ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស
គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ
គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាស​បញ្ចូល​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ៥៧៧នាក់ ដែលជាអតីតសកម្មជនមកពីគណបក្សប្រឆាំង

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»

2025/06/29 04:44:21 pm        178
នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិក​គណៈ​អចិន្រ្តៃយ៍​គណៈ​កម្មា​ធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការ​គណបក្ស​ក្រសួង​សាធារណ​ការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង បាន​អញ្ជើញ​ជា​អធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង និង​មូល​ដ្ឋាន​ឃុំ​ទាំង​អស់​ក្នុងស្រុកស្អាង ព្រមទាំង លោក លោកស្រី លោកគ្រូ-អ្នកគ្រូ ក្មួយៗ​សិស្សា​នុសិស្ស​ជា​ច្រើន​រូប​។ថ្លែងក្នុងអង្គពិធី ឯកឧត្តម ប៉េង ពោធិ៍នា មានក្តីសោមនស្ស​រីករាយ​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​អបអរ​សាទរ​ “ខួបលើកទី ៧៤ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា” និងសម្តែងនូវការស្វាគមន៍ យ៉ា​ង​កក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ-អ្នកគ្រូ និង​ក្មួយ​ៗ​សិស្សា​នុសិស្ស​ទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម ពិធីនាពេលនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន បានលើកឡើងពី បញ្ហាជម្លោះព្រំដែនរវាងថៃ-កម្ពុជា ដែល​បញ្ជាក់​ដោយ សម្តេចធិបតី ក្នុងពិធីបិទ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​កា​ល​ពីថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០២៥ច្បាស់ណាស់ថា បញ្ហាដែលថៃធ្វើម​ក​លើក​ម្ពុជា​មាន​បី​គឺ​៖ (១) បញ្ឆេះស្មារតីជាតិនិយមក្នុងប្រទេសខ្លួន ដោយយកបញ្ហាប្រាសាទតាមាន់តូច ប្រាសាទ​តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ជាកម្មវត្ថុនៃជម្លោះ ក្នុងស្ថានភាព​ដែល​ប្រទេស​ខ្លួន​មាន​បញ្ហា​នយោបាយផ្ទៃក្នុង (២) ប្រើប្រាស់អាវុធសេដ្ឋកិច្ចដោយ គំរាមផ្តាច់អគ្គិសនី ផ្តាច់​អ៊ីន​ធឺណេត​ និង (៣) ប្រើប្រាស់ កម្លាំងទ័ព តាមរយៈការគំរាមកំហែងធ្វើសង្គ្រាម និងការបិទ​ព្រំដែន​ជា​ឯក​តោភាគី។ ឯកឧត្តមប្រធាន បានស្នើឲ្យបងប្អូន ក្មួយៗទាំងអស់ជឿជាក់​លើ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រា​យបញ្ហាព្រំដែន ដោយរាជរដ្ឋាភិបាលនឹងព្យាយាមដោះស្រាយឱ្យអស់លទ្ធភាព និង​មិន​រុញច្រានប្រទេស ឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាមនោះឡើយ។ឯកឧត្ដមបន្តថា យើង​ត្រូវ​រួប​រួ​ម​គ្នា​ជា​ធ្លុង​មួយ ដើម្បីទប់ស្កាត់ និងបំផ្លាញមហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុលនិយមមួយក្តាប់តូច ដែល​តែង​តែបញ្ឆេះកំហឹងជាតិសាសន៍ និងយកបញ្ហា​ព្រំដែន​ជា​របៀប​វារៈបម្រើ នយោបាយ​ទុច្ចរិត​របស់​ខ្លួន​។ សូមជឿជាក់លើការដឹកនាំរបស់សម្តេច ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស របស់យើង។ សមរភូមិមុខបានត្រៀមបម្រុងរួចរាល់ និងប្រុងស្មារតីគ្រប់ពេលវេលា ដូច្នេះសមាជិក សមាជិកា​គណបក្ស​ក៏​ដូចជាប្រជាពលរដ្ឋនៅទីនេះ គឺជាសមរភូមិក្រោយ ក៏ត្រូវនាំគ្នាគាំទ្រ​ដោយ​ស្មារតី​មោះ​មុត​តាម​រយៈសកម្មភាព និងលទ្ធភាពដែលយើងធ្វើបាន ឯកឧត្តមប្រធាន ក៏សូមអរគុណ​ចំពោះ​ការ​ចូល​រួមរបស់បងប្អូនប្រជាពលរដ្ឋ និងយុវជនកម្ពុជាពីគ្រប់មជ្ឈដ្ឋាន រួមទាំងស្រុក​ស្អាង​ផង​ដែរ​ក្នុង​ព្យុហយាត្រាសាមគ្គីភាព កាលពីពេលកន្លងទៅនៅរាជធានីភ្នំពេញ ដែលបង្ហាញពីស្មារតីជាតិ គាំទ្រ​ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្ត​ការ​ការ​ទូត និងច្បាប់អន្តរជាតិ និងលើកទឹកចិត្តដល់កងទ័ពនៅព្រំដែន។ គួរបញ្ជាក់ថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ គឺជាថ្ងៃគម្រប់ខួប ៧៤ឆ្នាំ ថ្ងៃបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) ដែលនៅគ្រា​ដំបូង​មាន​ឈ្មោះ​ថា​បក្ស​ប្រជា​ជនបដិវត្តន៍ខ្មែរ ដែលមានប្រភពចេញពីចលនាតស៊ូស្នេហា ជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំង​របបអាណានិគមនិយមបារាំង ដើម្បីឯករាជ្យជាតិ បាន​ផ្សារ​ភ្ជាប់​ខ្លួន​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ជោគ​​វាសនារបស់ជាតិ និងប្រជាជនតាំងពីពេលបង្កើតរហូតដល់បច្ចុប្បន្ននេះ អត្ថន័យ​នៃ​ការ​បង្កើត​ គណបក្ស និងស្នាដៃបក្ស ពិសេសប្រវត្តិ នៃការរំដោះ​ប្រទេស​ជាតិ​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍ ទឹកភ្នែក និងឈាម ដែលក្នុងនោះបានកត់ត្រានូវការតស៊ូ និងការលះបង់របស់ថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ និងប្រជាពលរដ្ឋខ្មែរដែលជាគុណសម្បត្តិមិនអាចកាត់ថ្លៃបាន៕

គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស

2025/06/29 12:02:52 pm        93
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះបានប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥) ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស និងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាលមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនផងដែរ។ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានអានសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណប្រជាជនកម្ពុជា ដោយបានរំលេចឡើងក្នុងរយៈពេល៧៤ឆ្នាំកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលវេលាដ៏លំបាកបំផុត។ ឯកឧត្តមបន្តថា ថ្ងៃនេះ ប្រជាជនកម្ពុជាទូទាំងប្រទេស បានសម្តែងក្តីសប្បាយរីករាយ យ៉ាងក្រៃលែងចូលរួមប្រារព្ធពិធីអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនៅគ្រាដំបូងមានឈ្មោះថា «បក្សប្រជាជនបដិវត្តន៍ខ្មែរ» ត្រូវបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១។ ឯកឧត្តមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានប្រភពចេញពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងរបបអាណានិគមនិយម ដើម្បីឯករាជ្យជាតិកម្ពុជា។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ ដែលប្រជាជនជឿជាក់ និងគាំទ្រលើការដឹកនាំដ៏ត្រឹមត្រូវ ឆ្លើយតបតាមតម្រូវការ និងសំណូមពររបស់ប្រជាជន ពិសេសធានាបាននូវការការពារសុខសន្តិភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការលើកស្ទួយជីវភាពប្រជាជន និងការបន្តកែទម្រង់លើគ្រប់វិស័យ៕កាំង ហុងវាស្នា

គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ

2025/06/29 11:51:28 am        174
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ឆ្លងកាត់រយៈពេល ៧៤ ឆ្នាំមកនេះការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធមីទ្ទិញអបអរសាទរខួប ៧៤ ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ។សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បន្ទាប់ពីសម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩មក គណបក្សបានដឹកនាំប្រទេសតាមមាគ៌ានយោបាយមួយដ៏ត្រឹមត្រូវ ដែលស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងសភាពការណ៍ជាក់ស្ដែង សម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាបំផុតលើគ្រប់វិស័យក្នុងការកសាង និងការពារមាតុភូមិ ធ្វើឱ្យប្រជាជាតិខ្មែរទាំងមូលបានរស់នៅយ៉ាងសុខសាន្តប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន និងព្យាបាលបាននូវស្នាមរបួសដ៏ឈឺចាប់បំផុតពីអតីតកាល។ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាជនពិតជាបានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជា ដែលជាតំណាងនៃឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងជាគណបក្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារជាតិ ការកសាង និងថែរក្សាសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបន្តដឹកនាំប្រជាជនឆ្ពោះទៅរកអនាគតដ៏រុងរឿងបាន។ សច្ចធម៌នេះ បានបញ្ជាក់ច្បាស់តាមរយៈការគាំទ្រយ៉ាងច្រើនលើសលប់របស់ប្រជាជនមកលើគណបក្សនៅក្នុងរាល់ការបោះឆ្នោតកន្លងមក ទាំងការបោះឆ្នោតថ្នាក់ជាតិ ទាំងការបោះឆ្នោតថ្នាក់មូលដ្ឋានឃុំ សង្កាត់៕ អត្ថបទ៖ វ៉ន ដារ៉ា

គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាស​បញ្ចូល​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ៥៧៧នាក់ ដែលជាអតីតសកម្មជនមកពីគណបក្សប្រឆាំង

2025/06/29 10:51:52 am        202
គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញប្រកាសសាខាគណបក្ស ភ.ព ចំនួន០៤បន្ថែម និង​បញ្ចូល​សមាជិកថ្មីចំនួន ៥៧៧នាក់ ដែលជាអតីតសកម្មជនមកពីគណបក្សប្រឆាំង។ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង​ជា​ប្រធាន​គណៈ​កម្មាធិការគណបក្សរាជធានីភ្នំពេញបានលើកឡើងថា ថ្នាក់ដឹកនាំរបស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចក្ខុវិស័យវែងឆ្ងាយណាស់ចំពោះអនាគតប្រជាពលរដ្ឋ។ សូមរួមគ្នាជាធ្នុងមួយ ជាមួយ​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យកម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និង​ការ​ពារបូរណភាពទឹកដីពីចោរឈ្លានពានឱ្យបានដាច់ខាត។ ការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានធ្វើឡើង នារសៀលថ្ងៃសៅរ៍ទី២៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពិធីប្រកាសសាខាគណបក្ស ភ.ព៨, ភ.ព២៣, ភ.ព២៤, ភ.ព២៥ និងបញ្ចូលសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន៥៧៧រូប នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។  ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា សមាជិកសមាជិកាទាំង៥៧៧រូបពិតជាមានសំណាងណាស់ ដែលត្រូវបានប្រកាសបញ្ចូលជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ចំថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជាលើកទី៧៤។គណបក្សប្រជាជនកម្ពុជាមានគុណបំណាច់ធំធេងណាស់សំរាប់ជាតិមាតុភូមិ ដោយបានរំដោះប្រទេសជាតិចេញពីចំណុចសូន្យនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឱ្យប្រទេសជាតិបានសន្តិភាពពេញផ្ទៃប្រទេស ជាមួយនិងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។   ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ក្នុងពេលប្រឈមមុខដាក់គ្នានៅតាមព្រំដែនរវាងកម្ពុជានិងថៃ ទើបយើងបានដឹងនិងឃើញច្បាស់ពីអ្នកស្នេហាជាតិពិតប្រាកដ នោះគឹសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនមែនការពារព្រំដែនតែជាមួយការឈ្លានពានពីទាហានថៃនោះទេ គឺកម្ពុជាបានការពារគ្រប់ព្រំដែនជិតខាងទាំងអស់ ដោយមិនឱ្យប្រទេសណាមួយរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាបានឡើយ។សូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សម្ដេចតេជោ ផ្តាំទៅសារព័ត៌មានថៃថា «បើ​ឆ្កួត​សូម​ឆ្កួត​តែ​ពួក​ឯង​ចុះ» ខណៈ​សម្ដេច​ជា​មនុស្ស​ទី​ពីរ​​បន្ទាប់ពីព្រះមហាក្សត្រចាំបាច់អីទៅធ្វើជាអគ្គបញ្ជាការកងទ័ព

