ទិវាសន្ដិភាពអន្ដរជាតិ| សម្ដេចធិបតី អំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលើបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យដោះស្រាយបញ្ហាដោយសន្ដិវិធី
សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
សម្ដេចតេជោ ជំរុញ កម្ពុជា និង ហ្សកហ្ស៊ី រកចំណុចមិនទាន់រួមគ្នា បង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

នយោបាយ​ និង ការអភិវឌ្ឍន៍

សហរដ្ឋអាមេរិក និងជប៉ុន ប្រកាសផែនការបញ្ជូនអវកាសយានិកជប៉ុន ទៅឋានព្រះចន្ទ

2024/04/11 07:55:02 pm        329
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាសកាលពីថ្ងៃពុធ (១០ មេសា) ថា អវកាសយានិកជនជាតិជប៉ុន ដែលមានសំណាង នឹងក្លាយជាអ្នកដំបូងគេដែលមិនមែនជាជនជាតិអាមេរិក ដែលបានដើរលើឋានព្រះចន្ទក្នុងអំឡុងពេលបេសកកម្ម អាតេមីស (Artemis) នាពេលខាងមុខរបស់អង្គការណាសា (NASA)។ការផ្តល់ជូនដល់ប្រទេសជប៉ុន ដែលជាឱកាសដែលប្រជាជាតិជាច្រើនបានសុបិន្តចង់បាននេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា (Fumio Kishida) និងខណៈដែលទីក្រុងវ៉ាស៊ីនតោន ស្វះស្វែងរកការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់របស់ខ្លួន។លោក គីស៊ីដា បានសាទរចំពោះសេចក្តីប្រកាសនេះថាជា «សមិទ្ធិផលដ៏ធំ» ហើយបានប្រកាសថា ប្រទេសជប៉ុន នឹងជ្រើសរើសអាកាសយានិកសម្រាប់កម្មវិធីនេះ។ បេសកកម្មដំបូងដើម្បីនាំអវកាសយានិកទៅកាន់ផ្ទៃព្រះចន្ទ ឈ្មោះថាបេសកកម្ម អាតេមីស ស៊ីរ (Artemis 3) ត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៦។ ទន្ទឹមនឹងនោះ ប្រទេសចិនបាននិយាយថា ខ្លួនកំពុងស្វះស្វែងរកការបញ្ជូនមនុស្សនៅលើភពព្រះចន្ទនៅឆ្នាំ២០៣០។ ក្នុងរយៈពេលប្រហែលពីរម៉ោងនៃកិច្ចពិភាក្សា មេដឹកនាំទាំងពីរក៏បានផ្តោតជាសំខាន់លើប្រធានបទជាច្រើនទៀត រួមទាំងបញ្ហាការពារជាតិនៅឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន និងតំបន់ហ្កាហ្សា។ លោក គីស៊ីដា បាននិយាយថា កូរ៉េខាងជើង កោះតៃវ៉ាន់ និងចិន គឺជាចំណុចផ្តោតជាពិសេសនៃកិច្ចពិភាក្សា ដោយអំពាវនាវឱ្យរក្សា «សណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើនីតិរដ្ឋ»។សម្ព័ន្ធមិត្តទាំងពីរក៏នឹងអភិវឌ្ឍបណ្តាញការពារដែនអាកាស និងមីស៊ីលរួមគ្នានៅក្នុងតំបន់ រួមជាមួយនឹងប្រទេសអូស្ត្រាលី ក៏ដូចជាចូលរួមក្នុងសមយុទ្ធយោធាត្រីភាគី រួមជាមួយនឹងកងកម្លាំងចក្រភពអង់គ្លេសផងដែរ៕

គណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង ទទួលបរាជ័យយ៉ាងខ្លាំងក្នុងការបោះឆ្នោតសកល

