កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

យន្តហោះចម្បាំង NATO ហ្វឹកហាត់ក្នុងការប្រកួតមិត្តភាពនៅលើមូលដ្ឋានទ័ពអាកាសអាមេរិក Ramstein នៅអាល្លឺម៉ង់

2024/06/07 04:21:55 pm        240
យន្តហោះចម្បាំង មកពីបណ្តាប្រទេសរបស់សម្ព័ន្ធយោធាណាតូ បានចូលរួមក្នុងសមយុទ្ធនៅលើមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក Ramstein នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍។រដ្ឋនៃសម្ព័ន្ធយោធាណាតូ បាននិយាយថា យន្តហោះចម្បាំងជំនាន់ទី៤ និងទី៥ បានហ្វឹកហាត់ក្នុងការប្រកួតជាមិត្តភាពនៅក្នុងការបង្ហាញមួយដែលប្រធានអង្គភាពនៅមូលដ្ឋាន Ramstein របស់អាល្លឺម៉ង់ បាននិយាយថា សមាជិកយានិក និងយន្តហោះចម្បាំង ដែលពាក់ព័ន្ធ ត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ និងត្រៀមជាស្រេច ដើម្បីការពារពួកយើង។វរសេនីយ៍ឯក មីឈែល ត្រៅធឺម៉ាន(Michael Trautermann) នៃកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ បាននិយាយថា គោលបំណងនៃការបណ្តុះបណ្តាល គឺដើម្បីឱ្យមានការប្រយុទ្ធតាមអាកាសនៅក្នុងលំហដែលត្រូវបានកំណត់ ដោយមានគោលបំណងបាញ់ទម្លាក់យន្តហោះផ្សេងទៀតនៅក្នុងសេណារីយ៉ូ ដែលលោកហៅថា សិល្បៈដ៏ល្អនៅពេលដែលចូលក្នុងការប្រយុទ្ធតាមអាកាស។លោក Trautermann បាននិយាយថា សមយុទ្ធកាលពីថ្ងៃព្រហស្បតិ៍នៅមូលដ្ឋាន Ramstein ពុំមែនជាផ្នែកមួយនៃការហ្វឹកហ្វឺនជាប្រចាំនោះទេ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់មក។

វិមានក្រឹមឡាំងបន្ថែមការព្រមានលើលោកខាងលិច ជុំវិញការផ្តល់អាវុធរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន ក្រោយការគំរាមពីលោកPutin

2024/06/07 04:17:58 pm        225
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៦មិថុនាសប្ដាហ៍នេះ ថាប្រទេសលោកខាងលិចដែលផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនដើម្បីវាយប្រហារចូលទៅជ្រៅក្នុងទឹកដីរុស្ស៊ី នឹងត្រូវជម្រះបញ្ជីជាមួយរុស្ស៊ី បន្ទាប់ពីលោកប្រធានាធិបតី Vladimir Putin លើកឡើងថាលោកកំពុងពិចារណាផ្តល់អាវុធដល់សត្រូវរបស់លោកខាងលិច ជាការសងសឹក។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទូរទស្សន៍រដ្ឋ ថាលោក ជឿថា ការព្រមានរប់លោក Putin បានលិចលឺទៅដល់លោកខាងលិចមិនខាន ជាទីដែល លោកជឿថា ប្រទេសទាំងនោះបានស្វែងយល់រួចទៅហើយ។ ថ្លែងជាមួយនិពន្ធនាយកជាន់ខ្ពស់នៃទីភ្នាក់ងារសារព័ត៌មានអន្តរជាតិនៅទីក្រុង សេន ភីធ័រស្បើក (St Petersburg) កាលពីថ្ងៃពុធសប្ដាហ៍នេះ មេដឹកនាំរុស្ស៊ី រូបនេះ បាននិយាយថា ទីក្រុងមូស្គូកំពុងគិតអំពីការផ្តល់អាវុធរយៈចម្ងាយឆ្ងាយ ស្រដៀងគ្នាទៅនឹងអ្វីដែលលោកខាងលិចកំពុងផ្តល់ឲ្យអ៊ុយក្រែន ដល់សត្រូវរបស់លោកខាងលិចជុំវិញពិភពលោក។ នៅក្នុងការអត្ថាធិប្បាយរបស់លោក លោក Putin បានលើកឡើងពីមីស៊ីលរយៈចម្ងាយឆ្ងាយដែលត្រូវបានផ្គត់ផ្គង់ដល់អ៊ុយក្រែនដោយសហរដ្ឋអាមេរិក និងអង់គ្លេស។ ការអត្ថាធិប្បាយរបស់លោក បានលើកឡើងថា លោកអាចផ្គត់ផ្គង់អាវុធដល់ក្រុមប្រឆាំង សហរដ្ឋអាមេរិក ដូចជាកងជីវពលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលបានបាញ់គ្រាប់រ៉ូកែត និងយានដ្រូន ជាប្រចាំទៅកាន់កងទ័ពសហរដ្ឋអាមេរិក៕

