​កំណត់ត្រា​កាលពី ២០ឆ្នាំមុន​។

ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​ នៅ​តំបន់​ទំនាប​ក្នុង​ទីក្រុង​ ដែល​ក្រុម​អាជ្ញាធរ​បាន​ប្រើ​ទូក​ដើម្បី​ជម្លៀស​ប្រជាជន​។​ ប្រជាជន​ជាង ៩​លាន​ ៦​សែន​នា​ក់​នៅ​ទូទាំង​អាស៊ី​ខាងត្បូង​ បាន​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ​នៅ​ឆ្នាំនេះ​ ដោយ​មនុស្ស​រាប់​សែន​នាក់​កំពុង​តស៊ូ​ ដើម្បី​ទទួល​បាន​ស្បៀងអាហារ​ និង​ថ្នាំសង្កូវ​។​មនុស្ស​ប្រហែល ៥៥០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ បង់​ក្លា​ដែ​ស​ និង​នេ​ប៉ាល់​ ខណៈ​មនុស្ស​រាប់​លាន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅឋាន​របស់​ពួក គេ​ចាប់​តាំង​ពី​ទឹកជំនន់​បាន​ចាប់ផ្ដើម​នៅ​ក្នុង​ខែ​មិថុនា​៕

អត្ថបទ៖ សុខ​មាន