2024/04/11 07:50:33 pm        361
គណបក្សប្រឆាំងរបស់ប្រទេសកូរ៉េខាងត្បូង បានឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសក្នុងការរក្សាការគ្រប់គ្រងសភា។ គណបក្សប្រជាធិបតេយ្យ (DPK) និងគណបក្សប្រឆាំងតូចៗជាច្រើន រួមគ្នាដណ្តើមបានអាសនៈចំនួន ១៩២ ក្នុងចំណោមអាសនៈចំនួន ៣០០ នៅក្នុងរដ្ឋសភា។ ការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការបោះប្រជាមតិពាក់កណ្តាលអាណត្តិសម្រាប់ប្រធានាធិបតី លោក Yoon Suk Yeol ដែលនៅសល់រយៈពេលបីឆ្នាំក្នុងការកាន់តំណែងរបស់លោក។មេដឹកនាំគណបក្ស លោក Han Dong-hoon បានលាលែងពីតំណែង ហើយនាយករដ្ឋមន្ត្រី លោកHan Duk-soo បានស្នើសុំលាលែងពីតំណែង។ នេះគឺជាការបរាជ័យយ៉ាងខ្លាំងសម្រាប់លោក Yoon និងគណបក្សអំណាចប្រជាជន (PPP) របស់លោក ដែលបាននិងកំពុងព្យាយាមដើម្បីទទួលបានបានរបៀបវារៈរបស់ខ្លួននៅក្នុងសភាដែលគណបក្សប្រជាធិបតេយ្យ(DPK) មានសំឡេងច្រើនលើសលប់ ។ ការទទួលជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យ(DPK) មានន័យថាពួកគេនឹងអាចពន្លឿននិងជំរុញច្បាប់តាមរយៈសភា។ ទាំងគណបក្សប្រជាធិបតេយ្យ(DPK) និងគណបក្សអំណាចប្រជាជន(PPP) ប្រើប្រាស់បក្សសម្ព័ន្ធតូចៗ ដើម្បីបង្កើនការសំឡេងឆ្នោតរបស់ពួកគេ ក្រោមប្រព័ន្ធបោះឆ្នោតរបស់ប្រទេសកូរ៉េខាងត្បូង ដែលផ្តល់អាសនៈមួយចំនួនដល់គណបក្សតូចៗ ដែលចំនួនអាសនៈមិនតិចជាងការគាំទ្រសរុបរបស់ពួកគេនោះទេ។មេដឹកនាំគណបក្សបប្រជាធិបតេយ្យ(DPK) លោកលី ចា ម្យុង(Lee Jae-myung) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា នេះពុំមែនជាជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យនោះទេ ប៉ុន្តែជាជ័យជម្នះដ៏អស្ចារ្យសម្រាប់ប្រជាជន។លោកបាននិយាយទៅកាន់អ្នកសារព័ត៌មានថា អ្នកនយោបាយនៅគណបក្សទាំងសងខាង ត្រូវប្រមូលផ្តុំកម្លាំងរបស់យើងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន។ គណបក្សប្រជាធិបតេយ្យ នឹងដឹកនាំមធ្យោបាយក្នុងការដោះស្រាយវិបត្តិជីវភាពរស់នៅ។ លទ្ធផលថ្ងៃនេះ អាចជំរុញលោក លោក Lee ដែលបានចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២ យ៉ាងប្រកៀកប្រកិតជាមួយលោក Yoon ឱ្យឈរឈ្មោះជាប្រធានាធិបតីក្នុងអាណត្តិមួយផ្សេងទៀត។ លោក Yoon បានស្ថិតនៅក្រោមសម្ពាធក្នុងការដោះស្រាយបញ្ហាមួយចំនួន រួមមានទាំងការកើនឡើងតម្លៃស្បៀងអាហារ ប្រជាជនមានវ័យចំណាស់ឆាប់រហ័ស និងការធ្វើកូដកម្មរបស់វេជ្ជបណ្ឌិតដែលនៅតែបន្ត។

ប្រទេសស្វីស នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន នៅថ្ងៃទី១៥-១៦ ខែមិថុនា

