សហស្ថាបនិកក្រុមហ៊ុន Daubay​ Film Production៖ ស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
ក្រុមហ៊ុន Selfie Travel Asia បង្ហាញបំណងរៀបចំ​ផ្តល់សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​តាម​ជើង​ហោះ​ហើរ​រវាង​រដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុ ឡើងវិញ
បញ្ចប់ជាស្ថាពរហើយ! ប្រាសាទមេបុណ្យខាងលិច​អាចឈររឹងមាំបានរយៈពេលជាង ១០០​ឆ្នាំ​ទៀត ក្រោយ​ចំណាយ​ពេល​ជួស​ជុល​អស់ ១៤ឆ្នាំ
សេវារថយន្តក្រុងរដ្ឋបានជួយសម្រួលដល់ដំណើរទេសចរក្នុងស្រុកទៅកាន់បណ្ដាខេត្តនានាដោយក្ដីរីករាយ

វប្បធម៌ និងទេសចរណ៍

សហស្ថាបនិកក្រុមហ៊ុន Daubay​ Film Production៖ ស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា

2026/10/18 12:33:12 pm        229
នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Daubayeva Nurgul សហស្ថាបនិក និង ជាប្រធានផលិតករក្រុមហ៊ុន Daubay Film Production ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកស្រីសហស្ថាបនិកក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីសកម្មភាពថតខ្សែភាពយន្តរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជារយៈពេល ៤ខែ ដើម្បីផលិតខ្សែភាពយន្តនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ លោកស្រីក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងទេសចរណ៍ ដែលបានជួយទំនុកបម្រុង និងគាំទ្រដល់សកម្មភាពនៃការផលិតភាពយន្តរហូតទទួលបានជោគជ័យ។ លោកស្រីបានបន្តថា ក្រុមហ៊ុនរបស់លោកស្រីចងចាំយ៉ាងច្បាស់អំពីកម្ពុជា ដែលជាប្រទេសប្រកបដោយសម្បត្តិវប្បធម៌ និងប្រពៃណីដ៏ល្អថ្លៃថ្លា និងស្រស់ត្រកាល ជាមួយនឹងប្រជាជនដែលមានស្នាមញញឹមប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នា ដែលជាអ្វីដែលកម្ររកបាន និងធ្វើឱ្យលោកស្រី និងក្រុមការងារមានការចងចាំល្អៗអំពីកម្ពុជា ហើយតែងតែចិញ្ចឹមចិត្តថានឹងត្រឡប់មកកម្ពុជាម្ដងទៀត នាពេលអនាគត ដោយចាត់ទុកប្រទេសកម្ពុជាដូចជាប្រទេសកាហ្សាក់ស្ថានដែរ។ ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានឮដោយផ្ទាល់នូវចំណាប់អារម្មណ៍ និងការចងចាំល្អៗអំពីប្រទេស និងប្រជាជនកម្ពុជា។ សម្ដេចធិបតី បានគូសបញ្ជាក់ថា ការណ៍នេះបង្ហាញអំពីភាពវិជ្ជមាននៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ហើយជាពិសេស ខ្សែភាពយន្តដែលបានផលិតនៅកម្ពុជានឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការស្វែងយល់របស់ប្រជាជនកាហ្សាក់ស្ថានអំពីកម្ពុជាបន្ថែមទៀត ព្រមទាំងជួយទាក់ទាញទេសចរកាហ្សាក់ស្ថាន និងទេសចរសាសន៍ដទៃទៀត មកទស្សនាកម្ពុជាផងដែរ។ សម្ដេចធិបតីបានបន្តថា កម្ពុជាស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុន Daubay Film Production និងប្រជាជនកាហ្សាក់ស្ថាន ហើយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងទេសចរណ៍ នឹងបន្តសម្របសម្រួល គាំទ្រ និងផ្ដល់ភាពងាយស្រួលដល់សកម្មភាពអាជីវកម្ម ដំណើរទេសចរណ៍ និងធុរកិច្ចនានារបស់ជនជាតិកាហ្សាក់ស្ថាននៅកម្ពុជា។ មុននឹងបញ្ចប់, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Daubay Film Production ដែលបានមកផលិតភាពយន្ត និងជួយផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោកតាមរយៈខ្សែភាពយន្ត ព្រមទាំងបានស្នើឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការនេះជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀតនាពេលខាងមុខ។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តទំនាក់ទំនងជាប់ជាប្រចាំជាមួយក្រសួងស្ថាប័នកម្ពុជា ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសម្របសម្រួលនានា៕ 

ក្រុមហ៊ុន Selfie Travel Asia បង្ហាញបំណងរៀបចំ​ផ្តល់សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​តាម​ជើង​ហោះ​ហើរ​រវាង​រដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុ ឡើងវិញ

