សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ
សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ៖ សម្ព័ន្ធមេត្រីភាពពិតជាមានសារសំខាន់ណាស់សម្រាប់កងទ័ពទាំងមូល

2024/06/12 09:51:07 am        231
នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័នមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិល បានលើកឡើងថា ការងារសម្ព័ន្ធមេត្រីភាពពិតជាមានសារសំខាន់ណាស់សម្រាប់កងយោធពលខេមរភូមិន្ទ ខណៈ កម្មវិធីនេះគឺមានការជួយទ្រទ្រង់ពីសំណាក់ស្ថាប័នស៊ីវិលដល់កងទ័ព ដូចជាការស្ថាបនាសំណង់អគារ លេណដ្ឋាន អគារ និងហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។ក្នុងកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាដកពិសោធន៍ លើការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិលទិសភូមិភាគទី៥ នាថ្ងៃទី១២ខែមិថុនា ឆ្នាំ ២០២៤នេះ នៅទីស្តីការក្រសួងការពារជាតិ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានលើកឡើងថា ការងារសម្ព័ន្ធមេត្រីភាពគឺជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តគិតគូរនិងយកចិត្តទុកដាក់ ជំរុញនិងលើកទឹកចិត្តឱ្យមានការចងសម្ព័ន្ធមេត្រីភាពនេះបន្តទៅមុខទៀត ដើម្បីលើកស្ទួយជីវភាព និង សុខុមាលភាពរបស់កងទ័ពនិងក្រុមគ្រួសារកងទ័ព។ លោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានបន្ថែមទៀតថា ការងារសម្ព័ន្ធមេត្រីភាពពិតជាមានសារសំខាន់ណាស់សម្រាប់កងយោធពលខេមរភូមិន្ទ ទោះក្នុងកាលៈទេសៈណាក៏ដោយ កងទ័ពបានបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចការ ពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាចូលរួមចំណែករក្សានូវស្ថិរភាព និងសុខសន្តិភាពជូនប្រជាជនកម្ពុជា។ ហេតុនេះស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែកស្របតាមទិសស្លោក «សមរភូមិក្រោយជួយ សមរភូមិមុខ»។ សម្រាប់ក្នុងឆ្នាំ២០២៤នេះ គឺមានអង្គភាពនៃកងយោធពលខេមរភូមិន្ទមួយចំនួនទទួលបានការអនុញ្ញាតឲ្យចងសម្ព័ន្ធមេត្រីភាពជាមួយស្ថាប័ន អង្គភាពស៊ីវិលបន្ថែមទៀតផងដែរ។ លោកជំទាវបានលើកឡើងទៀតថា សម្រាប់ឆ្នាំ២០២៤នេះ ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សិក្ខាសាលាសម្ព័ន្ធមេត្រីភាពនឹងរៀបចំឡើងនៅទិសយោធភូមិភាគទី៥ គោលបំណងសំខាន់របស់អង្គសិក្ខាសាលា គឺដើម្បីបន្តលើកទឹកចិត្តដល់ទំនាក់ទំនងដៃគូសម្ព័ន្ធមេត្រីភាព បន្តប្រពៃណីសិល្បៈនៃការចែករំលែក នៃការងារសម្ព័ន្ធមេត្រីភាព ឱ្យបានសកម្មថែមទៀត ដើម្បីពង្រឹងនិងពង្រីកសមិទ្ធផលការងារសម្ព័ន្ធមេត្រីភាព និងតម្រង់ទិសឱ្យមានគុណប្រយោជន៍ និងជាយុទ្ធសាស្ត្រយូរអង្វែង។បង្វែរទិសមួយផ្នែកនៃជំនួយសម្ព័ន្ធមេត្រីភាពបម្រើទស្សនៈវិស័យយូរអង្វែង ដូចជាការស្ថាបនាសំណង់អគារ លេណដ្ឋាន អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា, រួមគ្នាជាមួយដៃគូរសម្ព័ន្ធមេត្រីភាពដែលមានស្រាប់ សហការផ្តួចផ្តើមគម្រោងអភិវឌ្ឍន៍ ដើម្បីទ្រទ្រង់ដល់ជីវភាពនិងសុខមាលភាពយោធិន គ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍,បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ដល់យោធិន គ្រួសារយោធិននិងយោធិនត្រៀមចូលនិវត្តន៍ជាដើម៕ អត្ថបទបាន ចក់