ប្រទេសបារាំង នឹងផ្តល់យន្តហោះចម្បាំង រួមនិងការហ្វឹកហ្វឺនដល់អ៊ុយក្រែន

2024/06/07 03:49:50 pm        201
ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសផែនការមួយនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ក្នុងស្រុកមួយកាលពីថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) ដែលផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំងប្រភេទ ម៉ាយរ៉េច ២០០០ (Mirage 2000) ជាមួយនិងការបណ្តុះបណ្តាលបើកយន្តហោះនោះផងដែរ។ លោក ម៉ាក្រុង បាននិយាយថា អ្នកបើកយន្តហោះអ៊ុយក្រែន នឹងត្រូវហ្វឹកហាត់នៅប្រទេសបារាំង នៅដើមរដូវក្តៅនេះ។យន្តហោះចម្បាំងប្រភេទ ម៉ាយរ៉េច ២០០០ ដែលផលិតដោយបារាំង ត្រូវបានគេចាត់ទុកថាជាយន្តហោះចម្បាំងជំនាន់ទី៤ ដែលស្រដៀងនឹងយន្តហោះ F-16 ។ ក្រុមអ្នកផលិតរបស់បារាំងនិយាយថា យន្តហោះចំនួន ៦០០ គ្រឿងត្រូវបានផលិតឡើង ដោយខ្លះត្រូវបាននាំចេញទៅកាន់កោះតៃវ៉ាន់ ឥណ្ឌា និងកន្លែងផ្សេងទៀត។បារាំង រួមជាមួយប្រទេសមួយចំនួនទៀត បានបង្ហាញការគាំទ្រសម្រាប់ការពង្រឹងសមត្ថភាពទ័ពអាកាសរបស់អ៊ុយក្រែន។ ប្រទេសជាច្រើនរួមទាំងហូឡង់ និងដាណឺម៉ាក បានប្រកាសផែនការផ្តល់យន្តហោះចម្បាំង F-16 ខណៈដែលស៊ុយអែត បានសន្យាផ្ដល់យន្តហោះឃ្លាំមើលឈ្លបយកការណ៍ និងប្រព័ន្ធគ្រប់គ្រងលើដែនអាកាស។ប្រធានាធិបតីបារាំងរូបនេះក៏បានស្នើឱ្យមានការបណ្តុះបណ្តាលទាហានអ៊ុយក្រែន ចំនួន ៤.៥០០ នាក់ផងដែរដើម្បីបង្កើតកងពលតូចថ្មី ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតដូចជាថា តើគ្រូបង្វឹកទាហានជនជាតិបារាំង នឹងត្រូវបញ្ជូនទៅអ៊ុយក្រែន ឬយ៉ាងណានោះទេ។ លោក ម៉ាក្រុង និយាយថា លោកនឹងប្រកាសពីភាពជាក់លាក់នៃជំនួយថ្មីនៅថ្ងៃសុក្រ (០៧ មិថុនា) នេះ នៅពេលដែលលោកជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskyy)៕

