​សម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
ស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និង​ការ​អភិវឌ្ឍ​ទី​ក្រុង​រណប​អរិយក្សត្រ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ
សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ

នយោបាយ​ និង ការអភិវឌ្ឍន៍

បក្សនយោបាយ និង​តំណាង​និស្សិត​ខ្មែរ​មាន​សុទិដ្ឋិនិយម​ចំពោះ​ទស្សន​កិច្ច​សម្តេច​ធិបតី​នៅ​អាមេរិក​ និងអឺរ៉ុប

2026/02/16 08:13:16 pm        227
គណបក្សនយោបាយ និងតំណាងនិស្សិតខ្មែរដែលកំពុងសិក្សាក្នុងអឺរ៉ុប បានបង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ដំណើរ​ទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ទៅចូល​រួមកិច្ច​​ប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ និង​ទស្សនកិច្ចនៅប្រទេសមួយចំនួននៅអឺរ៉ុប គឺពិតជាមានសារសំខាន់និងបង្ហាញពីភាពខ្លាំង​របស់​កម្ពុជា​សម្រាប់ចលនាការទូត។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា ជាកិត្តិយសសម្រាប់ប្រទេសកម្ពុជាដែលឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ ពីព្រោះវាមានសារសំខាន់សម្រាប់កម្ពុជា។ ចំណែកលោក ខឺយ ស៊ីនឿន តំណាងនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសអ៊ីតាលី និងក្នុងអឺរ៉ុប បានសាទរចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិក និងធ្វើទស្សនកិច្ចនៅអឺរ៉ុប។ ដោយទស្សនកិច្ចដ៏មានសារសំខាន់នេះ និងបង្ហាញពីភាពខ្លាំងរបស់កម្ពុជាសម្រាប់ចលនាការទូតដែលបានគិតគូរយ៉ាងម៉ត់ចត់នៅក្នុងក្របខណ្ឌនយោបាយការបរទេស។សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅ​ចូលរួមកិច្ចប្រជុំ​ដំបូង​នៃក្រុម​ប្រឹក្សា​សន្តិភាព​នៅ​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះគឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្រប​តាម​សេចក្តី​សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបាន​អនុម័ត​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែង​ឆ្ពោះទៅ​រកការ​កសាង​ឡើ​ងវិញ នៅតំបន់ហ្គាហ្សា។ ជាមួយគ្នានេះដែរ មេដឹកនាំដែលអញ្ជើញ​ចូលរួមកិច្ចប្រជុំនេះ​ក៏រំពឹង​ថា​នឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភព​លោក​៕ អត្ថបទ៖ វង្ស សុភាព 

សមាជិក និងសកម្មជនគណបក្សប្រឆាំងចំនួន ៤៧នាក់ នៅឃុំតាលន់ ឃុំខ្ពប ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

2026/02/15 09:52:05 pm        307
កណ្តាល៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក រស់ ចំណាន ចុះទទួល ប្រជាពលរដ្ឋ ៤៧ នាក់ មកពីគណបក្សភ្លើងទៀន នៅឃុំតាលន់ ឃុំខ្ពប ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។សមាសភាពក្រុមការងារទាំងអស់រួមមាន៖ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក សឿង ចក់ ក្រុមការងារពិសេស លោក ហែម ប្រសិដ្ឋ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ហ៊ុន មករា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរមូលដ្ឋានមាន លោក ស្រេង គួយ ក្រុមប្រឹក្សាឃុំស្វាយប្រទាល និងលោក ហង្ស សាវុធ មេភូមិទួលស្ពឺ លោក មាំង ម៉ាប់ ក្រុមប្រឹក្សាឃុំតាលន់ ព្រមទាំងក្រុមការងារពិសេសជាច្រើននាក់ទៀតផងដែរ។ថ្លែងក្នុងពិធីសំណេះសំណាលនោះដែរ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ បានមានប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល លោក ជឺ គឹមហៃ ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្អាង ជូនចំពោះបងប្អូនស្ម័គ្រចិត្ត ចូលរួមមកពីគណបក្សភ្លើងទៀនទាំងអស់នៅទីនេះ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។លោក រស់ ចំណាន បានមានប្រសាសន៍ទៀតថា យើងត្រូវគាំទ្រ និងជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយអំពាវនាវ សូមបញ្ឈប់ការញុះញុងគ្នា​ ឈប់លាបពណ៌​ ឈប់ចាញ់ល្បិចក្រុមអគតិផ្សេងៗ​ ត្រូវបន្តការពារសន្តិភាពឲ្យបានយូរអង្វែង និងពង្រឹងការសាមគ្គីជាតិជាធ្លុងមួយគ្រប់ពេលវេលា​ ខិតខំអភិវឌ្ឍន៍ខ្លួន​ ឲ្យមានសមត្ថភាពកាន់តែខ្លាំងក្លា រឹងមាំ​ ដើម្បីជួយដល់សង្គមជាតិ និងប្រទេសជាតិរបស់យើង៕