ប្រធានាធិបតីជាប់ឆ្នោតរបស់ម៉ិកស៊ិក នឹងបន្តធ្វើកំណែទម្រង់ ប៉ុន្តែប្រាប់អ្នកវិនិយោគកុំឱ្យព្រួយបារម្ភ

2024/06/12 08:53:17 am        92
ប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ ស្សេនបូម(Claudia Sheinbaum) កាលពីថ្ងៃអង្គារ បានព្យាយាមធ្វើឲ្យស្ងប់ស្ងាត់ការព្រួយបារម្ភរបស់វិនិយោគិន ជុំវិញការកែប្រែប្រព័ន្ធតុលាការដែលបានស្នើឡើង ដោយសន្យាថាប្រទេសនេះនឹងរក្សានីតិរដ្ឋរបស់ខ្លួន ខណៈបាននិយាយថា លោកស្រីមានផែនការជំរុញការធ្វើកំណែទម្រង់។ លោកស្រី Sheinbaum បាននិយាយក្នុងសន្និសិទសារព័ត៌មានថា សាររបស់លោកស្រី សូមឲ្យអ្នកវិនិយោគកុំមានការព្រួយបារម្ភ ទោះបីជាប្រាក់ប៉េសូ បានធ្លាក់ចុះប្រហែល ១,៥ភាគរយ ទល់នឹងនឹងប្រាក់ដុល្លារ កាលពីថ្ងៃអង្គារក៏ដោយ។ក្រុមចម្រុះដែលកំពុងកាន់អំណាច ដឹកនាំដោយគណបក្ស Morena របស់លោកស្រី Sheinbaum ទទួលបានលទ្ធផលល្អប្រសើរជាងការរំពឹងទុកនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២ ខែមិថុនា ដោយផ្តល់ឱ្យក្រុមនេះនូវសំឡេងភាគច្រើននៅក្នុងសភាជាន់ទាប ដោយធ្វើឱ្យស្ថិតក្នុងជំហររឹងមាំដើម្បីអនុម័តកំណែទម្រង់រដ្ឋធម្មនុញ្ញ នៅពេលដែលសភាថ្មីចូលកាន់តំណែង។ អ្នករិះគន់ ព្រួយបារម្ភថាការកែទម្រង់នេះនឹងកែប្រែតុល្យភាពអំណាចនៅក្នុងប្រទេសម៉ិកស៊ិក ដោយជួយសម្រួលដល់ការដណ្តើមគ្រប់គ្រងផ្នែកនយោបាយរបស់តុលាការ និងដកចេញការត្រួតពិនិត្យ និងតុល្យភាពសំខាន់ៗ។ខណៈសភាជាប់ឆ្នោតថ្មីនឹងចូលកាន់តំណែងនៅដើមខែកញ្ញា ប៉ុន្តែលោកស្រី Sheinbaum នឹងមិនត្រូវបានចូលកាន់តំណែងនោះទេ រហូតដល់មួយខែក្រោយ គឺនៅខែតុលា ដោយផ្តល់ឱ្យប្រធានាធិបតី លោក Andres Manuel Lopez Obrador និងសមាជិកសភា នូវច្រកដើម្បីព្យាយាមធ្វើកំណែទម្រង់របស់លោក។

មន្ត្រីអ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាសបានច្រានចោលសំណើបទឈប់បាញ់ ពង្រាងដោយអាមេរិក

