ថវិកា​សប្បុរសជន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​គិត​ត្រឹម​ម៉ោង​៩:៥០​នាទី​ព្រឹក​នេះ​មាន​ទឹកប្រាក់​៥​លាន​៧​សែន​៩​ម៉ឺន​៥​ពាន់​ដុល្លារ​ និង​ប្រាក់​រៀល​២០៤​លាន

1933

ភ្នំពេញ ៖ ​ក្នុង​ស្ថានភាព​ដែល​បណ្តា​ខេត្ត​ជាច្រើន​បាន​និងកំពុង​ប្រឈម​យ៉ាង​ធ្ងន់ធ្ងរ​គ្រោះ​ជំនន់​ទឹកភ្លៀង សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរសជន​ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់ ​សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។

សម្តេច​បានបង្ហាញ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​នៅវេលា​ម៉ោង​៩:៥០​នាទី​ព្រឹក​ថ្ងៃ​ថ្ងៃទី​១៥​តុលា​ថា​គិត មកដល់​ម៉ោង​៩:៥០:​នាទី​ថវិកា​ដែល​ទទួលបាន មាន ៥​លាន​៧​សែន​៩​ម៉ឺន ៥​ពាន់​ដុល្លារ​និង​២០៤​លាន​រៀល​។​

សម្តេច​ បាន​អរគុណ​ចំពោះ​សប្បុរសជន​ដែល ​បាន​ចូលរួម​ជា​បន្តបន្ទាប់​ដើម្បី​ជួយ ប្រជាជន ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង ​កើតមាន​នៅក្នុង​ប្រទេស​។

សម្តេច​ បាន​អះអាងថា ថវិកា​ដែល​សប្បុរសជន​ចូលរួម​នេះ​នឹង​ចាត់ចែង​ជួយសង្គ្រោះ​បន្ទាន់​តាមរយៈ​

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ សម្តេច​ បន្តថា ក្នុង​ក​រណី​មាន​សប្បុរសជន​ចង់​ចូលរួមបន្ថែមទៀត​នោះ ​សម្តេច​ បាន​ណែនាំ​អោយ​ទាក់ទង​ទៅ​លោក សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ សម្តេច​ ក៏បាន​បង្ហាញ​នូវ​មោទនភាព​ជាតិ​ថា ​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​។

សូមបញ្ជាក់ថា ​ម្សិលមិញ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម​អម​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ខេត្តកណ្ដាល ​បាន​ចុះ​ពិនិត្យ​តាមដាន​ និង​វាយតម្លៃ​ស្ថានភាព​ទឹក​ដើម្បី​សម្រួល​លំហូរ​បរិមាណ​ជំនន់​ទឹកភ្លៀង​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​ខេត្តកណ្ដាល ​និង​ខេត្តកំពង់ស្ពឺ ​ព្រមទាំង​ត្រៀមលក្ខណៈ​កែ​លម្អ​បន្ថែម​ជា​មុននឹង​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ប្រព័ន្ធ​ស្រោចស្រព​ និង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ​នៅ​រាជធានី​ខេត្ត​ទាំង ៣ ខាងលើ​នា​ពេល​ដ៏​ខ្លី​ខាងមុខ​។​ ស្ថានភាព​ទឹក​ជាក់ស្ដែង​ល្ងាច​ម្សិលមិញ ​ គឺ​កម្ពស់​ទ្វារ​ទឹក​ទំនប់​អាង ៧ មករា មាន​កម្រិត​កម្ពស់​ទ្វារ​ទឹក​ខាងមុខ ៦,៥៤ម៉ែត្រ ហូរ​លើ​ទ្វារ​ទឹក​កម្ពស់ ​១,៧៤​ម៉ែត្រ​ កម្ពស់​ទ្វារ​ទឹក​ក្រោយ ៩,៤៥ម៉ែត្រ ។​កម្ពស់​ទឹក​នេះ​ធៀប​នឹង​ពេលព្រឹក​បាន​កើន​កម្ពស់ ០,២០ ម៉ែត្រ​បន្ថែម​ដោយសារ​មានការ​បើកទ្វារ​ទឹក​នៅ​សំណង់​ទ្វារ​ទឹក​រលាំង​ជ្រៃ​ នៅ​ខេត្តកំពង់ស្ពឺ​។

ក្រសួង​ធនធានទឹក ​និង​ឧតុនិយម ​ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​សណ្ដរ​ទំនប់​ស្ទឹង​ព្រែក​ត្នោត ​និង​ផ្នែក​ខាងក្រោម​មេត្តា​ បន្ត​ការប្រុងប្រយ័ត្ន​ និង​ត្រៀមលក្ខណៈ​បន្ថែម​ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​ពី​ជំនន់​ទឹកភ្លៀង​នេះ​៕