2024/04/11 06:23:33 pm        488
ប្រទេសស្វីសនិយាយថា រដ្ឋាភិបាលស្វីស នឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទកម្រិតខ្ពស់រយៈពេលពីរថ្ងៃក្នុងខែមិថុនា ក្នុងគោលបំណងសម្រេចបានសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ទោះបីជារុស្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួននឹងមិនចូលរួមក្នុងគំនិតផ្តួចផ្តើមនេះក៏ដោយ។ប្រទេសស្វីស បាននិយាយកាលពីខែមករា ថាខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសន្តិភាពតាមសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) ហើយចាប់តាំងពីពេលនោះមកបានជួបពិភាក្សាជាមួយសហភាពអឺរ៉ុប រដ្ឋសមាជិកនៃក្រុមប្រទេសទាំង៧ (G7) និងប្រទេសដូចជាចិន និងឥណ្ឌា ដើម្បីវាយតម្លៃចំណាប់អារម្មណ៍របស់ពួកគេក្នុងការចូលរួម។សន្និសីទនេះនឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែមិថុនា នៅរមណីយដ្ឋាន បួហ្គិនស្តុក (Bürgenstock) ក្នុងរដ្ឋ នីតវ៉ាល់ដិន (Nidwalden) នៅខាងក្រៅទីក្រុង លូសើន (Lucerne)។ កិច្ចប្រជុំនេះនឹងមានគោលបំណងបង្កើតក្របខ័ណ្ឌអំណោយផលដល់សន្តិភាពដ៏ទូលំទូលាយ និងយូរអង្វែងនៅអ៊ុយក្រែន ក៏ដូចជា «ផែនទីបង្ហាញផ្លូវជាក់ស្តែងសម្រាប់ការចូលរួមរបស់រុស្ស៊ី ក្នុងដំណើរការសន្តិភាព»។ខណៈដែលទីក្រុងមូស្គូ បាននិយាយថា ខ្លួនមិនប្រឆាំងនឹងការចរចាដើម្បីបញ្ចប់សង្រ្គាម ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថាពួកគេនឹងមិនចូលរួមក្នុងកិច្ចចរចានៅស្វីសនេះទេ ដែលពួកគេចាត់ទុកប្រទេសនេះថាបានបោះបង់ចោលអព្យាក្រឹតភាពរបស់ខ្លួនទាក់ទងនឹងជម្លោះ៕

យានដ្រូនរបស់អ៊ីរ៉ង់ ជួយកងទ័ពស៊ូដង់ផ្លាស់ប្តូរស្ថានភាពសង្រ្គាមស៊ីវិល

2024/04/11 06:14:14 pm        455
កងទ័ពស៊ូដង់និយាយថា ខ្លួនបានចាប់ផ្តើមប្រើយានដ្រូនផលិតដោយអ៊ីរ៉ង់ ដើម្បីជួយដណ្តើមយកទឹកដី និងផ្លាស់ប្តូរស្ថានភាពនៃសង្រ្គាមស៊ីវិលរបស់ប្រទេសនេះ។យានដ្រូនបញ្ជាពីចម្ងាយដែលទើបទទួលបានថ្មីនេះ ត្រូវបានប្រើសម្រាប់ការឈ្លបយកការណ៍ និងកំណត់ ទីតាំងកាំភ្លើងធំ អំឡុងពេលជ័យជម្នះរបស់កងទ័ពនាពេលថ្មីៗនេះ នៅក្នុងទីក្រុង Omdurman ដែលឆ្លងកាត់ទន្លេនីល(Nile)ពីរដ្ឋធានីខាទុំ( Khartoum)របស់ប្រទេសនេះ។មន្ត្រីអ៊ីរ៉ង់ ក៏បានប្រាប់សារព័ត៌មានរ៉យទ័រថា កងកម្លាំងប្រដាប់អាវុធស៊ូដង់ បានចាប់ផ្តើមប្រើប្រាស់យានដ្រូន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងគូប្រជែងរបស់កងជីវពល គឺកងកម្លាំងគាំទ្ររហ័ស (RSF)។ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសស៊ូដង់ បានបដិសេធថា យានដ្រូន មិនត្រូវបានផ្គត់ផ្គង់ដោយផ្ទាល់ដោយទីក្រុងតេអេរ៉ង់ ហើយប្រភពដើមរបស់ពួកគេ មិនបានបញ្ជាក់ច្បាស់ភ្លាមៗនោះទេ។យានដ្រូនរបស់អ៊ីរ៉ង់ ក៏ត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយដោយកងទ័ព និងកងជីវពល ក្នុងបណ្តាប្រទេសនានា រួមទាំងរុស្ស៊ី ស៊ីរី និងយេម៉ែន។លោក Ali Sadeq រដ្ឋមន្ត្រីការបរទេសស្តីទីរបស់ស៊ូដង់ដែលបានទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ កាលពីឆ្នាំមុន ហើយមានសម្ព័ន្ធភាពជាមួយកងទ័ព បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«ស៊ូដង់មិនបានទទួលអាវុធណាមួយពីអ៊ីរ៉ង់ទេ»។