2026/10/18 12:18:38 pm        259
នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Kursad Bakir ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Selfie Travel Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាពេលនេះ។ ក្នុងឱកាសនោះ, ក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មស្នូលរបស់ក្រុមហ៊ុនក្នុងវិស័យអាកាសចរណ៍ និងការផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរតាមជើងហោះហើរ ព្រមទាំងបានគោរពជម្រាបជូនអំពីការដឹកជញ្ជូនភ្ញៀវទេសចរពីរដ្ឋធានីអាស្ដាណា មកកាន់ទីក្រុងព្រះសីហនុ ដែលធ្លាប់បានដំណើរការ មុននឹងផ្អាកសកម្មភាពនេះ កាលពីឆ្នាំ២០២៤។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុនមានបំណងរៀបចំផ្តល់សេវាដឹកជញ្ជូននេះឡើងវិញ ក៏ដូចជាស្វែងរកដំណោះស្រាយ, ការជួយគាំទ្រ និងការទំនុកបម្រុងពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យសកម្មភាពអាជីវកម្មនេះអាចដំណើរការឡើងវិញដោយរលូន ព្រមទាំងទទួលបានប្រាក់ចំណេញសមរម្យ។ ជាការឆ្លើយតប, សម្ដេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើមនេះ និងបានណែនាំឱ្យក្រុមហ៊ុនពិភាក្សាដោយផ្ទាល់ជាមួយក្រសួងទេសចរណ៍កម្ពុជា ដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏មានវត្តមាននៅក្នុងជំនួបនេះផងដែរ។ សម្ដេចធិបតី បានណែនាំឱ្យក្រុមហ៊ុនពិចារណាលើការសិក្សា និងកំណត់ប្រភេទផលិតផលទេសចរណ៍ជាកញ្ចប់ (packaged tourist products) ណាមួយ ដែលល្អ មានការទាក់ទាញ និងភាពប្រកួតប្រជែង ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយជាវិជ្ជមានជាមួយក្រសួងទេសចរណ៍។ សម្ដេចធិបតីបានគូសរំលេចថា កម្ពុជាមានសក្ដានុពលទេសចរណ៍ច្រើនប្រភេទ និងច្រើនទម្រង់ ដូចជាអេកូទេសចរណ៍, ទេសចរណ៍បែបឆ្នេរសមុទ្រ, វប្បធម៌ ប្រពៃណី និងប្រាសាទបុរាណ ជាដើម។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលតែងតែផ្តល់ការគាំទ្រពេញលេញដល់គ្រប់តួអង្គ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍។មុននឹងបញ្ចប់, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនកំណត់ប្រភេទផលិតផលទេសចរណ៍ឱ្យបានច្បាស់លាស់ និងបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេស ក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយផែនការនេះ ឱ្យទៅជាសកម្មភាពជាក់ស្ដែង និងធានាបាននូវភាពជោគជ័យនៃអាជីវកម្ម៕ 

បញ្ចប់ជាស្ថាពរហើយ! ប្រាសាទមេបុណ្យខាងលិច​អាចឈររឹងមាំបានរយៈពេលជាង ១០០​ឆ្នាំ​ទៀត ក្រោយ​ចំណាយ​ពេល​ជួស​ជុល​អស់ ១៤ឆ្នាំ

2026/10/17 11:34:05 am        578
បច្ចុប្បន្ននេះ ដំណើរការគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ទ្រង់ទ្រាយ​ធំ​ក្រោម​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ស្មើភា​ពគ្នារវាងកម្ពុជា និងបារាំង បានបញ្ចប់ជាស្ថាពរហើយ ក្រោយពី​ចំណាយ​ពេល​ជួស​ជុល​​អស់ ១៤ឆ្នាំ ​ក្នុងទឹកប្រាក់ចំនួន ១២លានដុល្លារ។ តួប្រាង្គចំនួន១៦ ព័ទ្ធ​ជុំវិញ​ដោយ​កំពែង​ប្រវែង​ ១០០ម៉ែត្របួនជ្រុង និងរចនាសម្ព័ន្ធ​តួស្ពាន​ហាល​ឆ្ពោះ​បល្ល័ង្គ​ព្រះវិស្ណុ​ផ្ទុំ​នៅ​កណ្ដាល​ប្រាសាទ ​ដែលធ្លា​ប់តែបែកបាក់ និងដួលរលំស្ទើរតែទាំងស្រុង បានឈរ​បង្ហាញ​ខ្លួន​យ៉ាង​រឹង​មាំឡើង​វិញ​ជាថ្មី​ នៅកណ្តាលមហាសាគរដ៏ធំល្វឹងល្វើយ នៃបារាយណ៍ទឹកថ្លា ដែលជា​អាង​ស្ដុក​ទឹក​យ៉ាង​សំខាន់​មួយនៅសម័យអង្គរ។ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ពោរពេញ​ដោយ​ក្តី​ជឿ​ជាក់​ថា ​តាមបច្ចេកទេសជួសជុលប្រាសាទមេបុណ្យខាងលិច ជាទ្រង់ទ្រាយធំ ក្រោ​ម​កិច្ច​សហ​ប្រតិបត្តិការ​រវាងកម្ពុជា-បារាំងពេលនេះ គឺកំពែង និងតួប្រាង្គរបស់ប្រា​សាទ​អាច​នឹង​នៅ​ឈរ​រឹង​មាំ​បង្ហាញ​ភ្នែក​ទេសចរ និងទុកឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ គោរពបូជា យ៉ាងហោច​ណាស់​ក៏​៥០ ​ទៅ១​៥០​ឆ្នាំ​ខាងមុខ​ និងលើសនេះ បើមានការថែទាំជាប្រចាំ។ ឯកឧត្តម បញ្ជាក់ទៀតថា រយៈ​ពេល​១៤ឆ្នាំមកនេះ ក្រុមការងារបារាំង-ខ្មែរ បានប្រឹងប្រែង និងតស៊ូជួសជុល​ប្រាសាទ​មេ​បុណ្យ​ខាង​លិច​យ៉ាង​លំបាក រួមមានការសិក្សារៀបចំឯកសារ ការស្វែងរកថ្មដែលបាត់​មក​ដាក់​បំពេញ​នៅ​តាម​កន្លែងដើមវិញ ការដឹកជញ្ជូនសម្ភារគ្រឿងចក្រធំៗ និងថ្មភក់តាមទូកពីកន្លែងផ្សេង មក​ដាក់​នៅការដ្ឋាន រួមទាំងការដឹកជញ្ជូន និងគ្រប់គ្រងកម្លាំងកម្មករជួសជុលជាដើម។ លើស​ពី​នេះ​ទៅ​ទៀត​អាជ្ញាធរជាតិអប្សរា ត្រូវការគ្រប់គ្រងទឹកនៅរដូវវស្សាជាចាំបាច់ ដើម្បីធានា​ឱ្យ​ការដ្ឋាន​ជួស​ជុល​នោះ អាចដំណើរការទៅបានពេញលេញក្នុងមួយឆ្នាំ១២ខែ មិនឱ្យទឹកចូល​មក​រំខាន​បាន​ និងធានាឱ្យបានការស្រោចស្រពស្រែជាង៧០០០ ហិកតា ព្រមទាំងផ្គត់​ផ្គង​ក្នុង​ការ​ផលិត​ទឹក​ស្អាតសម្រាប់ក្រុងសៀមរាប។ ចំណែកឯកឧត្តម គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកកិច្ចការអភិរក្ស និង​ជួស​ជុល​ប្រាសាទបុរាណនានា ឱ្យដឹងថា ការជួសជុលប្រាសាទមេបុណ្យខាងលិច រយៈ​ពេល​១៤​ឆ្នាំ​មក​នេះ គឺបានប្រើកម្លាំងកម្មករចំនួនប្រមាណជាង១០០នាក់ បំពេញកិច្ចការទៅ​តាម​ផ្នែក​សំខាន់​ៗ មានដូចជា ផ្នែកចម្លាក់ក្បាច់ ផ្នែកដាប់ថ្ម ផ្នែកកាត់ថ្ម ផ្នែករៀបចំផ្គុំថ្ម ផ្នែកដឹកជញ្ជូនថ្ម ឬ​សម្ភារៈ​ផ្សេងៗ។ចុងក្រោយក្រុមការងារផ្នែករៀបចំសោភ័ណភាពបរិស្ថាន និងរៀបចំ​ផ្លូវ​ដើរ​សម្រាប់​ភ្ញៀវ​ទេសចរ​ទស្សនាជាដើម។ ឯកឧត្តមបានបង្ហាញមោទនភាពយ៉ាងខ្លាំង នៅពេលឃើញ​ប្រាសាទ​មេ​បុណ្យខាងលិច ដែលធ្លាប់តែបែកបាក់ បានបង្ហាញរូបរាងដ៏ស្រស់ស្អាតឡើងវិញ នៅ​កណ្ដាល​ផ្ទៃ​ទឹកដ៏ធំល្វឹងល្វើយដូចនេះ។ ប្រាសាទមេបុណ្យខាងលិច កសាងឡើង​នៅ​អំឡុង​ពាក់​កណ្តាល​សតវត្សរ៍​ទី១១​នៃ​គ្រីស្ត​សក​រាជ​ក្នុង​រាជ្យ​ព្រះបា​ទ​ឧទយាទិត្យវរ្ម័នទី២ ទីតាំងស្ថិតនៅលើកោះ ចំកណ្តាលបារាយណ៍ទឹកថ្លា។ បច្ចុប្បន្ន ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ភាពអស្ចារ្យ និងលេច​ធ្លោ​របស់​ប្រាសាទ​មេ​បុណ្យ​ខាងលិច គឺមានរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ នៅចំកណ្ដាលស្រះនៃប្រាសាទ ដែល​ព័ទ្ធ​ជុំវិញ​ដោយ​កំពែង និងប្រាង្គចំនួន១៦។ ប្រាសាទមេបុណ្យខាងលិច ធ្លាប់បានជួសជុលម្ដ​ង​មក​ហើយ ​ដោយក្រុមអភិរក្សដ្ឋានបារាំងនៅក្នុងឆ្នាំ១៩៤០ ហើយនៅឆ្នាំ២០១២ បារាំងក៏បា​ន​សហ​ប្រតិ​បត្តិការជាមួយកម្ពុជា លើគម្រោងជួសជុលម្ដងទៀត ជាទ្រង់ទ្រាយធំ និងទើបតែ​បាន​បញ្ច​ប់ជា​ស្ថា​ពរ។ ពិធីសម្ពោធបើកឱ្យចូលទស្សនាជាផ្លូវការ នៅប្រាសាទមេបុណ្យខាងលិច នឹងរៀបចំ​នា​ខែ​វិច្ឆិកា ឆ្នាំ​២០២៦ ខាងមុខ៕