2024/06/12 08:31:51 am        177
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល មន្ត្រីអ៊ីស្រាអែលមួយរូបបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ថា ក្រុមហាម៉ាស បានច្រានចោលសំណើដែលត្រូវបានពង្រាងដោយសហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅក្នុងដែនដីហ្កាហ្សាស្ទ្រីប ។ សារព័ត៌មាន Times of Israel បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលសុំមិនបញ្ចេញឈ្មោះមួយរូបថា ល្ងាចនេះ អ៊ីស្រាអែលបានទទួលដំណឹងតាមរយៈក្រុមអ្នកសម្របសម្រួល ដែលជាការឆ្លើយតបរបស់ក្រុមហាម៉ាស។ នៅក្នុងការឆ្លើយតបរបស់ខ្លួន ក្រុមហាម៉ាស បានច្រានចោលសំណើសុំដោះលែងចំណាប់ខ្មាំងដែលត្រូវបានបង្ហាញដោយលោកប្រធានាធិបតី Biden ។ មន្ត្រីរូបនេះបាននិយាយថា ក្រុមហាម៉ាស បានផ្លាស់ប្តូរលក្ខខណ្ឌសំខាន់នៃសំណើនេះ។យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters មន្ត្រីក្រុមហាម៉ាសមួយរូប បាននិយាយថា ក្រុមនេះគ្រាន់តែបញ្ជាក់ឡើងវិញនូវការទាមទារជាយូរមកហើយរបស់ខ្លួន ដែលមិនបានបំពេញតាមផែនការដែលបានស្នើឡើង។មន្ត្រីក្រុមហាម៉ាស ដែលនិយាយសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ក្នុងការឆ្លើយតបរបស់ខ្លួនថា ក្រុមនេះបានអះអាងជំហររបស់ខ្លួនជាថ្មីថា បទឈប់បាញ់ត្រូវតែឈានដល់ការបញ្ចប់អរិភាពជាអចិន្ទ្រៃយ៍នៅក្នុងដែនដីហ្កាហ្សា ដូចជាការដកកងកម្លាំងអ៊ីស្រាអែល ការកសាងឡើងវិញក្នុងដែនដីប៉ាឡេស្ទីន ដែលត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធ និងការដោះលែងអ្នកទោសប៉ាឡេស្ទីននៅក្នុងប្រទេសអ៊ីស្រាអែល។ យើងបានបញ្ជាក់ជំហរចាស់របស់យើងឡើងវិញ។ ខ្ញុំជឿជាក់ថាគ្មានចន្លោះប្រហោងអ្វីនៅសល់ទៀតឡើយ។ ឥឡូវនេះកូនបាល់ គឺនៅក្នុងកណ្ដាប់ដៃរបស់អ៊ីស្រាអែល៕

ប្រទេសប្រហែល ៩០ នឹងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន នៅស្វីស តែរុស្ស៊ីគ្មានវត្តមានទេ