ប្រជាពលរដ្ឋកោះតៃវ៉ាន់ និងក្រុងសៀងហៃបង្ហាញពីទស្សនៈផ្ទុយគ្នាចំពោះជំនួបរបស់អតីតមេដឹកនាំកោះតៃវ៉ាន់ជាមួយលោកXi

2024/04/11 05:58:17 pm        412
ជំនួបរបស់អតីតមេដឹកនាំរបស់កោះតៃវ៉ាន់ លោកម៉ា យីង ជាវ (Ma Ying-jeou) ជាមួយលោកប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃពុធទី១០មេសា សប្ដាហ៍នេះ បានធ្វើឲ្យមានការបញ្ចេញគំនិតផ្សេងៗគ្នាក្នុងចំណោមពលរដ្ឋនៅក្នុងទីក្រុងតៃប៉ិ របស់កោះនេះ និងនៅក្នុងទីក្រុងសៀងហៃ។ ពលរដ្ឋម្នាក់បាននិយាយថាខ្ញុំគិតថា ដោយមើលឃើញពីស្ថានភាពឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នាពេលបច្ចុប្បន្ន ក៏ដូចជាក្នុងស្ថានភាពជាអន្តរជាតិបច្ចុប្បន្ន ព្រមទាំងការពិចារណាជំហររបស់លោកជាអតីតមេដឹកនាំមួយរូប ជំនួបនេះគឺមិនមែនត្រឹមត្រូវទេ។ ចំណែកប្រជាពលរដ្ឋនៅក្នុងទីក្រុងសៀងហៃវិញ បាននិយាយកាលពីថ្ងៃពុធទី១០មេសា ថា ជំនួបរបស់ប្រធានាធិបតី Xi ជាមួយអតីតមេដឹកនាំកោះតៃវ៉ាន់ ពេលនេះ គឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការជុំជាតិឡើងវិញ ។ ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃពុធ ទី១០ ខែមេសា សប្ដាហ៍នេះ បានប្រាប់អតីតមេដឹកនាំកោះតៃវ៉ាន់ រូបនេះ ថា ការជជែកវែកញែកពីខាងក្រៅមិនអាចបញ្ឈប់ការជួបជុំជាតិ រវាងភាគីទាំង២នៃច្រកសមុទ្រតៃវ៉ាន់បានឡើយ ហើយថាគ្មានបញ្ហាណាមួយដែលមិនអាចពិភាក្សាគ្នាបាននោះទេ។លោក Ma ដែលកាន់តំណែងជាមេដឹកនាំពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ កាលពីឆ្នាំមុន បានក្លាយជាអតីតមេដឹកនាំកោះតៃវ៉ាន់ដំបូងគេដែលបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ហើយឥឡូវនេះលោកកំពុងធ្វើដំណើរទៅកាន់ប្រទេសនេះជាលើកទី២។ គួរបញ្ជាក់ថា គិតចាប់តាំងពីរដ្ឋាភិបាលសាធារណរដ្ឋចិនដែលបានបរាជ័យ បានភៀសខ្លួនទៅកោះតៃវ៉ាន់ ក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិល ក្រោមដៃក្រុមកុម្មុយនីស្តរបស់លោក ម៉ៅ សេទុង គ្មានមេដឹកនាំកោះតៃវ៉ាន់ណាម្នាក់បានទៅទស្សនកិច្ចនៅប្រទេសចិននោះឡើយ៕

អាមេរិកនិងជប៉ុន ប្រកាសពីការពង្រឹងទំនាក់ទំនងសន្តិសុខជាប្រវត្តិសាស្ត្រដើម្បីទប់ទល់នឹងចិន