សេវារថយន្តក្រុងរដ្ឋបានជួយសម្រួលដល់ដំណើរទេសចរក្នុងស្រុកទៅកាន់បណ្ដាខេត្តនានាដោយក្ដីរីករាយ

2026/10/13 03:00:08 pm        252
ពលរដ្ឋមួយចំនួននៅតាមរាជធានី-ខេត្ត ទទួល​បាន​ឱកាស​ធ្វើដំណើរ​កម្សាន្ត​ទេសចរណ៍​ទៅ​តាម​គោល​ដៅ​ទេសចរ​ណ៍ផ្សេងៗ ដោយក្តីសប្បាយរីករាយបំផុត តាមរយៈ​ការ​​ធ្វើ​ដំណើរ​តាម​រថយ​ន្ត​ក្រុង ​ដោយមិនគិតថ្លៃ របស់រាជរដ្ឋាភិបាល។ សេវារថយន្តក្រុងនេះ បានជួយ​ពួក​គេ​ឱ្យ​សល់​សោហ៊ុយ​ដែល​នឹង​ត្រូវចំណាយលើការធ្វើដំណើរនេះទៅប្រើប្រាស់លើតម្រូវការអ្វីផ្សេង។ ពលរដ្ឋ​មកពីតាមខេត្តនានា បានថ្លែងប្រាប់BTV ចំណតរថយន្តក្រុងផ្លូវ២០០៤ ជិត​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញចាស់ នៅថ្ងៃទី១២ ខែតុលានេះថា ក្នុងរយៈពេល៥ថ្ងៃមកហើយ ដែល​គេ​បាន​ប្រើ​ប្រាស់​សេវារថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរដោយមិនមានការគិតថ្លៃ ធ្វើដំណើរ​កម្សាន្ត​ទេសចរណ៍​ទៅ​កាន់រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាដើម ហើយថវិកា​ដែល​សល់​ពី​ការជិះរថយន្តក្រុងដោយមិនគិតថ្លៃនេះ គឺគេបានយក ជួលបន្ទប់ផ្ទះសំណាក់ សណ្ឋាគារ ទិញ​អាហារ​ហូបចុក ដើរកម្សាន្ត លំហែកាយ នៅតាមគោលដៅទេសចរណ៍នានា និង​បាន​ធ្វើ​ឲ្យ​​គេ​ស្គាល់​ទឹកដី សម្រស់ទេសភាពបៃតងដ៏ស្រស់ស្អាត និងភាពរីក​ចម្រើន​របស់​ប្រទេស​ជាតិ​នា​ពេល​បច្ចុប្បន្ន។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានដាក់​ឱ្យប្រើ​សេវាដឹ​ក​ជញ្ជូន​សាធារណៈដោយមិនគិតថ្លៃនេះ ចំនួនប្រមាណ ៦០០គ្រឿង រយៈពេល៥ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើដំណើរ​ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​។ បើតាមការ​ឲ្យ​ដឹងពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានដឹងថា គិតចាប់ពីថ្ងៃទី៩ រហូត​ដល់​ថ្ងៃ​ទី១២ ខែតុលា ម្សិលមិញនេះ មានពលរដ្ឋជាង ៩ ១៩០០នាក់ បានធ្វើដំណើរ​តាម​រថយន្ត​ក្រុង​ដឹក​ជញ្ជូន​អ្នក​ដំណើរដោយមិនគិតថ្លៃនេះ៕ អត្ថបទ៖ ស៊ុម សុខជា 

