សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ
កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ

2026/10/16 07:16:14 pm        124
ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើក «វេទិកាធុរកិច្ចកម្ពុជា-តួកគី ឆ្នាំ២០២៦» នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកបង្ហាញនូវឧត្តមភាពប្រកួតប្រជែង និងកាលានុវត្តភាពស្នូលចំនួន ៦ របស់កម្ពុជា ដើម្បីទាក់ទាញធុរជន និងវិនិយោគិនតួកគី ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំធុរកិច្ច និងវិនិយោគិនតួកគីយ៉ាងច្រើនកុះករ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ក្នុងខណៈពេលដែលកម្ពុជា និងតួកគីឈានចូលជំពូកថ្មីនៃភាពជាដៃគូសេដ្ឋកិច្ច កម្ពុជាមានអត្ថប្រយោជន៍ និងសក្តានុពលលេចធ្លោចំនួន ៦យ៉ាង រួមមាន៖ ទី១. កម្លាំងពលកម្មប្រកបដោយថាមវន្ត៖ ប្រជាជនកម្ពុជាប្រមាណ ៦០% មានអាយុក្រោម ៣៥ឆ្នាំ, កម្លាំងពលកម្មកម្ពុជា នៅភាពវ័យក្មេង ថាមវន្ត និងបានរៀនប្រើប្រាស់បច្ចេកវិទ្យបានលឿនដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហកម្មទំនើប។ ទី២. បរិយាកាសធុរកិច្ចអំណោយផល និងមានការលើកទឹកចិត្ត៖ កម្ពុជាផ្តល់នូវកញ្ចប់លើកទឹកចិត្តដ៏មានភាពទាក់ទាញ រួមទាំងការលើកលែងពន្ធរហូតដល់ ១២ឆ្នាំ និងអនុញ្ញាតឱ្យធុរជនជនបរទេសកាន់កាប់កម្មសិទ្ធិអាជីវកម្ម ១០០% ដោយគ្មានការកម្រិតនូវផ្ទេរប្រាក់ចំណេញព្រមទាំងដើមទុនឡើយ។ ទន្ទឹមនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើរតួជាច្រកចេញចូលតែមួយសម្រាប់ការដាក់ទុនវិនិយោគ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ។ ទី៣. ការគាំទ្រ និងការថែទាំពីរាជរដ្ឋាភិបាលកម្ពុជា៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងនូវការវិនិយោគរបស់វិនិយោគិន តាមរយៈសេវាថែទាំក្រោយការវិនិយោគ របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ។ ទី៤. ទីតាំងយុទ្ធសាស្ត្រ និងការតភ្ជាប់ក្នុងតំបន់៖ ស្ថិតនៅចំកណ្តាលនៃតំបន់អាស៊ាន កម្ពុជាផ្តល់នូវបណ្តាញតភ្ជាប់ដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពទូទាំងតំបន់។ បន្ថែមលើនេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាប្រវត្តិសាស្ត្រ ដូចជា «ព្រែកជីកហ្វូណនតេជោ» នឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងភស្តុភារកម្មឱ្យកាន់តែទាប ព្រមទាំងបង្កើនប្រសិទ្ធភាពប្រតិបត្តិការធុរកិច្ច ដែលជាអាទិភាពធំរបស់កម្ពុជា។ ទី៥. ការទទួលបានទីផ្សារតំបន់ និងសកល ដោយអនុគ្រោះ៖ ក្នុងនាមជារដ្ឋសមាជិកអាស៊ាន និងជាភាគីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កម្ពុជាផ្តល់លទ្ធភាពដល់វិនិយោគិនក្នុងការនាំចេញទៅកាន់ទីផ្សារអ្នកប្រើប្រាស់រហូតដល់ ២,២ ពាន់លាននាក់។ លើសពីនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន (CCFTA) និងកូរ៉េខាងត្បូង (CKFTA) ក៏បានពង្រីកសក្តានុពលទីផ្សារឱ្យកាន់តែធំធេងថែមទៀត។ ទី៦. ការប្តេជ្ញាចិត្តចំពោះចេរភាពថាមពល និងកំណើនបៃតង៖ គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ ថាមពលកកើតឡើងវិញ (វារីអគ្គិសនី ពន្លឺព្រះអាទិត្យ និងខ្យល់) ស្រូបយកបានដល់ទៅ ៦៣% នៃល្បាយថាមពលសរុបរបស់កម្ពុជា។ កម្ពុជាកំពុងស្ថិតនៅលើគន្លងឆ្ពោះទៅសម្រេចបាន ៧០% ត្រឹមឆ្នាំ២០៣០ និងឈានទៅសម្រេចបានអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០៥០។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា វេទិកាធុរកិច្ចនាពេលនេះ មិនត្រូវបញ្ចប់ត្រឹមតែការផ្លាស់ប្តូរគំនិតនោះឡើយ ប៉ុន្តែសម្តេចចង់ឃើញការពិភាក្សាប្រែក្លាយទៅជាការចុះទស្សនកិច្ចសិក្សាទីតាំងផ្ទាល់ ភាពជាដៃគូសាជីវកម្ម និងគម្រោងវិនិយោគជាក់ស្តែងនៅឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់។ ជាមួយគ្នានោះសម្តេចធិបតី បានអញ្ជើញធុរជន និងវិនិយោគិនតួកគី ឱ្យមកចាប់យកឱកាសវិនិយោគដ៏សម្បូរបែបនៅកម្ពុជា និងបានធានាអះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រួល និងគាំទ្រដល់ដំណើរការវិនិយោគរបស់វិស័យឯកជន ធានាបាននូវបទពិសោធន៍វិនិយោគដ៏រលូន និងជោគជ័យយូរអង្វែង៕

កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ

2026/10/16 07:11:30 pm        123
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមរវាងកម្ពុជា និងតួកគី ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានទៅសម្រេចបានតាមគោលដៅ«១ពាន់លានដុល្លារអាមេរិក» នាពេលខាងមុខ ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៥ សម្រេចបានប្រមាណ៤០០ លានដុល្លារអាមេរិក ដោយកើនឡើងជាង១៨%បើធៀបនឹងឆ្នាំ២០២៤។ការថ្លែងគូសបញ្ជាក់បែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើក «វេទិកាធុរកិច្ចកម្ពុជា-តួកគី ឆ្នាំ២០២៦» នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នេះ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នសេដ្ឋកិច្ចពាក់ព័ន្ធ និងធុរជន វិនិយោគិនឈានមុខនៃប្រទេសទាំងពីរយ៉ាងច្រើនកុះករ។ថ្លែងទៅកាន់អង្គវេទិកា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គន្លងនៃការកើនឡើងនៃទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០២៥ គឺជាសក្ខីភាពបង្ហាញពីសន្ទុះដ៏រឹងមាំឆ្ពោះទៅរកការសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ១ពាន់លានដុល្លារ។ ដើម្បីឈានទៅសម្រេចបាននូវមហិច្ឆតានេះ សម្តេចបវរធិបតីបានរំលេចនូវយន្តការគន្លឹះសំខាន់ៗដែលត្រូវបន្តជំរុញ រួមមាន​គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី, ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-តួកគី និងការិយាល័យពាណិជ្ជកម្មនៃស្ថានទូតតួកគី ដែលជាស្ពានយ៉ាងសំខាន់សម្រាប់រក្សាកិច្ចសន្ទនាជាប្រចាំ សំដៅលុបបំបាត់រាល់ឧបសគ្គចំពោះពាណិជ្ជកម្ម និងការវិនិយោគ។សម្តេចបវធិបតីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល គឺបង្កើតនូវក្របខ័ណ្ឌគតិយុត្តចាំបាច់ ប៉ុន្តែសហគមន៍ធុរកិច្ចខ្លួនឯងផ្ទាល់ គឺជាកម្លាំងចលករពិតប្រាកដក្នុងការរុញច្រានការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច។​ សម្តេចបានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នជំរុញការវិនិយោគ និងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ (រួមទាំងក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី - DEİK) ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការផ្គូផ្គងដៃគូធុរកិច្ច ចែករំលែកព័ត៌មានទីផ្សារ និងគាំទ្រដល់ការអភិវឌ្ឍគម្រោងវិនិយោគជាក់ស្តែង។លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យធុរជន មើលឱ្យហួសពីទំហំតួលេខពាណិជ្ជកម្ម ដោយត្រូវផ្តោតលើការធ្វើពិពិធកម្មផលិតផល ការពង្រឹងបណ្តាញធុរកិច្ច និងការតភ្ជាប់សមត្ថភាពឧស្សាហកម្មដ៏រឹងមាំរបស់តួកគី ជាមួយមូលដ្ឋានផលិតកម្មដែលកំពុងរីកចម្រើន និងធនធានកសិកម្មដ៏សម្បូរបែបរបស់កម្ពុជា។​សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ធុរជន និងវិនិយោគិនតួកគី ឱ្យចាប់យកកាលានុវត្តភាពលើវិស័យសក្តានុពលជាច្រើនរវាងប្រទេសទាំងពីរ រួមមាន៖ វិស័យកម្មន្តសាល, កសិកម្ម និងការកែច្នៃកសិផល, ការដឹកជញ្ជូន និងភស្តុភារកម្ម, ថាមពលកកើតឡើងវិញ, បច្ចេកវិទ្យាឌីជីថល និងទេសចរណ៍ប្រកបដោយចីរភាព ដើម្បីបង្កើតតម្លៃបន្ថែម និងផលប្រយោជន៍សេដ្ឋកិច្ចយូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