2024/04/11 05:52:27 pm        359
សហរដ្ឋអាមេរិក និងជប៉ុន បានប្រកាសពីការពង្រឹងទំនាក់ទំនងកាន់តែប្រសើរឡើងជាប្រវត្តិសាស្រ្តចំពោះសម្ព័ន្ធភាពសន្តិសុខរបស់ខ្លួនកាលពីថ្ងៃពុធ ខណៈលោកប្រធានាធិបតី Joe Biden ធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុន លោកFumio Kishida សម្រាប់ដំណើរទស្សនកិច្ចផ្លូវការដែលបង្ហាញពីតួនាទីរបស់ប្រទេសជប៉ុនក្នុងការទប់ទល់ឥតទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោកBidenបាននិយាយនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំរបស់លោកក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នានៅសួនច្បារផ្កាកូឡាប Rose Garden ក្នុងសេតវិមាន ថា តាមរយៈភាពជាដៃគូរបស់យើង យើងបានពង្រឹងសម្ព័ន្ធភាពនេះ។ យើងបានពង្រីកការងាររបស់យើងជាមួយគ្នា។យើងបានលើកឡើងពីមហិច្ឆតារួមគ្នារបស់យើង។ហើយពេលនេះសម្ព័ន្ធភាពអាមេរិក-ជប៉ុន គឺជាសញ្ញាបង្ហាញដល់ពិភពលោកទាំងមូល។ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងដោយមេដឹកនាំជប៉ុនក្នុងរយៈពេល៩ឆ្នាំមកនេះក៏កើតឡើងផងដែរស្របពេលមានការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរជុំវិញការស្នើទិញដែកថែបរបស់សហរដ្ឋអាមេរិកដោយក្រុមហ៊ុនជប៉ុន។លោក Kishida និយាយថា ការវិនិយោគពីជប៉ុនទៅកាន់សហរដ្ឋអាមេរិកអាចកើនឡើងតែនៅក្នុងរយៈពេលប៉ុន្មានខែ និងប៉ុន្មានឆ្នាំខាងមុខ។ ហើយយើងចង់ពង្រឹងទំនាក់ទំនងឈ្នះ-ឈ្នះនេះ។លោក Biden បាននិយាយថា លោកប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តរបស់លោកចំពោះកម្មករអាមេរិក ។ម៉ាត់ណាម៉ាត់នឹង។ខ្ញុំនឹងមិនលេបសម្ដីឡើយ។ នៅថ្ងៃព្រហស្បតិ៍នេះ លោក Kishida នឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំរួមគ្នារបស់សភា ជាមេដឹកនាំជប៉ុនទីពីរ ដែលនឹងថ្លែងបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី Shinzo Abe កាលពីឆ្នាំ ២០១៥ ។ ក្រោយមក លោកនឹងចូលរួមក្នុងកិច្ចពិភាក្សាត្រីភាគីជាមួយសហរដ្ឋអាមេរិក និងហ្វីលីពីន។កិច្ចពិភាក្សាត្រីភាគីនៅថ្ងៃព្រហស្បតិ៍នេះ កើតមានឡើងខណៈទំនាក់ទំនងរវាងចិន និងហ្វីលីពីន ធ្លាក់ដុនដាបខ្លាំងព្រោះការប៉ះទង្គិចគ្នារវាងនាវាឆ្មាំសមុទ្រប្រទេសទាំង២នៅសមុទ្រចិនខាងត្បូង។អាមេរិកនិយាយថាសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយហ្វីលីពីន នឹងអនុវត្តន៍ដើម្បីទប់ទល់សកម្មភាពបែបនេះ ដែលបង្កើនក្ដីបារម្ភពីការធ្វើអន្តរាគមន៍របស់អាមេរិក ក្នុងករណីមានជម្លោះរីកធំ៕

លោក Biden សន្យាគាំទ្ររឹងមាំដូចដែកថែបចំពោះអ៊ីស្រាអែល ប្រឆាំងនឹងការគំរាមកំហែងរបស់អ៊ីរ៉ង់

