សហព័ន្ធកីឡាទោចក្រយានកម្ពុជា នឹងរៀបចំកម្មវិធីជិះកង់ដើម្បីកុមារ ជាលើកទី៣ ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប លើចម្ងាយផ្លូវ ៣១២គីឡូម៉ែត្រ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ កៀគរមូលនិធីជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ការជិះកង់ដើម្បីកុមារកម្ពុជា ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ ដោយក្បួនកង់ នឹងត្រូវចេញដំណើរពីរាជធានីភ្នំពេញ រហូតដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដោយគ្រោងចំណាយពេល ១០ម៉ោង ។ បច្ចុប្បន្នមានអ្នកចុះឈ្មោះចូលរួម ១២០នាក់ ទាំងជាតិ និងអន្ដរជាតិជិត ១០ប្រទេស រួមទាំងអ្នកចូលរួមជិះអមដំណើរតាមបណ្ដារាជធានី-ខេត្តត្រូវឆ្លងកាត់ទៀត អាចមានអ្នកចូលរួមប្រមាណ ៤០០នាក់។
ចំពោះគោលបំណង នៃការរៀបចំឆ្នាំនេះ ផ្ដោតសំខាន់លើការកៀគរមូលនិធិសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរ ហើយក៏ជាវេទិកា ដើម្បីអបអរសាទរទិវាកុមារអន្ដរជាតិ ១-មិថុនា និងអបអរសាទរទិវាជិះកង់ពិភពលោក ៣-មិថុនា ដែលជាថ្ងៃកំណើតនៃកីឡាទោចក្រយាន ។ បន្ថែមលើនេះ លោកសង្ឃឹមថា ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយ ដើម្បីរួមចំណែកលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ ពិសេសនៅខេត្តសៀមរាបផ្ទាល់តែម្ដង។
ដូច្នេះតាមរយៈព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់កម្មវិធីសប្បុរសធម៌នេះ លោកបានអំពាវនាវដល់បណ្ដាក្រុមហ៊ុន វិស័យឯកជន និងសប្បុរសជននានា ចូលរួមឧបត្ថម្ភគាំទ្រ ទាំងសម្ភារ និងថវិកា ដើម្បីផ្ដល់ក្ដីសង្ឃឹមដល់កុមារកម្ពុជា ក៏ដូចជារួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាជិះកង់នៅកម្ពុជាផងដែរ។
គួរដឹងថា ក្រោយសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានប្រកាសរៀបចំកម្មវិធីជិះកង់ដើម្បីកុមារកម្ពុជា លើកទី៣ ពីភ្នំពេញ ទៅខេត្តសៀមរាប គេឃើញមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ បានចុះឈ្មោះចូលរួមជាបន្ដបន្ទាប់ ហើយក៏មានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគថវិកា ជាមួយមូលនិធិសហព័ន្ធ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរផងដែរ៕ អត្ថបទ លី ឈុនឡា