2024/06/11 02:17:07 pm        177
ប្រធានាធិបតីប្រទេសស្វីស កាលពីថ្ងៃចន្ទ (ទី១០ ខែមិថុនា) បាននិយាយថា ប្រទេស និងស្ថាប័នជិត ៩០ ដែលពាក់កណ្តាលមកពីទ្វីបអឺរ៉ុប បានបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំកំពូល ស្ដីពីសន្តិភាពអ៊ុយក្រែនដែលរៀបចំដោយប្រទេសស្វីស នៅចុងសប្តាហ៍នេះ។ តែរុស្ស៊ីនឹងមិនមានវត្តមាននោះទេ។គួរបញ្ជាក់ថា ទីក្រុងមូស្គូមិនទទួលបានការអញ្ជើញនោះទេ ប៉ុន្តែប្រទេសនេះបាននិយាយថា ខ្លួននឹងមិនចូលរួមនោះទេ ទោះក្នុងករណីណាក៏ដោយ ខណៈដែលសន្និសីទនេះ គឺផ្អែកលើសំណើសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលសំណើនោះត្រូវបានរុស្ស៊ីបដិសេធ។នៅឯរដ្ឋធានី Bern របស់ប្រទេសស្វីស លោកស្រីប្រធានាធិបតី Viola Amherd បានប្រាប់អ្នកសារព័ត៌មាន ថា កិច្ចប្រជុំកំពូល នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នឹងមានបំណងកំណត់ផ្លូវឆ្ពោះទៅរកសន្តិភាពដែលអាចកើតមាន ពោលគឺក្នុងរយៈពេលជិត ២៨ខែ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានលុកលុយអ៊ុយក្រែន ហើយសង្រ្គាមកំពុងបន្តមាន។លោកស្រី Amherd បាននិយាយថា៖ «នេះមិនមែនជាការឃោសនានោះទេ។ នេះគឺអំពីមូលដ្ឋាននៃជំនួយមនុស្សធម៌ដែលផ្តល់ដោយប្រទេសស្វីស ដោយផ្អែកលើការជំរុញឲ្យមានសន្តិភាព (និង) ដើម្បីផ្តល់វេទិកាមួយ ដែលផ្តួចផ្តើមឲ្យមានការសន្ទនា»។ លោកស្រីប្រធានាធិបតីស្វីសបានបន្ថែមថា អ្នកចូលរួមភាគច្រើននឹងជាមេដឹកនាំប្រទេសធំៗ ដែលមានប្រហែលពាក់កណ្តាលតំណាងឲ្យនៅកម្រិតប្រមុខរដ្ឋ ឬរដ្ឋាភិបាល ហើយ «មួយចំនួនតូច» មកពីអង្គការនានា ដូចជាអង្គការសហប្រជាជាតិ។សូមបញ្ជាក់ថា មានការផ្ញើការអញ្ជើញប្រហែល ១៦០ ហើយលោកស្រី Amherd បាននិយាយថា នេះមិនមែនជា «ការខកចិត្ត» សម្រាប់រដ្ឋាភិបាលស្វីសទេ ដែលរហូតមកដល់ពេលនេះ ប្រទេស និងស្ថាប័នមិនដល់ ១០០ នោះឡើយ បានប្រកាសពីការចូលរួមនៅក្នុងដំណាក់កាលដំបូងនៃដំណើរការសន្តិភាពនេះ។យោងតាមអាជ្ញាធរស្វីស បានឲ្យដឹងថា ប្រទេសប្រេស៊ីល និងចិន បានប្រាប់ថា ពួកគេនឹងមិនចូលរួមនោះទេ លុះត្រាណាតែភាគីទាំង២ ក្នុងនោះរួមមានទាំងរុស្ស៊ីផងដែរ មានវត្តមាននៅក្នុងកិច្ចពិភាក្សានេះ។ ទីក្រុងប៉េកាំង គឺជាអ្នកគាំទ្រដ៏ធំបំផុតមួយរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ហើយបាននិយាយថា លក្ខណខណ្ឌ សម្រាប់ការចូលរួមរបស់ខ្លួន នឹង «ពិបាកបំពេញតាម»៕

ក្រុមហ៊ុននាំចេញគ្រាប់ធញ្ញជាតិរុស្ស៊ី នឹងផ្តោតលើទីផ្សារនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង

2024/06/11 02:11:30 pm        120
ក្រសួងកសិកម្មរុស្ស៊ី បាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមហ៊ុននាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេស នឹងផ្លាស់ប្តូរការផ្តោតសំខាន់របស់ពួកគេទៅកាន់ទីផ្សារនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ហើយពង្រឹងទំនាក់ទំនងជាមួយប្រទេសឥណ្ឌា និងចិន។ក្រសួងបាននិយាយថា ក្នុងអំឡុងកិច្ចប្រជុំដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី លោក Oksana Lut ជាមួយក្រុមហ៊ុននាំចេញគ្រាប់ធញ្ញជាតិ ដែលកិច្ចប្រជុំបានព្រមព្រៀងជាឯកច្ឆ័ន្ទថា ការបដិសេធនាំចូលរបស់ប្រទេសទួរគី នឹងមិនប៉ះពាល់ដល់សមត្ថភាពនាំចេញរបស់ប្រទេសរុស្ស៊ីនោះទេ។ ការស្របមតិគ្នាគឺ សម្រាប់រដូវកាលខាងមុខ ដែលចាប់ផ្តើមនៅថ្ងៃទី ១ ខែកក្កដា ប្រទេសរុស្ស៊ីមានផែនការកាត់បន្ថយការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិរបស់ខ្លួន ទៅកាន់ទីផ្សារពិភពលោកដល់៦០ លានតោន។ក្រសួងនិយាយថា នៅក្នុងស្ថានភាពបច្ចុប្បន្ន ក្រុមហ៊ុននាំចេញក្នុងស្រុក នឹងផ្តោតលើទីផ្សារសំខាន់ៗនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ព្រមទាំងលើការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសឥណ្ឌា និងប្រទេសចិន ជាប្រទេសដែលមានវឌ្ឍនភាពក្នុងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិសណ្តែក និងការរំពឹងទុកដ៏ទូលំទូលាយសម្រាប់គ្រាប់ធញ្ញជាតិដំណាំដែលនឹងបើកដំណើរការ។ក្រសួងក៏បានបញ្ជាក់ថា ដោយពិចារណាលើទិន្នផលខ្ពស់កាលពីឆ្នាំមុន ប្រទេសរុស្ស៊ី មានគោលបំណងដឹកជញ្ជូនគ្រាប់ធញ្ញជាតិរហូតដល់៧០លានតោនទៅកាន់ទីផ្សារពិភពលោក រួមមានស្រូវសាលីចំនួន៥៣លានតោន នៅក្នុងរដូវនៅបន្តនេះ ដែលនឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា។ ក្រសួងកសិកម្មប្រទេសទួរគី នឹងផ្អាកការនាំចូលស្រូវសាលី ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ដើម្បីគាំទ្រអ្នកផលិតក្នុងស្រុក ខណៈតម្លៃគ្រាប់ធញ្ញជាតិ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ។

រុស្ស៊ី ដោះលែងអ្នកទោសស្រីឱ្យចូលរួមបម្រើទ័ពក្នុងសង្គ្រាមនៅអ៊ុយក្រែន

2024/06/11 01:43:25 pm        210
ប្រទេសរុស្ស៊ី បានដោះលែងស្ត្រីមួយក្រុមចេញពីពន្ធនាគារកាលពីចុងខែឧសភា ដើម្បីចូលរួមក្នុងការប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមអតីតអ្នកទោសពីរនាក់ដែលរក្សាទំនាក់ទំនងជាមួយអ្នកដែលនៅទីនោះ ដោយនេះអាចបង្ហាញពីដំណាក់កាលថ្មីក្នុងការប្រើប្រាស់អ្នកទោសរបស់វិមានក្រឹមឡាំង ក្នុងកិច្ចប្រឹងប្រែងសង្គ្រាមរបស់ខ្លួន។អតីតអ្នកទោសដែលសុំមិនបញ្ចេញឈ្មោះទាំងនោះបាននិយាយថា អង្គភាពជ្រើសរើសយោធាបានប្រមូលយកស្ត្រីជាច្រើនពីពន្ធនាគារនៅខាងក្រៅទីក្រុង សេន ភីធើស៍ប៊ឺក (St Petersburg)។ គេមិនច្បាស់ទេថាតើការដោះលែងអ្នកទោសទាំងនោះតំណាងឱ្យការដាក់អ្នកទោសដាច់ដោយឡែក កម្មវិធីសាកល្បង ឬក៏ការចាប់ផ្តើមនៃរលកដ៏ធំនៃការជ្រើសរើសអ្នកទោសស្ត្រីឱ្យចូលបម្រើទាហាន។ស្ត្រីប្រហែល ៣០.០០០ នាក់បានកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសរុស្ស៊ី នៅពេលចាប់ផ្តើមការវាយលុកទ្រង់ទរាយធំលើអ៊ុយក្រែន។ អង្គភាពជ្រើសរើសយោធាបានចាប់ផ្តើមពិនិត្យពន្ធនាគារសម្រាប់ស្ត្រី នៅទូទាំងផ្នែកអឺរ៉ុបនៃប្រទេសរុស្ស៊ី ក្នុងរដូវស្លឹកឈើជ្រុះកាលពីឆ្នាំ២០២៣ ច្រើនជាងមួយឆ្នាំបន្ទាប់ពីកងកម្លាំងរបស់ប្រទេសនេះបានចាប់ផ្តើមផ្តល់ការលើកលែងទោសដល់បុរសដែលត្រូវបានកាត់ទោស និងប្រាក់ខែជាថ្នូរនឹងការបម្រើក្នុងសមរភូមិប្រយុទ្ធ។បុរសរុស្ស៊ីរាប់ម៉ឺននាក់ដែលជាប់ពន្ធនាគារ បានទទួលយកការអំពាវនាវរបស់យោធា ដោយបំពេញបន្ថែមកម្លាំងទ័ពរបស់ប្រទេសនៅគ្រាដ៏សំខាន់នៅក្នុងសង្គ្រាម និងជួយឱ្យប្រទេសនេះមានប្រៀបខាងយោធាឡើងវិញលើអ៊ុយក្រែន៕