2024/04/11 05:43:27 pm        309
លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃពុធ ទី១០ មេសាសប្ដាហ៍នេះ បានសន្យាថានឹងគាំទ្រដល់អ៊ីស្រាអែល ខណៈអ៊ីរ៉ង់គំរាមសងសឹកចំពោះការវាយប្រហារតាមអាកាសលើអគារកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងរដ្ឋធានីដាម៉ាស(Damascus) ប្រទេសស៊ីរី និងបានសម្លាប់ឧត្តមសេនីយ៍ពីរនាក់។ការសន្យារបស់លោក Biden កើតមានឡើង ទោះបីជាមានការរិះគន់ជាសាធារណៈរបស់លោកលើលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ជុំវិញការស្លាប់ជនស៊ីវិលរាប់ម៉ឺននាក់នៅក្នុងយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅហ្កាហ្សា ជាពិសេសបន្ទាប់ពីការវាយប្រហារតាមអាកាសបានសម្លាប់បុគ្គលិកចែកចាយជំនួយរបស់អង្គការផ្ទះបាយកណ្ដាលពិភពលោកចំនួនប្រាំពីរនាក់។ លោក Biden បានប្រាប់សន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថា អ៊ីរ៉ង់កំពុងគំរាមបើកការវាយប្រហារដ៏ធំមួយលើអ៊ីស្រាអែល។ ដូចខ្ញុំបានប្រាប់នាយករដ្ឋមន្រ្តី Netanyahu ហើយថា ការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិសុខរបស់អ៊ីស្រាអែលប្រឆាំងនឹងការគំរាមកំហែងទាំងនេះពីប្រទេសអ៊ីរ៉ង់ និងកងកម្លាំងតំណាងរបស់អ៊ីរ៉ង់ គឺរឹងមាំដូចដែកថែប។ខ្ញុំសូមបញ្ជាក់ជាថ្មីទៀតថា យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីការពារសន្តិសុខរបស់អ៊ីស្រាអែល។ ក្រុមមន្ត្រីអាមេរិកបានបង្ហាញក្ដីបារម្ភអំពីការរំពឹងទុកនៃការវាយប្រហារដែលនឹងកើតឡើងលើផលប្រយោជន៍របស់អ៊ីស្រាអែល បន្ទាប់ពីសម្ព័ន្ធមិត្តដ៏ស្អិតរមួតរបស់អាមេរិកនៅមជ្ឈិមបូព៌ាមួយនេះ បានបំផ្លាញអគារស្ថានកុងស៊ុលកាលពីថ្ងៃទី១ខែមេសា ដោយបានសម្លាប់សមាជិក៧នាក់នៃកងឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់ រួមទាំងឧត្តមសេនីយ៍ពីរនាក់ផងដែរ។ ស្របពេលមានហានិភ័យកើនឡើង ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa កាលពីថ្ងៃពុធបានប្រកាសថាខ្លួនបានផ្អាកជើងហោះហើរទាំងទៅ ទាំងមក ពីទីក្រុងតេអេរ៉ង់ ប្រហែលជារហូតដល់ថ្ងៃព្រហស្បតិ៍នេះ ដោយនិយាយថា ដោយសារតែស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា។ចំណែកមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាត់តូឡា អាលីខាមីណេ(Ayatollah Ali Khamenei )បានព្រមាននៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃពុធថា របបដ៏អាក្រក់ របស់អ៊ីស្រាអែល ត្រូវតែទទួលទណ្ឌកម្ម ហើយនឹងត្រូវដាក់ទោស៕

អ៊ីស្រាអែល ធ្វើសមយុទ្ធដឹកជញ្ជូនដើម្បីត្រៀមសម្រាប់ «សង្រ្គាមពហុសង្វៀន» ដែលអាចកើតមាន