មន្រ្ដីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា៖ នយោបាយ «ឈ្នះ ឈ្នះ» ជាឱសថ​ទិព្វ​ព្យាបាល​សង្គ្រាម​រ៉ាំរ៉ៃ និងកសាងសុខសន្តិភាពសម្រាប់កម្ពុជា

2026/02/15 04:55:30 pm        193
ថ្លែងក្នុងបាឋកថាស្តីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះ​ទៅ​សំឡូត» ឯកឧត្តម កែវ ពង្ស សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណប​ក្ស​ប្រជាជន​កម្ពុជា ​និងជាទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា បានមានប្រសាសន៍ថា នយោបាយ «ឈ្នះ ឈ្នះ» ប្រៀបបានជាឱសថទិព្វ ដែលជួយ​ព្យាបាល​សង្គ្រាម​រ៉ាំរ៉ៃនៅកម្ពុជា និងការបែកបាក់ជាតិអស់រយៈពេលជាច្រើនទសវត្សរ៍។ឯកឧត្តមបានសង្កត់ធ្ងន់ថា សុខសន្តិភាពរយៈពេលវែងជាលើកដំបូងមិនធ្លាប់មាន ក្នុង​រយៈ​ពេល​ជាង​ ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាផ្លែផ្កានៃនយោបាយ «ឈ្នះ ឈ្នះ» ដែល​បាន​ធ្វើឱ្យខ្មែរឈប់ប្រយុទ្ធគ្នា បិទបញ្ចប់ទំព័រសង្គ្រាម ហើយ​បើក​ទំព័រ​ថ្មី​នៃ​ការ​បង្រួប​បង្រួម​ជាតិ​ឱ្យ​ក្លាយ​ជាកម្លាំងតែមួយក្រោមដំបូលសន្តិភាព។ ជោគជ័យនេះ មិនមែនកើតចេញពីអាវុធ ឬ​អំណាច​យោធា​នោះទេ ប៉ុន្តែជាផលនៃប្រាជ្ញា ទស្សនវិស័យវែងឆ្ងាយ និងភាពក្លាហាន​ក្នុង​ការ​សម្រេច​ចិត្ត​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គទេសក៍​ឯក​នៃ​នយោបាយ​ «ឈ្នះ ឈ្នះ»។ជាមួយគ្នានេះ ឯកឧត្តមបានរំលឹកថា នយោបាយ «ឈ្នះ ឈ្នះ» ឈរលើគោលការណ៍ស្នូល ៣ គឺ ការ​ធានាអាយុជីវិត ធានាទ្រព្យសម្បត្តិ និងការធានាតួនាទី។ គោល​ការណ៍​ទាំង​នេះ​បាន​បង្កើត​ទំនុក​ចិត្ត និងផ្តល់សុវត្ថិភាពដល់គ្រប់ភាគីពាក់ព័ន្ធ បើកផ្លូវដល់ការចរចា​បញ្ចប់​សង្គ្រាម​ដោយ​សន្តិ​វិធី ​ដោយគ្មានការសងសឹក និងគ្មានអ្នកចាញ់។ លើសពីគោលការណ៍ទាំង៣នេះ ឯកឧត្តម​បាន​បន្ថែម​ថា កត្តាសំខាន់បំផុតគឺ «កត្តាតេជោ»។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ​ជា​ស្ថាបនិក និងមគ្គទេសក៍សន្តិភាពដែលឈ្លាសវៃ មានភាពអត់ធ្មត់ ក្លាហាន និងមានការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​អនាគតជាតិ។ សម្ដេច បានត្រួសត្រាយឆ្ពោះទៅ​រក​ផ្លូវ​សន្តិភាព​ដោយ​មិន​មាន​ការ​បង្ហូរ​ឈាម​សូម្បីមួយតំណក់។ក្នុងនាមជាប្រតិបត្តិករ និងជាសាក្សីរស់នៃដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់នេះ ឯកឧត្ត​ម​បាន​បង្ហាញ​ការ​ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងទស្សនវិស័យដឹកនាំរបស់ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ព្រមទាំងបាន​ចែករំលែក​នូវ​បទ​ពិសោធជា​ក់ស្តែង​របស់​ឯកឧត្តម​ក្នុង​ការ​អនុវ​ត្ត​តាមនយោបាយ ឈ្នះ ឈ្នះ ជាពិសេសមូលដ្ឋានគ្រឹះនៃការគ្រប់គ្រង ការដឹកនាំ និង​ការ​ដោះ​ស្រាយ​បញ្ហា ដល់ថ្នាលយុវជនបក្សជំនាន់ក្រោយ ដើម្បីជាធាតុចូល​ក្នុង​ការ​បំពេញ​ការ​ងារ​ជូន​គណបក្ស និងបន្តថែរក្សាមរតកសន្តិភាពឱ្យបានស្ថិតស្ថេរយូរអង្វែង៕