មន្រ្តីជាន់ខ្ពស់បក្សភ្លើងទៀននៅខេត្តកំពង់ស្ពឺ ប្រកាសលាលែងពីបក្សហើយមកសុំរួមរស់​ជាមួយគណបក្សប្រជាជនកម្ពុជា

2024/06/07 02:56:05 pm        227
ក្រោយអស់ជំនឿចំពោះការដឹកនាំរបស់គណបក្សភ្លើងទៀន និងស្អប់ខ្ពើមចំពោះការញុះញង់ និង​ការរាំងនូវគម្រោង«ព្រែកជីកហ្វូណនតេជោ» របស់ជនក្បត់ជាតិបីជំនាន់សម រង្ស៊ី និង​បក្សពួក​របស់​ខ្លួននោះ មន្រ្តីជាន់ខ្ពស់របស់គណបក្សភ្លើងទៀនប្រចាំ នៅខេត្តកំពង់ស្ពឺពីរនាក់ បាន​ប្រកាស​លាលែងចេញពីបក្ស ហើយ សុំចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។លោក គង់ ភ័ណ្ឌ លេខាអតីតបក្សសង្រ្គោះជាតិស្រុកឧត្តុង្គ និងជាអនុប្រធានក្រុមការងារ​បណ្តោះ​អាសន្នបក្សភ្លើងទៀន ខេត្តកំពង់ស្ពឺ និងលោក ឈឹម សាវី អតីត​សមាជិក​គណបក្ស​សង្រ្គោះជាតិ​ខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្នជាសមាជិកព្រឹត្តិបត្រគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ និង​ជា​អ្នក​ទ្រទ្រង់​ថវិកាបក្សផងនោះ បានប្រកាស​ឈប់​ទាក់ទង​ជាមួយ​គណបក្ស​ប្រឆាំង​បន្ត​ទៅ​ទៀត​ចាប់​ពី​ពេល​នេះ​តទៅ ដោយសារតែពួកគាត់មើលឃើញការដឹកនាំរបស់គណបក្សភ្លើងទៀនមិនល្អ មិន​សម​ជាអ្នក​ស្នេហាជាតិពិតប្រាកដនោះ។តាមរយៈវិដេអូឃ្លីប ពួកគាត់ទាំងពីរនោះបានលើកឡើងថា ការចាក់ចេញ​របស់​ពួកគាត់​ដោយ​សារ​តែ​គណបក្សភ្លើងទៀន«មានការបែកបាក់សាមគ្គីផ្ទៃក្នុងគ្នា ពុករលួយ ហើយពេលថ្មីៗនេះលោក សម រង្ស៊ី បានប្រកាសប្រឆាំងគម្រោង«ព្រែកជីកហ្វូណនតេជោ» គឺជាការ​ប្រឆាំង​ផល​ប្រយោជន៍​របស់​ជាតិ និងប្រជាពលរដ្ឋយ៉ាងធ្ងន់ ធ្ងរ»។តាមរយៈវិដេអូឃ្លីបដែលបានចេញដាច់ដោយឡែកពីគ្នានោះដែរ លោក ឈឹម សាវី និងលោកគង់ ភ័ណ្ឌ បានប្រកាសគោរពស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​ផង​ដែរ​ចាប់​ពីពេល​នេះ​តទៅ៕ អត្ថបទ៖ បាន ចក់

ម្ចាស់ហ្វេសប៊ុកឈ្មោះ «កុមារ ទេព» គោរពសុំការអភ័យទោសសម្ដេចតេជោ ក្រោយយករូបសម្ដេច និងក្រុមគ្រួសារទៅបង្ហោះនាំឱ្យមានការភ័ន្តច្រឡំ

