សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព
ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអាល្លឺម៉ង់កម្ពុជាប្ដេជ្ញាខិតខំលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខរដ្ឋឡាវចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រ

2024/04/23 06:33:25 pm        192
ប្រមុខរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតឡាវ ឯកឧត្តម ថងលុន ស៊ីសុលីត និងលោកជំទាវទី១ ចាប់​ផ្តើម​អញ្ជើញ​បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដែលទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ជាក់ស្តែង ការចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រមុខរដ្ឋឡាវ ឯកឧត្តម ថងលុន ស៊ីសុលីត និង​លោកជំទាវទី១ ដែលបានអញ្ជើញដល់កម្ពុជានៅថ្ងៃនេះ បានទទួល​បដិសណ្ឋាកិច្ច​ស្វាគមន៍​ពី​សំណាក់​ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ច​ការទូទៅអមក្រសួងព្រះបរមរាជវាំង និងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និង​សាសនា ក៏ដូចជាមហាជននៃប្រទេសទាំងពីរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ បន្ទាប់​ពីអញ្ជើញដល់ប្រទេសកម្ពុជា ប្រមុខរដ្ឋឡាវ និងលោកជំទាវទី១ បានអញ្ជើញ​ក្រាប​បង្គំ​គាល់​ និងទទួលជួបសវនាការក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះករុណព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង។ ក្រៅ​ពី​នោះ​ឯកឧត្តម ថងលុន ស៊ីសុលីត បានបន្តអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និង​ដាក់​កម្រង​ផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរូបព្រះបរមរតនកោដ្ឋផងដែរ។ការបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធារដ្ឋឡាវ និងលោកជំទាវទី១ គឺ​ជា​ទស្សន​កិច្ច លើកទី១ សម្រាប់ឆ្នាំ២០២៤ ខណៈមុនការបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រមុ​ខរដ្ឋឡាវ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដឹកនាំ​គណៈប្រតិភូទៅ​កាន់​ប្រទេស​ឡាវ និងបានជួបសម្តែងការគួរសមជាមួយប្រមុខរដ្ឋឡាវ កាលពីអំឡុងពីខែមីនា ឆ្នាំ​២០២៤។ សូមជម្រាបថា កម្ពុជា-ឡាវ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​១៩៥៦ ដែលទំនាក់ទំនងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង​យូរ​អង្វែង៕ អត្ថបទ សេក ឧត្តម 

ចិនប្រកាន់យកជំហរដ៏តឹងរ៉ឹងលើកោះតៃវ៉ាន់ និងជម្លោះផ្សេងទៀតនៅឯការប្រមូលផ្តុំកងទ័ពជើងទឹកអន្តរជាតិ