ក្រសួងសាធារណការ៖ ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រារួចរាល់​នឹងជំរុញ​សេដ្ឋកិច្ច​រីកចម្រើន

2026/02/12 08:49:20 pm        348
គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជិត៦០ភាគរយ ដោយ គិតត្រឹមចុងខែមករា ឆ្នាំ២០២៦នេះ។ បន្ទាប់ពីស្ពាននេះ ត្រូវបានសាងសង់រួចរាល់ វានឹង​ក្លាយ​ជាចំណែកមួយ ជួយជំរុញឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនបន្ថែម។ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១២ខែកុម្ភនេះ បាន​ប្រាប់BTVឲ្យដឹងថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៦នេះ គម្រោងសាងសង់​ស្ពានឆ្លង​ទន្លេបាសាក់​ចាក់​អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៥៨,២២ % ដែលក្នុង​មានដូចជា៖ ផ្នែក​គ្រឹះស្ពាន រចនាសម្ព័ន្ធក្រោមស្ពាន និងបណ្តាញ ផ្លូវតភ្ជាប់ជាដើម។ ឯកឧត្តមបានបន្តទៀតថា ពេលស្ពាននេះសាងសង់រួច នឹងផ្តល់​អត្ថ​ប្រយោជន៍​ជាច្រើន​រួម​មាន៖ កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ ជួយ​ពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និង​ភស្តុភារ​កម្មនៅក្នុងតំបន់រាជធានីភ្នំពេញ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ពលរដ្ឋរស់​នៅក្បែរស្ពានចាក់អង្រែក្រោម-ព្រែកប្រា បានបង្ហាញអារម្មណ៍រីករាយ និងជឿជាក់ថា បន្ទាប់​ពីស្ពាននេះ សាងរួចរាល់រាល់ នឹងជួយការបន្ថយការកកស្ទុះចរាចរណ៍ និងធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចំរើន​។ស្ពានឆ្លងទន្លេបាសាក់ពីចាក់អង្រែក្រោម-ព្រែកប្រា បានបើកការដ្ឋានសាង់សងនៅថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា។ ស្ពាននេះ ប្រើប្រាស់ថវិកា​សាង​សង់​ជាង ៦០​លាន​ដុល្លារ​អាមេរិក ​និងតាមការគ្រោងទុកប្រើរយៈពេលសាងសង់៤២ខែ៕ អត្ថបទ៖ ទូច សោភ័ណ