2026/10/14 07:39:06 pm        131
នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភា នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់១៥ ខែតុលា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់បានសម្តែងក្តីរីករាយក្នុងការស្វាគមន៍សម្តេចធិបតីក្នុងដំណើរទស្សនកិច្ចផ្លូវការ និងបានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាឱកាសនេះ។ លោកជំទាវក៏បានគូសរំលេចអំពីទំនាក់ទំនងដ៏ល្អរវាងអាស៊ែបៃហ្សង់ និងកម្ពុជាក្នុងរយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ ទាំងគ្រប់កម្រិតរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល, សភានិងសភា ក៏ដូចជាគណបក្សនិងគណបក្ស ដែលការណ៍នេះបង្ហាញអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជាតិទាំងពីរ ហើយលោកជំទាវសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីផ្ដល់ជាឧត្តមប្រយោជន៍បន្ថែមទៀតដល់ប្រជាជន និងប្រទេសទាំងពីរ។ជាការឆ្លើយតប, សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនសម្តេច និង​ គណៈប្រតិភូកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការ នាពេលនេះ។ ជាមួយគ្នានេះ, សម្ដេចធិបតីបានគូសរំលេចអំពីកិច្ចពិភាក្សាដែលសម្ដេច និងឯកឧត្តមប្រធានាធិបតីអាស៊ែបៃហ្សង់ បានឯកភាពគ្នា​ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, នយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ សម្តេច​ធិបតី​ និង​លោកជំទាវ​ប្រធាន​សភា​ ក៏បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតីបានលើកឡើងពីតួនាទីដ៏មានសារៈសំខាន់របស់សភា ក្នុងការពង្រឹងភាពជឿជាក់, កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតី ក៏បានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ដើម្បីផ្តល់ជាឧត្តមប្រយោជន៍ ជូនដល់ប្រទេស និងប្រជាជនយើងទាំងពីរ តាមរយៈការទាញយកសក្ដានុពលពេញលេញពីទំនាក់ទំនងទ្វេភាគីនេះ៕

អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា

2026/10/14 12:08:18 pm        1548
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បាន​ថ្លែង​បញ្ជាក់​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះថា «ទីបំផុត លោក សម រង្ស៊ី បានបង្ហាញ​ច្បាស់​ហើយ​ថា ​គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទ​ប្រកាន់​កម្ពុជា​ថា​ជា​អ្នក​បង្ក​ហេតុ​មុន​ប្រាកដមែន»។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា លោក សម រង្ស៊ី មិនបានបដិសេធត្រង់ទៅលោក Nanthawat Samart អតីតអនុប្រធានការិយាល័យព័ត៌មានវិទ្យាជាតិ និង​ជា​អតីត​លេខា​ធិការ​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ ​ដែលជាអ្នកនិយាយប្រាប់សារព័ត៌មាន Top News ដោយស្រង់សម្តីលោក​សម រង្ស៊ី ថា «កម្ពុជា​ជា​អ្នក​បាញ់មុន...» នោះឡើយ។ ប៉ុន្តែ លោក សម រង្ស៊ី បានបង្វែរការបដិសេធថា មិន​ដែល​​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មានណាឡើយក្នុងអំឡុងពី ៦ទៅ៩ខែចុងក្រោយ ក្រៅ​ពី​ប្រព័ន្ធឃោសនារបស់គាត់។ ឯកឧត្តមអ្នកនាំពាក្យបានបន្តថា តាមពិត លោក Nanthawat Samart មិនបានសំដៅថា លោក សម រង្ស៊ី និយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានណាមួយឡើយ តែ​អតីត​មន្ត្រី​ថៃ​រូប​នោះ​បាន​បញ្ជាក់​ថា លោក សម រង្ស៊ី និយាយក្នុងពេលថ្មីៗនេះ ហើយថែមទាំងបានចាត់ទុកសម្តីលោក សម រង្ស៊ី ថាមានតម្លៃសម្រាប់ថៃយ៉ាងខ្លាំងថែមទៀត។ ប៉ុន្តែ លោក សម រង្ស៊ី មិនបានបដិសេធ​ត្រង់​ទៅ​អតីត​មន្ត្រីថៃដែលជាអ្នកនិយាយទេ តែបានបង្វែរទៅជារឿងផ្សេង។ ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងទៀតថា លោកសម រង្ស៊ី មិនទៅណាឆ្ងាយពីល្បិច​បង្វែរ​សាច់​រឿង​ដើម្បី​គេច​ពីការប្រឈម​មុខ​ជាមួយការពិត ទៅជាការមួលបង្កាច់ បង្កើតរឿងមួយផ្សេងទៀត​ដើម្បី​ទម្លាក់​កំហុសមកលើកម្ពុជា ​និងការពារថៃ តាមទម្លាប់របស់គាត់ និង​ក្រុមរ​បស់​គាត់​នោះ​ឡើយ។​ លោក សម រង្ស៊ី មិនបាននិយាយសូម្បីមួយម៉ាត់ពីផែនការ «​ចក្រពង្សភូវនាថ»​(Chakraphong Phuwanath Plan) ដែលជាការរៀបចំច្បាស់លាស់ និងមាន​ផែន​ការ​ទុក​ជា​មុន​​រប​ស់ថៃដើម្បីឈ្លានបានទឹកដីកម្ពុជាឡើយ។ លោក សម រង្ស៊ី ក៏មិនបាននិយាយ​ពី​ទាហាន​ខ្មែរ​មួយ​រូប​ គឺលោក សួន រោន អាយុ ៤៨ឆ្នាំ ដែលត្រូវបានទាហានថៃលបចូលមកបាញ់សម្លាប់ នៅ​តំបន់​មុំ​បី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥ នៅ​លើ​ទឹក​ដី​កម្ពុជា ដែលការបង្ករឿងយ៉ាងធ្ងន់ធ្ងររបស់ថៃនោះដែរ​។ ប៉ុន្តែ លោក សម រង្ស៊ី បែរជា​បង្វែរ​សាច់​រឿង​មួលបង្កាច់ដើម្បីទម្លាក់កំហុសលើកម្ពុជាថាជាអ្នកបង្កហេតុមុនដដែល ដោយបំភ្លេច​ចោល​ទាំង​ស្រុងនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា គឺសម្តេចតេជោ និងសម្តេចធិបតី ក៏​ដូច​ជា​វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលខិតខំយ៉ាងខ្លាំង និងយកទ្រូង​ទៅ​ពាំង​ដើម្បី​ការ​ពារ​បូរណ​ភាពទឹកដី។ ឯកឧត្តម​ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​បានបញ្ជាក់ថា លោក សម រង្ស៊ី មិនបានបដិសេធ​ត្រង់​ចំពោះ​អ្វី​ដែលអតីតមន្ត្រីថៃនិយាយទេ។ លោក សម រង្ស៊ី ក៏មិនបានសុំទោសប្រជាពលរដ្ឋខ្មែរ និង​មិន​បាន​បង្ហាញសូម្បី​តែបន្តិចនូវវិប្បដិសារីចំពោះអ្វីដែលគាត់បាននិយាយ។ ផ្ទុយទៅវិញ លោក សម រង្ស៊ី​ នៅតែបន្តចោទថា កម្ពុជាជាអ្នកបង្កហេតុមុនដដែល និងបានបង្ហាញកាន់តែច្បាស់ថា គាត់​ការពារថៃ ហើយ​ប្រឆាំង​ផល​ប្រយោជន៍​ជាតិ​ខ្មែរ​យ៉ាង​ពិត​ប្រាកដ​ដែល​ប្រជាជាតិ​ខ្មែរ​មិន​អាច​ទទួល​យក​បាន​ឡើយ។ នេះគឺជាភស្តុតាងយ៉ាងច្បាស់ដែលបញ្ជាក់ថា លោក សម រង្ស៊ី គឺជា​ជន​ក្បត់​ជាតិ​ដោយមិនអាចប្រកែកបាន។​ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាស​បដិសេធជាថ្មីយ៉ាង​ដាច់​អហង្ការ​ចំពោះការចោទប្រកាន់​របស់លោក សម រង្ស៊ី និងសូមថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ក្បត់​ផលប្រយោជន៍ជាតិរបស់បុគ្គលរូបនេះ និង​សូមបញ្ជាក់ជាថ្មីម្តងទៀតថា ភាគី​ថៃ​គឺ​ជា​អ្នក​បាញ់​មុន ហើយកម្ពុជាគឺជាជនរងគ្រោះ៕

កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

2026/10/13 09:16:33 pm        152
នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Zakir Hasanov រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់១៥ ខែតុលា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់បានសម្តែងក្តីរីករាយដែលជួបសម្តេចធិបតី​ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច​ នៅ​អាស៊ែបៃហ្សង់​ និងបានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នាឱកាសនេះ។ជាការឆ្លើយតប សម្តេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរចាប់តាំងពីការចាប់ផ្តើមទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៩៤។ តាមរយៈដំណើរទស្សនកិច្ចនេះ, កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតាមវិស័យសំខាន់ៗ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត រួមទាំងក្នុងវិស័យសន្តិសុខ និងការពារជាតិ។សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់ក៏បានបន្តពិភាក្សាគ្នាក្នុងការស្វែងរកនូវលទ្ធភាពក្នុងការជំរុញកសាងទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ តាមរយៈការកសាងសមត្ថភាព, ការហ្វឹកហ្វឺន, និងបណ្ដុះបណ្ដាលជំនាញដល់យោធិន, ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា ជាដើម៕

សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣

2026/10/09 08:37:53 pm        171
នារាត្រី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត និងជំរុញដល់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន​ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម គួរមើលគ្នាជាគោលដៅទេសចរណ៍ ព្រមទាំងសហការរៀបចំទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពី «ទីផ្សារទីបី»។ ថ្លែងក្នុង វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ចំពោះមុន ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈធិបតីនៃប្រទេសទាំង២, សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ ថា លើសពីការជំរុញនៃការធ្វើដំណើររវាងប្រជាជន នៃប្រទេសទាំង២ យើងគួរមើលកម្ពុជា និងវៀតណាម ជាគោលដៅទេសចរណ៍ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ទាក់ទាញភ្ញៀវពីទីផ្សារទី៣។សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា វិស័យទេសចរណ៍រវាងកម្ពុជា និងវៀតណាម មានសក្តានុពលធំធេងណាស់ ប៉ុន្តែប្រទេសទាំងពីរមិនទាន់ទាញយកផលប្រយោជន៍បានពេញលេញនៅឡើយទេ។ សម្តេចបានលើកឡើងថាសម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជំហានបន្ទាប់គឺត្រូវប្រែក្លាយលំហូរទេសចរដែលមានស្រាប់ ឱ្យទៅជាកិច្ចសហប្រតិបត្តិការទេសចរណ៍កាន់តែស៊ីជម្រៅ ដោយមិនត្រូវមើលត្រឹមតែការធ្វើដំណើរឆ្លងដែនទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែត្រូវមើលកម្ពុជា និងវៀតណាម ជាគោលដៅទេសចរណ៍ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក សម្រាប់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពីទីផ្សារទីបី។ក្នុងស្មារតីនេះ សម្តេចធិបតី បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៃប្រទេសទាំងពីរ ជាពិសេសក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ និងអ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយរួមគ្នា និងចងក្រងកញ្ចប់ទេសចរណ៍រួម កម្ពុជា-វៀតណាម ដែលផ្សារភ្ជាប់រវាង៖ ទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌពិភពលោក, ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍, ទេសចរណ៍តំបន់ឆ្នេរ និងកោះ និង ទេសចរណ៍ទីក្រុង និងទេសចរណ៍សុខភាព។ គួរបញ្ជាក់ថា កម្ពុជា និងវៀតណាម មានមូលដ្ឋានរឹងមាំស្រាប់លើវិស័យទេសចរណ៍ ដោយក្នុងឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរវៀតណាមជាង ១,២២ លាននាក់ ដែលធ្វើឱ្យវៀតណាម ឈរនៅលេខរៀងទី១ ក្លាយជាទីផ្សារទេសចរណ៍ធំជាងគេរបស់កម្ពុជា។ ទន្ទឹមគ្នានេះ ពលរដ្ឋកម្ពុជាកាន់តែច្រើនក៏បានជ្រើសរើសវៀតណាមជាគោលដៅទេសចរណ៍ និងសេវាថែទាំសុខភាព ដោយចំនួនភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៥ បានកើនឡើងប្រមាណ ៤៥% ធៀបនឹងឆ្នាំ២០២៤៕អត្ថបទ៖ KC Virak