2024/04/23 05:37:14 pm        251
មេដឹកនាំយោធាជាន់ខ្ពស់មួយរូបរបស់ប្រទេសចិនបានប្រកាន់ជំហរដ៏តឹងរ៉ឹងលើជម្លោះទឹកដីក្នុងតំបន់ ដោយប្រាប់ព្រឹត្តិការណ៍ប្រមូលផ្តុំកងទ័ពជើងទឹកអន្តរជាតិនៅភាគឦសានប្រទេសចិនកាលពីថ្ងៃចន្ទទី២២មេសាសប្ដាហ៍នេះថា ប្រទេសនេះនឹងវាយបកវិញដោយកម្លាំង ប្រសិនបើផលប្រយោជន៍របស់ខ្លួនស្ថិតនៅក្រោមការគំរាមកំហែងណាមួយនោះ។ កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៩នៃសន្និសិទកងទ័ពជើងទឹកប៉ាស៊ីហ្វិកខាងលិច បានបើកនៅក្នុងទីក្រុង កំពង់ផែឈីងតាវ(Qingdao)ជាមូលដ្ឋានទ័ពកងកម្លាំងទ័ពជើងទឹកភាគខាងជើង របស់ប្រទេសចិន ដែលកំពុងធ្វើសកម្មភាពដ៏រស់រវើកក្នុងការពង្រីកយោធាដ៏ធំរបស់ប្រទេសចិនក្នុងរយៈពេលពីរទស្សវត្សកន្លងមក ដែលបានមើលឃើញថាខ្លួនសាងសង់ឬជួសជុលនាវាផ្ទុកយន្តហោះចំនួនបី។កិច្ចពិភាក្សារយៈពេលពីរថ្ងៃបានទាក់ទាញតំណាងមកពីដៃគូ និងដៃគូប្រកួតប្រជែង រួមមាន អូស្ត្រាលី កម្ពុជា ឈីលី បារាំង ឥណ្ឌា និងសហរដ្ឋអាមេរិក ហើយកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងលើសកម្មភាពអះអាងសិទ្ធិគ្រប់គ្រងរបស់ចិននៅច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងកើត និងខាងត្បូង ខណៈកងទ័ពជើងទឹករបស់ចិន បានរីកចម្រើនទៅជាអង្គភាពកងទ័ពដ៏ធំបំផុតរបស់ពិភពលោកតាមរយៈចំនួនអង្គភាពរួមរបស់ខ្លួន ។ លោក ចាង យ៉ូស្ហា (Zhang Youxia) អនុប្រធានគណៈកម្មការយោធាមជ្ឈិមបក្សកុម្មុយនិស្តកំពុងកាន់អំណាចដែលគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធបាននិយាយអំពី ការអភិវឌ្ឍន៍រួម ហើយបាននិយាយថា ការបំបែកបំបាក់គ្នា ការប៉ះទង្គិចគ្នា និងការប្រឈមដាក់គ្នា នឹងបានត្រឹមតែធ្វើឲ្យពិភពលោកបែកបាក់ទៅជាប្រជុំកោះដាច់ពីគ្នាដោយព្យាយាមប្រជែងគ្នាទៅវិញទៅមកព្រោះតែការសង្ស័យ។បន្ទាប់មកលោកបានងាកទៅរកការអះអាងសិទ្ធិគ្រប់គ្រងទឹកដីរបស់ប្រទេសចិនដែលមិនត្រូវបានទទួលស្គាល់នៅក្រោមច្បាប់អន្តរជាតិ ហើយក្នុងករណីខ្លះត្រូវបានបដិសេធ។ទីក្រុងប៉េកាំងពុំអើពើរ សេចក្តីសម្រេចដែលខ្លួនមិនពេញចិត្ត ជាពិសេសនៅក្នុងសមុទ្រចិនខាងត្បូង កំពុងមានជម្លោះជាមួយភាគី៥ប្រទេសផ្សេងទៀតលើកោះ ផ្លូវទឹក និងធនធានបាតសមុទ្រ៕

បេសកជនរបស់ប្រទេសចិន អំពាវនាវឲ្យសហរដ្ឋអាមេរិករិះរកវិធីត្រឹមត្រូវដើម្បីចុះសម្រុងជាមួយចិន

2024/04/23 04:29:24 pm        269
បេសកជនមួយរូបរបស់ប្រទេសចិន បានអំពាវនាវឱ្យសហរដ្ឋអាមេរិកធ្វើការជាមួយប្រទេសចិន និងស្វែងរកមធ្យោបាយត្រឹមត្រូវដើម្បីឲ្យចុះសម្រុងគ្នាជាមួយចិន ក្នុងយុគសម័យថ្មី ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។លោកបាននិយាយថា សម្រាប់ការបន្តធ្វើទំនើបកម្មរបស់ចិន និងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ បរិយាកាសអន្តរជាតិប្រកបដោយសន្តិភាព គឺជាកត្តាចាំបាច់ និងទំនាក់ទំនងប្រកបដោយស្ថិរភាពរវាងប្រទេសចិន និងសហរដ្ឋអាមេរិក គឺជារឿងសំខាន់ណាស់។ បេសកជនរូបនេះបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយភាគីសហរដ្ឋអាមេរិក និងចាត់វិធានការជាក់ស្តែងដើម្បីអនុវត្តការឯកភាពដ៏សំខាន់ដែលសម្រេចបានរវាងប្រមុខរដ្ឋទាំងពីរ ដើម្បីប្រែក្លាយ ចក្ខុវិស័យទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ "San Francisco Vision" ឱ្យក្លាយជាការពិត និងដឹកនាំទំនាក់ទំនងឆ្ពោះទៅមុខតាមគន្លងនៃការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងនិរន្តរភាព។ លោក Xie បានលើកឡើង៥ចំណុចទាក់ទងទំនាក់ទំនងរវាងចិន-អាមេរិក ដោយនិយាយថា ភាគីទាំងពីរគួរតែរួមគ្នាអភិវឌ្ឍការយល់ឃើញត្រឹមត្រូវចំពោះគ្នាទៅវិញទៅមក គ្រប់គ្រងការខ្វែងគំនិតគ្នាប្រកបដោយប្រសិទ្ធភាព ជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកប្រកបដោយទំនួលខុសត្រូវ ជាប្រទេសមហាអំណាច និងជំរុញការផ្លាស់ប្តូរប្រជាជនទៅប្រជាជន។ លោក ហ្វឹងស៊ី ( Feng Xie)និយាយថា ទំនាក់ទំនងចិន-អាមេរិក មិនអាចត្រលប់ទៅអតីតកាលបានទេ ប៉ុន្តែប្រទេសទាំងពីរអាចរួមគ្នាឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់។ ក្តីសង្ឃឹមស្ថិតនៅលើយុវជន ដែលត្រូវបានគេស្គាល់ថាមានភាពរឹងមាំ ភាពច្នៃប្រឌិត និងឆន្ទៈក្នុងការធ្វើសកម្មភាព។លោកបានលើកទឹកចិត្តយុវជនអាមេរិកឱ្យធ្វើដំណើរទៅកាន់ប្រទេសចិន រួមចំណែកប្រកបដោយប្រាជ្ញាឈ្លាសវៃអំពីរបៀបដែលប្រទេសទាំងពីរអាចចុះសម្រុងគ្នា និងជំរុញការផ្លាស់ប្តូរ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីបង្កើតអនាគតមួយដែលមានសន្តិភាព និងវិបុលភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នា៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តកាតព្វកិច្ច អនុសញ្ញាអូតាវ៉ា

