រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Yassine Jaber បានព្រមានថា សេដ្ឋកិច្ចលីបង់អាចនឹងធ្លាក់ចុះពី ៧ ទៅ ១០ ភាគរយ នៅឆ្នាំ ២០២៦ ប្រសិនបើជម្លោះក្នុងតំបន់ នៅតែបន្ត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃចន្ទ។

ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអឺរ៉ុបសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍ នៅទីក្រុង Riga នៃប្រទេសឡាតវី កាលពីថ្ងៃអាទិត្យ លោក Jaber បាននិយាយថា ការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើប្រទេសលីបង់ បានធ្វើឲ្យមនុស្សជាងមួយលាននាក់ផ្លាស់ទីលំនៅ បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ រំខានដល់ពាណិជ្ជកម្ម និងទេសចរណ៍ ដែលបង្កើនសម្ពាធលើហិរញ្ញវត្ថុសាធារណៈ។

លោកបាននិយាយថា ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព តម្រូវឲ្យមានស្ថិរភាពយូរអង្វែង ដោយជំរុញឲ្យមានការបញ្ចប់អរិភាពជាជាង «បទឈប់បាញ់ដ៏ផុយស្រួយ» ដែលមិនផ្តល់នូវសន្តិសុខពិតប្រាកដនោះ។
លោក Jaber ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសលីបង់ចំពោះកំណែទម្រង់ដែលគាំទ្រដោយ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រួមទាំងការរៀបចំរចនាសម្ព័ន្ធវិស័យធនាគារឡើងវិញ និងវិធានការដើម្បីស្តារទំនុកចិត្តឡើងវិញ នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុ៕