កម្ពុជា និងឡាវ នឹងខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត​រហូត​ដល់ ៧០០​លានដុល្លារនាពេលខាងមុខ

2026/02/07 09:41:47 pm        530
កម្ពុជា និងឡាវ បាន​សន្យារួមគ្នាថា​នឹង​ខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​បន្ថែមទៀត ពោលគឺរហូតដល់ ៧០០លានដុល្លារអាមេរិក ខណៈ​បច្ចុប្បន្ន​មាន​ត្រឹម​តែ​ជាង ២០០​លាន​ដុល្លារនោះ។ នេះបើតាមអ្នកនាំពាក្យរបស់គណកប្សប្រជាជនកម្ពុជា ឯកឧត្តម ជា ធីរិទ្ធ។ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំកំពូលលើកទី១៦ រវាងគណបក្សប្រជាជនកម្ពុជា និង​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ ដែលកម្ពុជាដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ភាគី​ឡាវ​ដឹក​នាំ​ដោយ​ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីតអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និង​ជា​ប្រធាន​រដ្ឋ​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅ​រាជ​ធានី​ភ្នំពេញ ឯកឧត្តម ជា ធីរិទ្ធ បានលើក ឡើងថា នៅក្នុងកិច្ចប្រជុំទ្វេភាគីនេះ ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ប្រទេសទាំងពីរបានពិភាក្សាគ្នាជាច្រើនទាក់ទង នឹងកិច្ចសហប្រតិបត្តិការ​ទាំង​ក្រប​ខណ្ឌ​គណបក្ស និងក្រខណ្ឌរាជរដ្ឋាភិបាល ដោយក្នុងនោះភាគីទាំងពីរ សង្កត់ធ្ងន់​ចំពោះ​ការ​បន្ត​ពួន​ជ្រុំ​ទំនាក់​ទំនង​គ្នាឲ្យ​កាន់តែល្អប្រសើរបន្ថែមទៀតនាពេលអនាគត។ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមទៀតថា ដើម្បីផលប្រយោជន៍របស់ប្រជាជន និង​ប្រទេស​ទាំង​ពីរនោះ ទាំងថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរ និងរាជរដ្ឋាភិបាលប្រទេសទាំងពីរ នឹង​ខិត​ខំ​ជំរុញ​ទំហំពាណិជ្ជិកម្មទ្វេភាគីឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត រួមទាំងពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​តាម​ព្រំដែ​ន ដើម្បីឲ្យក្លាយជាព្រំដែនមានការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពជានិរន្ត។បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ជា ធីរិទ្ធ បាន​បញ្ជាក់​ឲ្យ​ដឹងថា «នៅ​ក្នុង​កិច្ច​ប្រជុំ​នេះប្រមុខដឹកនាំគណបក្សទាំងពីរ គឺបានសម្តែងនូវ​ការ​ពេញ​ចិត្ត​ចំពោះ​សុវត្ថិភាព​សន្តិសុខ ​សន្តិភាពនៅតាមព្រំដែន ដោយទាំងសម្តេចតេជោ ឯកឧត្តម ថងលុន ស៊ីសុលីត ទាំង​នាយក​រដ្ឋមន្រ្តីនៃប្រទេសទាំងពីរគឺសុទ្ធតែបានបង្ហាញការពេញចិត្តថាប្រទេសកម្ពុជា និង​ប្រទេស​ឡាវ ​នៅតាមព្រំដែន គឺមានសន្តិភាព មិត្តភាព សហប្រតិបត្តិការជាមួយគ្នា ដែលនេះ​បាន​ស្តែង​យ៉ាង​សកម្ម​ក្នុងការយល់គ្នាទៅវិញទៅមក»។សូមបញ្ជាក់ថា កម្ពុជា និងឡាវ បានឯកភាពគ្នាបោះបង្គោលព្រំដែនរួមគ្នាសម្រេចបានប្រមាណ ៨៦​ភាគរយហើយ ដោយនៅសល់១៤​ភាគ​រយ​ទៀត​ភាគី​ទំាង​ពីរ​នឹង​ប​ន្ត​ដោះ​ស្រាយ​គ្នាដោ​យ​សន្តិវិធី​ ដើម្បីសម្រេចបានជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ៕ អត្ថបទបាន ចក់

