ពលរដ្ឋ​អាមេរិក​ជាង ​១៤​លាន​នាក់​ត្រូវ​គេ​រាយការណ៍​ថា​បាន​បោះ​ឆ្នោត​មុន​ពេល​កំណត់​

6

អាមេរិក៖ យោង​តាម​ទិន្នន័យ​ពី​គម្រោង​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ ពលរដ្ឋ​អាមេរិក​ជាង ​១៤​លាន​នាក់​បាន​បោះឆ្នោត ខណៈ​ដែល​ការបោះឆ្នោត​សកល​នៅ​ថ្ងៃ​ទី​៣ ​ខែ​វិច្ឆិកា​ខិតចូល​កាន់តែ​ជិត​។ ​សារព័ត៌មាន The Hill បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ទិន្នន័យ​ដែល​រាប់បញ្ចូល​ទាំង​អ្នក​អវត្តមាន ​និង​ការ​បោះ​ឆ្នោត​ដោយ​ផ្ទាល់​មុន​កំណត់​តំណាង​ឲ្យ​ប្រមាណ ​១០% នៃ​អ្នក​ចេញទៅ​បោះឆ្នោត​សរុប​កាលពី​ឆ្នាំ២០១៦។

របាយការណ៍​ខាងលើ​និយាយ​ថា នៅ​ក្នុង​រដ្ឋ​ Wisconsin, រដ្ឋ​ South Dakota និង​រដ្ឋ​ Virginia ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​បាន​កើន​ឡើង​ដល់​ប្រមាណ ២៥%​ នៃ​ចំនួន​អ្នកបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពី​អាណត្តិ​មុន។ ចំណែក​នៅ​ក្នុង​រដ្ឋ​ Georgia គេ​បាន​មើល​ឃើញ​មានការ​កើន​ឡើង​ជាង​ ៤០% ក្នុង​ចំនួន​អ្នក​ចេញទៅ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦ ដោយ​ក្នុង​នោះ​មាន​មនុស្ស​ចំនួន ១២៨,៥៩០​នាក់​ចេញទៅ​បោះឆ្នោត​កាលពី​ថ្ងៃ​ច័ន្ទ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការបោះឆ្នោត​មុន​កំណត់ នេះ​បើ​យោង​តាម​សារព័ត៌មាន BuzzFeed News។ រីឯ​រដ្ឋ​ Texas និង​រដ្ឋ Kentucky គេ​ក៏បាន​មើល​ឃើញ​មាន​មនុស្ស​ ចេញទៅ​បោះឆ្នោត​ច្រើន​ផង​ដែរ​កាលពី​ថ្ងៃ​អង្គារ ជា​ថ្ងៃ​ដំបូង​នៃ​ការបោះឆ្នោត​មុន​កំណត់​៕

អត្ថបទ៖ សុខ​មាន