សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា បានប្រសិទ្ធនាម ភូមិបណ្ដោះអាសន្នសម្រាប់ជនភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននេះ ថាជា «ភូមិរង់ចាំ» ។
សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋជនភៀសសឹកចំនួន ២៨០៥គ្រួសារ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា នេះ បានបញ្ជាក់ប្រាប់ជនភៀសសឹកអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះពួកគេ ដោយការសាងសង់ ជម្រកបណ្ដោះអាសន្នដែលមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ហើយមណ្ឌលភៀសសឹកនេះ នឹងក្លាយជាសម្បត្តិផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ បើទោះបីជាពួកគេបានវិលត្រឡប់ទៅផ្ទះដើមវិញក៏ដោយ។
សម្ដេចតេជោ បានបន្ថែមថា ការសាងសង់ជម្រកបណ្ដោះអាសន្នជូនជនភៀសសឹក មិនមែនមានន័យថា ជាការបោះបង់ការទាមទារទឹកដីកម្ពុជាមកវិញនោះទេ។
សម្ដេចតេជោ បានបញ្ជាក់ថា «ភូមិនេះ ខ្ញុំសុំស្នើដាក់ឈ្មោះថា «ភូមិរង់ចាំ» ។ អ៊ីចឹងសូមបែងចែកប្លុកទៅ ភូមិរង់ចាំទី១ ទី២ ទី៣ ទី៤ ព្រោះភូមិវាធំ បួនគីឡូម៉ែត្របួនជ្រុង។ ហេតុផល ខ្ញុំមានន័យរបស់ខ្ញុំ ។ មិនមែនដាក់បងប្អូនឱ្យរស់នៅទីនេះ ហើយយើងមិនទាមទារដីរបស់យើងមកវិញនោះទេ ដីរបស់យើងគឺយើងត្រូវទាមទារត្រឡប់មកវិញ តែត្រូវដោះស្រាយតាមសន្តិវិធី» ។
ក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានសុំការអភ័យទោសពីប្រជាពលរដ្ឋ ដោយបានរំលឹកអំពីការជឿទុកចិត្តគេពេក ទើបសម្ដេច កាលនោះ ជានាយករដ្ឋមន្ត្រី មិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយទេ ដោយប្រើប្រាស់លុយទៅទិញគ្រឿងយុទ្ធភណ្ឌ ដោយចង់បង្វែលុយទៅកាន់វិស័យសង្គមកិច្ច សុខាភិបាល និងអប់រំ តែដល់ពេលមានបញ្ហានោះ បែរជាយុទ្ធភណ្ឌរបស់យើងវាមិនគ្រប់គ្រាន់។ និយាយឱ្យចំថាមិននឹកស្មានថាមានសង្គ្រាមឈ្លានពានមួយដែលរាលដាលនៅទូទាំងព្រំដែននោះទេ៕