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួល​បដិ​សណ្ឋារកិ​ច្ចស្វាគមន៍ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តរដ្ឋវៀតណាម មកបំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា

2026/02/06 06:06:38 pm        230
នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួល​បដិ​សណ្ឋារកិច្ចស្វាគមន៍ផ្លូវរដ្ឋជូន ឯកឧត្តម តូ ឡឹម អគ្គលេខា​ធិការ​បក្សកុម្មុយនីស្តវៀតណាម ជាមួយ​នឹងជំនួបសាវនាកាផងដែរ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញបំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា។ យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា។ ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមអគ្គលេខាធិការបក្ស គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ​វិមាន​ឯក​រាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមណ្ឌបមិត្ត​ភាព​កម្ពុជា-វៀតណាម។ ក្រៅពីកម្មវិធីការងារក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋហើយនោះ ឯកឧត្តម តូ ឡឹម ក៏នឹងមានកម្មវិធីក្នុងក្របខ័ណ្ឌបក្សនយោបាយផងដែរ។ ក្នុងក្របខ័ណ្ឌបក្សនយោបាយ ឯកឧត្តម តូ ឡឹម នឹងមានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា។ ហើយក៏មានជំនួបត្រីភាគី​រវាង សម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម តូ ឡឹម និងឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវផងដែរ។ បន្ថែមពីលើនោះ ឯកឧត្តម តូ ឡឹម និងសម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញជា​អធិប​តី​ក្នុង​ពិធីបញ្ចុះបឋមសិលាសាងសង់អគាសិក្សានៅសាលារៀនមួយកន្លែងក្នុងខណ្ឌដង្កោ ដែលជាជំនួយរបស់ប្រទេសវៀតណាមផងដែរ។ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម អគ្គលេខាធិការ តូ ឡឹម ត្រូវបានក្រសួងការបរទេស​កម្ពុជា ចាត់ទុកជាការពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងវៀតណាម និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវ​កិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី «ភាពជា​អ្នក​ជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព​យូរ​អង្វែង» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕

អគ្គលេខា​ធិការ​បក្សកុម្មុយនីស្តវៀតណាម អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញ​ទស្សនកិច្ចផ្លូវរដ្ឋ​​រយៈពេលមួយថ្ងៃ

2026/02/06 03:19:30 pm        541
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម តូ ឡឹម អគ្គលេខា​ធិការ​បក្សកុម្មុយនីស្តវៀតណាម ដែលជាឥស្សរជនដ៏មានឥទ្ធិពលរបស់វៀតណាម​ នាពេល​បច្ចុប្បន្ន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ​រយៈ​ពេលមួយថ្ងៃ។អញ្ជើញទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយសម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកជារដ្ឋមន្ត្រីអមគណៈប្រតិភូ។ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា។

គម្រោងស្ថាបនាស្ពានបេតុងប្រវែង១៤៤ម៉ែត្រ កាត់ស្ទឹងក្រវាញ ក្នុង​ខេត្តពោធិ៍សាត់​សម្រេច​លទ្ធផល​បាន​ ៥៥.៥០%