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនកុះករទស្សនាប្រាសាទអង្គរនៅថ្ងៃភ្ជុំបិណ្ឌ

2026/10/12 01:11:10 pm        404
សៀមរាប៖ ភ្ញៀវទេសចរជាតិ អន្តរជាតិ ច្រើនកុំករបានចូលទស្សនាប្រាសាទអង្គរវត្ត នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ​និងបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមក​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត ​នៃប្រាសាទអង្គរវត្ត ហើយបានសម្ដែងមោទនភាព ដែលពួកគេបាន​ឃើញ​អ្នក​ទេសចរ​គ្រប់​ជាតិសាសន៍ ដើរកម្សាន្ដរមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ ក្នុងពិធីបុណ្យជាតិធំៗ ជាពិសេស ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ។ អ្នកទេសចរណ៍មកពីខេត្ដរតនគិរី ខេត្ដស្វាយរៀង ក៏ដូចជារាជធានីភ្នំពេញ បានលើកឡើងថា នៅ​ថ្ងៃ​បុណ្យភ្ជុំនេះ ពួកគាត់បានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បាន​ចូល​ទស្សនា​ប្រាសាទអង្គរ ដោយខ្លះជាលក្ខណៈជាក្រុម ខ្លះទៀតលក្ខណៈគ្រួសារ ហើយពួកគាត់​បាន​សម្ដែង​ទឹក​មុខញញឹមញញែម ក្រោយពេលដែលបានឃើញរូបចម្លាក់ផ្ទាំងថ្ម អមដោយ​ទេស​ភាព​ស្រស់​បំព្រង​នារ​ដូវភ្លៀងផងដែរ។ ពួកគាត់បន្តថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ ប៉ុន្ដែ​ពេល​បាន​ចូល​មកទស្សនាឃើញភាពស្រស់ស្អាតនៃប្រាសាទអង្គរ មានរម្មណ៍ស្រស់ថ្លា ជា​ពិសេស​បាន​ឃើញ​កំពូល​ប្រាសាទអង្គរ អមជាមួយស្រះទឹក ខណៈដែលការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និង​អភិរក្សប្រាសាទបុរាណកាន់តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគាត់ លើ​ក​ឡើង​ថា ​ពិតជាមិនខកបំណងឡើយដែលខ្លួនចំណាយពេលដើម្បីទស្សនាប្រាសាទអង្គរវត្ត នាពេល​បុណ្យ​ភ្ជុំ ក៏ដូចជានៅតាម​រមណី​យដ្ឋាន​ផ្សេង​ៗ​ទៀ​ត​។ ពួក​គាត់​បាន​កោត​សរសើរ​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​ដែល​បានអភិឌ្ឍន៍​រមណីយ​ដ្ឋាន​អង្គរ​បានល្អ​ប្រសើរ និង​មាន​សន្ដិសុខ​សុវត្ថិភាព​ល្អ​ដល់​អ្នក​ទេសចរ។ បើតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ របស់អាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងឱកាសពិធីបុណ្យភ្ជុំ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ខែតុលាឆ្នាំ២០២៦នេះ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិចូលទស្សនាតំបន់អង្គរ មានចំនួនប្រមាណជិត១០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេស ចំនួន៣៦៧៧នាក់ ខណៈដែលភ្ញៀវជាតិមានចំនួន៩៣ ៤៩៣នាក់៕ អត្ថបទ៖ ឈិត​ សាវី

ក្រសួងទេសចរណ៍ប្រកាស​ទទួលស្គាល់បញ្ហាប្រឈម បន្តបើកចំហស្តាប់មតិយោបល់ និង​ជំរុញ​ការ​អនុវត្តដំណោះស្រាយជាក់ស្តែង

