​សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម
ទិវាសន្ដិភាពអន្ដរជាតិ| សម្ដេចធិបតី អំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលើបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យដោះស្រាយបញ្ហាដោយសន្ដិវិធី
សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិន មើលឃើញការធ្វើដំណើរក្នុងប្រទេសជាង៧៤០ លាននាក់ អំឡុងបុណ្យឆេងម៉េងឬ សែនផ្នូររយៈពេល៣ថ្ងៃ

2024/04/08 06:36:45 pm        178
ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអាទិត្យថា ប្រទេសចិន បានកត់ត្រា ចំនួនអ្នកធ្វើដំណើរក្នុងស្រុកជាង៧៤០លាននាក់ នៅឆ្នាំនេះ អំឡុងថ្ងៃឈប់សម្រាកបីថ្ងៃនៃពិធីបុណ្យឆេងម៉េង ឬសែនផ្នូរ (Qingming Festival) ដែលបានបន្តពីថ្ងៃទី៤ខែមេសា ដល់ថ្ងៃទី៦មេសា ខណៈការធ្វើដំណើររបស់ប្រជាពលរដ្ឋកើនឡើងខ្ពស់ជាងកាលពីឆ្នាំមុន ។ ក្រសួងដឹកជញ្ជូន បាននិយាយថា មានការធ្វើដំណើរជាមធ្យម ២៤៦,៨ លាននាក់ ក្នុងមួយថ្ងៃ អំឡុងរយៈពេល៣ថ្ងៃមកនេះ ស្មើប្រមាណ៥៣,៥% បើធៀបទៅនឹងឆ្នាំមុន។ ទិន្នន័យបង្ហាញថា ជាពិសេស ការធ្វើដំណើរប្រចាំថ្ងៃតាមរថភ្លើង ជាមធ្យម១៦,៥៦លាននាក់ ស្មើ៧៥,១% តាមផ្លូវទឹក ជាមធ្យម៩១៦.០០០នាក់ ស្មើ៨៤,៤% និងតាមយន្តហោះ ជាមធ្យមប្រមាណ ១,៦៨ លាននាក់ ស្មើ២១,៩ % ។ តាមការបង្ហាញទិន្នន័យដដែល ការធ្វើដំណើរតាមផ្លូវគោក សរុបចំនួន៦៨២,៩២ លាននាក់ អំឡុងពេលវេលានេះ ខណៈជាមធ្យមប្រចាំថ្ងៃមានចំនួន២២៧,៦៤ លាននាក់ ស្មើ៥២,៣% ធៀបទៅនឹងឆ្នាំមុន ។ពិធីបុណ្យ ឆេងម៉េង ឬសែនផ្នូរ (Qingming Festival ឬ Tomb-Sweeping Day) គឺជាពិធីបុណ្យតាមប្រពៃណីចិន សម្រាប់ជាឱកាសរំឭកដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅ និងជាការបួងសួងដល់ជីដូនជីតា ដែលបានមរណកាលទៅហើយ អំឡុងពិធីនេះ វាក៏ជាសកម្មភាពដើរកម្សាន្ត និងការទទួលទានអាហារជុំគ្រួសារនៅខាងក្រៅគេហដ្ឋានតាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រទេសចិនផងដែរ ៕

លោកស្រី Yellen៖ អាមេរិក និងចិន ត្រូវការការសន្ទនាដ៏ម៉ឹងម៉ាត់ដើម្បីដោះស្រាយកង្វល់សេដ្ឋកិច្ច

