កាកបាទ​ក្រហមកម្ពុជា​ទទួល​សវនាការ និង​ទទួល​អំណោយ​មនុស្សធម៌ ពី​សប្បុរសជន

9

ភ្នំពេញ៖ កាលពី​ព្រឹក​ថ្ងៃទី​១៦ តុលា ២០២០​នេះ នៅ​ទីស្នាក់ការ​កណ្តាល កាកបាទក្រហមកម្ពុជា លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា បានទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន​ចំនួន​៣​ក្រុមហ៊ុន រួមមាន​អង្ករ និង​ថវិកា ទី​១ ពី​កញ្ញា មាស ពួយ​ហ្កិ​ច អគ្គនាយិកា​រង​ក្រុមហ៊ុន​ផលិត​បំពង់​ទីប​ជ័រ KAP ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០,០០០,០០០​រៀល (​ដប់​លាន​រៀល​) និង​អង្ករ​ចំនួន​១០​តោន​, ទី​២ ទទួល​ពី​ឧបាសិកា ឌុ​ក នឿន នូវ​ថវិកា​៥០០​ដុល្លារ និង​អង្គរ​១​តោន​, និង​ទី​៣​ទទួល​ពី​ក្រុមហ៊ុន SIGNARE JEWELLRY CO.,LTD នូវ​អង្ករ​៣​តោ​ត សម្រាប់​បម្រើ​ដល់​សកម្មភាព​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ ជាពិសេស​ក្នុងស្ថានភាព​គ្រោះទឹកជំនន់​រហ័ស​នាពេល​បច្ចុប្បន្ននេះ​។​

ក្នុងឱកាស​ជួប​សំណេះសំណាល​នោះដែរ លោកជំទាវ​អគ្គលេខាធិការរង​ទី​១ បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ម្ចាស់​អំណោយ​ទាំងអស់ ដែល​បាន​នាំយក​អំណោយ​ទាំងនេះ មក​ឧបត្ថម្ភ​ដល់​កាកបាទក្រហមកម្ពុជា ដើម្បី​បន្ត​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ជាពិសេស​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។

ឆ្លើយតប​នឹង​គ្រោះទឹកជំនន់ ដែល​កំពុង​យាយី​នាពេល​បច្ចុប្បន្ននេះ លោកជំទាវ​អគ្គលេខាធិការរង​ទី​១ បាន​គូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ក្នុងនាម​ជា​ជំនួយ​ការឱ្យ​អាជ្ញាធរ​សាធារណៈ រួមជាមួយ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បាននិងកំពុង​ប្រើប្រាស់ នូវ​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បី​ជួយ សង្គ្រោះ​ប្រជាពលរដ្ឋ ឱ្យ​រួច​ផុតពី​គ្រោះថ្នាក់ និង​ទៅដល់​ទីទួល​សុវត្ថិភាព​។

ក្រៅពី​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដល់ទី​ទួល​សុវត្ថិភាព កាកបាទក្រហមកម្ពុជា ដែលមាន​កម្លាំង​យុវជន និង​អ្នកស្ម័គ្រចិត្ត បានធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​រស់​នៅមាន​អនាម័យ​ស្អាត បរិភោគ​ទឹក​ឆ្អិន ឬ​អាហារ​ដែល​ចម្អិន​បានល្អ ចៀសវាង​ជំងឺ​រាតត្បាត​នានា​ដែល​បង្កឡើង​ដោយ​ទឹក និង​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរពិស​គ្រប់​ប្រភេទ។

សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​លង់ទឹក ជាពិសេស​កុមារ ៗ ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ និង​សូម​បន្ត​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍ ដោយ​អនុវត្តតាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល និង​ទម្លាប់​រស់នៅ​តាមបែប​គ​ន្ល​ង​ថ្មី សូម​ប្រុងប្រយ័ត្ន និង​ការពារ​កុំឱ្យ​កើតមាន​ជំងឺគ្រុនឈាម និង​គ្រុន​ឈី​ក​។​

ទន្ទឹម​នឹង​នេះដែរ ម្ចាស់​អំណោយ​ទាំង​៣​ខាងលើ បាន​ថ្លែងអំណរគុណ​ចំពោះ​កាកបាទក្រហមកម្ពុជា ដែល​បាន​អនុញ្ញាតឱ្យ​ចូលរួម​ចំណែក​ការងារ​មនុស្សធម៌ និង​ចែករំលែក​ក្តី​ស្រឡាញ់​ជាមួយ​កាកបាទក្រហមកម្ពុជា ក្នុង​ការជួយ​សម្រាល​ការលំបាក​ដល់​អ្នក ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់ ជាពិសេស​អ្នក​ដែល​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់ និង​គ្រោះមហន្តរាយ​ផ្សេងៗ​៕ អត្ថ​ប​ទ៖ សម ងី​ម​