2026/10/07 02:43:24 pm        376
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា​ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ បាន​ប្រកាស​ទទួល​ស្គាល់​បញ្ហា​ប្រឈម បន្តបើកចំហស្តាប់មតិយោបល់ និងជំរុញការអនុវត្តដំណោះស្រាយជាក់ស្តែង។ តាមរយៈសារ​ទទួលស្គាល់​នៅលើបណ្ដាញសង្គម ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុង​រយៈ​ពេល​ថ្មី​ៗនេះ មានការលើកឡើង និងពិភាក្សាយ៉ាងទូលំទូលាយតាមបណ្តាញសង្គម អំពី​ស្ថាន​ភាព​វិស័យ​ទេសចរណ៍​កម្ពុជា ជាពិសេសការថយចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ។ «ក្រសួងទេសចរណ៍ទទួលស្គាល់អំពីការថយចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ ក៏​ដូច​ជា​ការ​លំបាក​ដែល​ប្រតិបត្តិករទេសចរណ៍ អាជីវករ និងប្រជាពលរដ្ឋ​ដែល​ពឹង​ផ្អែក​លើ​វិស័យ​នេះ​បាន និង​កំពុង​ជួបប្រទះនាពេលបច្ចុប្បន្ន»។ នេះបើតាម​សារ​របស់ក្រសួង។ ក្រសួងបានបន្តថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​កម្ម​វិធី​អន្ត​រាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងនោះ​រួម​មាន​កម្ម​វិធី​ជំរុញ​ការស្ដា​រ​ឡើងវិញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ និង​ការ​លើក​ទឹក​ចិត្តផ្នែកពន្ធមួយចំនួន។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍និងមហាគ្រួសារវិស័យ​ទេសចរណ៍ទាំងមូល បានដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រគន្លឹះទាំង៦ និងការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ដើម្បីជំរុញចរន្តទេសចរណ៍ក្នុងស្រុកនិងការធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិ។ ក្នុងន័យនេះ ក្រសួងទេសចរណ៍​តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ផ្ដល់កិច្ចសហការល្អ សម្របសម្រួល និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងគោលដៅរួមដើម្បីលើកស្ទួយ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។​ ជាមួយគ្នានេះដែរ ក្រសួងនឹងបន្តផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពវិស័យទេសចរណ៍ វិធានការដែលបានអនុវត្ត និងលទ្ធផលការងារដែលអាចផ្ទៀងផ្ទាត់បាន ដើម្បីឱ្យសាធារណជនមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការវាយតម្លៃ។ ក្រសួងទេសចរណ៍បន្តបើកចំហទទួលយកមតិយោបល់ និងសំណូមពរពីអ្នកជំនាញ ប្រតិបត្តិករទេសចរណ៍ អ្នកបង្កើតមាតិកាព័ត៌មាន និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន។ ក្រសួងចាត់ទុកការលើកឡើងពីបញ្ហាជាក់ស្តែង គឺជាធាតុចូលដ៏មានតម្លៃ និង ជាឱកាសសម្រាប់រួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្មារតី «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!»៕

ពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ

2026/09/25 03:00:57 pm        279
អាកាសយានដ្ឋានអន្តរជាតិតេជោ TIA កំពុងរៀបចំពិព័រណ៍ទេសចរណ៍២០២៦ រយៈពេល៥ថ្ងៃ ចាប់​​ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញានេះ បំណងបង្ហាញភាពសម្បូរបែប ផលិតផល​ទេសចរណ៍​កម្ពុជា ពិសេសសេវាកម្មធ្វើដំណើរកម្សាន្ត សេវាស្នាក់នៅ សេវាកម្មធនាគារ និងផលិតផល​ក្នុង​ស្រុក​នានា​ទៀត ដែលអាចទ្រទ្រង់គាំទ្របាន​នៅ​ពេល​មាន​កំណើន​កើន​ឡើង​យ៉ាង​គំហុក​នៃ​អ្នក​ដំណើរ​អន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា។ បណ្ដាក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ បានឱ្យដឹងថា កម្មវិធីតាំងពិព័រណ៍ទេសចរណ៍ក្នុងរយៈពេល២ថ្ងៃមកនេះ គឺមានអ្នកដំណើរអន្តរជាតិ ដែលអញ្ជើញដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺមានការចូលសាកសួរព័ត៌មាន ស្វែងរកការកក់ទិញសេវាកម្មធ្វើដំណើរ ស្នាក់នៅសណ្ឋាគារ សេវាកម្មធនាគារ និងកញ្ចប់ទេសចរណ៍ធ្វើដំណើរកម្សាន្តទេសចរណ៍នានាទៀត នៅក្នុងប្រទេសកម្ពុជា ពិសេសសម្រាប់អាណិកជនខ្មែរ គឺមានការសាកសួរកក់ទិញកញ្ចប់ទេសចរណ៍ធ្វើដំណើរកម្សាន្តអំឡុងថ្ងៃឈប់សំរាកបុណ្យភ្ជុំបិណ្ឌជិតឈានចូលមកដល់។ ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកបង្ហាញការពេញចិត្តដោយមានពិព័រណ៍ទេសចរណ៍នៅក្នុងអាកាសយានអន្តរជាតិតេជោ TIA មានអ្នកដំណើរអន្តរជាតិផ្តោតការសាកសួរព័ត៌មានស្វែងរកសេវាកម្មស្នាក់នៅ និងការធ្វើដំណើរកម្សាន្តទេសចរណ៍ច្រើននៅតាមគោលដៅទេសចរណ៍នានា។ អ្នកដំណើរអន្តរជាតិបានថ្លែងថា ពិព័រណ៍ផលិតផលទេសចរណ៍ មានសំខាន់ខ្លាំងសម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់គ្នា ជាពិសេសនៅពេលចុះពីយន្តហោះភ្លាម គឺផ្តល់ភាពងាយស្រួល ភ្ញៀវអាចចូលសាកសួរព័ត៌មានការកក់ទិញកញ្ចប់ទេសចរណ៍ ដើម្បីមកស្នាក់នៅ ធ្វើដំណើរកម្សាន្តទៅតាមគោលដៅទេសចរណ៍នានានៅកម្ពុជា បង្កើនភាពទាក់ទាញទេសចរអន្តរជាតិមកទស្សនាម្តងហើយមកម្តងទៀត។ នៅក្នុងឱកាសបើកពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ TIA នេះដែរ ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតេជោ TIA បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រៅពីផ្តល់សេវាកម្មទទួលអ្នកដំណើរអន្តរជាតិចេញចូលកម្ពុជា គឺអាកាសយានដ្ឋានក៏មានតួនាទីធំៗជាច្រើនទៀត ដែលត្រូវចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ អាជ្ញាធរមូលដ្ឋាន និងសមាគន៍ទេសចរណ៍នានាទៀត អនុវត្តកម្មវិធីនានាជាយុទ្ធសាស្ត្រ ដើម្បីឈានទៅរកការទាក់ទាញអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាឲ្យកាន់តែច្រើន ។ ឧកញ៉ា ឆារស៍ វ៉ាន់ បន្តថា តាមរយៈកម្មវិធីពិព័រណ៍ទេសចរណ៍២០២៦ ចំនួន៥ថ្ងៃនេះ នឹងទាក់ទាញអ្នកដំណើរអន្តរជាតិទស្សនា សាកសួរព័ត៌មានច្រើនពីការតាំងពិព័រណ៍នេះ ហើយរំពឹងថា កម្មវិធីនេះ នឹងចំណែកផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោក ហើយនឹងមានជំរុញបង្កើនជើងហោះហើរត្រង់ពីតាមបណ្តាប្រទេសលើពិភពលោកមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត៕