សម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ

2026/10/09 08:29:52 pm        156
នារាត្រី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេច មហិច្ឆតារួមក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឈានដល់ ២០ ពាន់លានដុល្លារអាម៉េរិក និងលើសហ្នឹងទៀត ខណៈប្រទេសទាំង២ មានទំនាក់ទំនងដ៏ស៊ីជម្រៅ និងសក្ដានុពលជាច្រើន។ថ្លែងក្នុង វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ចំពោះមុន ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈធិបតីនៃប្រទេសទាំង២, សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា វៀតណាម ដាក់ចេញ មហិច្ឆតារួមក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឈានដល់ ២០ ពាន់លានដុល្លារអាម៉េរិក ក្នុងពេលខាងមុខ។ ផ្អែកលើទំនាក់ទំនងដ៏ស៊ីជម្រៅ និងសក្ដានុពលនៃប្រទេសទាំង២ សម្ដេច ជឿជាក់ថា គោលដៅនេះជាជំហានមួយដែលយើងអាចសម្រេចបាន ហើយសក្ដានុពលយើងអាចពង្រីកបានច្រើនជាងនេះថែមទៀត។សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្រាប់កម្ពុជា មហិច្ឆតារបស់យើងមិនវាស់ត្រឹមទំនិញឆ្លងកាត់ព្រំដែនប៉ុណ្ណោះទេ អ្វីដែលសំខាន់គឺគុណភាព និងកម្រិតនៃការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំង២។ កម្ពុជា និងវៀតណាម មានឧត្ដមភាព និងសក្ដានុពលអាចបំពេញគ្នាទៅវិញទៅមក។ វៀតណាមមានមូលដ្ឋានកម្មន្តសាលរីកចម្រើន ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែលមានភាពស៊ីជម្រៅ បច្ចេកវិទ្យា និងបណ្ដាញទីផ្សារអន្តរជាតិដ៏ទូលំទូលាយ។ កម្ពុជាក៏កំពុងពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួន កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងដែលមានជំនាញកាន់តែខ្ពស់ សក្ដានុពល ថាមពលស្អាត ទីតាំងយុទ្ធសាស្ត្រ និងលទ្ធភាពតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ សម្ដេច សង្ឃឹមថា នឹងមានផលិតផលកាន់តែច្រើនដែលមានខ្សែច្រវ៉ាក់ផលិតកម្មឆ្លងកាត់ប្រទេសយើងទាំង២។ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ដើម្បីសម្រេចបាននូវមហិច្ឆតាទាំងនេះ កត្តាគន្លឹះគឺការតភ្ជាប់ ការសម្រួលដល់ពាណិជ្ជកម្មឆ្លងដែន កម្ពុជា-វៀតណាម កំពុងធ្វើការរួមគ្នា តភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត របស់កម្ពុជា ទៅនឹងផ្លូវល្បឿនលឿន ម៉ុកបៃ-ហូជីមិញ របស់វៀតណាម និងពន្លឿនការដាក់បញ្ចូលច្រកទ្វារអន្តរជាតិមឿនជ័យ (ខេត្តព្រៃវែង) តឹនណាម(ខេត្តតៃនិញ) ទៅក្នុងកិច្ចព្រមព្រៀង ស្ដីពីទំនិញឆ្លងកាត់ និងកិច្ចព្រមព្រៀង ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោកដើម្បីសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ទន្ទឹមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្ដីពី ការបង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះកម្ពុជា-វៀតណាម និងការបន្តអនុវត្តកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី សម្រាប់ឆ្នាំ២០២៧-២០២៨។គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និងវៀតណាម បានបង្ហាញពីកំណើនឥតឈប់ឈរ។ នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងគួរឱ្យកត់សម្គាល់ ច្រើនជាង ១០ ពាន់លានដុល្លារ ដែលជាការកើនឡើង ៥៣,៣៤% បើធៀបនឹងឆ្នាំមុន។ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម នៅក្នុងដំណាច់ឆ្នាំ២០២៥ មាន​ទំហំ​ទឹក​ប្រាក់​សរុបជិត ៧ ៨០០ លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញមុខទំនិញរបស់កម្ពុជា នៅ​តែ​បន្ត​ហក់​ឡើង ខណៈការនាំចូលថមថយបន្តិចបន្ទួច បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៤៕ អត្ថបទ៖ KC Virak

