កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ការស្ទង់មតិព្យាករណ៍ថា លោកនាយករដ្ឋមន្ត្រីឥណ្ឌា ម៉ូឌី (Modi) អាចឈ្នះអាណត្តិទីបី

2024/06/03 05:49:26 pm        199
លោក នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ទំនងជាឈ្នះអាណត្តិទី ៣ ជាប់ៗគ្នាក្នុងតំណែង នេះបើយោងតាមការស្ទង់មតិ។ ក្រុមអ្នកវិភាគព្រមានថា ការស្ទង់មតិស្ដីពីការបោះឆ្នោតចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្សេងៗតែងតែខុសកាលពីអតីតកាល ហើយមិនលម្អៀង។ ទោះជាយ៉ាងណាក៏ដោយ ការស្ទង់មតិទាំងនោះបានដាក់គណបក្ស Bharatiya Janata Party (BJP) របស់លោក Modi នាំមុខនៅក្នុងការបោះឆ្នោតសកលនេះ។ គណបក្ស BJP គណបក្សប្រឆាំងដ៏សំខាន់ និងគូប្រជែងក្នុងតំបន់បានប្រណាំងប្រជែងគ្នានៅក្នុងយុទ្ធនាការដ៏ក្ដៅគគុកលើការបោះឆ្នោតចំនួនប្រាំពីរដំណាក់កាល។លទ្ធផលឆ្នោត នឹងប្រកាសនៅថ្ងៃទី ៤ ខែមិថុនាសប្ដាហ៍នេះ។គណបក្ស ឬក្រុមចម្រុះ មួយ ត្រូវការអាសនៈចំនួន ២៧២ ក្នុងសភា ដើម្បីបង្កើតរដ្ឋាភិបាល។យោងតាមការស្ទង់មតិ ដែលព្យាករណ៍ថា ខ្លួននឹងទទួលបានអាសនៈប្រហែលពីរភាគបី សម្ព័ន្ធដឹកនាំដោយគណបក្ស BJP ដែលជាសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) នឹងឆ្លងផុតគោលដៅនេះ ។ នៅក្នុងការអត្ថាធិប្បាយដំបូងរបស់លោកបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ លោក Modi បានអះអាងពីជ័យជម្នះដោយមិនសំដៅទៅលើការស្ទង់មតិនោះទេ។ លោកបានសរសេរនៅលើបណ្ដាញសង្គម X ដោយមិនផ្តល់ភស្តុតាងនៃការអះអាងរបស់លោកថា ខ្ញុំអាចនិយាយដោយទំនុកចិត្តថាប្រជាជនឥណ្ឌាបានបោះឆ្នោតក្នុងចំនួនខ្ពស់បំផុត ដើម្បីជ្រើសរើសរដ្ឋាភិបាល NDA ជាថ្មីទៀត៕

