គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Carlo Ancelotti នឹងប្រកាសបញ្ជីកីឡាករក្រុមជម្រើសជាតិនៅថ្ងៃចន្ទខាងមុខនេះ ខណៈប្រជាជនប្រេស៊ីលកំពុងរង់ចាំចម្លើយដ៏សំខាន់មួយ គឺថាតើ Neymar នឹងមានឈ្មោះក្នុងក្រុមឬអត់។

ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះ គឺជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រេស៊ីល ប៉ុន្តែឱកាសរបស់គេក្នុងការចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលនឹងចាប់ផ្តើមនៅខែក្រោយ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីមានបញ្ហារបួសជាបន្តបន្ទាប់ និងការវិលត្រឡប់មកកាន់ Santos ដែលមិនសូវទទួលបានជោគជ័យ។
ស្ថានភាពនេះធ្វើឱ្យ Ancelotti ត្រូវធ្វើការសម្រេចចិត្តដ៏លំបាក រវាងអារម្មណ៍នៃការចង់ឃើញ Neymar បន្តជួយជាតិ និងការពិតអំពីកាយសម្បទា និងសមត្ថភាពប្រកួតក្នុងកម្រិតខ្ពស់។
Ancelotti បានប្រាប់សារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយកាលពីថ្ងៃអង្គារថា៖
“នៅពេលដែលអ្នកត្រូវជ្រើសរើស អ្នកត្រូវគិតពិចារណាលើកត្តាជាច្រើន”។
“ការសម្រេចចិត្តជ្រើសរើស Neymar ចូលក្នុងក្រុមជម្រើសជាតិ ប្រេស៊ីលគឺត្រូវពិចារណាលើកត្តាជាច្រើន មិនមែនផ្អែកលើកេរ្តិ៍ឈ្មោះ ឬប្រជាប្រិយភាពតែមួយមុខនោះទេ។ ក្នុងន័យនេះ Neymar គឺជាកីឡាករសំខាន់សម្រាប់ប្រេស៊ីល ដោយសារតែទេពកោសល្យដែលគេតែងតែបង្ហាញ។
“គេធ្លាប់មានបញ្ហារបួសមួយចំនួន ប៉ុន្តែកំពុងស្ថិតក្នុងដំណាក់កាលស្តារខ្លួនឡើងវិញ។ គេកំពុងខិតខំប្រឹងប្រែង ហើយក៏កំពុងបានលេងជាប្រចាំផងដែរ។ វាមិនមែនជាការសម្រេចចិត្តងាយស្រួលសម្រាប់ខ្ញុំទេ។ យើងត្រូវថ្លឹងថ្លែងឱ្យបានម៉ត់ចត់រវាងចំណុចល្អ និងចំណុចខ្សោយ ប៉ុន្តែទាំងអស់នេះមិនដាក់សម្ពាធលើខ្ញុំឡើយ ព្រោះដូចដែលខ្ញុំបាននិយាយឆ្នាំនេះថា យើងបានវាយតម្លៃមិនត្រឹមតែ Neymar ប៉ុណ្ណោះទេ ប៉ុន្តែវាយតម្លៃកីឡាករដទៃផ្សេងទៀត”។
គួរបញ្ជាក់ថា Ancelotti គឺជាគ្រូបង្វឹកតែម្នាក់គត់ ដែលធ្លាប់ឈ្នះពានលីគកំពូលទាំង ៥ នៅអឺរ៉ុប ហើយថែមទាំងឈ្នះពាន UEFA Champions League ចំនួន ៥ លើក ក្នុងនាមជាគ្រូបង្វឹក និង ២ លើកទៀត ក្នុងនាមជាកីឡាករ៕ អត្ថបទ៖នាង សុភាវុធ