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

2026/10/09 06:25:37 pm        177
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយចំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា។ សម្ដេចបានចាត់ទុកនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមមកកាន់កម្ពុជានៅពេលនេះ នឹងញ៉ាំងអោយទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមកាន់តែរឹងមាំបន្ថែមទៀត។នៅក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោបានអនុញ្ញាតឲ្យឯកឧត្តម និងគណៈប្រតិភូបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានឡើងថា សម្ដេចតេជោគឺជាមិត្តដ៏ជិតស្និតបំផុតរបស់វៀតណាម ទន្ទឹមនេះឯកឧត្តមក៏បានលើកឡើងដោយសរសើរពីភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជាដែលមាននាពេលបច្ចុប្បន្ននេះ ដែលមានការអភិវឌ្ឍជាបន្តបន្ទាប់។ទន្ទឹមនឹងនេះ ឯកឧត្តមក៏អបអរសាទចំពោះកម្ពុជាដែលបានរៀបចំយ៉ាងជោគជ័យនូវសន្និសិទប្រធានសភានៃអន្តរសភាដែលបានរៀបចំជោគជ័យកាលពីពេលកន្លងទៅនេះ។ឯកឧត្តមក៏បានរាយការណ៍ជូនសម្ដេចតេជោអំពីជំនួបរវាងសម្ដេចតេជោ ជាមួយសម្ដេចធិបតី ហ៊ុន ណែត ដោយបានជជែកគ្នាទាក់ទងទៅនឹងការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងវៀតណាមឲ្យកាន់តែរឹងមាំ ហើយជាពិសេសគឺផ្ដោតទៅលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគដែលធ្វើយ៉ាងណាជំរុញការធ្វើពាណិជកម្មរវាងប្រទេសទាំងពីរកាន់តែកើនឡើង។ ចំណុចដែលកត់សម្គាល់ឯកឧត្តមបានជម្រាបសម្ដេចតេជោនោះគឺផ្ដោតសំខាន់ទៅលើពាណិជ្ជកម្មនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម ឲ្យមានភាពមមាញឹកថែមទៀត ដើម្បីជំរុញនូវសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ។សម្ដេចតេជោបានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ជុំវិញទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមហើយជាពិសេសគឺពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគដែលសម្ដេចតេជោបានលើកឡើងនៅចំពោះមុខឯកឧត្តមថា សេដ្ឋកិច្ច និងការវិនិយោគនេះ គឺជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដោយសម្ដេចជំរុញបន្ថែមទៀតឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការជំរុញនូវពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឲ្យមានការកើនឡើង។ សម្ដេចក៏បានសម្ដែងនូវការពេញចិត្តចំពោះទំហំពាណិជកម្មរវាងប្រទេសទាំងពីរ ដែលមានការកើនឡើងជាបន្តបន្ទាប់ ហើយសម្ដេចចង់ឃើញនូវការដាក់គោលដៅរវាងប្រទេសទាំងពីរទៅលើវិស័យដែលមានសក្តានុពលជាមួយគ្នា ហើយកិច្ចការទាំងអស់នេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។ចុងក្រោយ សម្ដេចតេជោ សែន ហ៊ុន បានជូនពរឲ្យដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យ៕

កម្ពុជា-វៀតណាម ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចំនួន ៦ ឯកសារ

2026/10/09 04:50:05 pm        184
នារសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចំនួន ៦ ឯកសារ ស្ដីពី៖១. កិច្ចសហប្រតិបត្តិការសាងសង់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្វាយរៀង២. កិច្ចសហប្រតិបត្តិការលើ វិស័យអប់រំសម្រាប់រយៈពេល ២០២៦-២០៣០៣. ការអភិរក្ស និងការផ្សព្វផ្សាយស្តូប មិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា៤. កិច្ចសហប្រតិបត្តិការសន្តិសុខ រវាងមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន៥. ការបង្កើតគណៈកម្មាធិការ ពាណិជ្ជកម្មចម្រុះ៦. កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី

សម្តេចធិបតីរំពឹងថាក្នុងឆ្នាំ២០២៧ កម្ពុជានឹងអស់បញ្ហាអាក្រក់ មានតែសេចក្តីសុខ និងភាពរីកចម្រើន

