យុទ្ធនាការ​លោក ​Trump បង្កើន​ការ​វាយ​ប្រហារ​ជាថ្មី​លើ​កូន​ប្រុស​របស់​លោក ​Biden ខណៈ​សំឡេង​គាំទ្រ​នៅ​តែ​បន្ត​ធ្លាក់​ក្នុង​ការ​ស្ទង់មតិ​

6

អាមេរិក៖ ខណៈ​ដែល​ប្រធានាធិបតី ​Donald Trump មកពី​គណបក្ស​សាធារណរដ្ឋ បោះជំហាន​ពី​ក្រោយ​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​លោក ​Joe Biden ក្នុង​សំឡេង​គាំទ្រចំនួន​លេខ​ ២​ខ្ទង់​នៅ​ក្នុង​ការស្ទង់មតិ​ទូទាំង​ប្រទេស យុទ្ធនាការ​ឃោសនាបោះឆ្នោត​អាណត្តិ​ទី​២​ របស់​លោក ​Trump បាន​បង្កើន​ការវាយប្រហារ​របស់​ខ្លួន​ជាថ្មី​ លើ​កូនប្រុស​របស់​លោក Biden គឺ​លោក Hunter Biden ដោយ​ចោទប្រកាន់​គ្រួសារ​លោក Biden ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។

ការវាយប្រហារ​ចុងក្រោយ​បំផុត​របស់​យុទ្ធនាការ​លោក Trump បាន​ធ្វើ​ឡើង​នៅ​លើ​បណ្ដាញ​សង្គម ជុំវិញ​អត្ថបទ​មួយ​ដែល​បាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន The New York Post កាលពី​ថ្ងៃ​អង្គារ​។​ អត្ថបទ​របស់​សារព័ត៌មាន​នេះ​បាន​ចោទ​ប្រកាន់​ថា​ លោក Hunter បាន​ព្យាយាម​ប្រើ​តួនាទី​ឪពុក​របស់​លោក​ជា​អនុ​ប្រធានាធិបតី អំឡុង​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី Barack Obama មកពី​គណបក្ស​ប្រជាធិបតេយ្យ​ ក្នុង​ការ​ទាញ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ក្រុមហ៊ុន​ថាមពល​ឧស្ម័ន​ Burisma របស់​ប្រទេស​អ៊ុយ​ក្រែ​ន ​ដែល​លោក Hunter ​មាន​តួនាទី​នៅ​ក្នុង​គណៈកម្មការ​នាយក​ពី​ឆ្នាំ២០១៤ ដល់​២០១៩៕

អត្ថបទ៖ សុខ​មាន