2025/06/26 04:28:14 pm        440
ភ្នំពេញ៖ ផ្ញើសារពីទឹកដីខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ថ្លែងថា​សារព័ត៌មាន​ថៃ​​បន្ត​ផ្សាយ​ព័ត៌​មាន​បំភ្លៃ​ការ​ពិត​ថា សម្ដេចបានដកអគ្គបញ្ជាការកងទ័ព និង​តែង​តាំង​ខ្លួន​ឯង​ជា​អគ្គ​បញ្ជា​ការ​កង​ទ័ព​ ដើម្បី​ត្រៀម​វាយ​ថៃ។ សម្ដេចផ្ដាំទៅវិញថា «បើឆ្កួតសូមឆ្កួតតែពួកឯងចុះ» ខណៈ​សម្ដេច​ជា​មនុស្ស​ទីពីរ​បន្ទាប់​ពី​ព្រះមហាក្សត្រចាំបាច់អីទៅធ្វើជាអគ្គបញ្ជាការកងទ័ព។សម្ដេចតេជោបានសរសេរថា៖«ខ្ញុំកំពុងមកសួរសុខទុក្ខកងទ័ព មន្ត្រីរាជការ និង​ប្រជាជន​ភៀស​សឹក​នៅ​ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ វត្តមានរបស់​ខ្ញុំ​មិន​មក​ចេញ​បញ្ជា​ជំនួស​ឲ្យ​នាយក​រដ្ឋ​មន្ត្រី ឬរដ្ឋមន្ត្រីក្រសួងការពារជាតិ ឬអគ្គបញ្ជាការកងទ័ពនោះឡើយ តែជាការ​មក​សួរ​សុខ​ទុក្ខ​លើក​ទឹក​ចិត្ត និងផ្តល់ជំនួយសម្រាប់កងកម្លាំងប្រដាប់អាវុធដែលកំពុងការពារជាតិការពារ​ទឹកដី​»។​សម្ដេចតេជោបានបញ្ជាក់ថា បងប្អូនមេបញ្ជាការកងទ័ពបានហៅខ្ញុំថា (អគ្គភស្តុភារជាន់ខ្ពស់)។ ខ្ញុំ​ពេញចិត្តនឹងធ្វើកិច្ចការជួយលើការផ្តល់ភស្តុភារបន្ថែមលើភស្តុភារដែលរាជរដ្ឋាភិបាលផ្តល់ជូន។ មុខ​នាទីនេះមិនតម្រូវឲ្យមានការតែងតាំងនោះទេព្រោះជាពាក្យនិយាយលេង។សម្ដេច​តេជោបានសរសេរបញ្ជាក់ថា សារព័ត៌មានថៃ​មួយ​បាន​ចុះ​ផ្សាយ​ថា​ខ្ញុំ​ដក​អគ្គ​បញ្ជា​ការ​កង​ទ័ព និងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការកងទ័ពដើម្បីត្រៀមវាយថៃ។ ខ្ញុំសូមផ្តាំទៅវិញថា បើឆ្កួត​សូម​ឆ្កួតតែ​ពួក​អ្នក​ឯងចុះ។ ខ្ញុំជាមនុស្សទី២ បន្ទាប់ពីព្រះមហាក្សត្រ។ តើ​មាន​ការ​ចាំបាច់​ទេ​ដើម្បី​ទៅ​ធ្វើ​ជា​អគ្គបញ្ជាការកងទ័ពដោយខ្លួនឯងនោះដែលសូម្បីតែតួរនាទីជានាយករដ្ឋមន្ត្រី ក៏​ខ្ញុំ​មិន​បន្ត​ធ្វើ​ដែរ​នោះ?​។ ឈប់បានឈប់ទៅ និងសូមកុំចូលមកឈ្លានពាន Facebook ខ្ញុំទៀត៕

ឯកឧត្តម ប៉ែន បូណា៖ ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែគ្រូខ្លាំង