ការីទេសចរណ៍មកពី ១៧០ប្រទេស បន្តនាំគ្នា​មក​ដល់​កម្ពុជា ដើម្បី​ជួយ​ផ្សព្វផ្សាយ​សក្ដា​នុពល​ទេសចរណ៍

2026/09/22 02:55:15 pm        1305
នៅថ្ងៃទី២២ ខែកញ្ញា នេះ ប្រតិភូថ្នាក់ដឹកនាំ ប្រធាន តំណាងប្រធានក្រុមហ៊ុនការីទេសចរណ៍ និង​អ្នកផលិតមាតិការទេសចរណ៍ ចំនួន១៧០ប្រទេស នៅជុំវិញពិភពលោក បាន​បន្ត​អញ្ជើញ​មក​ដល់​កម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍ និងស្វែងរកដៃគូ​សហការ​ផ្សព្វ​ផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា និងនាំភ្ញៀវទេសចរអន្តរជាតិ នានា អញ្ជើញមកទស្សនាកម្ពុជា។ បើតាមការីទេសចរណ៍មកពីតាមបណ្តាប្រទេសនានា បានថ្លែងប្រាប់BTV នៅអាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ​ថា ការចូលរួមព្រឹត្តិការណ៍ទេសចរណ៍នៅកម្ពុជា នៅពេលនេះគឺពិត​ជា​មាន​សារ​សំខាន់​ណាស់ ​ពិសេសគឺធ្វើការសិក្សាស្វែងយល់គោលដៅទេសចរណ៍កម្ពុជាបន្ថែម ដើម្បីជំរុញ​ការ​ផ្សព្វផ្សាយនូវអ្វីថ្មីពីកម្ពុជាទៅកាន់ប្រទេសគេ និងនាំភ្ញៀវទេសចរ​អន្តរជាតិ​នានានោះ​មក​ទស្សនា​កម្ពុជា​។ សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែកញ្ញានេះ មានប្រតិភូថ្នាក់ដឹកនាំ ប្រធាន តំណាងប្រធាន និង​អ្នក​សារ​ព័ត៌មានប្រមាណជាង ២០០នាក់បន្ថែម បានបន្តអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃស្អែក នឹង​មាន​ប្រតិភូប្រមាណជាង ៣០០នាក់បន្ថែមទៀត នឹងបន្តអញ្ជើញមកដល់កម្ពុជា ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​ទេសចរណ៍ និងធ្វើដំណើរកម្សាន្តស្វែងយល់ពីសក្តានុពលទេសចរណ៍ វប្បធម៌ ប្រវត្តិ​សាស្ត្រ ​និងទេសភាពដ៏សំបូរបែបនៅកម្ពុជា។ បើតាមការឲ្យដឹងពីលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទីភ្នាក់ទេសចរណ៍កម្ពុជា CATA ក្នុង​ដំណើរប្រតិភូថ្នាក់ដឹកនាំ ប្រធាន តំណាងប្រធានក្រុមហ៊ុនទេសចរណ៍ និងសារព័ត៌មាន អ្នក​ផលិត​មាតិការទេសចរណ៍ មកកម្ពុជានេះ សរុបមានប្រមាណជាង៧០០ក្រុមហ៊ុន មកពីតាម​ប្រទេស​ផ្សេង​ៗគ្នា ប្រមាណជាង១៧០ប្រទេស នៅជុំវិញពិភពលោក នឹងចូលរួមដំណើរកម្សាន្ត និង​សិក្សាស្វែងយល់សក្តានុពលទេសចរណ៍កម្ពុជា នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ និង​នៅ​ខេត្ត​សៀមរាប ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៩ ខែកញ្ញានេះ។ សម្រាប់​កម្មវិធី​ធំៗ​ទទួល​ស្វាគមន៍​ប្រតិភូ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ទេសចរណ៍​ពី​តាម​បណ្តា​ជុំវិញ​ពិភព​លោក​នេះ​ដែរ នៅថ្ងៃទី២៣ ខែកញ្ញាស្អែកនេះ នៅរមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌​ប្រវត្តិ​សាស្ត្រ​វត្តភ្នំ ​នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍សហគមន៍ ឬហៅថា Temple Fair ដោយនឹង​មាន​រៀបចំ​ការ​តាំង​ពិព័រណ៍​បង្ហាញអត្តសញ្ញាណខ្មែរ ភ្លក់ម្ហូបអាហារខ្មែរ រៀបចំទីតាំងលេងល្បែងកម្សាន្ត និង​ការ​សម្តែង​របាំ​ក្រុមតន្ត្រីស្គរដៃជាដើម។ ហើយខេត្តសៀមរាបវិញ ក៏មានការរៀបចំ​កម្ម​វិធី​បង្ហាញ​ម្ហូប​ខ្មែរ​​ច្រើន​មុខ រួមទាំងមានការ សំដែងរបាំសិល្បៈ ប្រគំតន្ត្រីបុរាណ សម្តែងឈុតឆាកល្ខោនរាមកេរ្ត៍ ហ្វឹក​ហាត់ការពារដែនបុរី នៅបរិវេណប្រាសាទបាយ័ន នៅថ្ងៃទី២៧ ខែកញ្ញានេះផងដែរ៕

