ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ទឹកជំនន់ ​និង​បំណាក់​ដី​នៅ​ប្រទេស​វៀតណាម​ភាគ​កណ្ដាល​​កើន​ឡើង​ដល់​ ៣៦​នាក់

11

វៀតណាម៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ទឹកជំនន់ ​និង​បំណាក់​ដី​ដែល​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ បាន​សម្លាប់​មនុស្ស​ចំនួន ៣៦​នាក់​ និង ១២​នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន​នៅ​ប្រទេស​វៀតណាម​ភាគ​កណ្ដាល​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​។

យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​គណៈកម្មការ​ខាងលើ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ពី ២៨​នាក់​កាលពី​ថ្ងៃ​អង្គារ​ ដែល​ភាគច្រើន​នៃ​ជនរងគ្រោះ​ត្រូវ​បាន​រាយការណ៍​នៅ​ខេត្ត​ក្វាង​ទ្រី, ខេត្ត​ធួរ​ធៀន​ហ៊ូ និង​ខេត្ត​កាង​ណា​ម។ ​គណៈកម្មាធិការ​នេះ​បាន​និយាយ​ថា ​ក្នុងចំណោម​អ្នក​ស្លាប់​មាន ៣០នាក់​ត្រូវ​បាន​ហូរ​កួច​ទៅតាម​ទឹកជំនន់​។ ​គិត​ត្រឹម​យប់​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ លំនៅឋាន​ជាង ១៣៥.​៧០​០​ខ្នង​ត្រូវ​បាន​ជន់​លិច ដែល​ក្នុង​នោះ​លំនៅឋាន​ចំនួន ៥៨៥​ខ្នង​បាន​ដួល​រលំ​ ឬ​ខូចខាត​។​ គណៈ​កម្មាធិការ​ដដែល​បាន​និយាយ​ថា ​ទន្ទឹម​នឹង​នេះ​ដែរ​ផ្ទៃដី​កសិកម្ម​ចំនួន ៨៧០​ហិកតា​ និង​ផ្ទៃដី​ដាំ​ដុះ​ជាង ៥.៣០០​ហិកតា​ផ្សេងទៀត​ត្រូវ​បាន​ជន់​លិច ​ដោយ​បន្ថែម​ថា​ គោ​ក្រី និង​មាន់​ទា​ប្រហែល ៣៣​២.៣៥០​ក្បាល​ត្រូវ​បាន​ងាប់ ​ឬ​ត្រូវ​ទឹក​ហូរ​កួច។

ផ្លូវ​សំខាន់ៗ​ជាច្រើន​នៅ​ខេត្ត​ខ្វា​ញ​ប៊ី​ញ, ធួរធៀនហ៊ូ​ និង​ខេត្ត​ខ្វាង​ទ្រី​​ត្រូវ​បាន​កកស្ទះ​ដោយសារ​ទឹក​ជំនន់​ និង​បំណាក់​ដី​។ ផ្លូវដែក​ដែល​រត់​កាត់​តំបន់​ទាំងនោះ​ក៏​ត្រូវ​បាន​រំខាន​ផង​ដែរ​។​ តាម​គណៈ​កម្មាធិការ​បា​ន​ឱ្យ​ដឹង​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​កញ្ញា​គ្រោះ​មហន្តរាយ​ធម្មជាតិ​បាន​បណ្ដាល​ឱ្យ​មនុស្ស ៩៣​នាក់​ស្លាប់​ ឬ​បាត់​ខ្លួន​ និង ២៧២​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ប្រទេស​វៀតណាម​។​ គណៈកម្មាធិការ​នេះ​បាន​និយាយ​ថា ​គ្រោះ​មហន្តរាយ​នានា​ជាពិសេស​ខ្យល់​កួច​ ទឹកជំនន់​ បំណាក់​ដី​ និង​ជំនន់​ទឹក​ភ្លៀង​ក៏បាន​បណ្ដាល​ឱ្យ​ខាតបង់​សេដ្ឋកិច្ច​ប្រមាណ ៥​ពាន់​ពាន់​លាន​ដុង​ស្មើនឹង ២១៧,៤​លាន​ដុល្លារ​អាមេរិក​ក្នុងអំឡុងពេល​ជួប​គ្រោះ​មហន្តរាយ​នោះ​៕

អត្ថបទ៖ សុខ​មាន