2026/10/08 05:16:26 pm        130
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញក្ដីរំពឹងថា ចូលដល់ឆ្នាំ២០២៧ កម្ពុជានឹងមានសេចក្តីសុខសាន្ត និងការរីកចម្រើន ជាពិសេសប្រជាពលរដ្ឋរស់នៅតាមខេត្តជាប់ព្រំដែន សង្ឃឹមថា បញ្ហាអាក្រក់ដែលបានជួបប្រទះក្នុងឆ្នាំ២០២៥ និង២០២៦ ដោយមិនបានព្យាករនឹងបញ្ចប់។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង នាថ្ងៃទី៨ ខែតុលា នេះ បានសម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងរយៈពេលកន្លងមក កម្ពុជាបានប្រឈមនឹងបញ្ហាធំៗមួយចំនួនដោយមិនបានរំពឹងទុក រួមមានសង្គ្រាមឈ្លានពានដែលប៉ះពាល់ដល់តំបន់ជាប់ព្រំដែន និងបញ្ហាទឹកជំនន់ ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។ សម្ដេចសង្ឃឹមថា នៅឆ្នាំ២០២៧ខាងមុខ បញ្ហាទាំងនេះនឹងត្រូវចប់អស់នូវបញ្ហាអាក្រក់ ហើយនាំមកនូវសេចក្ដីសុខ ការរីកចម្រើនទៅដល់បណ្ដាខេត្តជួរមុខ ក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានកោតសរសើរដល់រដ្ឋបាលខេត្ត និងសមត្ថកិច្ចខេត្តបាត់ដំបង ដ៏ដូចជាបណ្ដាខេត្តជួរមុខគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងការជួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ជាពិសេសខេត្តបាត់ដំបង ក៏ដូចជាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលក្នុងរយៈពេលជាង១ឆ្នាំមកនេះ បានប្រឈមនូវបញ្ហាដែលមិនបានព្យាករទុកធំៗជាច្រើន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាមួយនឹងក្ដីរំពឹងវិជ្ជាមាន ក៏មិនអាចពឹងផ្អែកតែលើការបន់ស្រន់ ដើម្បីឲ្យមានសុខសន្តិភាព និងការរីកចម្រើននោះទេ ប៉ុន្តែត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯង តាមរយៈការថែរក្សា និងការពារមិនឲ្យបញ្ហាឈឺចាប់កើតឡើង ព្រមទាំងដាក់ចេញនូវវិធានការដោះស្រាយបញ្ហា និងបន្តពង្រឹងសមត្ថភាពរបស់ជាតិលើគ្រប់វិស័យ។ ប្រទេសជាតិ មិនអាចអង្គុយរង់ចាំអ្វីៗ ដែលធ្លាក់ពីលើមេឃ ឬរង់ចាំអព្ភូតហេតុណាមួយមកជួយបានឡើយ ប៉ុន្តែត្រូវបង្កើតអនាគតរបស់ខ្លួនតាមរយៈការខិតខំប្រឹងប្រែង និងការពង្រឹងខ្លួនឯង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យដោះស្រាយច្រាំងទន្លេមេគង្គបាក់នៅព្រែកលៀប និង​រំដោះទឹកជន់លិច​មហាវិថីឈ្នះឈ្នះ
10/18/2026 05:10 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួប​លោក​វ៉ាន សាកូលីន ពលរដ្ឋខ្មែរជិះម៉ូតូឆ្លង​កាត់​ប្រទេស​ជា​ច្រើន​(គោលដៅ​១៥​ប្រទេស) ផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសតួកគីយ៉េ
10/18/2026 05:10 PM
រដ្ឋមន្ត្រីក្រសួងសុខាភិបាលដឹកនាំគណៈប្រតិភូ​កម្ពុជាទៅ​ចូលរួមកិច្ចប្រជុំលើកទី៧៧ របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធានីម៉ានីល ប្រទេស​ហ្វីលីពីន
10/18/2026 03:10 PM
វគ្គបណ្តុះបណ្តាលកម្មវិធី R&I4E 2026 ជំរុញនិស្សិតកម្ពុជាបង្កើតធុរកិច្ចថ្មីពីគម្រោងស្រាវជ្រាវ
10/18/2026 01:10 PM
ប្រជានេសាទនៅតំបន់ឆ្នេរ Michoacan របស់ម៉ិកស៊ិក ប្រឈមនឹងការមកដល់របស់ព្យុះសង្ឃរា Trudy
10/18/2026 01:10 PM
UN ថា ភាគីសង្រ្គាមនៅស៊ូដង់ ពុំបានខិតទៅរកកិច្ចប្រជុំនោះទេ និងសូមជំរុញឲ្យបញ្ឈប់ការវាយប្រហារយានដ្រូន
10/18/2026 01:10 PM
UN ជំរុញឲ្យជំនួយចូលដល់ស្រ្តីមានផ្ទៃពោះ ១៣.០០នាក់ នៅទីក្រុង Taiz របស់យេម៉ែន
10/18/2026 01:10 PM
លោកស្រី Von der Leyen ៖ EU ​ស្នើសុំឲ្យទប់ស្កាត់ការនាំចូលពីវិស័យផ្សេងទៀតរបស់ចិន
10/18/2026 01:10 PM
លោក Zelenskiy៖ ជំនួបត្រីភាគីជាមួយអាមេរិក និងរុស្ស៊ី អាចកើតឡើង អំឡុងជំនួប G20
10/18/2026 01:10 PM
យុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
10/18/2026 01:10 PM