ភ្នំពេញ៖ ផលិតផលសម្គាល់ភូមិសាស្ត្រកម្ពុជា (GI) ដ៏ល្បីល្បាញ រួមមាន ម្រេចកំពត-កែប និងស្ករត្នោតកំពង់ស្ពឺ នឹងត្រូវដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ការតាំងបង្ហាញនេះនឹងក្លាយជាឱកាសដ៏សំខាន់សម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ថ្នាក់ដឹកនាំ គណៈប្រតិភូ និងភ្ញៀវអន្តរជាតិមកពីបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។
លោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុន Confirel បានមានប្រសាសន៍ថា ការដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកទំនាក់ទំនងជាមួយសហគមន៍ហ្វ្រង់កូហ្វូនី ដែលមានសមាជិកចំនួន ៩០ប្រទេស។
លោកបានបន្តថា ក្រៅពីអត្ថប្រយោជន៍ផ្នែកការទូត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រឹត្តិការណ៍នេះក៏ផ្តល់ឱកាសដ៏ល្អដល់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុក ជាពិសេសផលិតផលដែលមានការទទួលស្គាល់សម្គាល់ភូមិសាស្ត្រ (GI) ដូចជា ម្រេចកំពត-កែប និងស្ករត្នោតកំពង់ស្ពឺ ទៅកាន់ទីផ្សារអន្តរជាតិ។ ផលិតផលទាំងនេះនឹងត្រូវដាក់តាំងបង្ហាញជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូមកពីបណ្តាប្រទេសសមាជិកហ្វ្រង់កូហ្វូនី តាមរយៈព្រឹត្តិការណ៍អមចំនួនពីរ គឺ «ភូមិហ្វ្រង់កូហ្វូនី» និង «FrancoTech 2026» ដែលរៀបចំឡើងនៅសួនច្បារខាងមុខវត្តបទុមវត្តី និងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
តាមការគ្រោងទុក ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នឹងមានការចូលរួមពីសហគ្រិនប្រើប្រាស់ភាសាបារាំងប្រមាណ ១ ២០០នាក់ មកពី ៧២ប្រទេស។ ចំណែកព្រឹត្តិការណ៍ «FrancoTech 2026» រំពឹងថានឹងមានអ្នកចូលរួមប្រមាណ ៤ ៦០០នាក់ ដែលមកពីវិស័យឯកជន ក្រុមហ៊ុន សហគ្រាស និងអង្គការនានា។ គួរបញ្ជាក់ថា «ភូមិហ្វ្រង់កូហ្វូនី» នឹងត្រូវរៀបចំឡើងនៅសួនច្បារខាងមុខវត្តបទុមវត្តី ដោយបើកទទួលស្វាគមន៍សាធារណជនជាតិ និងអន្តរជាតិចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះនឹងមានស្តង់តាំងបង្ហាញផលិតផលសរុបចំនួន ១៣០ស្តង់ ក្នុងនោះមានស្តង់ចំនួន ៧៣ សម្រាប់ប្រទេសចំនួន ៥៦ ដើម្បីបង្ហាញផលិតផលក្នុងស្រុក ការសម្តែងសិល្បៈ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ប្រទេសនីមួយៗ។ ដោយឡែក ស្តង់ចំនួន ៣០ទៀត នឹងត្រូវរៀបចំសម្រាប់តាំងបង្ហាញ និងផ្សព្វផ្សាយម្ហូបអាហាររបស់បណ្តាប្រទេសសមាជិកហ្វ្រង់កូហ្វូនីផងដែរ៕ អត្ថបទ៖ ធូ វិរៈ