ការរាយការណ៍៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីរបស់រុស្ស៊ី ជាមួយអ៊ីរ៉ង់ ត្រូវបានផ្អាក

2024/06/11 01:36:04 pm        202
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីបានរាយការណ៍នៅថ្ងៃអង្គារ (១១ មិថុនា) នេះដោយដកស្រង់សម្តីមន្ត្រីក្រសួងការបរទេសរុស្ស៊ីម្នាក់ថា កិច្ចព្រមព្រៀងថ្មីមួយរវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារតែបញ្ហាដែលដៃគូអ៊ីរ៉ង់ កំពុងប្រឈម។សារព័ត៌មាន RIA បានដកស្រង់សំដីលោក ហ្សាមឺ ខាប៊ូលូវ (Zamir Kabulov) មន្ត្រីក្រសួងការបរទេស ដោយនិយាយថា «នេះគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ដំណើរការកិច្ចសហប្រតិបត្តិការ បានបញ្ឈប់ដោយសារតែបញ្ហាដែលដៃគូអ៊ីរ៉ង់របស់យើងកំពុងតែជួបប្រទះ»។ មិនមានការអត្ថាធិប្បាយភ្លាមៗពីភាគីអ៊ីរ៉ង់ លើបញ្ហានេះទេ។រុស្ស៊ី និងអ៊ីរ៉ង់ បានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានជំរុញប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថាជាគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដ៏គួរឱ្យភ័យខ្លាចក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតនូវអ្វីដែលពួកគេនិយាយថាជាសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល។ការងារលើកិច្ចព្រមព្រៀងដ៏សំខាន់ថ្មីមួយរវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ ត្រូវបានប្រកាសនៅក្នុងខែកញ្ញា ឆ្នាំ២០២២ ក្នុងអំឡុងពេលកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងអតីតប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីស្លាម លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi)៕

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ដាក់ចេញការបង្កើតមូលនិធិឧបត្ថម្ភប្រាក់ចំណូលដល់កសិករ

2024/06/11 01:28:56 pm        131
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃចន្ទ បានដាក់ចេញការបង្កើតមូលនិធិលើកទី ១៧ នៃមូលនិធី PM Kisan Samman Nidhi ឬមូលនិធិផ្តល់ប្រាក់ចំណូលដល់កសិករ ដែលមានតម្លៃ២០០ពាន់លានរូពីឥណ្ឌា ឬ២,៣៩ ពាន់លានដុល្លារ ។នេះគឺជាឯកសារដំបូង ដែលត្រូវចុះហត្ថលេខាដោយលោក Modi នៅថ្ងៃដំបូងរបស់លោកក្នុងការចូលកាន់តំណែងអាណត្តិទី៣ជាប់ៗគ្នារបស់លោក ជានាយករដ្ឋមន្ត្រីរបស់ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ។មូលនិធិ នឹងត្រូវបានបែងចែក ក្នុងចំណោមកសិករឥណ្ឌាជិត៩៣លាននាក់។ បន្ទាប់ពីការចុះហត្ថលេខាលើឯកសារនេះ នាយករដ្ឋមន្ត្រី លោក Modi បាននិយាយថា មូលនិធិរបស់យើងត្រូវបានប្តេជ្ញាយ៉ាងពេញលេញដោយរដ្ឋាភិបាលចំពោះសុខុមាលភាពរបស់កសិករ។ ដូច្នេះហើយ វាសមស្រប ដែលឯកសារដំបូង ត្រូវបានចុះហត្ថលេខាលើការទទួលខុសត្រូវ ទាក់ទងទៅនឹងសុខុមាលភាពកសិករ។ យើងមានបំណងបន្តធ្វើការងារបន្ថែមទៀតសម្រាប់កសិករ និងវិស័យកសិកម្ម នៅពេលខាងមុខ។ដោយចាប់ផ្តើមនៅឆ្នាំ២០១៩ ធ្វើឡើងដោយរដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌា គំនិតផ្តួចផ្តើមមូលនិធិ PM Kisan Samman Nidhi មានគោលបំណងផ្តល់ការគាំទ្រប្រាក់ចំណូលដល់កសិករឥណ្ឌា ចំនួន៦.០០០ រូពីឥណ្ឌា ឬ៧១,៨ ដុល្លារ ក្នុងមួយឆ្នាំ។

