លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា រូបលោកជឿថា សង្រ្គាមអ៊ុយក្រែននឹងជិតឈានដល់ទីបញ្ចប់ហើយ។
មេដឹកនាំរុស្ស៊ីរូបនេះ បានធ្វើអត្ថាធិប្បាយបន្ទាប់ពីក្បួនព្យុហយាត្រាទិវាជ័យជម្នះដែលបានធ្វើឡើងស្របពេលមានបទឈប់បាញ់រយៈពេលបីថ្ងៃ។
កិច្ចព្រមព្រៀងនេះ ត្រូវបានរាយការណ៍ថាបានសម្របសម្រួលដោយលោកប្រធានាធិបតី Donald Trump។
ក្បួនព្យុហយាត្រាប្រចាំឆ្នាំរបស់រុស្ស៊ីនៅឆ្នាំនេះ ខ្វះការតាំងបង្ហាញរថក្រោះ និងមីស៊ីល ខុសពីជាធម្មតា ដោយសារបញ្ហាសន្តិសុខ ខណៈក្រុមអាជ្ញាធរបារម្ភថាអ៊ុយក្រែនអាចកំណត់គោលដៅលើទីលានចតុរង្គក្រហម ( Red Square) ដោយប្រើយានដ្រូន។
លោក Putin បាននិយាយនៅក្នុងវិមានក្រឹមឡាំងបន្ទាប់ពីប្រទេសរុស្ស៊ីបានប្រារព្ធទិវាជ័យជម្នះតូចបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំ។ ពិធីបុណ្យជាតិថ្ងៃទី ៩ ឧសភា រំលឹកដល់ជ័យជម្នះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ និងរម្លឹកដល់ពលរដ្ឋសូវៀតចំនួន ២៧ លាននាក់ដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមនោះ។
ការបង្ហាញនេះមិនរួមបញ្ចូលអាវុធធុនធ្ងន់ជាលើកដំបូងក្នុងរយៈពេលជិត២០ ឆ្នាំ។
ថ្លែងនៅឯព្យុហយាត្រានោះ លោកប្រធានាធិបតី ក៏បានកោតសរសើរចំពោះកងទ័ពរបស់លោកដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែនផងដែរ ដោយប្រកាសថាពួកគេកំពុងប្រឈមនឹងកម្លាំងប្រដាប់អាវុធឈ្លានពាន និងគាំទ្រដោយប្លុកណាតូទាំងមូល ហើយកំពុងប្រយុទ្ធដើម្បី "បុព្វហេតុត្រឹមត្រូវ" ។ លោកបានបន្តថា ជ័យជម្នះគឺជារបស់រុស្ស៊ីជានិច្ច៕