2024/04/08 06:20:03 pm        237
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី ចេណេត យេលែន (Janet Yellen) កាលពីថ្ងៃអាទិត្យ (០៧ មេសា) បានលើកឡើងពីការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចរបស់ខ្លួនអំពីសមត្ថភាពឧស្សាហកម្មលើសចំណុះរបស់ប្រទេសចិន ជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang) ដោយប្រាប់លោក លី ថាទំនាក់ទំនងទ្វេភាគីឥឡូវនេះមានស្ថេរភាពជាងមុន ហើយភាគីទាំងពីរត្រូវការការពិភាក្សា «ដ៏តឹងតែង និងម៉ឹងម៉ាត់» ដើម្បីដោះស្រាយកង្វល់នានា។នៅពេលដែលមន្រ្តីទាំងពីររូបបានចាប់ផ្តើមកិច្ចប្រជុំនៅទីក្រុងប៉េកាំង ដែលដំណើរការរយៈពេល ៨០ នាទី លោក លី បានឆ្លើយតបថា ប្រទេសទាំងពីរត្រូវតែគោរពគ្នាទៅវិញទៅមក ហើយគួរតែជាដៃគូ មិនមែនជាសត្រូវនោះទេ ដោយបន្ថែមថា «វឌ្ឍនភាពបែបស្ថាបនា» ត្រូវបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រី យេលែន។រដ្ឋមន្ត្រីក្រសួងរតនាគាអាមេរិក បានព្រមានថាសមត្ថភាពឧស្សាហកម្មលើសចំណុះរបស់ចិន នឹងធ្វើឱ្យប៉ះពាល់ដល់អ្នកផលិត និងការងារនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ដែលជាការផ្តោតអារម្មណ៍នៃដំណើរទស្សនកិច្ចលើកទីពីររបស់លោកស្រីទៅកាន់ប្រទេសចិនក្នុងរយៈពេលប្រាំបួនខែ ហើយលោកនាយករដ្ឋមន្ត្រី លី បានបង្ហាញឆន្ទៈមួយចំនួនដើម្បីឱ្យក្រុមសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងចិនស្វែងយល់ពីបញ្ហានេះបន្ថែមទៀត។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហួ កាលពីថ្ងៃអាទិត្យ បានដកស្រង់សម្តីលោក លី ដែលបាននិយាយថា សហរដ្ឋអាមេរិក គួរតែ «បដិសេធមិនបង្វែរបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មទៅជាបញ្ហានយោបាយ ឬសន្តិសុខ» ហើយមើលបញ្ហានៃសមត្ថភាពផលិតកម្មតាមទស្សនៈទីផ្សារ និងជាសកលជំនួសវិញ៕

នាយករដ្ឋមន្ត្រីជប៉ុន ព្រមានថាពិភពលោកកំពុងប្រឈមចំណុចរបត់ជាប្រវត្តិសាស្ត្រ មុនជំនួបកំពូលដឹកនាំដោយអាមេរិក

2024/04/08 06:04:20 pm        237
លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ មុនការចេញដំណើររបស់លោកនៅថ្ងៃពុធ ដែលត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត សម្រាប់ជំនួបជាមួយលោកប្រធានាធិបតីអាមេរិក Joe Biden និងហ្វីលីពីន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ថា ភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងបានរុញពិភពលោកទៅកាន់តែជិតចំណុចរបត់ជាប្រវត្តិសាស្ត្រ និងកំពុងបង្ខំឱ្យប្រទេសជប៉ុនផ្លាស់ប្តូរជំហរការពាររបស់ខ្លួន ។ លោក Kishida បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅឯគេហដ្ឋានឯកជនរបស់លោកក្នុងទីក្រុងតូក្យូថា នៅពេលយើងកំពុងមើលឃើញការឈ្លានពានអ៊ុយក្រែនពីសំណាក់រុស្ស៊ី ស្ថានភាពនៅតែបន្តក្នុងមជ្ឈិមបូព៌ា ព្រមទាំងស្ថានភាពនៅអាស៊ីបូព៌ា យើងត្រូវបានប្រឈមនឹងចំណុចរបត់ប្រវត្តិសាស្ត្រមួយ។លោកបានលើកឡើងថា នោះជាដើមចមដែលប្រទេសជប៉ុន បានសម្រេចចិត្តពង្រឹងសមត្ថភាពការពាររបស់ខ្លួនជាមូលដ្ឋាន ហើយយើងបានផ្លាស់ប្តូរយ៉ាងខ្លាំងលើគោលនយោបាយសន្តិសុខរបស់ប្រទេសជប៉ុន នៅលើចំណុចជាអាទិភាពទាំងនោះ ។កិច្ចប្រជុំកំពូលរវាងលោក Kishida និងលោក Biden ត្រូវបានកំណត់លក្ខណៈដោយទីក្រុងវ៉ាស៊ីនតោនថាជាឱកាសប្រវត្តិសាស្ត្រសម្រាប់ប្រទេសទាំងពីរដើម្បីធ្វើទំនើបកម្មសម្ព័ន្ធភាពរបស់ខ្លួន ខណៈប្រទេសទាំងពីរសម្លឹងមើលការគំរាមកំហែងក្នុងតំបន់ពីការសាកល្បងអាវុធរបស់កូរ៉េខាងជើង និងទំនាក់ទំនងដែលកំពុងរីកចម្រើនជាមួយរុស្ស៊ី សកម្មភាពយោធារបស់ចិននៅសមុទ្រចិនខាងត្បូង និងឆ្ពោះទៅរកតៃវ៉ាន់៕

មន្ត្រីនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ផ្តល់អាទិភាពដល់ទំនាក់ទំនងជាមួយចិនតាមរយៈដំណើរទស្សនកិច្ចសកម្ម