2024/04/22 10:49:53 pm        153
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​ថា​កម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់ នៅក្នុងការអនុវត្តកាតព្វកិច្ច ដែលមានចែង​ក្នុង​អនុសញ្ញា​ស្តីពី​ការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និង​ការបំផ្លាញគ្រាប់មីន ឬ ហៅកាត់ថា អនុសញ្ញាអូតាវ៉ា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្រោមប្រធានបទ “ការប្រើប្រាស់ នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក” នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីបាងកក ប្រទេសថៃ។ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ ពាក់ព័ន្ធនឹងបញ្ហាប្រឈមរួមនៃតំបន់ និងសកល ដោយសម្តេចបានលើកឡើងអំពី បញ្ហានៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលនៅតែជាឧបសគ្គដ៏ធំមួយ សម្រាប់ការអភិវឌ្ឍជារួម បូករួមទាំងការបង្រួមគម្លាតឌីជីថល និងការទទួលបាននូវសេវាអ៊ីនធឺណិត ដែលមានគុណភាព។ សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ដោយទទួលស្គាល់នូវភាពចាំបាច់នៃបញ្ហានេះសកម្មភាពមីនត្រូវបានបញ្ចូលទៅជា គោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។ កម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការអនុវត្តកាតព្វកិច្ច ដែលមានចែងក្នុងអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនឬហៅកាត់ថា អនុសញ្ញាអូតាវ៉ា។ សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យ ឡើងវិញលើកទី ៥ ក្រោមប្រធាបទ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីអំពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ដល់ ថ្ងៃ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤។ សម្តេចធិបតីបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់នូវអាវុធដ៏សាហាវនេះ ក៏ដូចជាគាំទ្រ និងចូលរួមនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះព្រមទាំងបានថ្លែងអំណរគុណចំពោះគណ:កម្មការ ESCAP ដែលបាន ជួយគាំទ្រដល់កម្ពុជាក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ដែលជាលើកដំបូង សម្រាប់គណ:កម្មការ ESCAP ចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងមីន៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ នវានុវត្តន៍ឌីជីថលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់