2024/04/11 05:40:22 pm        236
ក្រសួងដឹកជញ្ជូនរបស់អ៊ីស្រាអែល កាលពីថ្ងៃពុធ (១០ មេសា) បាននិយាយថា ខ្លួនបានធ្វើសមយុទ្ធមួយ ជាមួយនឹងសេណារីយ៉ូនិមិត្តនៃការដាច់ចរន្តអគ្គិសនីរយៈពេលយូរ ដើម្បីកែលម្អការត្រៀមខ្លួនសម្រាប់ «សង្រ្គាមពហុសង្វៀន» ដែលអាចកើតមាន។សមយុទ្ធដែលធ្វើឡើងកាលពីល្ងាចថ្ងៃអង្គារនោះ មានការចូលរួមពីអាជ្ញាធរ មន្ទីរ និងក្រុមហ៊ុនរបស់ក្រសួង ព្រមទាំងក្រុមមន្ត្រីជាន់ខ្ពស់មកពីទីស្តីការនាយករដ្ឋមន្ត្រី អាជ្ញាធរជាតិគ្រប់គ្រងគ្រោះអាសន្ន បញ្ជាការដ្ឋានកងទ័ពជើងគោក និងអង្គភាពផ្សេងៗទៀត។យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបានឱ្យដឹងថា គោលបំណងនៃសមយុទ្ធនេះគឺដើម្បីកែលម្អការត្រៀមខ្លួននៃវិស័យដឹកជញ្ជូន ដើម្បីទប់ទល់នឹងសង្គ្រាមដែលមានកម្រិតខ្លាំង ជាពិសេសនៅក្នុងសេណារីយ៉ូងងឹត។សមយុទ្ធនេះបានសង្កត់ធ្ងន់លើការពង្រឹងសមាហរណកម្ម និងទំនាក់ទំនងទៅវិញទៅមករវាងអាជ្ញាធរ និងអង្គការនានា ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍សំខាន់ៗ ដូចជាវិបត្តិអគ្គិសនីដែលអាចកើតមាននៅក្នុងស្ថានការណ៍ពហុវិស័យ៕

មេដឹកនាំកូរ៉េខាងជើង៖ ឥឡូវនេះដល់ពេលដែលត្រូវត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាមហើយ

2024/04/11 05:31:09 pm        310
ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (១១ មេសា) នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា ស្ថានភាពភូមិសាស្ត្រនយោបាយមិនស្ថិតស្ថេរជុំវិញប្រទេសរបស់លោកមានន័យថា ឥឡូវនេះគឺជាពេលវេលាដើម្បីត្រៀមខ្លួនសម្រាប់ធ្វើសង្រ្គាមជាងពេលណាៗទាំងអស់ ខណៈដែលលោកបានចុះត្រួតពិនិត្យសាកលវិទ្យាល័យយោធាដ៏សំខាន់របស់ប្រទេស។លោក គីម បានផ្តល់ការណែនាំបែបនេះកាលពីថ្ងៃពុធ នៅសាកលវិទ្យាល័យយោធា និងនយោបាយ គីម ជុងអ៊ីល (Kim Jong Il University of Military and Politics) ដោយដាក់ឈ្មោះតាមឪពុករបស់លោកដែលបានស្លាប់នៅឆ្នាំ២០១១ ដែលប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថាសាលានេះជា «កៅអីខ្ពស់បំផុតនៃការអប់រំយោធា» នៅក្នុងប្រទេស។កូរ៉េខាងជើង បានបង្កើនការអភិវឌ្ឍន៍សព្វាអាវុធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមការដឹកនាំរបស់លោក គីម ហើយបានពង្រឹងទំនាក់ទំនងយោធា និងនយោបាយកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី ខណៈទីក្រុងព្យុងយ៉ាង ត្រូវបានចោទប្រកាន់ថាបានជួយទីក្រុងមូស្គូ ក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន ជាថ្នូរនឹងជំនួយសម្រាប់គម្រោងយោធាយុទ្ធសាស្ត្រ។កូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ពីបទបង្កភាពតានតឹងផ្នែកយោធា ដោយធ្វើនូវអ្វីដែលខ្លួនហៅថា «សមយុទ្ធសង្គ្រាម» ខណៈដែលសម្ព័ន្ធមិត្តទាំងពីរនេះបានធ្វើសមយុទ្ធយោធាជាមួយនឹងកម្រិតកាន់តែធំធេង និងខ្លាំងក្លានៅក្នុងប៉ុន្មានខែថ្មីៗនេះ៕

សម្តេចធិបតី៖ បញ្ហារវាងបងប្អូនប្រជាពលរដ្ឋជាមួយម្ចាស់បុរី សម្ដេចបានបញ្ជាឲ្យធ្វើការដោះស្រាយជារៀងរាល់ថ្ងៃ