អ្នកទេសចរជាង ១ម៉ឺន៧ពាន់នាក់ ទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នៅថ្ងៃនេះ

2026/09/21 11:21:28 am        414
អ្នកជំនាញទេចរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អ្នក​ទេសចរ​ជាតិ និង​អន្ដរជាតិ​ប្រមាណ​ជាង​១​ម៉ឺន​៧ពាន់នាក់ បានទៅផ្ដិតយករូបភាព និងទស្សនាទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្តាល នៃ​ប្រាសាទ​អង្គរវត្ដ នាព្រឹកព្រលឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ បើទោះបី​មិន​បាន​មើល​ឃើញ​ព្រះ​ទិត្យរះ​ចំកំពូលប្រាសាទអង្គរវត្ដក៏ដោយ ដោយសារអាកាសធាតុនៅរដូវនេះជារដូវភ្លៀង។ នៅថ្ងៃទី១នៃព្រឹត្ដិការណ៍សមរាត្រីនេះ ភ្ញៀវទេសចរខ្លះបានអង្គុយរង់ចាំ នៅបរិវេណ​ច្រាំង​កសិន្ធុ​ខាង​មុខ​ប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និងខ្លះទៀតឈរង់ចាំ​នៅ​លើ​រាន​ហាល ​ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីរង់ចាំទស្សនាទិដ្ឋភាព និងផ្តិត​យក​រូប​ភាព​ ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។ អ្នកនាង ពេជ្រ ចរណៃ និងភ្ញៀវទេសចរជាតិផ្សេងទៀត បានលើកឡើងថា ទោះបីជា​ធ្លាប់​បាន​មក​ទស្សនា​ប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ ប៉ុន្ដែសមរាត្រីនៅរដូវវស្សានេះ នៅតែ​មាន​មោទន​ភាព​ចង់​ទស្សនា​ថ្ងៃរះចំកំពូលប្រាសាទអង្គរដដែល បើទោះបីមើល​មិន​ឃើញ​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូលកដោយ។ ពួកគាត់ខ្លះ បានមកអង្គុយរង់ចាំទស្សនា ចាប់ពីម៉ោង៤ជិតភ្លឺ រហូត​ដល់​ព្រះអាទិត្យ​ឡើង​ខ្ពស់ ព្រមទាំងបានឃើញទេសភាពស្រស់ស្អាតប្រាសាទអង្គរវត្ត ឆ្លុះ​ជា​មួយ​ព្រៃ​ឈើ​ខៀវ​សង៉ាត់ អមដោយស្រះទឹកសងខាង និងទេសភាពសម្រស់​ខៀ​ខ្ចី​នៃ​រុក្ខជាតិ​ស្មៅ​ក្នុង​បរិវេណ​អង្គរ។ ពួកគាត់បានបានសម្ដែងការពេញចិត្ដនៃព្រឹត្ដិការណ៍សមតាត្រីនៅរដូវវស្សានេះ បើ​ទោះ​បីមើ​លមិនឃើញព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ​ដែល​បណ្ដាល​មក​ពី​អាកាស​ធាតុ​ក៏ដោយ​។ អ្នក​ទេស​ចរ​លើកឡើងថា ការទស្សនាប្រាសាទអង្គរ គឺ​ចង់​មក​កម្សាន្ដ​មិន​ថា​តែ​មាន​ព្រឹត្ដិការណ៍​សមរាត្រីនោះទេ។ បើតាមរបាយការន៍របស់លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឲ្យដឹងថា នាថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ មានភ្ញៀវទេសចរ និង​ប្រជា​ពលរ​ដ្ឋខេ​ត្តសៀមរាប បានមកទស្សនា​ថ្ងៃរះ​ចំ​កំពូល​កណ្តាល​ប្រាសាទ​អង្គរ​វត្ត​មាន​ចំនួន​ប្រមាណ​ជាង​មួយ​ម៉ឺន​៧​ពាន់នាក់ ក្នុងចំណោមនោះអ្នកទេសចរន្ដរជាតិ ៧៧២នាក់ និងភ្ញៀវជាតិ​ក៏​ដូចជា​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ចំនួនប្រមាណ ១ម៉ឺន៦ពាន់នាក់។ ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន ២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្ត​រដូវ) កើតឡើងនៅថ្ងៃទី២១ ២២ ២៣ខែមីនា និងសមរាត្រីរដូវវស្សា​កើត​ឡើង​នៅ​ថ្ងៃ​ទី២​១ ២២ និង២៣ ខែកញ្ញា៕

ក្រសួងដាក់ផែនការអាទិភាពបី អភិវឌ្ឍទេសចរណ៍ធម្មជាតិ ខណៈ​អេកូទេសចរណ៍​ជាប់លេខ​១​ ក្នុង​តំបន់