2024/04/22 10:39:18 pm        205
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​បញ្ជាក់​ថា នវានុវត្តន៍ឌីជីថល មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និង​ភាពធន់ ជាពិសេស នៅក្នុងការដោះស្រាយបញ្ហាវិសមភាព ដែលបានបង្កឡើងដោយជំងឺកូវីដ-១៩ ក៏ដូចជាការឆ្លើយតបឱ្យទាន់ពេល ទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធី​បើក​សន្និបាត​ប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្រោមប្រធានបទ “ការប្រើប្រាស់ នវានុវត្តន៍ឌីជីថល សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក” នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានី​បាងកក ប្រទេសថៃ។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ទាំង​អស់​គ្នា​អាច​បង្រួម​គម្លាត ក្នុងការទទួលបានឱកាស និងសេវាកម្មសំខាន់ៗ ពោលគឺអាច​ចែក​រំលែក​បាន​នូវ​ផ្លែផ្កា​នៃការអភិវឌ្ឍ ដល់ប្រជាពលរដ្ឋគ្រប់ៗរូបស្មើៗគ្នា។ ដូចបណ្តាប្រទេសនានាដែរ កម្ពុជា​បាន​ចាត់​ទុកបច្ចេកវិទ្យាឌីជីថល ជាចលករដ៏សំខាន់ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុង​បរិបទ​បដិវត្តន៍ឧស្សាហកម្ម ៤.០ ដោយសារ បច្ចេកវិទ្យាឌីជីថល អាចបង្កើត​ក្បាលម៉ា​ស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ចថ្មីៗ និងបង្កើនការទទួលបានសេវាសាធារណៈ ចាំបាច់ក៏ដូច​ជា​កសាង​សង្គម​ទំនើប និងស៊ីវីល័យមួយ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ ប្រកបដោយបរិយាបន្ន ភាព​ជឿ​ទុកចិត្តបាន និងសុវត្ថិភាពខ្ពស់។ សម្ដេចធិបតីមានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថល អាចជួយរក្សាបាននូវអត្តសញ្ញាណ និង​វប្បធម៌​ជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ បានប្រកាស​ដាក់​ឱ្យ​អនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយបានកំណត់អាទិភាពចំនួន ៥ គឺ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា, ពោលគឺបច្ចេកវិទ្យាឌីជីថល ដែលជាអាទិភាពថ្មីមួយ កំណត់នៅក្នុងបញ្ចកោណទី៥ គឺ «ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល»។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥», «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» និង «គោល​នយោបាយ​ជាតិ​ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ឆ្នាំ ២០២០-២០៣០» ។ល។សម្ដេច​ធិបតីនាយករដ្ឋមន្រ្ដីបន្តថាក្នុងបរិបទសកល និងតំបន់, កម្ពុជា បាននិង​កំពុង​ចូល​រួម​យ៉ាង​បុរេស​កម្ម ក្នុងការអនុវត្តរបៀបវារៈគោលនយោបាយ ឌីជីថល សំដៅសម្រេច​ឱ្យ​បាន​គោល​ដៅ​អភិវឌ្ឍន៍​ឌីជីថលក្នុងតំបន់ និងសកលរួមមានដូចជា «ផែនការមេ ឌីជីថលអាស៊ាន២០២៥» និង«យុទ្ធសាស្ត្រឌីជីថល២០២២-២០២៥» របស់អង្គការ សហប្រជាជាតិ។ ទន្ទឹមនេះ​កម្ពុជា​បាន​និង​កំពុងចូលរួមក្នុងគំនិតផ្តួចផ្តើមឌីជីថលអាស៊ានផ្សេងៗ ជាពិសេសការរៀបចំ កិច្ចព្រមព្រៀង​ក្រប​ខ័ណ្ឌ​សេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលមានគោលបំណង ក្នុងការផ្តល់ជាអភិក្រម យុទ្ធសាស្ត្រ និងពេញលេញកម្រិតតំបន់ ក្នុងការលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្ម ក្នុងតំបន់ ប្រកប​ដោយ បរិយាបន្ន និងទាន់ពេល។ លើសពីនេះ អាស៊ានក៏បានចាត់ទុកសេដ្ឋកិច្ចឌីជីថល ជា​ជំពូក​អាទិភាពមួយ នៅក្នុង កិច្ចព្រមព្រៀងនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA 3.0) ក៏ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។សម្តេចធិបតីបានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា តាមរយៈវេទិកានេះនឹង​អាច​រួម​គ្នា​ដោះ​ស្រាយ​បាន​នូវបញ្ហាប្រឈមមួយចំនួន ដូចជា គម្លាតឌីជីថលទាំងរវាងប្រទេស និង ប្រទេស និងរវាង​ទីក្រុង និងជនបទ កង្វះហេដ្ឋារចនាសម្ព័ន្ធ និង ការទទួលបាន​សេវា​អ៊ីន​ធឺណិត​ដែល​មាន​គុណភាព, អក្ខរកម្មឌីជីថលរបស់ ប្រជាពលរដ្ឋនៅមានកម្រិត កង្វះការចាប់យក និងប្រើប្រាស់​បច្ចេក​វិទ្យា​ឌីជីថល, កង្វះការធ្វើពាណិជ្ជកម្ម និង សេវាកម្មឌីជីថល បញ្ហាសន្តិសុខសាយប័រ និង បទ​ល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ។ល។ ដើម្បីឆ្លើយតប ឱ្យទាន់ពេល​ទៅ​នឹង​កំណើន​នៃ​តម្រូ​វ​កា​រ​ថ្មី​របស់​ប្រជាពលរដ្ឋក្នុងអាស៊ី-ប៉ាស៊ីហ្វិក ក្នុងដំណើរឆ្ពោះទៅកាន់ សេដ្ឋកិច្ច និងសង្គម​ឌីជីថល​ពេញ​លេញ​៕ អត្ថបទ៖ វ៉ន ដារ៉ា

រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការជំរុញ​នវានុវត្តន៍ឌីជីថល

2024/04/22 10:17:24 pm        110
នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត អាមីដា សាលស៊ី​យ៉ាអាលីស​ចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការ​សហ​ប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្នុងឱកាសនៃការអញ្ជើញចូលរួមសន្និបាតលើកទី៨០ របស់គណៈកម្មការ ESCAP នៅរាជធានីបាងកក នៃព្រះរាជាណាចក្រថៃ។ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត អាមីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច​ធិបតី ដែលបានចំណាយពេលដ៏មមាញឹកចូលរួម និងថ្លែងសន្ទរកថាគន្លឹះក្នុងសន្និបាតលើកទី៨០ របស់​គណៈកម្មការ ESCAP។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​រាជ​រដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែល​ផ្តល់​អាទិភាពលើបច្ចេកវិទ្យាឌីជីថល ព្រមទាំង​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគណ:កម្មការ ESCAP។ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និ​ង​ការគាំទ្ររបស់គណ:កម្មការ ESCAP ដែលបានរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ការ​នៃ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចរបស់កម្ពុជានាពេលកន្លងមក ដោយគណ:កម្មការ ESCAP គឺជាដៃគូ​ដ៏​សំខាន់​មួយ​របស់កម្ពុជាដែលបានផ្តល់នូវជំនួយបច្ចេកទេស និងការបណ្ដុះបណ្ដាល​ជំនាញ​លើ​វិស័យ​នានា រួមមាន ដូចជា៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ច, និរន្តរភាពបរិស្ថាន, ការជំរុញបរិយាប័ន្នសង្គម និងអភិបាលកិច្ច ជាដើម។បន្ថែមលើនេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះគណ:កម្មការ ESCAP ក្នុងការ​ជួយ​គាំទ្រ​ដល់​ក្នុង​ការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ដែលគោលនយោបាយនេះ គឺ​ជា​លើកដំបូងក្នុងប្រវត្តិសាស្ត្រ ESCAP ក្នុងការចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងមីន។ ទន្ទឹមនោះ សម្តេចធិបតី បានបង្ហាញ​នូវ​ការ​ប្ដេជា្ញ​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ និងភាពជាដៃគូរវាងកម្ពុជា និង គណ:កម្មការ ESCAP បន្ថែមទៀត ដើម្បីជំរុញ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការ​កសាង​អនាគតដ៏ល្អប្រសើរមួយសម្រាប់ទាំងអស់គ្នា។សម្តេចធិបតី ក៏បានជម្រាបជូនលោកជំទាវបណ្ឌិតអំពីក្របខ័ណ្ឌគោលនយោបាយ និងក្រប​ខ័ណ្ឌ​យុទ្ធ​សាស្រ្ត​របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការដាក់​ចេញ​នូវ​យុទ្ធ​សាស្រ្ត​បញ្ច​កោណ-ដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុ​ដ៏​សំខាន់​នៃ​ការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេចបាន​ចក្ខុ​វិស័យ​នៃ​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ឯកអគ្គរដ្ឋទូតប្រទេសចិន ប្រចាំនៅកាណាដា ចាកចេញពីមុខតំណែង