លោក Zelenskiy ជួបប្រធានាធិបតីហ្វីលីពីន ដោយថ្លែងអំណរគុណសម្រាប់ការគាំទ្រ

2024/06/03 05:40:06 pm        77
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បានជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ក្នុងទីក្រុងម៉ានីលនៅថ្ងៃចន្ទ (០៣ មិថុនា) នេះ ហើយបានថ្លែងអំណរគុណចំពោះការគាំទ្រ និង «ជំហរច្បាស់លាស់» របស់ហ្វីលីពីន លើការលុកលុយរបស់រុស្ស៊ី លើទឹកដីរបស់អ៊ុយក្រែន។មេដឹកនាំទាំងពីរបានជួបគ្នានៅវិមានប្រធានាធិបតីហ្វីលីពីន បន្ទាប់ពីលោក ហ្ស៊េឡិនស្គី បានបង្ហាញខ្លួនដោយមិនបានគ្រោងទុកនៅក្នុងសន្និសីទសន្តិសុខដ៏ធំបំផុតរបស់អាស៊ី ក្នុងប្រទេសសិង្ហបុរី កាលពីចុងសប្តាហ៍ ដែលជាដំណើរទស្សនកិច្ចលើកទីពីររបស់លោកមកកាន់អាស៊ី ចាប់តាំងពីសង្រ្គាមរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ មក។លោក ហ្ស៊េឡិនស្គី ដែលបានបំពេញទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសហ្វីលីពីន ចាប់តាំងពីការបោះឆ្នោតរបស់លោកក្នុងឆ្នាំ២០១៩ បាននិយាយថា «យើងសូមអរគុណសម្រាប់ការអញ្ជើញនេះហើយពួកយើងពិតជាអរគុណខ្លាំងណាស់ដែលបានស្ថិតនៅក្នុងប្រទេសដែលគាំទ្របូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន»។ លោក ហ្ស៊េឡិនស្គី បានបន្ថែមថា អ៊ុយក្រែនក៏នឹងបើកស្ថានទូតមួយនៅទីក្រុងម៉ានីល ផងដែរនៅឆ្នាំនេះ។លោក ម៉ាកូស នៅក្នុងវេទិកាសន្ទនា សាំងគ្រី-ឡា (Shangri-La) បានប្រាប់លោក ហ្ស៊េឡិនស្គី ថាហ្វីលីពីន មានកិត្តិយសណាស់ដែលមេដឹកនាំអ៊ុយក្រែន បានធ្វើទស្សនកិច្ចនៅទីក្រុងម៉ានីល។ លោក ម៉ាកូស បាននិយាយថា «វាពិតជារីករាយណាស់ក្នុងការជួបពិភាក្សាគ្នាអំពីបញ្ហាដូចគ្នាសម្រាប់ប្រទេសទាំងពីរ ហើយសង្ឃឹមថាភាគីទាំងពីរអាចស្វែងរកមធ្យោបាយសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាបាន»៕

ជំនួយការលោក Netanyahu៖ អ៊ីស្រាអែលយល់ព្រមចំពោះផែនការបទឈប់បាញ់របស់លោក Biden នៅហ្កាហ្សា

2024/06/03 05:36:49 pm        165
ជំនួយការរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែល បានយល់ព្រមចំពោះក្របខ័ណ្ឌសម្រាប់ផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ទោះបីជាលោកបាននិយាយថា វាពុំមែនជាកិច្ចព្រមព្រៀងដ៏ល្អក៏ដោយ។លោក Biden បានប្រកាសកាលពីថ្ងៃសុក្រ ថា អ៊ីស្រាអែល បានស្នើ ផែនការបីផ្នែក ដែលនៅទីបំផុតនឹងនាំឱ្យមានបទឈប់បាញ់ពេញលេញនៅក្នុងតំបន់ហ្កាហ្សា ព្រមទាំងការដោះលែងចំណាប់ថ្នូរទាំងអស់ ដែលត្រូវបានឃុំខ្លួននៅទីនោះរយៈពេល៨ខែកន្លងទៅនេះ។ លោក Biden បាននិយាយថា វាជាពេលវេលាដើម្បីបញ្ចប់សង្រ្គាម។កិច្ចព្រមព្រៀង នៅពុំទាន់ត្រូវបានបញ្ចប់នៅឡើយ ដែលនៅពេលដំបូង លោក Biden បានហៅវាថាជាសំណើរបស់អ៊ីស្រាអែល ជាជំហរផ្លូវការរបស់អ៊ីស្រាអែល ខណៈវានៅតែមិនច្បាស់លាស់។លោក Netanyahu ទំនងជាធ្វើឱ្យខូចដល់ផែនការ ដោយបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ បានហៅបទឈប់បាញ់អចិន្ត្រៃយ៍នៅតំបន់ហ្កាហ្សាថា «ពុំមែនជាការទទួលជ័យជម្នះនោះទេ» រហូតដល់លក្ខខណ្ឌយូរអង្វែងសម្រាប់ការបញ្ចប់សង្គ្រាម ត្រូវបានបំពេញ ដោយលោកបាននិយាយឡើងវិញថា លក្ខខណ្ឌរបស់អ៊ីស្រាអែលសម្រាប់ការបញ្ចប់សង្គ្រាម ពុំមានការផ្លាស់ប្តូរទេ ដែលត្រូវ កម្ទេចយោធា និងសមត្ថភាពគ្រប់គ្រងរបស់ក្រុមហាម៉ាស ការដោះលែងចំណាប់ខ្មាំងទាំងអស់ និងការធានាបានថា តំបន់ហ្កាហ្សា លែងជាបង្កការគំរាមកំហែង ដល់អ៊ីស្រាអែលទៀតហើយ។ក្រុមគ្រួសារ របស់ចំណាប់ថ្នូរ ដែលកំពុងត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា បានតវ៉ានៅខាងក្រៅការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ក្នុងទីក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនា ដោយទទូចឱ្យលោកទទួលយកកិច្ចព្រមព្រៀង ដែលត្រូវបានជំរុញដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ។

សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន យល់ព្រមធ្វើសមយុទ្ធយោធារួមគ្នា

2024/06/03 05:30:18 pm        199
សេចក្តីថ្លែងការណ៍រួមដែលចេញដោយក្រសួងការពារជាតិអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានយល់ព្រមធ្វើសមយុទ្ធត្រីភាគីថ្មីនៅរដូវក្តៅនេះ បន្ទាប់ពីកិច្ចប្រជុំនៃរដ្ឋមន្ត្រីការពារជាតិនៃសម្ព័ន្ធមិត្តទាំងបី។រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក មីណូរូ គីហារ៉ា (Minoru Kihara) និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ីន វ៉ុនស៊ីក (Shin Won-sik) បានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យ នៅប្រទេសសិង្ហបុរី នៅខាងក្រៅកិច្ចប្រជុំសន្តិសុខប្រចាំឆ្នាំឈ្មោះថា កិច្ចសន្ទនា សាំងគ្រី-ឡា (Shangri-La) នៅទីនោះ។សេចក្តីថ្លែងការណ៍នោះបាននិយាយថា ភាគីទាំងបី «ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីធានាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះទៀត ហើយអ្នកទាំងបីក៏បានយល់ព្រមបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីនៅឆ្នាំនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការការពារជាតិត្រីភាគី»។ប្រមុខមន្ត្រីការពារជាតិនៃប្រទេសទាំងបីបានរិះគន់ការបាញ់មីស៊ីលបាលិស្ទិកនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង និងផ្កាយរណបចារកម្មយោធា ដែលប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលប៉ាលិស្ទិកថាជាការរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

មណ្ឌលបោះឆ្នោត បានបិទនៅម៉ិកស៊ិក ខណៈប្រទេសនេះមានផែនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីស្ត្រីដំបូង