2026/09/10 03:23:56 pm        392
ក្រោយពី U.S News & World Report បានចេញរបាយការណ៍ថា កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ១៧ លើពិភពលោក ជាប្រទេស​ដែល​មាន​វិស័យ​ទេសចរណ៍​ធម្មជាតិ​ (Eco-Tourism) ល្អបំផុតមក នៅពេលនេះ ក្រសួងទេសចរណ៍ បានបង្ហាញ​ផែន​ការ​អាទិភាព​ចំនួន​បី ត្រូវអនុវត្តដើម្បីរៀបចំអេកូទសចរណ៍ឲ្យមានលក្ខណៈប្រសើរ និងបង្កើន​ភាព​ទាក់​ទា​ញ​ទេសចរទៅទស្សនាមានភាពកក់ក្តៅ។ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់BTV នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា នេះថា នៅទូទាំងប្រទេស មានសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ សហគមន៍​ការពារធម្មជាតិ សហគមន៍នេសាទ និងសហគមន៍អភិរក្សផ្សេងទៀត សរុបប្រ​មាណ​ជាង​២៣០០កន្លែង ក្នុងនោះ មានសហគមន៍ទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ ចំនួន​ ១៣១​កន្លែង និងមានសហគមន៍ចំនួន៥២កន្លែង ត្រូវបានក្រសួងទេសចរណ៍ ទទួល​ស្គាល់​ជា​សហគមន៍​អេកូ​ទេសចរណ៍។ ឯកឧត្តម បានបន្តថា នៅក្នុងផែនការជាអាទិភាពធំៗចំនួន៣ ត្រូវអនុវត្តសម្រាប់រៀបចំអភិវឌ្ឍអេកូទសចរណ៍ រួមមានៈ ទី១. រៀបចំប្រកាសទទួលស្គាល់សហគមន៍នានាទៀត ជាសហគមន៍ទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ ដែលមានការគ្រប់គ្រងច្បាស់លាស់ និងមានការផ្តល់សេវាកម្មទេសចរណ៍ផ្សេងៗ ទី២. រៀបចំការបណ្តុះបណ្តាល បំផុសគំនិតច្នៃប្រឌិត កែលំអរនៅក្នុងសហគមន៍ តាមបែបធម្មជាតិ និង ទី៣. បណ្តុះបណ្តាលជំនាញសហក្រិនភាព និងភាពជាអ្នកដឹកនាំ នៅក្នុងសហគមន៍ទាំងនោះ។  សម្រាប់កិច្ចខំប្រឹងអភិវឌ្ឍ អភិរក្ស កាពារសម្បត្តិធនធានធម្មជាតិ បរិស្ថាន របស់រាជរដ្ឋាភិបាល រហូតធ្វើឲ្យបរិស្ថានធម្មជាតិ និងអេកូទេសចរណ៍របស់កម្ពុជាជាប់ចំណាត់ថ្នាក់ល្អជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោកនោះ គឺមានការផ្សព្វផ្សាយច្រើនទៅក្រៅប្រទេស ហើយបានទាក់ទាញទេសចរអន្តរជាតិជាច្រើនហូរហែធ្វើដំណើរមកទស្សនាកម្សាន្តនៅកម្ពុជា ដើម្បីទទួលយកពិសោធន៍រស់នៅក្នុងបរិស្ថានធម្មជាតិដ៏ល្អឯកនេះ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យមានគណៈកម្មាធិការជាតិគ្រប់គ្រងទេសចរណ៍ និងអេកូទេសចរណ៍រួចហើយ ដែលមានរដ្ឋមន្ត្រីទេសចរណ៍ជាប្រធាន និងរដ្ឋមន្ត្រីតាមក្រសួងពាក់ព័ន្ធជាអនុប្រធាន ដើម្បីរួមសហការជំរុញការអភិវឌ្ឍ អេកូទេសចរណ៍ ដែលជាផ្នែកមួយ នៃទេសចរណ៍ធម្មជាតិ និងរៀបចំចងក្រងទៅជាសហគមន៍ទេសចរណ៍ ឬសហគមន៍អេកូទេសចរណ៍ ដោយមានការផ្តល់សេវាកម្មទេសចរណ៍ ដូចជា សេវាម្ហូបអាហារ បោះតង់ ផ្ទះស្នាក់ ជិះទូត និងសេវាកម្មដើរផ្សងព្រេងនៅតាមតំបន់ព្រៃឈើ ជ្រោះជ្រង ជ្រលង ដងភ្នំ ជាដើម និងមានការទទួលខុសត្រូវច្បាស់លាស់៕ អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រី៖ មនុស្សប្រហែល ៤០នាក់ស្លាប់​ និងរងរបួស អំឡុង​​ការវាយប្រហារ​ដោយក្រុមហ៊ូទី នៅខេត្ត Shabwa របស់​យេម៉ែន
10/19/2026 07:10 PM
ជនសង្ស័យ ៣នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការណីបាញ់ប្រហារតារាបូលីវូដឥណ្ឌានៅទីក្រុងម៉ុមបៃ
10/19/2026 07:10 PM
ជប៉ុនដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក
10/19/2026 07:10 PM
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ជួបសមភាគីអ៊ូសបេកគីស្ថាននៅទីក្រុង Samarkand
10/19/2026 06:10 PM
និស្សិតបិទច្រកចូលសារមន្ទីរ Louvre ដើម្បីបង្ហាញ​ការ​គាំទ្រដល់ការតវ៉ារបស់សិស្សវិទ្យាល័យ នៅបារាំង​
10/19/2026 06:10 PM
ព្រះចៅមហាម៉ាត់គូវ៉ែតស្វាគមន៍ប្រធានាធិបតីបារាំងលោក Macron នៅអាកាសយានដ្ឋាន
10/19/2026 06:10 PM
សេដ្ឋកិច្ចចិនមានសន្ទុះនៅត្រីមាសទី ៣ ក្នុងឆ្នាំនេះ ប៉ុន្តែការងើបឡើងវិញនៅមិនទាន់មានតុល្យភាព
10/19/2026 06:10 PM
សភាអេហ្ស៊ីបពន្យារពេលបោះឆ្នោតលើការគាំទ្រផ្នែកយោធាដល់អារ៉ាប៊ីសាអ៊ូឌីត
10/19/2026 06:10 PM
KCNA៖ ប្អូន​ស្រីមេដឹកនាំ​កូរ៉េខាងជើង បញ្ជាក់​ថា ការ​ចាក់​ឧបករណ៍បំពង​សំឡេង​ឆ្ពោះ​ទៅក្រុងសេអ៊ូល ស្ថិត​ក្នុង​ការពិចារណា
10/19/2026 06:10 PM
កិច្ចព្រមព្រៀងអ៊ីស្រាអែល-លីបង់ បង្ហាញឲ្យឃើញសហគមន៍ជ្វីហ្វដែលបានបាត់បង់ទៅយូរមកហើយ
10/19/2026 06:10 PM