2025/06/26 02:49:52 pm        209
«ការផលិតមូលធនមនុស្សដែលពោរពេញដោយសមត្ថភាព គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដូចមានចែងក្នុងមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ដូច្នេះ «ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែគ្រូខ្លាំង»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅចំពោះមុខគរុនិស្សិតសរុបប្រមាណជិត ៧០០នាក់ ដែលបានមកចូលរួមស្តាប់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះនៅឯវិទ្យាស្ថានជាតិអប់រំ។ឯកឧត្តមបន្តថា គរុសិស្ស និងគរុនិស្សិត គឺជាអនាគតអ្នកបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ។ ដូច្នេះ ប្រាកដណាស់ថា ក្មួយៗត្រូវតែជាគំរូទាំងចំណេះជំនាញ ទាំងសីលធម៌ សុជីវធម៌ និងសុខភាព។អ្នកនាំពាក្យរាជរដ្ឋាភិបាល បានជំរុញលើកទឹកចិត្តឱ្យគរុនិស្សិតទាំងអស់ក្លាយខ្លួនទៅជាមូលធនមនុស្សពិតប្រាកដដូចមានចែងក្នុងមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មុននឹងឈានជើងចូលក្នុងថ្នាលបណ្តុះបណ្តាលអ្នកជំនាន់ក្រោយ។ «មូលធនមនុស្សដែលរាជរដ្ឋាភិបាលចង់បាន គឺជាមនុស្សដែលមានចំណេះជំនាញខ្លាំងពូកែយ៉ាងតិចមួយ មានទាំងជំនាញទន់ ទាំងសីលធម៌ល្អ និងសុខភាពមាំមួន»។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលមុននឹងពន្យល់ក្បោះក្បាយអំពីអត្ថន័យនៃមូលធនមនុស្ស។សូមបញ្ជាក់ថា បាឋកថានេះ ក៏មានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បកស្រាយលើប្រធានបទ «ទិសដៅឥតងាករេនៃគោលនយោបាយការបរទេសប្រកបដោយភាពបត់បែនរបស់កម្ពុជា» និងមានវត្តមានរបស់ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ រួមទាំងព្រឹទ្ធបុរស សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងគរុនិស្សិត ជាច្រើននាក់។ បាឋកថានេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងដល់និស្សិត ពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តដល់គរុនិស្សិត ក្នុងការអភិវឌ្ឍមូលធនមនុស្សដ៏ពេញលេញ យល់ដឹងពីជ្រុងនៃព័ត៌មាន ដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងលើកកម្ពស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពល់៕

សម្ដេចធិបតី៖ កងកម្លាំងនគរបាលជាតិដើរតួនាទី និងបំពេញភារកិច្ចសំខាន់ធានាសន្តិសុខ សុវត្ថិភាព

2025/06/26 02:16:43 pm        266
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ប្រគល់សញ្ញាបត្រជាន់ខ្ពស់, បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល, បរិញ្ញាបត្រគ្រប់គ្រងពន្ធនាគារ និងវិញ្ញាបនបត្រជូនដល់ សិស្ស និង និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ថា៖ កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ, ទោះបីជាស្ថិតនៅក្នុងដំណាក់កាលដែលសភាពការណ៍តាមព្រំដែនមានសភាពស្ងប់ស្ងាត់ និងក្នុងដំណាក់កាលដែលមានជម្លោះព្រំដែនជាមួយប្រទេសថៃ, កងកម្លាំងនគរបាលការពារព្រំដែនបានចូលរួមគាំទ្រយ៉ាងសកម្ម និងមានកិច្ចសហការបានយ៉ាងល្អ ជាមួយកងយោធពលខេមរភូមិន្ទ ដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។ជាមួយគ្នានេះ, សម្ដេចបវរធិបតី នាយករដ្ឋន្ត្រី ក៏បានកោតសរសើរ និងការដឹងគុណជានិច្ច ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងនៅគ្រប់ជំនាន់ទាំងអស់ ដែលបានតស៊ូពុះពារជម្នះរាល់គ្រប់ឧបសគ្គ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ក្នុងការរក្សាសន្តិសុខ, សុវត្ថិភាព, ភាពសុខសាន្ត និងសុខុមាលភាព ជូនសង្គមជាតិទាំងមូល។ នាពេលកន្លងមក, កងកម្លាំងនគរបាលជាតិរបស់យើង បានសម្រេចស្នាដៃជាច្រើន ក្នុងការរក្សាសន្តិសុខ ផ្ទៃក្នុង, ការបង្ការ, ការទប់ស្កាត់, ការបញ្ចៀសឱ្យបាននូវអំពើភេរវកម្ម និងការបង្រ្កាបបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ, សកម្មភាពវិច្ឆេទកម្ម, វិទ្ធង្សនា, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams), បទល្មើសគ្រឿងញៀន, ការជួញដូរមនុស្សគ្រប់ទម្រង់, ល្បែងស៊ីសងខុសច្បាប់, សកម្មភាពក្មេងទំនើង, ការដាក់ ចេញវិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា បណ្ឌិត្យសភានគរបាលកម្ពុជា កំពុងតែមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងកំពុងស្ថិតនៅលើរបត់នៃការកែទម្រង់ដ៏ត្រឹមត្រូវ ប្រកប ដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដែលគួរឱ្យកោតសរសើរ និងលើកទឹកចិត្ត។ ជាមួយគ្នានេះដែរ, ការបណ្តុះបណ្តាលធនធានមនុស្សនៅទីនេះ ក៏ទទួលបានលទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈ ពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំង, ទោះបីជាមានការលំបាក និងជួបបញ្ហាប្រឈមមួយចំនួន ក៏ដោយ។ ចំពោះការលំបាក និង បញ្ហាប្រឈមទាំងនេះ, យើងនឹងបន្តរួមគ្នាដោះស្រាយជាបន្តបន្ទាប់ តាមដំណាក់កាល, តាមលំដាប់នៃអាទិភាព និងតាមលទ្ធភាពជាក់ស្ដែង។ នេះជាសក្ខីភាពដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀត អំពីតួនាទីដ៏សំខាន់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលជាអង្គភាពបណ្តុះបណ្តាលធនធានមនុស្សបន្តវេន តាមរយៈការអប់រំបណ្ដុះបណ្ដាលប្រកបដោយគុណភាព, សមត្ថភាព និងងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងតម្រូវការរបស់សង្គមជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់ជ័យលាភីបញ្ចប់ការសិក្សានៅបណ្ឌិត្យសភានគរបាលជាតិ