ប្រធានាធិបតីម៉ិកស៊ិក៖ គ្មានការកើនឡើងការធ្វើអន្តោប្រវេសន៍នៅព្រំដែនភាគខាងជើងទេ បន្ទាប់ពីច្បាប់ថ្មីរបស់អាមេរិក

2024/06/11 12:47:34 pm        108
ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃចន្ទថា វិធានការអន្តោប្រវេសន៍ថ្មីដែលត្រូវបានអនុម័តដោយសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ពុំបានបណ្តាលឱ្យមានការកើនឡើងនៃលំហូរការធ្វើអន្តោប្រវេសន៍ នៅតាមបណ្តោយព្រំដែនប្រទេសម៉ិកស៊ិក-សហរដ្ឋអាមេរិក នោះទេ។ លោក Lopez Obrador បាននិយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ស្ថានភាពបច្ចុប្បន្នគឺខុសគ្នាខ្លាំងកាលពីខែធ្នូ ដែលនៅពេលនោះចំនួនជនអន្តោប្រវេសន៍គ្មានឯកសារជាច្រើ បានព្យាយាមឆ្លងកាត់ព្រំដែន បណ្តាលឱ្យមានវិបត្តិអន្តោប្រវេសន៍ ហើយពុំមានលំហូរច្រើនលើលប់ក្នុងការធ្វើអន្តោប្រវេសន៍នោះទេ ក្នុងរយៈពេល៥ខែមកនេះ។កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចេញក្រិតយ៉ាងតឹងរ៉ឹងដោយកំណត់ចំនួនអ្នកដែលអាចឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ដើម្បីស្នើសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា លោក Lopez Obrador បានទទួលស្គាល់កាលពីថ្ងៃចន្ទថា ប្រទេសម៉ិកស៊ិក ប្រឈមមុខទៅនឹងសម្ពាធពីការកើនឡើងចំនួនជនអន្តោប្រវេសន៍ដែលបានជាប់គាំងដំណើរនៅតាមព្រំដែនភាគខាងជើងរបស់ខ្លួន ខណៈពួកគេធ្វើដំណើរមកពីប្រទេសដែលសហរដ្ឋអាមេរិក មានទំនាក់ទំនងមិនល្អ និងពុំមានកិច្ចព្រមព្រៀងនិរទេស។ លោកនិយាយថា ប្រទេសទាំងនោះរួមមានប្រទេសគុយបា វេណេស៊ុយអេឡា ហៃទី នីការ៉ាហ្គ័រ និងប្រទេសកាតេម៉ាឡា។លោក Lopez Obrador បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ចរចាដោយផ្ទាល់លើការនិរទេសជនអន្តោប្រវេសន៍ដែលគ្មានឯកសារ ជាមួយបណ្តាប្រទេសដើមកំណើតរបស់ពួកគេ បន្ទាប់ពីការចេញក្រិតរបស់លោក Biden។ បន្ថែមលើនេះ លោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ចៀសការដោះស្រាយពីឬសគល់នៃការធ្វើអន្តោប្រវេសន៍ទៅភាគខាងជើងពីប្រទេសអាមេរិកឡាទីន ដែលជួបភាពក្រីក្រ និងគ្មានការងារធ្វើ ប៉ុន្តែបានជ្រើសរើសយុទ្ធសាស្រ្តតឹងរ៉ឹងបន្ថែមទៀតដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍។