2024/06/07 07:47:30 am        264
ភ្នំពេញ៖ ក្រោយមានប្រតិកម្ម និងប្រាប់ឱ្យម្ចាស់ហ្វេសប៊ុក ឈ្មោះ «កុមារ ទេព» ឱ្យបញ្ឈប់សកម្មភាពយករូបភាពសម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារទៅបង្ហោះតទៅទៀតនាយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៤នេះ ម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ «កុមារ ទេព» បានចេញសារ​ភ្លាម សូមគោរពសុំការអភ័យទោស ដែលបានតែងតែប្រើប្រាស់រូបភាព របស់សម្ដេច សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រាបុត្រី របស់សម្ដេចមកផុស នាំឱ្យមានការ​ភ័ន្តច្រឡំនាពេលកន្លងមក។ម្ចាស់គណនីហ្វេសប៊ុកនេះ បានសរសេរថា៖«ដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិនៃកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ ខ្ញុំបាទជាម្ចាស់គណនី សូមគោរពសុំការអភ័យទោស ដែលបានតែងតែប្រើប្រាស់រូបភាព របស់សម្ដេចតេជោពុក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រាបុត្រី របស់សម្ដេចមកផុស ដោយហេតុជាការគោរព ស្រលាញ់ក្រុមគ្រួសារសម្ដេចពុក ដែលជាស្ថាបនិកនៃសុខសន្តិភាព ជាភាពកក់ក្ដៅនៃបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់នៃសន្តិភាព»។«ខ្ញុំសូមសន្យាថានិងមិនប្រើប្រាស់រូបថត សម្ដេចពុក សម្ដេចម៉ែ និងបុត្រាបុត្រីរបស់សម្ដេចមកបង្ហោះលើអាខោនហ្វេសបុកនេះតទៅទៀតឡើយ។ សូមសម្ដេចពុក សម្ដេចម៉ែ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ»។បន្ទាប់ពីមានសារ​សូមទោសពីម្ចាស់គណនីហ្វេសប៊ុកបែបនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ខមិនឆ្លើយតប ចំពោះម្ចាស់គណនីហ្វេសប៊ុក «កុមារ ទេព» ដោយសម្ដេច​បាន អរគុណសម្រាប់ការស្រឡាញ់ចំពោះនិងក្រុមគ្រួសារ។សម្ដេច​តេជោបញ្ជាក់ថា កន្លងមកនេះមានមនុស្សមួយចំនួនមានការភ័ន្តច្រឡំថា គណនីហ្វេសបុក ឈ្មោះ «កុមារ ទេព» នេះ ជារបស់សម្ដេច​ រាប់ទាំងវិទ្យុបរទេសនិយាយភាសារខ្មែរផងដែរ។ សម្ដេច​តេជោបានបញ្ជាក់ថា៖«ខ្ញុំមានផេកផ្លូវការរបស់ខ្ញុំដែលផ្តល់ព័ត៌មានទៅកាន់សាធារណជនគ្រប់គ្រាន់ហើយ»៕ 

សម្ដេចតេជោ ហ៊ុន សែន ​បានចេញមុខអះអាងថា គណនីហ្វេសប៊ុក ដែលមានឈ្មោះថា «កុមារ ទេព» ពុំមែនជាគណនីហ្វេសប៊ុកពិតរបស់សម្ដេចទេ

2024/06/07 06:54:26 am        127
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី៦ ខែមិថុនានេះ ចេញមុខអះអាងថា គណនីហ្វេសប៊ុក ដែលមានឈ្មោះថា «កុមារ ទេព» ពុំមែនជាគណនីហ្វេសប៊ុកពិតរបស់សម្ដេចទេ។ សម្ដេចតេជោ បានមានប្រសាសន៍ក្នុង Comment ហ្វេសប៊ុកឈ្មោះ កុមារ ទេព យ៉ាងដូច្នេះថា៖ «ខ្ញុំហ៊ុន សែនសូមបញ្ជាក់ថា Facebook ឈ្មោះកុមារទេពនេះមិនមែនជារបស់ខ្ញុំទេ។ សូមអ្នកប្រើប្រាស់ឈប់តាំងខ្លួនជារូបខ្ញុំបង្ហោះសកម្មភាពខ្ញុំ និងគ្រួសារខ្ញុំតទៅទៀត»។

រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់ នឹងគ្រោះរាំងស្ងួត

2024/06/06 10:01:47 pm        312
នៅព្រឹកថ្ងៃទី៦ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈខេត្តព្រះវិហារបានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកែប្រែ គុណភាពដី រហោស្ថានកម្ម និងភាពធន់ នឹងគ្រោះរាំងស្ងួត »នៅក្នុងបរិវេណសាលាខេត្តព្រះវិហារ។ពិធីនេះ ក៏មានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ឯកកឧត្តម គីម រិទ្ធី បានថ្លែងថា ការប្រារព្ធទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៤ នាឱកាសនេះ គឺចង់បង្ហាញនូវសារៈសំខាន់ នៃការចូលរួមរបស់យើងទាំង អស់គ្នា ដែលជាប្រជាជនកម្ពុជាក្នុងការស្រឡាញ់ទឹកដី ស្រឡាញ់បរិស្ថានធម្មជាតិ ស្រឡាញ់ ភាពស្រស់បំព្រងនៃធម្មជាតិ និងចូលរួមថែរក្សាការពារទាំងអស់គ្នា ដើម្បីឱ្យប្រទេសរបស់យើង ដែលជាប្រទេសសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិ នៅតែរក្សាភាពបៃតង និងស្រស់ស្អាតជានិច្ច។ឯកឧត្តមបន្តថា ទិវានេះនឹងក្លាយជាចរន្តចលករ ដែលជំរុញឱ្យមានការផ្តួចផ្តើម ធ្វើសកម្មភាពមេត្រីបរិស្ថាន ចេញពីបុគ្គលម្នាក់ៗក្នុងការចេះទទួលខុសត្រូវក្នុងការទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ដោយមិនបោះចោលពាសវាលពាសកាលនៅទីសាធារណៈ ជាហេតុ មិនធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពប្រទេសកម្ពុជាយើង។ជាមួយគ្នានេះ យើងទាំងអស់គ្នាក៏អាចចូលរួមលើកស្ទួយវិស័យបរិស្ថានដោយអនុវត្តសកម្មភាពងាយៗ ក្នុងការប្រតិបត្តិមេត្រីភាពបរិស្ថាន ការសំអាតអនាម័យបរិស្ថានតាមលំនៅដ្ឋាន តាមទីសាធារណៈ តាមអង្គភាពរបស់ខ្លួន ការទុកដាក់សំរាម សំណល់ផ្សេងៗ ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងការចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីឱ្យមានភាពបៃតងស្រស់ បំព្រងប្រកបដោយផាសុកភាព។ទន្ទឹមនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវសហការប្រើប្រាស់វិធានការសរុប កម្លាំងសរុប ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជលផល ព្រៃឈើ ការទន្ទ្រានដីព្រៃខុសច្បាប់ឱ្យបានជាប់ជាប្រចាំ និងម៉ឺងម៉ាត់បំផុត។ចូលរួមរៀបចំសកម្មភាព និង បំផុសចលនាការដាំដើមឈើឱ្យច្រើននៅតាមទីសាធារណៈ តំបន់ការពារ តំបន់អភិរក្ស និងទី កន្លែងផ្សេងៗ ដើម្បីរក្សានូវគម្របព្រៃឈើ ទប់លំនឹងនៃការប្រែប្រួលអាកាសធាតុស្របតាម ទិស ដៅអាទិភាព នៃការបង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ក្នុងការអភិរក្សជីវចម្រុះប្រកបដោយចីរភាព នឹងចូលរួមអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន ក្នុងការដាំដើមឈើយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤៕

អ្នកស្រាវជ្រាវអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង បានក្លាយជាសមាជិកសភាកូរ៉េខាងត្បូង

2024/06/06 09:43:08 pm        306
លោក Park Choong-kwon ធ្លាប់ជាសមាជិកនៃអង្គភាពសម្រាំងកូរ៉េខាងជើង ដែលបានអភិវឌ្ឍន៍មីស៊ីលរយៈចម្ងាយឆ្ងាយ។ ឥឡូវនេះ ក្នុងនាមជាសមាជិកសភានៅប្រទេសកូរ៉េខាងត្បូង លោកកំពុងបង្ហាញពីការព្រួយបារម្ភជុំវិញអាវុធរបស់លោក គីម ជុងអ៊ុន។ក្នុងនាមជាយុវជនម្នាក់នៅប្រទេសកូរ៉េខាងជើង លោក Park ត្រូវបានដកចេញពីថ្នាក់រៀនធម្មតារបស់ខ្លួន ហើយត្រូវបានបញ្ជូនទៅសាលាសម្រាប់ក្មេងៗដែលមានទេពកោសល្យ ជាទីដែលលោកបានរីកចម្រើនយ៉ាងឆាប់រហ័ស ឈានទៅសិក្សានៅសាកលវិទ្យាល័យការពារជាតិរបស់ប្រទេសនេះ។ប៉ុន្តែលោកមិនចូលចិត្តវិន័យយោធា ហើយមិនសប្បាយចិត្តចំពោះអំពើពុករលួយកម្រិតខ្ពស់ នៅទីបំផុតលោកបានសម្រេចចិត្តរត់ចោលប្រទេសទៅប្រទេសកូរ៉េខាងត្បូង ជាទីដែលបុរសវ័យ ៣៨ឆ្នាំរូបនេះ បានស្បថចូលកាន់តំណែងជាសមាជិកសភា កាលពីខែមុន។ដោយត្រូវបានបង្កើតឡើង ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ សាកលវិទ្យាល័យរបស់លោកស្រី Park គឺជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីអាវុធហាមឃាត់របស់កូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ ដោយវាត្រូវការខួរក្បាលសំខាន់ៗរបស់ប្រទេស ហើយប្រើប្រាស់វា ដើម្បីបន្តដំណើរស្វែងរករបស់លោក គីម ជុងអ៊ុន សម្រាប់មី ស៊ីល ផ្កាយរណប និងក្បាលគ្រាប់នុយក្លេអ៊ែរ ដែលធំជាងមុន និងប្រសើរជាងមុន។លោក Park ដែលបានសិក្សានៅទីនោះពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៧ បាននិយាយថា សាកលវិទ្យា ល័យ «ត្រូវបានបង្កើតឡើងជាមួយនឹងគោលដៅចម្បងគឺការផលិតមីស៊ីលបាលិស្ទិកអន្តរទ្វីប»។លោកបាននិយាយថា ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន ដែលបានចូលកាន់តំណែងពីឪពុករបស់ខ្លួន ក្នុងឆ្នាំ ២០១១ សាកលវិទ្យាល័យនេះ ត្រូវបានពង្រីក ជាមួយនឹងនាយកដ្ឋានថ្មីសម្រាប់ប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេង ផ្កាយរណប និងនុយក្លេអ៊ែរ ហើយល្បឿននៃការអភិវឌ្ឍអាវុធដែលទំនើបជាងមុន ដែលអ្នកខាងក្រៅជាច្រើន បានដឹង។

គិតត្រឹមដើមខែមិថុនានេះ ព្រលានយន្តហោះថ្មីក្រុងតាខ្មៅ សម្រេចការសាងសង់បានប្រមាណ ៧៥ភាគរយ