2024/04/22 09:57:55 pm        89
ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសកាណាដា លោក ខុង ភៃអ៊ូ (Cong Peiwu) ដែលបានបម្រើការតាំងពីឆ្នាំ ២០១៩ បានចាកចេញពីមុខតំណែង ហើយបានត្រឡប់ទៅប្រទេសចិនវិញហើយ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះបាននិយាយកាលពីថ្ងៃអាទិត្យ (២១ មេសា) ដោយព័ត៌មាននេះបានលេចចេញក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់អ្នកការទូតជាន់ខ្ពស់កាណាដាម្នាក់ទៅកាន់ប្រជាជាតិអាស៊ីមួយនេះ។ព័ត៌មានលម្អិតបន្ថែមអំពីមូលហេតុដែលលោកចាកចេញពីមុខតំណែងមិនទាន់មាននៅឡើយទេ ហើយស្ថានទូតចិន នៅទីក្រុងអូតាវ៉ា ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែរ។ការចាកចេញរបស់ឯកអគ្គរដ្ឋទូតចិនរូបនេះត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន គ្លូប អ៊ែន មែល (Globe and Mail)។ ព័ត៌មាននេះរាយការណ៍ដោយដកស្រង់ពីប្រភពថា មុខតំណែងរបស់លោក ខុង បានបញ្ចប់កាលពីថ្ងៃទី០៩ ខែមេសា ហើយបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សមួយចំនួននៅក្នុងស្ថាប័នការទូត ដោយសារតែលឿនខ្លាំងពេក។ទំនាក់ទំនងរវាងទីក្រុងអូតាវ៉ា និងទីក្រុងប៉េកាំង មានភាពតានតឹងចាប់តាំងពីឆ្នាំ២០១៨ មកនៅពេលដែលនគរបាលកាណាដាបានឃុំខ្លួនលោក ម៉េង វ័នចូវ (Meng Wanzhou) ដែលជាប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន ហ័រវ៉ី តិចណូឡូជីស៍ (Huawei Technologies) តាមដីការបស់សហរដ្ឋអាមេរិក ហើយក្រោយមកជនជាតិកាណាដាពីរនាក់ត្រូវបានចិនចាប់ឃុំខ្លួនវិញ ដែលបង្កជាភាពរកាំរកូសរវាងប្រទេសទាំងពីរ៕

ទីក្រុងរ៉ូម របស់អ៊ីតាលី ប្រារព្ធខួបលើកទី២.៧៧៧ ជាមួយនឹងព្រឹត្តិការណ៍យ៉ាងឱឡារិក

2024/04/22 09:48:14 pm        93
រដ្ឋធានីរបស់ប្រទេសអ៊ីតាលី បានប្រារព្ធពិធីខួបគម្រប់ ២.៧៧៧ ឆ្នាំរបស់ទីក្រុងកាលពីថ្ងៃអាទិត្យ (២១ មេសា) ដែលជាការរំលឹកប្រចាំឆ្នាំនៃប្រវត្តិសាស្រ្តដ៏យូរអង្វែងរបស់ទីក្រុង ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការពេញនិយមកាន់តែខ្លាំងឡើងពីភ្ញៀវទេសចរ។កាលពីថ្ងៃអាទិត្យ ទីក្រុងបានប្រារព្ធពិធីយ៉ាងគគ្រឹកគគ្រេងជាមួយនឹងការប្រគុំតន្ត្រី ការតាំងពិព័រណ៌ ពិធីផ្សេងៗ និងក្បួនដង្ហែដែលមានមនុស្សជាង ២.០០០ នាក់ដើរក្បួនតែងខ្លួនជាទាហាន មេទ័ព ព្រឹទ្ធសមាជិក អ្នកប្រយុទ្ធ អាចារ្យ បុព្វជិត និងពួកអភិជន ដែលសុទ្ធតែស្លៀកពាក់សំលៀកបំពាក់សម័យរ៉ូម៉ាំង។យោងតាមប្រពៃណី ទីក្រុងរ៉ូម ត្រូវបានបង្កើតឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ៧៥៣ មុនគ.ស។ ការប្រារព្ធពិធីកាលពីថ្ងៃអាទិត្យនេះត្រូវបានធ្វើឡើងនៅក្នុងកីឡាដ្ឋាន ឆៀលកូ ម៉ាកស៊ីម៉ូ (Circus Maximus) ដែលជាអតីតទីលានប្រណាំងនៃសម័យរ៉ូម៉ាំងដែលស្ថិតនៅក្នុងតំបន់ទំនាបរវាងភ្នំ ប៉ាឡាទីន (Palatine) និងភ្នំ អាវេនទីន (Aventine) ដែលជាតំបន់ភ្នំមានទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងប្រវត្តិសាស្រ្តរបស់ទីក្រុង។ទោះបីជាប្រភពដើមនៃការប្រារព្ធពិធីកាលពីថ្ងៃអាទិត្យនេះមានអាយុកាលរាប់សតវត្សរ៍មកហើយក៏ដោយ ព្រឹត្តិការណ៍បានទាក់ទាញអ្នកដំណើរយ៉ាងច្រើន ខណៈដែលទេសចរនៅក្នុងប្រទេសអ៊ីតាលី បានងើបឡើងវិញពីវិបត្តិជំងឺរាតត្បាតកូវីដ១៩។ មិនមានការប៉ាន់ស្មានជាផ្លូវការសម្រាប់ចំនួនមនុស្សដែលបានចូលរួមក្នុងសកម្មភាពកាលពីថ្ងៃអាទិត្យនោះទេ ខណៈរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ទីក្រុងបានដាក់ពង្រាយនគរបាលយ៉ាងច្រើនសម្រាប់សន្តិសុខ និងការត្រួតពិនិត្យចរាចរណ៍៕

ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកជប៉ុនពីរគ្រឿង ធ្លាក់អំឡុងពេលធ្វើហ្វឹកហាត់

2024/04/22 09:41:50 pm        112
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara បាននិយាយកាលពីថ្ងៃអាទិត្យ ទី២១ ខែមេសាថា ឧទ្ធម្ភាគចក្រកងទ័ពជើងទឹករបស់ប្រទេសជប៉ុនចំនួនពីរគ្រឿង បានធ្លាក់ចូលទៅក្នុងសមុទ្រអំឡុងពេលហ្វឹកហាត់ ហើយយ៉ាងហោចណាស់សមាជិកយានិកម្នាក់ក្នុងចំណោមយានិក៨នាក់នៅលើឧទ្ធម្ភាគចក្រ បានស្លាប់។ឧបករណ៍ថតទិន្នន័យជើងហោះហើររបស់ឧទ្ធម្ភាគចក្រទាំងពីរគ្រឿង ត្រូវបានរកឃើញ នៅទីតាំងជិតគ្នា។ នៅលើមូលដ្ឋាននេះ ការស៊ើបអង្កេតពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រ ត្រូវបានធ្វើឡើង រួមទាំងលទ្ធភាពដែលយន្តហោះទាំងពីរគ្រឿងបានបុកគ្នា។ ឧទ្ធម្ភាគចក្រល្បាត SH-60 ពីរគ្រឿង កំពុងធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក កាលពីយប់ថ្ងៃសៅរ៍នៅជិត កោះ Torishima ក្នុងប្រជុំកោះ Izu ដាច់ស្រយាល នៅឆ្នេរភាគខាងត្បូងនៃប្រទេសជប៉ុនភាគកណ្តាល។ កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន ឬ MSDF និងឆ្មាំល្បាតឆ្នេរកំពុងស្វែងរកសមាជិកយានិក៧នាក់ដែលនៅសល់។កាលពីថ្ងៃសៅរ៍ នាយសេនាធិការកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន(MSDF) លោក Yoshitaka Sakai បានបញ្ជាក់ថា លោកមិនជឿថាមានការជាប់ពាក់ព័ន្ធពីប្រទេសមួយផ្សេងទៀត ក្នុងការធ្លាក់យន្តហោះនោះទេ។នៅក្នុងការបង្ហោះលើបណ្តាញ X ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បានផ្តល់ជំនួយរបស់ប្រទេសលោក ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។

អាមេរិក ពិចារណាអំពីការបញ្ជូនទីប្រឹក្សាយោធាបន្ថែមទៅអ៊ុយក្រែន ខណៈដែលរុស្ស៊ី ព្យាយាមបង្កើនការវាយលុក