2024/04/08 04:39:53 pm        145
ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទៅកាន់ប្រទេសចិនបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសកម្មរបស់ខ្លួនក្នុងការផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសចិន។ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ីលោក Prabowo Subianto បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងជាទិសដៅដំបូង បន្ទាប់ពីការជាប់ឆ្នោត ដោយបានទៅដល់ប្រទេសចិនកាលពីថ្ងៃទី៣១ មីនាសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ។ ការសម្រេចចិត្តនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការរក្សាគោលនយោបាយមិត្តភាពរបស់លោកប្រធានាធិបតី Joko ចំពោះប្រទេសចិន និងជំរុញការអភិវឌ្ឍន៍កាន់តែទូលំទូលាយ និងប្រកបដោយគុណភាពខ្ពស់នៃទំនាក់ទំនងទ្វេភាគី។លោកឌីចូហារី អូរ៉ាម៉ានហ្កាន់(Djauhari Oratmangun) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំនៅប្រទេសចិនបានលើកឡើងថា ឥណ្ឌូនេស៊ី និងចិន មានសក្តានុពលក្នុងការរួមចំណែកដល់កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយនៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាការពិតសម្រាប់ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់។មិនយូរប៉ុន្មាន រដ្ឋមន្ត្រីការបរទេសមកពីប្រទេសឡាវ វៀតណាម និងទីម័រខាងកើត បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែមេសា។ មិនត្រឹមតែប៉ុណ្ណោះព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ មហា ចក្រី សេរិនថន (Maha Chakri Sirindhorn) ក៏បានយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី១០ ខែមេសានេះ ផងដែរ។ថ្មីៗនេះ រដ្ឋាភិបាលហ្វីលីពីន ដែលញុះញង់ និងគាំទ្រ ដោយសហរដ្ឋអាមេរិក បានធ្វើសកម្មភាពអុជអាលជាញឹកញាប់ទាក់ទងនឹងកោះ ហ័ងយ៉ាន់ (Huangyan) របស់ចិន និងថ្មប៉ប្រះទឹក រិនអាយ(Ren'ai) ដែលបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង។បទពិសោធន៍នេះបានបង្ហាញថា ការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ពឹងផ្អែកលើកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ដែលជាបញ្ហាប្រឈម និងមានគុណតម្លៃខ្ពស់។ កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីជំរុញឱ្យមានការប្រឈមមុខដាក់គ្នា ទទួលបានការគាំទ្រតិចតួចប៉ុណ្ណោះ៕

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បដិសេធការផ្សព្វផ្សាយថា អាជ្ញាធរមិនយកចិត្តទុកដាក់ចំពោះពលករខ្មែរវិលចូលប្រទេសវិញ

2024/04/08 04:23:10 pm        171
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ មានពលរដ្ឋខ្មែរជាង ៩៧,៣៧៧ នាក់ ក្នុងនោះជាពលករចំនួនជាង ៣១,០៣៩នាក់ បានធ្វើដំណើរវិលចូលប្រទេសវិញដោយក្តីសប្បាយរីករាយក្រោមកិច្ចស្វាគមន៍ និងជួយសម្រួលគ្រប់បែបយ៉ាងដោយមន្ត្រីនគរបាលអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមេសាឆ្នាំ២០២៤កន្លងទៅ មានគណនីហ្វេសប៊ុកឈ្មោះ រ័ត្ន មង្គលបូរី បានបង្ហោះវីឌីអូបង្ហាញពីការកកស្ទះ ដោយសរសេររៀបរាប់ថា «មិនដូចការគិតរបស់ហ្វីមិនស្រួលទេ» បើចង់បានលឿនត្រូវអស់ ៤០០បាត។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចាត់វិធានការស្រាវជ្រាវ និងរកឃើញថា ការកកស្ទះដូចបានបង្ហោះនោះ គឺមិនស្ថិតនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ភ្នំដី របស់កម្ពុជាឡើយ៕

ប្រមុខការពារជាតិ៖ អ៊ីស្រាអែល បានត្រៀមខ្លួនដើម្បីដោះស្រាយគ្រប់ស្ថានការណ៍ឆ្លើយតបរបស់អ៊ីរ៉ង់