2026/02/04 06:59:54 pm        441
ពោធិ៍សាត់៖ គម្រោងស្ថាបនាស្ពានបេតុងថ្មីមួយកន្លែងឆ្លងកាត់ស្ទឹងក្រវាញ តភ្ជាប់ពី ភូមិបោះពួយ ឃុំលាច ទៅកាន់ភូមិព្រែកបី ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានប្រវែង១៤៤ម៉ែត្រ ទទឹង ១០​ម៉ែត្រ ជំនួសស្ពានដែកបេឡេតិ៍ចាស់ទ្រុឌទ្រោម បច្ចុប្បន្នសម្រេច​លទ្ធ​ផល​បាន​ ៥៥.៥០% នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ធីម សុធារ៉ា ប្រធានមន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្តពោធិ៍សាត់។លោកប្រធានមន្ទីរបានបន្ថែមថា គម្រោងស្ពានបេតុងប្រវែង១៤៤ម៉ែត្រនេះ ត្រូវ​បាន​បើក​ការដ្ឋាន​សាង​សង់​នា​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ដោយប្រើប្រាស់ថវិការជាតិ តាម​រយៈ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និងអនុវត្តន៍គម្រោងដោយ កងវិស្វកម្មលេខ១៨១ ស្ពាន-ថ្នល់ ដឹក​នាំ​ដោយឧត្តមសេនីយ៍ត្រី គង់ ចន្ទខេមរា។ គម្រោងស្ពានបេតុងប្រវែង ១៤៤ម៉ែត្រនេះ គឺជា​សរសៃ​ឈាម​សេដ្ឋកិច្ច​យ៉ាង​សំខាន់​របស់ប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញទាំងមូល ជួយសម្រួល​ការ​លំបាក​ឆ្លើយ​តប​ទៅនឹ​ងតម្រូវការរបស់ប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរ ជំនួសស្ពាន​ដែក​បាឡេចាស់​ដែល​មាន​សភាពទ្រុឌទ្រោម និងតូចចង្អៀតប្រវែង១៣៨ម៉ែត្រ ទទឹង៤ម៉ែត្រ។ ស្ពានបេតុងប្រវែង១៤៤ម៉ែត្រនេះ គឺ​ជា​ចំណង​ដៃ​ថ្មី​មួយ​បន្ថែម​ទៀត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេចបរវធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល។ ស្ពានថ្មីនេះ រួមនិង​សមិទ្ធ​ផល​ធំ​ៗ​ជា​ច្រើន​ក្នុង​ខេត្ត​ពោធិ៍សាត់ ​គឺជាផ្លែផ្កាដែលកើតចេញពីសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាំយក​មក​ជូន​ប្រជាជន និង​សង្គមជាតិយើង តាមរយៈនយោបាយឈ្នះឈ្នះ ដូចនេះបើយើង​រួម​គ្នា​ថែ​រក្សា​សន្តិភាព​ យើងនឹងទទួលបានផ្លែផ្កាពីសន្តិភាពបន្ថែមទៀត ដែលជាប្រយោជន៍​រួម​សម្រាប់​ប្រជាព​លរដ្ឋ និង​ប្រទេសជាតិយើងកាន់តែរីកចម្រើនរុងរឿង ។ ក្រសួងអភិវឌ្ឍន៍​ជនបទ​ដែល​ជា​សេនា​ធិការ​របស់​រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោ​យ​បានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម័ន្ធផ្លូវ ស្ពាន ជនបទ ដោយប្រែក្លាយពីផ្លូវដីសរ ទៅ​ជា​ផ្លូវ​គ្រួស​ក្រហម ពីផ្លូវគ្រួសក្រហមទៅ ជាផ្លូវកៅស៊ូរ ឬផ្លូវបេតុង ពីស្ពានឈើ ស្ពានដែក មក​ជា​ស្ពាន​បេតុង​រឹងមាំ៕