កងកម្លាំងអាមេរិក និងហ្វីលីពីន បានបញ្ចប់សមយុទ្ធសាកសល្បងភាពអត់ធ្មត់នឹងកម្ដៅ និងអាកាសធាតុ

2024/06/11 12:43:25 pm        153
ឧត្តមសេនីយ៍សហរដ្ឋអាមេរិកពីររូប និងក្រុមឧត្តមសេនីយ៍ហ្វីលីពីនបាននិយាយថា ទាហានអាមេរិក និងហ្វីលីពីន រាប់រយនាក់បានបញ្ចប់សមយុទ្ធប្រយុទ្ធថ្មីមួយនៅភាគខាងជើងប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ ដែលបានសាកល្បងការស៊ូទ្រាំរបស់ពួកគេក្នុងរយៈពេលជាងមួយសប្តាហ៍នៃក្រោមកម្ដៅដ៏ក្ដៅ និងអាកាសធាតុប្រែប្រួល ហើយបានតម្រូវឱ្យពួកគេត្រៀមឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយនៅក្នុងព្រៃត្រូពិក និងនៅលើកោះនានា។ រដ្ឋបាលលោកBiden បាននិងកំពុងពង្រឹងសម្ព័ន្ធភាពយោធានៅឥណ្ឌូប៉ាស៊ីហ្វិក ឱ្យកាន់តែប្រសើរឡើង ដើម្បីទប់ទល់នឹងប្រទេសចិន រួមទាំងការប្រឈមដាក់គ្នាដែលអាចកើតមានលើកោះតៃវ៉ាន់ និងចំណុចសំខាន់ៗនៅអាស៊ីផ្សេងទៀត។ វិធានការនេះបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីនក្នុងការពង្រឹងការការពារទឹកដីរបស់ខ្លួន ស្របពេលមានជម្លោះកាន់តែខ្លាំង ជាមួយទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង។សមយុទ្ធប្រយុទ្ធទ្រង់ទ្រាយធំ ដែលត្រូវបានធ្វើឡើងនៅរដ្ឋហាវ៉ៃក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមមជ្ឈមណ្ឌលត្រៀមលក្ខណៈចម្រុះប៉ាស៊ីហ្វិករួមរបស់កងទ័ពអាមេរិក ត្រូវបានធ្វើឡើងនៅប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ ហើយក៏បានធ្វើឡើងនៅរដ្ឋអាឡាស្កាផងដែរ។ សមយុទ្ធនេះអនុញ្ញាតឱ្យកងទ័ពសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងកងកម្លាំងមិត្តភាព របស់ខ្លួន ហ្វឹកហាត់ក្នុងស្ថានភាពធ្ងន់ធ្ងរ ជាទី ដែលពួកគេទំនងជាធ្វើប្រតិបត្តិការ ចាប់ពីប្រជុំកោះ ព្រៃ និងក្រោមរកកម្ដៅដ៏ក្ដៅនៅតំបន់ត្រូពិក រហូតដល់ស្ថានភាពអាកាសធាតុត្រជាក់ខ្លាំងនៅតំបន់អាក់ទិក។ សមយុទ្ធសង្រ្គាមចាប់ពីថ្ងៃទី ១ដល់១០ ខែមិថុនា បានចាប់ផ្តើមដោយមានការវាយលុកតាមអាកាសលើកងកម្លាំងសត្រូវ ដើម្បីអនុញ្ញាតឱ្យមានការដាក់ពង្រាយទាហានអាមេរិក និងហ្វីលីពីន ដែលធានាបាននូវសន្តិសុខក្នុងតំបន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM