គិតចាប់ពីការដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET 1,5M) ដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីចុងឆ្នាំ២០២៣ រហូតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ទទួលបានការចុះឈ្មោះពីប្រជាពលរដ្ឋដើម្បីរៀនជំនាញផ្សេងៗគ្នាចំនួនសរុបជាង ២៧ម៉ឺននាក់។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងសន្និសីទសារព័ត៍មានស្តីពី ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ កាលពីថ្ងៃទី៨ ខែមិថុនាកន្លងទៅ បានមានប្រសាសន៍ឱ្យដឹងថា កម្មវិធីការបណ្តុះបណ្តាលជំនាញ ធីវ៉េត ១,៥លាននាក់នេះ គឺកំពុងមានប្រជាប្រិយ៍ភាព ហើយបើគិតចាប់តាំងពីឆ្នាំ២០២៤ ក្រោយប្រកាសបើកបវេសនកាល រហូតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋដែលបានចុះឈ្មោះដើម្បីរៀនជំនាញមានចំនួនប្រមាណជាង ២៧ម៉ឺននាក់។ ក្នុងនោះ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ជាច្រើនម៉ឺននាក់បានចាកចេញពីភាពក្រីក្រ ដោយសារការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
លោកបានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញ ធីវ៉េត គឺជាផ្លូវដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរដល់ការបណ្តុះបណ្តាលជំនាញ មានលក្ខណៈជាក់ស្តែង អនុវត្តនិយមជាជាងទ្រឹស្តី ហើយបន្ថែមពីនេះក៏មានការបណ្តុះបណ្តាលជំនាញផងដែរ ដើម្បីបន្ថែមការយល់ដឹងនិងងាយស្រួលក្នុងពេលចេញទៅបំពេញការងារ។ លោកបន្ថែមទៀតថា ធីវ៉េត គឺជាស្ពានចម្លងមួយដែលប្រែក្លាយកម្លាំងពលកម្មអតិពលកម្ម ឱ្យទៅជាធនធានជំនាញពិតប្រាកដ ឬអ្នកបច្ចេកទេស ដែលមានសក្តានុពលបំផុតសម្រាប់តម្រូវការទីផ្សារការងារដ៏សម្បូរបែបដោយចូលរួមចំណែកកនុងការកែប្រែជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ កាត់បន្ថយភាពក្រីក្រ ភាពគ្មានការងារ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ពាក់ព័ន្ធការលើកឡើងខាងលើនេះ ក្រុមយុវជនដែលកំពុងទទួលការបណ្តុះបណ្តាលជំនាញផ្សេងៗគ្នានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បាននិយាយឱ្យដឹងស្រដៀងគ្នាថា តាមរយៈកម្មវីធីបណ្តុះបណ្តាលជំនាញនេះ ពិតជាមានសារៈសំខាន់ណាស់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពួកគាត់ ពីព្រោះថា ក្រៅពីការសិក្សាដោយឥតគិតថ្លៃ គឺមានថ្នាក់រៀនស្អាត សម្ភារៈប្រើប្រាស់គ្រប់គ្រាន់ ជាពិសេសមានការយកចិត្តទុកដាក់ពីគ្រូបង្រៀនគ្រប់ពេលទាំងអស់ ចាប់តាំងពីថ្ងៃចាប់ផ្តើមរហូតមកដល់សព្វថ្ងៃនេះ។
សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET 1,5M) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់យកមុខជំនាញក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ សំណង់ , អគ្គិសនីនិងថាមពល , បរិក្ខាត្រជាក់និងកម្តៅ ,ទេសចរណ៍ , មេកានិកទូទៅ/មេកានិករថយន្ត , សេវាកម្ម , កសិកម្ម និងកសិ-ឧស្សាហកម្ម , កម្មន្តសាល , អេឡិចត្រូនិច និងធុរកិច្ចនិងព័ត៌មានវិទ្យា៕ អត្ថបទ៖ ឈិត បូរ៉ាវី