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងមមាញឹកស្ថាបនាផ្លូវកៅស៊ូ DBST ចំនួន២ខ្សែ ជូនប្រជាពលរដ្ឋ​ក្នុង​ស្រុកវាលវែង

2026/01/28 09:39:35 pm        373
ពោធិ៍សាត់៖ ផ្លូវចំនួន២ខ្សែ បម្រើចរាចរណ៍ដ៏សំខាន់ និង​ជា​សរសៃ​ឈាមសេដ្ឋកិច្ច​របស់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ភូមិ ក្នុងឃុំប្រម៉ោយ និងឃុំក្រពើពីរ តភ្ជាប់មកផ្លូវជាតិលេខ៥៥ ឆ្ពោះទៅ​ទី​រួម​ស្រុក​វាល​វែង ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ កំពុងស្ថាបនាប្រែក្លាយទៅជាផ្លូវកៅស៊ូពីរជាន់ DBST មាន​ភាព​ធំទូលាយ ងាយស្រួលធ្វើដំណើរ ជំនួសឲ្យផ្លូវចាស់តូចចង្អៀត តាមរយៈ​គម្រោង​គាំទ្រ​និរន្តរ​ភាព​ហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករនិងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)។លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់បានឲ្យដឹងថា ផ្លូវ​ទាំង​០២​ខ្សែនេះ​មាន​ប្រវែង​សរុប ជិត១៥គីឡូម៉ែត្រ បូករួមនិងសំណង់លូជាច្រើនកន្លែង ដោយមានប្រជា​ពលរដ្ឋ​ជា​អ្នក​ប្រើ​ប្រាស់អាស្រ័យផលដោយផ្ទាល់ចំនួន៥៧៨០គ្រួសារ និងប្រជាពលរ​ដ្ឋ​អាស្រ័យ​ផល​ដោយ​ប្រយោល​ប្រមាណ ៤០០០គ្រួសារ ក្នុងនោះផ្លូវខ្សែទី១ ភ្ជាប់ពីផ្លូវជាតិលេខ៥៥ ទៅកំប៉ង មាន​ប្រវែង ៧២៣២ម៉ែត្រ សម្រេចការសាងសង់បានជិត២៨ភាគរយ ចំណែកខ្សែទី២ គឺផ្លូវ​ស្ទឹង​ថ្មី-ទំព័រ ប្រវែង៧៤១៥ម៉ែត្រ សម្រេចការសាងសង់បាន១០ភាគរយ ។ លោកប្រធានមន្ទីរ បាន​បញ្ជាក់​បន្ថែមថា តាមផែនការគ្រោងទុក ផ្លូវទាំង០២ខ្សែនេះ នឹងស្ថាបនា​រួច​រាល់​ ១០០​ភាគ​រយ​នៅ​ចុង​ឆ្នាំ​២០២៦។សូមជម្រាបជូនថា រាជដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ថវិកា​ពី​មូលនិ​ធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​កសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហគមន៍អឺរ៉ុប (EU) ដើម្បី​អនុវត្ត​គម្រោង​គាំទ្រ​និរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ហៅ​កាត់​ថា​គម្រោង SAAMBAT តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។ ទិសដៅគម្រោងគឺ “ដើម្បី​កាត់​បន្ថយ​ភាពក្រីក្រ និងពង្រឹងសន្តិសុខស្បៀង” ។ គោលបំណងនៃការអភិវឌ្ឍន៍របស់គម្រោងគឺ ដើម្បី​បង្កើនផលិតភាពរបស់ យុវជន សហគ្រាស និងសេដ្ឋកិច្ច នៅតំបន់ជនបទ។ បច្ចុប្បន្ន​គម្រោង SAAMBAT គ្រប់ដណ្តប់ក្នុងខេត្តចំនួន១២ ដោយ​ខេត្តពោធិ៍សាត់​ទទួលបាន​ផ្លូវ​ចំនួន​៨​ខ្សែ ​មានប្រវែងសរុប៥១១៧០ម៉ែត្រ ក្នុងនោះស្រុក​តាលោសែនជ័យ​ទទួល​បាន​ផ្លូវ​១​ខ្សែ​ស្ថាបនា​រួច​រាល់​ក្នុង​ជំហានទី១ ស្រុកវាលវែងទទួលបាន០២ខ្សែកំពុងស្ថាបនា និងស្រុកកណ្តៀង​ទទួល​បាន​ចំនួន០៥​ខ្សែ​កំពុងស្ថាបនា៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី

2026/01/17 07:26:13 pm        263
ដោយមានអារម្មណ៍សោកសៅជាពន់ពេកនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ត​អញ្ជើញ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​វីរកងទ័​ព​ដោយ​ផ្ទាល់​នៅ​គេហដ្ឋាន​របស់​សព​ នៅក្នុងមូលដ្ឋានខេត្តក្រចេះ។ស្ថិតក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍​ចូល​រួម​រំលែក​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់​ក្រុម​គ្រួសារ​នៃ​សពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយ​នូវ​អំណោយ​ដ៏​ថ្លៃ​ថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួល​ដល់​ការ​រស់​នៅប្រចាំថ្ងៃ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ទំនាក់ទំនងការទូតមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា-ថៃ មានលក្ខណៈវិជ្ជមានជាមួយគ្នា
10/20/2026 08:10 PM
គណៈកម្មការផ្សះផ្សា UNCLOS បានឯកភាពបញ្ចូលរាល់អ្វីដែលកម្ពុជាបានស្នើនៅក្នុងកញ្ចប់វិធានការកសាងជំនឿទុកចិត្ត
10/20/2026 08:10 PM
កម្ពុជាស្នើ ៤ចំណុចសំខាន់ទៅ គណៈកម្មការផ្សះផ្សា UNCLOS ដើម្បី កម្ពុជា-ថៃ ថយភាពតានតឹង កើនទំនុកចិត្តឡើងវិញ
10/20/2026 08:10 PM
UNHCR៖ មនុស្ស​ជាង ២៥០.០០០នាក់ បានភៀសខ្លួននៅយេម៉ែន តាំងពីខែសីហា ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំង​ក្លា​
10/20/2026 07:10 PM
លោក Rubio៖ អាមេរិកនឹងពិភាក្សាលើការចម្រាញ់ប្រេងរបស់វេណេស៊ុយអេឡាជាមួយក្រុមហ៊ុនឥណ្ឌា Reliance
10/20/2026 07:10 PM
នគរបាល​រុះរើជំរំតវ៉ា ពាក់ព័ន្ធបញ្ហាផ្ទះសម្បែង នៅព័រទុយហ្គាល់ ដោយចាប់ខ្លួន​មនុស្ស​ជាង ៥០នាក់ ​
10/20/2026 07:10 PM
ភ្លើងឆេះព្រៃឥណ្ឌូនេស៊ី បង្កឲ្យមានបាតុកម្មដែលក្រុមសកម្មជនទាមទារឲ្យមានវិធានការដោះស្រាយផ្សែងអ័ព្ទ
10/20/2026 07:10 PM
មនុស្សជាង​ ១០នាក់ស្លាប់ក្នុងគ្រោះ​ថ្នាក់ចរាចរណ៍​​រថយន្តក្រុងបុកជាមួយរថយន្តដឹកទំនិញ នៅអេហ្ស៊ីប
10/20/2026 07:10 PM
វិមានក្រឹមឡាំងសង្ឃឹមថា ជំនួបលោក Putin-Witkoff អាចនឹងរៀបចំឡើង ដើម្បីពិភាក្សាពីសង្រ្គាមអ៊ុយក្រែន
10/20/2026 06:10 PM
ក្រុមកុបករចូលលួចក្នុងហាងលក់គ្រឿងអលង្ការនៅទីក្រុង Lyon អំឡុងបាតុកម្មនៅបារាំង
10/20/2026 06:10 PM