2024/04/11 05:26:50 pm        401
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអះអាងថា រាជរដ្ឋាភិបាលមិនដេកអេះពោះដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូចនោះទេ គឺរាជរដ្ឋាភិបាលបានកំពុងខិតខំដោះស្រាយរាល់បញ្ហាជូនបងប្អូនជានិច្ចជាពិសេសបញ្ហារវាងពលរដ្ឋ និងម្ចាស់បុរីនានា ដែលបានកំពុងកើតឡើងនាពេលសព្វថ្ងៃនេះ។សម្តេចធិបតី បានបញ្ជាក់ថា សម្តេចបានបញ្ជាឲ្យឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការដោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមាន​បញ្ហាជាមួយ ម្ចាស់បុរីនានា​យ៉ាងយកចិត្តទុកដាក់បំផុត ប៉ុន្តែមិនបានធ្វើការផ្សព្វផ្សាយ​ជា​សាធារណៈនោះទេ។ ក្រៅពីឲ្យមានការដោះស្រាយចំពោះការវិវាទរបស់បងប្អូន​ និងម្ចាស់បុរី សម្តេច​ក៏បានធ្វើការជាមួយធនាគារជាតិ ​ដោយឲ្យតួអង្គនេះ​ត្រូវ​ចរចា​ជាមួយ​ធនាគារនានា​ដើម្បីសម្រួលដល់ពលរដ្ឋដែលជួបប្រទះភាពជាប់គាំង​ផ្នែកសេដ្ឋកិច្ចផងដែរ។ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វ្រេសមីលឯ.ក ស្ថិតនៅស្រុកបាទី ខេត្តតាកែវ នាថ្ងៃ១១ ខែមេសា ឆ្នាំ២០២៤នេះ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋប្រមាណជាង ១ម៉ឺននាក់ ក្នុងខេត្តកំពង់ស្ពឺ ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី
09/20/2026 04:09 PM
រយៈពេល ៣ឆ្នាំ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បណ្ដុះបណ្ដាលយុវជនជំនាញជាង ២ពាន់នាក់
09/20/2026 02:09 PM
ជនអន្តោប្រវេសន៍បន្តជាប់ខ្លួនលើដែនដី Ceuta របស់អេស្ប៉ាញ ខណៈប្រតិបត្តិការចាប់ផ្តើម ដើម្បីពង្រីកជម្រកបណ្តោះអាសន្ន
09/20/2026 02:09 PM
យុវជនសុទ្ធតែជាកម្មកររ៉ែ ៣៧នាក់ ដែលបានស្លាប់នៅក្នុងការឃុំឃាំងរបស់យោធានៅនីហ្សេរីយ៉ា
09/20/2026 02:09 PM
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បណ្តុះបណ្តាលជំនាញដល់សិស្សជិត ៥ពាន់នាក់ ក្នុងរយៈពេល៣ឆ្នាំ
09/20/2026 01:09 PM
ក្រសួងការងារ ជំរុញការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ដើម្បីពង្រឹងការប្រកួតប្រជែង និងការងារសមរម្យ
09/20/2026 01:09 PM
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក អញ្ជើញបិទសិក្ខាសាលាស្តីពី «ការពង្រឹងអភិបាលកិច្ចគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើត្រពាំងពិការ» និងប្រកាសដាក់ឱ្យដំណើរការ «ភូមិមិត្តភាព» តំបន់កសិកម្មចម្រុះ និងសេវាកម្មទេសចរណ៍សហគមន៍ព្រៃឈើត្រពាំងពិការ
09/20/2026 12:09 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងបណ្ដុះបណ្ដាលជនបង្គោលលើការងារមហាជន
09/20/2026 12:09 PM
សម្តេច ម៉ែន សំអន៖ «ការដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ដែលអាចជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ និង​ក្លាយ​ជាក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ»
09/20/2026 11:09 AM
គ្រួសារដែលរងគ្រោះដោយការបាក់ស្រុតច្រាំងក្នុងស្រុកស្រីសន្ធរ​ បានទទួលអំណោយពីសម្ដេចធិបតី នាយករដ្ឋមន្រ្ដី
09/20/2026 11:09 AM