2025/06/26 11:35:53 am        207
កណ្ដាល៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភីសរុបចំនួន៦៩៨នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន ណែនាំសមាជិកក្រុមប្រឹក្សាមានភាពជិតស្និទ្ធជាមួយ​អង្គបោះឆ្នោត និង​បម្រើ​ពលរដ្ឋ​ឲ្យបានល្អ

2025/06/26 11:29:13 am        238
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដដែលនេះ បន្ទាប់ពីអញ្ជើញជួបប្រជុំជាមួយ​មេ​បញ្ជា​ការ​អង្គភាព​ចំណុះ​ទិស​ទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្ត​ឧត្តរ​មាន​ជ័យ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំសង្កាត់ ខេត្ត​ឧត្តរមានជ័យចំនួន ២៤៨នាក់ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត​ឧត្តរ​មាន​ជ័យ។សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណសមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ ស្រុក​ក្រុង-ខេត្ត ដែលបានចូលរួមក្នុងការបោះឆ្នោតកាលពីពេលកន្លងទៅ។ សម្តេចតេជោ​បាន​លើក​ឡើង​ថា សមាជិកក្រុមប្រឹក្សាទាំងអស់កើតចេញពីអង្គបោះឆ្នោតគឺជាប្រជាពលរដ្ឋ ដែល​សម្តេច​បាន​ណែនាំ​ឱ្យ​ក្រុមប្រឹក្សា ត្រូវធ្វើការជាមួយប្រជាជន ទើបប្រជាជនបន្តបោះ​ឆ្នោត​អោយ​ទៀត​។ សម្តេចណែនាំថា ត្រូវចាំថាមន្ត្រីជាខ្ញុំបម្រើរបស់ប្រជាជន ដូច្ចេះសម្តេច​ចង់​ឱ្យ​សមាជិក​ក្រុម​ប្រឹក្សា​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយអង្គបោះឆ្នោត គឺប្រជាពលរដ្ឋ និង​បម្រើ​ប្រជា​ពលរដ្ឋ​អោយ​បា​ន​ល្អ។​សម្តេចតេជោ ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែល​ខំ​ប្រឹង​ដើម្បី​ប្រជាពលរដ្ឋនាពេលកន្លងមក ហើយឆ្លៀតក្នុង​ឱកាស​នោះ​សម្តេច​ក៏​បាន​បញ្ជាក់​ជូន​បន្ថែម​ទៅ​ដល់​ក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំសង្កាត់ទាំងអស់ អំពីបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃថា ស្ថានភាព​នយោបាយរបស់ប្រទេសជិតខាងគឺថៃ បានរុញច្រានទៅមានវិវាទជាមួយកម្ពុជា ទោះ​យ៉ាង​ណាក៏​ដោយក្នុងកាលៈទេសៈនេះ សម្តេចមើលឃើញថា វិបត្តិបានក្លាយទៅ​ជា​កាលា​នុវត្តភាព​។សម្តេចតេជោ បានណែនាំដល់ក្រុ​ម​ប្រឹក្សា​ជំរុញ​ប្រជាពលរដ្ឋ​ដាំ​ដុះ​ផលិត​ផល​កសិកម្ម​ប្រែ​ក្លាយ​វិបត្តិ​ទៅ​ជា​កាលានុវត្តភាព លើកទឹកចិត្តឱ្យមានការផលិតនៅក្នុងខេត្ត ផ្គត់ផ្គង់ក្នុង​ខេត្ត​ហើយ​កង​ទ័ព​ នគរបាល