2024/06/03 05:22:22 pm        132
មណ្ឌលបោះឆ្នោតភាគច្រើន បានបិទសម្រាប់ការបោះឆ្នោតនៅប្រទេសម៉ិកស៊ិក ដោយប្រទេសនេះ ត្រូវបានគេរំពឹងថា លោកស្រី ក្លៅឌៀ ស្សេនបូម(Claudia Sheinbaum) អ្នកឆ្វេងនិយម ជាបេក្ខជនរបស់គណបក្សបក្សកាន់អំណាច ក្លាយជាប្រធានាធិបតីស្ត្រីដំបូង។បន្ទាប់ពីមួយថ្ងៃនៃការបោះឆ្នោត ដែលត្រូវបានរំខានដោយអំពើហិង្សា និងការសម្លាប់មនុស្សពីរនាក់ នៅការិយាល័យបោះឆ្នោតក្នុងរដ្ឋ Puebla ការបោះឆ្នោត បានបិទនៅទូទាំងប្រទេសម៉ិកស៊ិកនៅម៉ោង៦ល្ងាច ម៉ោងក្នុងតំបន់ ។ការបោះឆ្នោតធំបំផុតមិនធ្លាប់មានរបស់ប្រទេសម៉ិកស៊ិក ក្លាយជាការបោះឆ្នោតមានអំពើហិង្សាបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសមួយនេះ ដោយបេក្ខជនចំនួន៣៨នាក់ ត្រូវបានសម្លាប់។ អំពើហិង្សាដ៏ឃោឃៅ បានធ្វើឲ្យមានការព្រួយបារម្ភអំពីការគំរាមកំហែងនៃសង្គ្រាមប្រឆាំងក្រុមជួញដូរគ្រឿងញៀន ចំពោះលទ្ធិប្រជាធិបតេយ្យ។ លោកស្រី Sheinbaum ដែលបានដឹកនាំក្នុងការបោះឆ្នោតស្ទង់មតិលើគូប្រជែងដ៏សំខាន់របស់លោកស្រី គឺលោកស្រី សូឈីត ហ្គាល់វ៉េស(Xochitl Galvez) នឹងត្រូវទទួលភារកិច្ចប្រឈមមុខទៅនឹងអំពើហឹង្សាឧក្រិដ្ឋកម្មរៀបចំទុក ប្រសិនបើលោកស្រីជាប់ឆ្នោត។មនុស្សកាន់តែច្រើន ត្រូវបានសម្លាប់ក្នុងអំឡុងពេលអាណត្តិរបស់ប្រធានាធិបតីផុតអាណត្តិ លោក Andres Manuel Lopez Obrador ជាងអំឡុងពេលរដ្ឋបាលផ្សេងៗទៀតនៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់ប្រទេសម៉ិកស៊ិក ទោះបីជាអត្រាមនុស្សឃាតបានធ្លាក់ចុះក្នុងអាណត្តិរបស់លោកក៏ដោយ។ជ័យជម្នះរបស់ស្ត្រីទាំងពីររូប នឹងបង្ហាញពីជំហានដ៏សំខាន់មួយសម្រាប់ប្រទេសម៉ិកស៊ិក។ អ្នកទទួលជ័យជម្នះ នឹងចាប់ផ្តើមអាណត្តិរយៈពេល៦ឆ្នាំ នៅថ្ងៃទី ១ ខែតុលា។

លោក Zelenskiy ចោទចិន ថាជួយរុស្ស៊ី គាបប្រទេសដទៃមិនឱ្យចូលរួមកិច្ចចរចាសន្តិភាពអ៊ុយក្រែន

