ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើសិក្ខាសាលា ស្តីពីការពង្រឹងប្រសិទ្ធភាពកិច្ចសហការគ្រប់គ្រងត្រួតពិនិត្យ សារធាតុគីមីផ្សំ រវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន/រោងចក្រ/សហគ្រាស ដើម្បីបង្ការ ទប់ស្កាត់ការលួចបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងថា បច្ចុប្បន្ននេះ ស្ថានភាពនិងនិន្នាការនៃការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀន សំយោគទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក កំពុងវិវត្តទៅមុខឥតឈប់ឈរ មានលក្ខណៈកាន់តែស្មុគស្មាញទៅៗគួរឱ្យព្រួយបារម្ភបំផុត។ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនបាននិងកំពុងផ្លាស់ប្តូរទម្រង់ប្រតិបត្តិការ ដោយងាកមកប្រើប្រាស់បច្ចេកវិទ្យាទំនើបជឿនលឿន និងមានការកែច្នៃ រូបមន្តគីមីផ្សំថ្មីៗ ដើម្បីផលិតគ្រឿងញៀនសំយោគ ដែលមានឥទ្ធិពលបំផ្លិចបំផ្លាញខ្លាំងជាងមុនចំពោះសុខភាពមនុស្ស។ និន្នាការដ៏គ្រោះថ្នាក់នេះបានធ្វើឱ្យ «សារធាតុគីមីផ្សំ» ក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាគោលដៅចម្បងនៃការប៉ុនប៉ងលួចបង្វែរពីសំណាក់ក្រុមឧក្រិដ្ឋជន ក្នុងទម្រង់គ្រប់រូបភាព មិនថាការលួចលាក់ដឹកជញ្ជូនឆ្លងកាត់ព្រំដែនខុសច្បាប់ ឬការ លួចលាក់បង្វែរពីសកម្មភាពប្រើប្រាស់ស្របច្បាប់ ឬការលួចលាក់ផលិតសារធាតុដើម (Pre- Precursor)យកទៅផលិតគ្រឿងញៀននោះឡើយ។

ឯកឧត្តមបញ្ជាក់ថា : យើងដឹងយ៉ាងច្បាស់ថា សារធាតុគីមីផ្សំគឺជាធាតុចូល និងជាវត្ថុធាតុដើមមិនអាចខ្វះ បានក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្ម សិប្បកម្ម ឱសថសាស្ត្រ កសិកម្ម រ៉ែនិង ថាមពល ។ល។ ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប៉ុន្តែសារធាតុគីមីផ្សំ វាក៏ជា «អាវុធមុខពីរ» ដែលងាយនឹងត្រូវបានពួកក្រុមឧក្រឹដ្ឋជនល្មើសច្បាប់លួចលាក់បង្វែរយកទៅ ផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេស ប្រសិនបើយន្តការគ្រប់គ្រងត្រួតពិនិត្យ និង ការអនុវត្តច្បាប់របស់យើងមានចន្លោះប្រហោងតែបន្តិចបន្តួចនោះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា ផ្អែកលើការយល់ឃើញដ៏ច្បាស់លាស់នេះ រាជរដ្ឋាភិបាលដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសេនាធិការ បានសហការជាមួយក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ បានរៀបចំ និងដាក់ចេញនូវ «និយាមនីតិវិធីប្រតិបត្តិ(SOP) ស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ»។ SOP នេះមិនមែនគ្រាន់តែជាឯកសារគតិយុត្តនៅលើក្រដាសនោះទេ ប៉ុន្តែវាគឺជា «ឯកសារគតិយុត្តដ៏មុតស្រួច» និងជាត្រីវិស័យរួម ក្នុងការចងក្រងកម្លាំងបង្រួបបង្រួបបង្រួមស្តង់ដារការងារ និងកំណត់បន្ទាត់ទទួលខុសត្រូវរបស់ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ស្ថាប័នអនុវត្តច្បាប់ អាជ្ញាធរដែនដី និងក្រុមហ៊ុន រោងចក្រ សហគ្រាសប្រើប្រាស់សារធាតុគីមីផ្សំ ឱ្យមានភាពស៊ីសង្វាក់គ្នា គ្មានចន្លោះប្រហោង ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវយកចិត្ត ទុកដាក់អនុវត្តស្របតាមយន្តការគន្លឹះចំនួន៣ដូចខាងក្រោម៖
- ទី១. យន្តការចែករំលែកព័ត៌មាន និងការផ្តល់សញ្ញាព្រមានជាមុន ៖ បង្កើនការផ្លាស់ប្តូរទិន្នន័យ ព័ត៌មានសម្ងាត់ និងការវិវត្តនៃទម្រង់គីមីផ្សំថ្មីៗ ឱ្យបានទាន់ពេលវេលា និងមានលក្ខណៈប្រព័ន្ធ រវាងអន្តរក្រសួង-ស្ថាប័នដើម្បីបិទរាល់ច្រកល្ហកនៃការលួចបង្វែរ
ទី ២. យន្តការត្រួតពិនិត្យ និងអនុលោមភាពតឹងរ៉ឹង៖ រឹតបន្តឹង និងតាមដានខ្សែច្រវាក់គ្រប់គ្រង សារធាតុគីមីផ្សំយ៉ាងហ្មត់ចត់បំផុត តាំងពីដំណាក់កាលស្នើសុំនាំចូល ការដឹកជញ្ជូន ការចែក ចាយ ការរក្សាទុក រហូតដល់ការប្រើប្រាស់ចុងក្រោយ ដោយផ្អែកលើគោលការណ៍ និងលក្ខខ័ណ្ឌ ដែលបានកំណត់ក្នុង SOP ដើម្បីធានាថាគ្មានសារធាតុគីមីផ្សំណាមួយត្រូវបានធ្លាក់ទៅក្នុងដៃ ក្រុមឧក្រិដ្ឋជនផលិតគ្រឿងញៀននោះឡើយ។
- ទី៣. យន្តការដៃគូរដ្ឋនិងឯកជន ៖ លើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវ និងសហការស្មោះ ត្រង់ពីផ្នែកឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលប្រើប្រាស់សារធាតុគីមីផ្សំ មិនឱ្យពួកគាត់ ធ្លាក់ខ្លួនជាឧបករណ៍ ឬរងការកេងប្រវ័ញ្ច និងការជ្រៀតជ្រែកពីក្រុមឧក្រិដ្ឋជនគ្រឿងញៀន៕ អត្ថបទ៖ វង្ស សុភាព