ពលរដ្ឋចូលរួមសហការគ្នា ជំរុញពលរដ្ឋអោយមានការដាំដុះ ដើម្បីផ្គត់​ផ្គង់​កម្លាំង​ប្រដាប់​អាវុធ​នៅនឹងកន្លែងហើយក៏តាមការប៉ាន់ស្មានសម្តេចមើលឃើញថា កម្លាំងប្រដាប់​អាវុធ​អាច​តម្រូវ​ការយូរអង្វែង។សម្ដេចតេជោបានបញ្ជាក់ថា ប្រទេសយើងកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការ​ផ្លាស់​ប្តូរ​មេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូច​កន្លង​ទៅ​កាល​ពី​ឆ្នាំ​២០១១​នោះ​ទេ​។ សម្តេចបានណែនាំប្រជាពលរដ្ឋ ជីកលេនដ្ឋាន​ដើម្បី​ការពារ​ខ្លួន​ហើយ​កុំ​ភ្លេច​ការ​បង្ក​បង្កើន​ផល​ទោះ​សភាពការណ៍កើតនៅទល់ដែនក៏ដោយ ខណៈដែលពេល​នេះរ​ដូវ​វស្សា​បាន​មក​ដល់​ហើយ​។បន្ថែមពីនេះ​ទាក់ទងការរក្សាសន្តិសុខសុវត្ថិភាពសង្គម សម្តេចតេជោ លើកឡើងថា គោល​នយោ​បាយ​​ភូ​មិ​ឃុំសង្កាត់មានសុវត្ថិភាព ត្រូវអនុវត្តបន្ត ព្រោះមានសារសំខាន់ខ្លាំងណាស។ ហើយអ្នក​ដឹក​នាំ​មាន​ប្រសិទ្ធភាព គឺលោកលោកស្រីឃុំសង្កាត់នេះហើយ ដែលត្រូវចូល​រួម​គ្រប់​គ្រង​សន្តិសុខ​សង្គម បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ត្រូវប្តូរផ្តាច់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាកង្វល់រួម និង​កង្វល់ដោយឡែកសម្រាប់គ្រួសារនីមួយៗ។ចំពោះការបិទព្រំដែនដែនតាមទំនើងចិត្តរបស់ថៃ សម្តេចតេជោ លើកឡើងថា ថៃបិទដោយ​ខ្លួន​ឯង​ ហើយពេលខូចផ្លែឈើ មកសុំចរចា បិទខ្លួនឯងតែពេលចង់បើកឡើងវិញ តែបែរមកសុំចរចា។ ប្រទេស​ថៃ​បច្ចុប្បន្នប្រៀបដូចការបិទខ្ទប់ខ្លួនឯងអស់ហើយ ទាំងព្រំដែនជាមួយភូមា ឡាវ ម៉ាឡេ​ស៊ី​ជា​ដើម​ក៏មានបញ្ហាជាមួយគ្នាដែរ។ សម្តេចបន្តថា សម្រាប់កម្ពុជា ចង់ឱ្យព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង ជាព្រំដែនមិត្តភាពសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ទាក់ទងនឹង​ព្រំដែន​ជា​មួយ​ថៃយើងមិនទាន់បានបោះព្រំដែនជាមួយគ្នានោះទេ ខណៈជាមួយវៀតណាមបាន ៨៤ ភាគរយ និងឡាវ ៨៦ ភាគរយហើយ។ព្រំដែន​កម្ពុជា-ថៃមានប្រហែលជាង​៨០០​គីឡូម៉ែត្រ​ហើយ​យក​តែ​៥០​គីឡូម៉ែត្រ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ យើងមិនបានសុំគេដើម្បីមិនវ៉ៃគ្នាទេ តែសុំចរចាដោយសន្តិវិធី។ ធម្មតា​ចោរ​ខ្លាច​ច្បាប់។ កម្ពុជាមិនប្រើផែនទីចោរនោះទេ៕

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រកាសទទួលយកសំណើជាអគ្គភស្តុភាជាន់ខ្ពស់ សម្រាប់កម្លាំងប្រដាប់អាវុធ