2024/06/03 04:56:09 pm        125
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានចោទប្រកាន់ប្រទេសចិនកាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថាបានជួយរុស្ស៊ី ក្នុងការរំខានដល់សន្និសីទសន្តិភាពដែលរៀបចំដោយប្រទេសស្វីស នាពេលខាងមុខស្តីពីសង្គ្រាមនៅអ៊ុយក្រែន។ ថ្លែងនៅក្នុងសន្និសីទសន្តិសុខកំពូលរបស់អាស៊ី លោក ហ៊្សេឡិនស្គី បាននិយាយថា ប្រទេសចិន កំពុងដាក់សម្ពាធប្រទេសផ្សេងទៀត និងមេដឹកនាំរបស់ពួកគេមិនឱ្យចូលរួមកិច្ចពិភាក្សានាពេលខាងមុខ។ លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅឯវេទិកាការពារជាតិ សាំងគ្រី-ឡា (Shangri-La) ក្នុងប្រទេសសិង្ហបុរី ថា «រុស្ស៊ី ប្រើប្រាស់ឥទ្ធិពលចិននៅក្នុងតំបន់ ដោយប្រើអ្នកការទូតចិនផងដែរឱ្យធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរំខានដល់កិច្ចប្រជុំកំពូលសន្តិភាព»។ លោកបន្ថែមថា «នេះជារឿងអកុសល ដែលប្រទេសមហាអំណាចឯករាជ្យដ៏ធំមួយ ដូចជាប្រទេសចិន ព្រមធ្វើជាឧបករណ៍មួយនៅក្នុងដៃរបស់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន»។ប្រទេសចិន បានឈរលើអ្វីដែលខ្លួននិយាយថាជាជំហរអព្យាក្រឹតចំពោះសង្គ្រាម ដោយធ្វើឱ្យខ្លួនមានភាពតានតឹងជាមួយអ៊ុយក្រែន សហរដ្ឋអាមេរិក និងអឺរ៉ុបភាគច្រើន។ ប្រទេសស្វីស បានសង្ឃឹមថាចិន នឹងចូលរួមសន្និសីទសន្តិភាពនៅពាក់កណ្តាលខែមិថុនា ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានផ្តល់សញ្ញាកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថាចិនមិនទំនងជាចូលរួមនោះទេ។ ប្រទេសចិនបាននឹងកំពុងអំពាវនាវឱ្យមានសន្និសីទសន្តិភាពដោយមានការចូលរួមស្មើៗគ្នាពីគ្រប់ភាគីជម្លោះ រួមទាំងរុស្ស៊ី ដែលមិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែននោះ៕

កូរ៉េខាងជើង និយាយថា ខ្លួននឹងផ្អាកការបញ្ជូនបាឡុងសំរាមចូលទៅកូរ៉េខាងត្បូង

2024/06/03 04:52:53 pm        254
ប្រទេសកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថា ខ្លួននឹងបញ្ឈប់ការបញ្ជូនបាឡុងដែលដឹកសំរាមឆ្លងកាត់ព្រំដែនចូលទៅកាន់ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែបានប្តេជ្ញាថានឹងបន្តការអនុវត្តន៍នេះទៀត ប្រសិនបើខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ត្រូវបានហោះចេញម្តងទៀតពីកូរ៉េខាងត្បូង។អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង លោក គីម កាងអ៊ីល (Kim Kang Il) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលរាយការណ៍ដោយ KCNA ថា កូរ៉េខាងត្បូង មានបទពិសោធន៍ល្មមគ្រប់គ្រាន់ហើយថាតើវាជារឿងមិនសប្បាយចិត្តប៉ុណ្ណា ហើយត្រូវចំណាយពេលប៉ុន្មានដើម្បីប្រមូលសំរាម ក្រោយពីកូរ៉េខាងជើងបានបញ្ជូនសំរាម ១៥ តោនដោយប្រើបាឡុងចំនួន ៣.៥០០ គ្រឿង។កូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងចាត់វិធានការ «ធ្ងន់ធ្ងរ» ប្រឆាំងនឹងកូរ៉េខាងជើង សម្រាប់ការបញ្ជូនបាឡុងសំរាមឆ្លងព្រំដែន ដែលអាចរាប់បញ្ចូលទាំងការបំផ្ទុះការឃោសនាពីឧបករណ៍បំពងសម្លេងដែលតម្រង់ទៅកាន់កូរ៉េខាងជើង។សេចក្តីប្រកាសពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល (Yoon Suk Yeol) នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោកស្តីពីការឆ្លើយតបទៅនឹងអ្វីដែលទីក្រុងសេអ៊ូល បាននិយាយថាជាបាឡុងដឹកសំរាមជាង ៧០០ គ្រឿង ដែលទីក្រុងព្យុងយ៉ាង បានបញ្ជូនឆ្លងកាត់ព្រំដែនដើម្បីរំខានដល់អ្នកជិតខាងរបស់ខ្លួន។ ក្រុមប្រឹក្សានេះបានថ្កោលទោសបាឡុងសំរាម និងការកកស្ទះប្រព័ន្ធតាមដាន GPS ក្នុងពេលដំណាលគ្នាថាជា «ទង្វើបង្កហេតុដែលមិនសមហេតុផល»៕

