រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេស្ប៉ាញ និយាយនៅទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃសៅរ៍ទី ៩ ឧសភាថា ប្រទេសអាល្លឺម៉ង់ បារាំង បែលហ្ស៊ិក អៀរឡង់ និងហូឡង់ នឹងបញ្ជូនផែនការជម្លៀសពលរដ្ឋរបស់ពួកគេចេញពីនាវាទេសចរណ៍នៅតំបន់កោះ Tenerife ដែលរងការវាយប្រហារដោយការផ្ទុះឡើងនៃវីរុសhantaដ៏កាចសាហាវនេះ។

លោក Fernando Grande-Marlaska បានបន្ថែមថា សហភាពអឺរ៉ុបកំពុងបញ្ជូនយន្តហោះពីរបន្ថែមទៀតសម្រាប់ពលរដ្ឋអឺរ៉ុបដែលនៅសល់។ លោកបានបន្តថា សហរដ្ឋអាមេរិក និងអង់គ្លេស បានបញ្ជាក់ថា យន្តហោះ និងផែនការបន្ទាន់កំពុងត្រូវបានរៀបចំសម្រាប់អ្នកដំណើរមិនមែនជាពលរដ្ឋសហភាពអឺរ៉ុប ដែលប្រទេសរបស់ពួកគេមិនអាចផ្តល់ការដឹកជញ្ជូនតាមផ្លូវអាកាសបាន។
មនុស្សបីនាក់បានស្លាប់ និងជាច្រើននាក់ទៀតបានធ្លាក់ខ្លួនឈឺនៅលើនាវាទេសចរណ៍ MV Hondius ដែលជំរុញឱ្យមានការឆ្លើយតបសុខភាពសាធារណៈអន្តរជាតិដ៏សំខាន់ពាក់ព័ន្ធនឹងប្រទេសនានានៅទូទាំងទ្វីបអឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន។

ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានគ្រោងជួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅទីក្រុងម៉ាឌ្រីដ កាលពីរសៀលថ្ងៃសៅរ៍ ហើយបន្ទាប់មកធ្វើដំណើរទៅកាន់តំបន់ Tenerife ក្នុងកោះ Canary រួមជាមួយរដ្ឋមន្ត្រីមហាផ្ទៃ និងសុខាភិបាលរបស់ប្រទេសអេស្ប៉ាញ ដើម្បីជួយសម្រួលដល់ការមកដល់របស់នាវា។ នាវាទេសចរណ៍នោះ ត្រូវបានគេរំពឹងថានឹងចូលចតនៅជិតកោះនេះ រវាងម៉ោង ៣ ព្រឹក ម៉ោងសកល ។
ក្រុមអាជ្ញាធរក្នុងតំបន់បានព្រមានថា ការជម្លៀសត្រូវតែធ្វើឡើងនៅចន្លោះរសៀលថ្ងៃអាទិត្យ និងរសៀលថ្ងៃចន្ទ មុនពេលស្ថានភាពទឹកសមុទ្រត្រូវគេរំពឹងថានឹងផ្លាស់ប្តូរកាន់តែស្ថានភាពអាក្រក់រហូតដល់ចុងខែឧសភា ដោយសារអាកាសធាតុមានព្យុះ។នាវាទេសចរណ៍ប្រណីតហូឡង់ MV Hondius បានចាកចេញទៅកាន់ប្រទេសអេស្ប៉ាញកាលពីថ្ងៃពុធពីឆ្នេរសមុទ្រ របស់ប្រទេស កាបវែរ (Cape Verde)ក្នុងមហាសមុទ្រអាល្លង់ទិកភាគកណ្ដាលក្បែរឆ្នេរសមុទ្រអាហ្រ្វិកខាងលិច បន្ទាប់ពីអង្គការសុខភាពពិភពលោក និងសហភាពអឺរ៉ុបបានស្នើឱ្យប្រទេសនេះគ្រប់គ្រងការជម្លៀសអ្នកដំណើរតាមយន្តហោះបន្ទាប់ពីការផ្ទុះឡើងនៃវីរុស hanta ត្រូវបានរកឃើញ៕