2025/06/26 10:04:25 am        388
ឧត្តរមានជ័យ៖ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភស្ដុភាជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធ ។សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានប្រកាសដូច្នេះក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភុស្ដភាជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលជាការបញ្ជាក់យ៉ាងច្បាស់ពីសម្ដេចនៅក្នុងការជួយដល់កងទ័ពរបស់យើង ជាពិសេស គឺជាការធានានូវការផ្គត់ផ្គង់ដល់កងកម្លាំងរបស់យើង ដែលកំពុងតែប្រឈមមុខជាមួយនឹងសត្រូវ ។នៅក្នុងឱកាសនេះ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា សូមកងទ័ពទាំងឡាយកុំខ្លាច នៅក្នុងការវាយប្រហារជាមួយសត្រូវដែលឈ្លានពានយើង។សូមជម្រាបថា សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញដល់ក្រុមសំរោង ខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ ។សម្តេចតេជោ ហ៊ុន សែន ជាអគ្គមេបញ្ជាការកំពូល ដែលបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះយោធា ហើយក៏ជាអគ្គមេបញ្ជាការដែលពោរពេញដោយយុទ្ធសាស្ត្រសង្គ្រាមវាយយកឈ្នះលើសមរភូមិសង្គ្រាម ។គួរបញ្ជាក់ថា កងទ័ព និងសព្វាវុធដ៏ទំនើបៗរបស់កម្ពុជា ត្រូវបានចល័តចេញពីបន្ទាយឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃ ទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្ទាប់ពីទាហានថៃ លបលួចបាញ់ប្រហារទាហានខ្មែរលើដីខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ។ មកដល់ពេលនេះ ទាំងទាហាន និងសព្វាវុធរបស់កម្ពុជាត្រូវបានត្រៀមបម្រុងជាប់ប្រចាំ ដើម្បីការពារទឹកដីក្នុងករណីមានការឈ្លានពានណាមួយពីកងទ័ពថៃ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តចុះពិនិត្យ និងគាំទ្រតម្រូវការជាក់ស្តែងចំពោះមុខ ក្នុងមូលដ្ឋានសុខាភិបាលជាប់ព្រំដែន នៅមណ្ឌលសុខភាព ស្រអែម និងមណ្ឌលសុខភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ខេត្តព្រះវិហារ
06/29/2025 08:06 PM
ឯកឧត្តម ឌិត​ ទីណា​ បន្តជួបមន្ត្រីកសិកម្មឃុំ-សង្កាត់​ ដេីម្បីផ្សព្វផ្សាយគោលនយោបាយអាទិភាព "មានហូប​ មានប្រេី​ មានបាន​ និងមានរហូត"
06/29/2025 07:06 PM
កងកម្លាំងរុស្ស៊ី បានប្រមូលផ្ដុំទាហាន ១១ម៉ឺននាក់ នៅជិតទីក្រុងយុទ្ធសាស្ត្ររបស់អ៊ុយក្រែន
06/29/2025 05:06 PM
មនុស្សជាច្រើននាក់ ស្លាប់និងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នា ក្នុងពិធីបុណ្យសាសនានៅឥណ្ឌា
06/29/2025 05:06 PM
បាតុករសម្រុកតវ៉ានៅទីក្រុង Venice របស់អ៊ីតាលី ក្នុងពិធីមង្គលការរបស់ស្ថាបនិកក្រុមហ៊ុន Amazon
06/29/2025 05:06 PM
UN៖ ជនជាតិអាហ្វហ្គានីស្ថានយ៉ាងតិច ១,២លាននាក់ ត្រូវបង្ខំឱ្យចាកចេញពីអ៊ីរ៉ង់ និងប៉ាគីស្ថាន នៅឆ្នាំនេះ
06/29/2025 05:06 PM
មនុស្សជាង ២០នាក់ស្លាប់ និងជាច្រើននាក់បន្តបាត់ខ្លួន ក្នុងបំណាក់ដីនៅប្រទេសកូឡុំប៊ី
06/29/2025 05:06 PM
ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
06/29/2025 04:06 PM
ឯកឧត្តម ហេង សួរ ឯកភាពជាមួយវិទ្យាស្ថាន CDRI ដើម្បីសិក្សាស្រាវជ្រាវពីវឌ្ឍនភាពតម្រូវការជំនាញនៅលើទីផ្សារ
06/29/2025 03:06 PM
លោក Trump៖ បទឈប់បាញ់នៅតំបន់ហ្កាហ្សា អាចកើតឡើងក្នុងពេលត្រឹមតែមួយសប្តាហ៍
06/29/2025 03:06 PM