UNRWA៖ តំបន់ហ្កាហ្សា ត្រូវការជំនួយស្បៀងអាហារឱ្យគ្រប់គ្រាន់ដើម្បីបញ្ចៀសទុរ្ភិក្ស

2024/06/03 04:20:36 pm        178
មន្ត្រីម្នាក់មកពីទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (UNRWA) នៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថា ប្រជាជននៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ ត្រូវការជំនួយស្បៀងអាហារយ៉ាងច្រើនដើម្បីគ្រប់គ្រាន់បញ្ចៀសគ្រោះទុរ្ភិក្ស។លោកស្រី អ៊ីណាស ហាមដាន (Inas Hamdan) មន្ត្រីព័ត៌មានសាធារណៈស្តីទីរបស់ទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA នៅហ្កាហ្សា បាននិយាយនៅក្នុងបទសម្ភាសន៍ផ្ទាល់នៅទីក្រុងគែរ ជាមួយបណ្តាញទូរទស្សន៍រដ្ឋ អាល់កាហេរ៉ា (Al-Qahera) របស់ប្រទេសអេហ្ស៊ីប ថា «មិនមានកន្លែងសុវត្ថិភាពនៅក្នុងតំបន់នេះទេ ហើយវិបត្តិមនុស្សធម៌កាន់តែស្មុគស្មាញ និងធ្ងន់ធ្ងរ»។លោកស្រីបានបន្តថា មជ្ឈមណ្ឌលជម្រកនៅក្នុងទីក្រុងខាន់យូនីស (Khan Younis) ភាគខាងត្បូង និងកណ្តាលហ្កាហ្សា ពោរពេញទៅដោយជនភៀសខ្លួនប៉ាឡេស្ទីនពីទីក្រុងរ៉ាហ្វា (Rafah) ដែលជាទីក្រុងចុងខាងត្បូងនៃតំបន់នេះ ស្របពេលមានការវាយប្រហាររបស់អ៊ីស្រាអែល។ លោកស្រីបានបន្ថែមថាក្រុមការងាររបស់ទីភ្នាក់ងារ UNRWA កំពុងព្យាយាមផ្តល់សេវាសុខភាព និងចែកចាយការផ្គត់ផ្គង់ស្បៀងអាហារដល់ទីជម្រកដែលត្រូវការជំនួយអាហារក្នុងចំនួនច្រើនដើម្បីបញ្ចៀសគ្រោះទុរភិក្ស។យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនជាង ៣៦.៤០០ នាក់បានស្លាប់ និងជាង ៨២.៦០០ នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមតួលេខដែលចេញផ្សាយដោយអាជ្ញាធរសុខាភិបាលហ្កាហ្សា ចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំ បន្ទាប់ពីក្រុមហាម៉ាស បានធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើភាគខាងត្បូងរដ្ឋជ្វីហ្វមួយនេះមក៕

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ ខ្លួនកំពុងវាយតម្លៃជម្រើសជំនួសការគ្រប់គ្រងរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា

2024/06/03 03:19:39 pm        188
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ ទី ២ ខែមិថុនា ថាអ៊ីស្រាអែលនឹងមិនទទួលយកក្រុមហាម៉ាស ឲ្យបន្តគ្រប់គ្រងតំបន់ហ្កាហ្សាក្នុងដំណាក់កាលណាមួយក្នុងអំឡុងពេលដំណើរការបញ្ចប់សង្គ្រាមនោះទេ ហើយថាខ្លួនកំពុងពិនិត្យមើលជម្រើសជំនួសក្រុមអ៊ីស្លាមនេះ។លោក យ៉ាវ ហ្គាឡិន (Yoav Gallant) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខណៈយើងធ្វើសកម្មភាពយោធាដ៏សំខាន់របស់យើង ការបង្កើតផ្នែកការពារជាតិកំពុងវាយតម្លៃក្នុងពេលដំណាលគ្នានូវជម្រើសគ្រប់គ្រងសម្រាប់ក្រុមហាម៉ាស។ លោក Gallant បាននិយាយថា យើងនឹងដាក់តំបន់នានាដាច់ដោយឡែក នៅហ្កាហ្សា ដោយដកប្រតិបត្តិករហាម៉ាសចេញពីតំបន់ទាំងនេះ ហើយណែនាំកងកម្លាំងដែលនឹងអនុញ្ញាតឱ្យមានរដ្ឋាភិបាលជំនួសដើម្បីបង្កើតឡើងជាជម្រើសដែលគំរាមកំហែងដល់ក្រុមហាម៉ាស។ លោកពុំបានបញ្ជាក់លម្អិតអំពីជម្រើសដែលអាចធ្វើទៅបាននោះទេ។ក្រុមហាម៉ាសគាំទ្រដោយអ៊ីរ៉ង់ ដែលគុំកួននឹងការបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែល បានគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីបចាប់តាំងពីឆ្នាំ ២០០៧ មួយឆ្នាំបន្ទាប់ពីខ្លួនបានឈ្នះការបោះឆ្នោតសភា និងបន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេលខ្លីជាមួយកងកម្លាំងសន្តិសុខពីអាជ្ញាធរប៉ាឡេស្ទីនដែលគាំទ្រដោយលោកខាងលិច។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា គណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែល ដែលលោក Gallant ជាសមាជិក ត្រូវគេរំពឹងថានឹងជួបប្រជុំគ្នានៅថ្ងៃក្រោយ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្ហាញកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយសម្រាប់ការរំសាយសង្គ្រាមនៅតំបន់ហ្កាហ្សា។ ក្រុមហាម៉ាស បានស្វាគមន៍ជាបណ្តោះអាសន្ននូវគំនិតផ្តួចផ្តើមនេះ ប៉ុន្តែមិនបានផ្តល់ការចង្អុលបង្ហាញថា ខ្លួនអាចចាកចេញ ឬដកហូតអាវុធដោយស្ម័គ្រចិត្តនោះទេ៕