2024/04/22 08:46:37 pm        104
សារព័ត៌មាន Politico បានរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងពិចារណាអំពីការបញ្ជូនទីប្រឹក្សាយោធាបន្ថែមទៅកាន់ស្ថានទូតរបស់ខ្លួន នៅទីក្រុងគីវ នៅពេលដែលប្រទេសរុស្ស៊ី បន្តប្រតិបត្តិការវាយលុករបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។មន្ត្រីអាមេរិក ៤នាក់ដែលមិនបញ្ចេញឈ្មោះ និងអ្នកដែលមិនបញ្ចេញឈ្មោះម្នាក់ទៀតដែលដឹងពីបញ្ហានេះ បានប្រាប់សារព័ត៌មាននេះថា ទាហានបន្ថែម នឹងគាំទ្រជាចម្បងលើការដឹកជញ្ជូន និងត្រួតពិនិត្យអាវុធ ដែលត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែនដោយសហរដ្ឋអាមេរិក។មន្ត្រីម្នាក់និងអ្នកដែលស្គាល់ផែនការនេះ បាននិយាយថា ពួកគេ ក៏នឹងជួយយោធាអ៊ុយក្រែន ក្នុងការ ថែរក្សាអាវុធផងដែរ។ ពុំទាន់មានការបញ្ជាក់អំពីចំនួនទាហានអាមេរិកបន្ថែម នឹងត្រូវបញ្ជូនទៅអ៊ុយក្រែនទេ បើទោះបីជាមន្ត្រីពីរនាក់ បាននិយាយថា នឹងអាចមានរហូតដល់ ៦០នាក់។នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន Business Insider ឧត្តមសេនីយ៍ឯក Patrick Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា៖«ពេញមួយជម្លោះនេះ ក្រសួងការពារជាតិ បានពិនិត្យ និងកែសម្រួលវត្តមានរបស់យើង នៅក្នុងប្រទេសនេះ ដោយសារលក្ខខណ្ឌសន្តិសុខ ត្រូវបានកែប្រែជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ យើងកំពុងពិចារណាអំពីការបញ្ជូនទីប្រឹក្សាបន្ថែម ដើម្បីពង្រីកការិយាល័យសហប្រតិបត្តិការការពារជាតិ (ODC) នៅស្ថានទូត»។ចំណែកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានប្រទេសលោកខាងលិច ប្រឆាំងនឹងការបញ្ជូនទាហានទៅអ៊ុយក្រែន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៦នាក់ត្រូវបានសម្លាប់ ក្នុងហេតុការណ៍សង្ស័យជាការ​បំផ្ទុះគ្រាប់បែកអត្តឃាត នៅភាគពាយ័ព្យប៉ាគីស្ថាន
09/18/2026 06:09 PM
រុស្ស៊ីបាញ់បង្ហោះរ៉ូកែត​​ Soyuz-2.1b ដឹកជញ្ជូនយានអវកាស
09/18/2026 06:09 PM
ការប្រយុទ្ធគ្នានៅយេម៉ែន បង្ខំឲ្យមនុស្ស ១១២.០០០នាក់ ផ្លាស់ទីលំនៅ និងរាប់ពាន់នាក់ទៀត ភៀសខ្លួនទៅជីប៊ូទី
09/18/2026 06:09 PM
បុរសអ៊ីស្រាអែលម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការសង្ស័យមានទំនាក់ទំនងជាមួយក្រុមហាម៉ាស និងចារកម្មអ៊ីរ៉ង់
09/18/2026 06:09 PM
ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Lee បញ្ជាក់​ថា លោកគ្មានបំណងស្វែងរកអាណត្តិទី២ ឡើយ
09/18/2026 06:09 PM
ស្ថាប័នសុខាភិបាលអាហ្វ្រិក៖ ការផ្ទុះឡើងនៃជំងឺអេបូឡា នៅកុងហ្គោ នៅតែមានសភាពធ្ងន់ធ្ងរ
09/18/2026 06:09 PM
អាមេរិកដាក់ទណ្ឌកម្មលើវេទិកាជួញដូររូបិយប័ណ្ណគ្រីបតូរបស់អ្នកជំនាញហិរញ្ញវត្ថុអ៊ីរ៉ង់
09/18/2026 06:09 PM
កងទ័ពយេម៉ែន៖ យុទ្ធជន​ក្រុមហ៊ូទី ៣០នាក់ ត្រូវបានសម្លាប់ ពេល​ប្រយុទ្ធ​គ្នានៅភាគខាងលិចក្រុង Taiz
09/18/2026 06:09 PM
សង្គ្រាមអ៊ីរ៉ង់ បង្កការបែកបាក់យ៉ាងជូរចត់ក្នុងសហគមន៍ជនអ៊ីរ៉ង់រស់នៅអាមេរិក
09/18/2026 06:09 PM
ការចរចាប្រាក់ឈ្នួលកម្មករលើកទី៣ នៅតែតឹងតែង ខណៈភាគីសហជីពនិងនិយោជករក្សាគោលជំហតួលេខដដែល
09/18/2026 06:09 PM