2024/06/06 08:53:15 pm        564
គិតមកដល់បច្ចុប្បន្ននេះ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ តម្លៃប្រមាណ ១,៥០០លានដុល្លារ សម្រេចការសាងសង់បានប្រមាណជាង ៧៥%ហើយ ដោយមិនមានបញ្ហាប្រឈម ឬឧបសគ្គរាំងស្ទះអ្វីនោះទេ។ នេះតាមការអះអាងរបស់លោកអគ្គនាយកគោលនយោបាយដឹកជញ្ជូនតាមផ្លូវអាកាស។លោក វ៉ាន់ ចន្ទី អគ្គនាយកគោលនយោបាយដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងកម្មវិធីចុះទស្សនកិច្ចដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានតេជោ ក្រុងតាខ្មៅ ដោយមានការចូលរួមពីក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ក្រុមហ៊ុន ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល នៅព្រឹកថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ប្រាប់បណ្តាញ​អ្នកសារព័ត៌មាន ឲ្យដឹងថា ព្រលានយន្តហោះថ្មីនេះ សង្ឃឹមថា នឹងអាចដាក់ឲ្យដំណើរការនៅឆមាសទី១ ដើមឆ្នាំ២០២៥ខាងមុខ ខណៈដែលក្រុមការងារបានកំពុង​ពន្លឿនការសាងសង់។ លោកបានបន្តថា នៅពេលដែលព្រលានថ្មីនេះសាងសង់រួចរាល់ នឹងជួយលើកមុខមាត់ប្រទេស​កម្ពុជា ​ទាំងវិស័យអាកាសចរណ៍ ទាំងវិស័យពាក់ព័ន្ធផ្សេងៗ​ជាច្រើនទៀត ជាពិសេសរួមចំណែក​យ៉ាងសំខាន់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ឯកឧត្តម ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក បានមានប្រសាសន៍ឲ្យដឹងដែរថា លើការសម្រេចបានលទ្ធផលជាង ៧៥% ក្រុមហ៊ុនអភិវឌ្ឍន៍​លើព្រលានយន្តហោះថ្មីនេះ បានចំណាយទឹកប្រាក់ក្នុងការសាងសង់ចំនួនប្រមាណ ១,១០០លានដុល្លារ លើទំហំផ្ទៃដីជាង ២,៦០០ហិចតា។ ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងវិវឌ្ឍន៍ការសាងសង់រហូតមកទល់បច្ចុប្បន្ននេះ គឺបានដើរតាម​ផែនការ​ទាំងអស់ ដែលគ្រោងបើកឲ្យមានការហោះហើរនៅ​ឆ្នាំ២០២៥ខាងមុខផងដែរ។សូមបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋាននេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការ​ដ្ឋានអាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដើម្បីធ្វើការងារសាងសង់ព្រលានយន្តភ្នំពេញថ្មីមួយនេះ៕អត្ថបទ ឈិត បូរ៉ាវី

រុស្ស៊ី មិនរំពឹងថា រដ្ឋបាលរបស់លោក Trump នឹងមានការផ្លាស់ប្តូរគោលនយោបាយរុស្ស៊ី ទេ

2024/06/06 08:45:57 pm        305
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃពុធ (០៥ មិថុនា) ថា រុស្ស៊ី មិនខ្វល់ថាប្រធានាធិបតីអាមេរិកបន្ទាប់ជានរណាទេ ព្រោះនេះប្រហែលជាមិនមានការផ្លាស់ប្តូរអ្វីធំដុំឡើយសម្រាប់ទីក្រុងមូស្គូ ហើយថា ប្រព័ន្ធតុលាការរបស់សហរដ្ឋអាមេរិក កំពុងត្រូវបានប្រើប្រាស់យ៉ាងច្បាស់នៅក្នុងការប្រយុទ្ធនយោបាយប្រឆាំងនឹងលោក ដូណាល់ ត្រាំ (Donald Trump)។ប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់លោក ពូទីន លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដែលលោកចាត់ទុកជាវិធានការការពារប្រឆាំងនឹងអង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានមើលឃើញថាទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ មក។លោក ពូទីន បាននិយាយថា រដ្ឋបាលប្រធានាធិបតីកាលពីមុនរបស់លោក ត្រាំ បានធ្វើឱ្យខូចទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ហើយវាពិបាកក្នុងការនិយាយថាតើនឹងមានអ្វីប្លែកនៅជុំនេះ ប្រសិនបើលោកឈ្នះការបោះឆ្នោតនៅខែវិច្ឆិកា។ លោក ពូទីន ក៏បានចោទប្រកាន់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ដែលជាអ្នកផ្គត់ផ្គង់សម្ភារៈយោធាដ៏ធំបំផុតតែមួយគត់ដល់អ៊ុយក្រែន ថាបានធ្វើកំហុសម្ដងហើយម្ដងទៀត ដែលលោកបានចោទប្រកាន់ថាកំពុង «ដុតបញ្ឆេះ» ប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិក និងការដឹកនាំពិភពលោក។ដោយហៅលោក បៃដិន ថាជាអ្នកនយោបាយចាស់គំរិល លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូ នឹងមិនជ្រៀតជ្រែកនយោបាយក្នុងស្រុករបស់សហរដ្ឋអាមេរិក ដូចដែលត្រូវបានចោទប្រកាន់ម្តងហើយម្តងទៀតដោយសេវាស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក នាពេលកន្លងមកនេះឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាជ្រើសរើសផ្លូវសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ
09/14/2026 08:09 PM
រដ្ឋមន្ត្រីក្រសួងអធិការកិច្ចអញ្ជើញប្រកាសចូលកាន់តំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ និងណែនាំឱ្យពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចនៅថ្នាក់ក្រោមជាតិ
09/14/2026 07:09 PM
លោក Merz ​ទទួល​បានភាព​​ធូរស្រាល​​ ក្នុងការបោះឆ្នោតមូលដ្ឋាន នៅអាល្លឺម៉ង់ ប៉ុន្តែបញ្ហាប្រឈមនៅរង់ចាំខាង​មុខ​
09/14/2026 06:09 PM
មនុស្ស ២១នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធរថ​យន្ត​ច្រើនគ្រឿង នៅអាហ្វ្រិកខាងត្បូង
09/14/2026 06:09 PM
ការលេចធ្លាយឧស្ម័នអាម៉ូញាក់នៅតំបន់ឧស្សាហកម្ម Aqabaរបស់ហ្ស៊កដានី បណ្តាលឲ្យមនុស្ស ១១នាក់ រងរបួស
09/14/2026 06:09 PM
មនុស្សម្នាក់ស្លាប់ និង ២៥នាក់ បាត់ខ្លួន ក្រោយទូកដឹកជនអន្តោប្រវេសលិចនៅជិតតំបន់ឆ្នេរប្រទេសក្រិក
09/14/2026 06:09 PM
IRGC៖ អ៊ីរ៉ង់បានបាញ់ទម្លាក់យានដ្រូន MQ-1របស់អាមេរិកលើច្រកសមុទ្រហ័រមូស
09/14/2026 06:09 PM
ប្រធានាធិបតី៖ ហ្វាំងឡង់មិនមានបំណងដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសនេះ អំឡុងពេលសន្តិភាពទេ
09/14/2026 06:09 PM
ទូរទស្សន៍រដ្ឋ៖ ប្រមុខ​នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានអាមេរិករារាំងមិនឱ្យចូលរួមកិច្ចប្រជុំ IAEA នៅទី​ក្រុងវីយ៉ែន
09/14/2026 06:09 PM
របាយការណ៍៖ តំបន់ហិមាល័យ​ឆ្ពោះ​​ទៅ​ដំណាក់​កាល​សំខាន់​​​ ហើយជីវិត​មនុស្សរាប់លាននាក់ស្ថិតក្នុងហានិភ័យ
09/14/2026 06:09 PM