ព្រឹទ្ធសភាកម្ពុជាសម្រេចបង្កើតមិត្តភាពព្រឹទ្ធសភា-រដ្ឋសភា ជាមួយប្រទេសចំនួន១១

2024/05/31 10:01:15 pm        182
ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ បានសម្រេចបង្កើតនូវមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្ដាប្រទេសជាមិត្តចំនួន ១១ ដែលមានប្រទេសស្ថិតក្នុងសមាជិកអាស៊ាន ក្នុងតំបន់អាស៊ី និងអឺរ៉ុប ។យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភានេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ មានរបៀបវារៈមួយចំនួន ក្នុងនោះ ទី១. ការពិនិត្យ និងសម្រេចអំពីការបង្កើត ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត, ទី២. ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការ ជាមួយអង្គការអន្តរសភា, ទី៣. ការពិនិត្យ និងសម្រេចអំពីការចាត់តាំង ក្រុមសមាជិកព្រឹទ្ធសភាកម្ពុជា សម្រាប់ត្រៀមសហការ និងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំ នៃអង្គការអន្តរសភា និងទី៤. ផ្សេងៗ ។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួច គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេច ទី១. បង្កើតក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្តចំនួន ១១ប្រទេស រួមមាន ព្រឹទ្ធសភានៃសាធារណរដ្ឋបារាំង, សភាប្រឹក្សានយោបាយប្រជាជនចិន, រដ្ឋសភាតួកគី, ព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃឡង់ដ៍, រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម, រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី, ព្រឹទ្ធសភាជប៉ុន, រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ, ព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងសភាសហព័ន្ធវ៉ាល់ឡូនី ព្រុចសែល ប៊ែលហ្ស៊ិក ។ទី២. បង្កើតក្រុមសមាជិកព្រឹទ្ធសភាកម្ពុជា ដែលទទួលបន្ទុកសហ-ប្រតិបត្តិការជាមួយអង្គការអន្តរសភាចំនួន៥ រួមមាន សភាប្រើភាសាបារាំង (Assemblée Parlementaire de la Francophonie – APF), សហភាពអន្តរសភា (Inter-Parliamentary Union – IPU), វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Parliamentary Forum – APPF), សភាតំបន់អាស៊ី (Asian Parliamentary Assembly – APA) និងបណ្តាញសភានៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement Parliamentary Network – NAM-PN) ។ទី៣. បង្កើតក្រុមសមាជិកព្រឹទ្ធសភាកម្ពុជាសម្រាប់ត្រៀមសហការ និងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភាចំនួន៤ រួមមាន អន្តរសភាអាស៊ាន (ASEAN Inter-Parliamentary Assembly – AIPA), កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (Cambodia - Laos - Viet Nam (CLV) Parliamentary Summit), ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (Asia-Europe Parliamentary Partnership – ASEP) និងសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (International Parliament for Tolerance and Peace – IPTP) ៕អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការប្រកួតជើងឯកអត្តពលកម្មជនពិការថ្នាក់ជាតិឆ្នាំនេះ ជា​ការ​ស្វែង​រក​កីឡាករ​ថ្មី​ត្រៀម​ចូល​រួម​កីឡា​អាស៊ី​នៅ​ជប៉ុន
09/15/2026 01:09 PM
យុវជនកម្ពុជា ប្តេជ្ញាអភិវឌ្ឍខ្លួនឱ្យក្លាយជាសហគ្រិនឆ្នើម ជំរុញកែច្នៃ និង​បង្កើត​ផលិតផល​ថ្មីៗ​លើ​ទីផ្សារ​
09/15/2026 12:09 PM
នាយករដ្ឋមន្ត្រីវ៉ានូអាទូ៖ ការលិចនាវាចម្លងសម្លាប់មនុស្ស២នាក់ និងជាង៣០នាក់ បាត់ខ្លួនអាចព្រោះតែដឹកមនុស្សលើចំណុះ
09/15/2026 12:09 PM
មន្ដ្រីទេសចរណ៍ រំពឹងព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នឹងបន្សល់ផលិតផល និងការចងចាំដ៏ល្អសម្រាប់ភ្ញៀវជាតិ-អន្ដរជាតិ
09/15/2026 12:09 PM
ពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តសៀមរាប
09/15/2026 12:09 PM
ក្រុមហ៊ូទី អបអរការដណ្តើមបានដែនដីភាគខាងលិចប្រទេសយេម៉ែន ក្រោយប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំ
09/15/2026 12:09 PM
អង្គការWHO នឹងកាត់ការផ្គត់ផ្គង់ប្រេងម៉ាស៊ូតដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពជាង២០កន្លែងនៅហ្កាហ្សា
09/15/2026 12:09 PM
រដ្ឋមន្ត្រីអ៊ីរ៉ង់ ប្រាប់ប្រធានសភាលីបង់ថា ការសម្របសម្រួលមានសារៈសំខាន់ក្នុងការប្រឆាំងការឈ្លានពានរបស់អ៊ីស្រាអែល
09/15/2026 12:09 PM
ក្រសួងកសិកម្ម ជំរុញការអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ដើម្បីបង្កើនប្រសិទ្ធភាព ចំណេញពេលវេលា និងថវិកា
09/15/2026 11:09 AM
កម្មករកាត់ដេរជឿជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បបរមានឹងអាចបន្តកើនឡើងថែមទៀតសម្រាប់ឆ្នាំ២០២៧
09/15/2026 11:09 AM