2024/04/08 04:00:12 pm        203
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយកាលពីថ្ងៃអាទិត្យ (០៧ មេសា) ថាអ៊ីស្រាអែល ត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយសេណារីយ៉ូណាមួយដែលអាចកើតឡើងជាមួយអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេអេរ៉ង់ បានគំរាមសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ ក្នុងហេតុការណ៍វាយប្រហារតាមអាកាសលើស្ថានទូតខ្លួនក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី០១ ខែមេសា។មន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយមុននោះថា ស្ថានទូតអ៊ីស្រាអែលទាំងអស់មិនមានសុវត្ថិភាពទៀតទេ ហើយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ មួយបានចេញផ្សាយក្រាហ្វិកដែលបង្ហាញពីអាវុធ ដែលខ្លួនបាននិយាយថានឹងមានសមត្ថភាពវាយប្រហារអ៊ីស្រាអែល។ ការិយាល័យរបស់លោក ហ្កាឡាន់ បានចេញសេចក្តីថ្លែងការណ៍អំពីការត្រៀមខ្លួនរបស់អ៊ីស្រាអែលនេះ បន្ទាប់ពីលោកបានធ្វើ «ការវាយតម្លៃស្ថានភាពប្រតិបត្តិការ» ជាមួយបណ្ដាមន្ត្រីយោធាជាន់ខ្ពស់។អគ្គសេនាធិការ លោក ហើហ្ស៊ី ហាលេវី (Herzi Halevi) បាននិយាយថា អ៊ីស្រាអែល «ដឹងពីរបៀបដោះស្រាយជាមួយអ៊ីរ៉ង់ ទាំងការវាយលុក និងការពារ»។ អ៊ីរ៉ង់បានគំរាមឆ្លើយតបនឹងការវាយប្រហារដែលសង្ស័យរបស់អ៊ីស្រាអែល នៅក្រុងដាម៉ាស កាលពីសប្តាហ៍មុន ដែលបានសម្លាប់សមាជិកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ប្រាំពីរនាក់ ក្នុងនោះមានមេបញ្ជាការជាន់ខ្ពស់ម្នាក់។ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក យ៉ាសយ៉ា រ៉ាហ៊ីម សាហ្វាវី (Yahya Rahim Safavi) បាននិយាយកាលពីថ្ងៃអាទិត្យថា មិនមានស្ថានទូតណាមួយរបស់អ៊ីស្រាអែល មានសុវត្ថិភាពទៀតទេ ហើយថាទីក្រុងតេអេរ៉ង់ បានចាត់ទុកការប្រឈមមុខដាក់គ្នាជាមួយអ៊ីស្រាអែល ថាជា «សិទ្ធិត្រឹមត្រូវ និងស្របច្បាប់»៕

ចិន ធ្វើសកម្មភាពល្បាតបែបប្រយុទ្ធ ខណៈអាមេរិក ធ្វើសមយុទ្ធជាមួយសម្ព័ន្ធមិត្តក្នុងដែនទឹកមានជម្លោះ

2024/04/08 03:43:52 pm        159
កងទ័ពរបស់ប្រទេសចិន បាននិយាយថា ប្រទេសនេះ បានធ្វើសកម្មភាពល្បាតបែបប្រយុទ្ធកាលពីថ្ងៃអាទិត្យទី៧មេសា នៅក្នុងសមុទ្រចិនខាងត្បូង ចំថ្ងៃដែលប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ធ្វើសមយុទ្ធយោធារួមគ្នា នៅក្នុងដែនដីមានជម្លោះ។សកម្មភាពនានានៅដែនសមុទ្រនេះ បានកើតឡើង ប៉ុន្មានថ្ងៃ មុនលោកប្រធានាធិបតីអាមេរិក Joe Biden គ្រោងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីលើកដំបូង ជាមួយក្រុមមេដឹកនាំមកពីប្រទេស ហ្វីលីពីន និងជប៉ុន ខណៈភាពតានតឹងចេះតែកើនឡើង ជុំវិញការប្រកួតប្រជែងដ៏ក្ដៅគគុកនៅក្នុងសមុទ្រចិនខាងត្បូង ដែលក្លាយជារបៀបវារៈសម្រាប់ជំនួបនេះ។ ទីបញ្ជាការភូមិភាគរបស់កងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថា ខ្លួនកំពុងរៀបចំ ការល្បាតបែបប្រយុទ្ធកងទ័ពជើងទឹក និងអាកាស នៅក្នុងសមុទ្រចិនខាងត្បូង។ ទីបញ្ជាការនេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គ្រប់សកម្មភាពយោធាទាំងអស់ ដែលបង្កអស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង និងការបង្កបញ្ហាឲ្យកាន់តែក្ដៅគគុក គឺអាចគ្រប់គ្រងបាន ដែលទំនងជាសំដៅដល់សកម្មភាពសមយុទ្ធផ្សេងកំពុងធ្វើនៅក្នុងដែនទឹកដ៏ចម្រូងចម្រាសនេះ។ យោធាហ្វីលីពីន បាននិយាយថា សមយុទ្ធរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់បណ្ដាប្រទេសដែលកំពុងចូលរួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ក្នុងការគាំទ្រដល់យុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរីភាព និងបើកចំហ តាមរយៈ លំហាត់អន្តរប្រតិបត្តិការនៅក្នុងសកម្មភាពដែនសមុទ្រ។ សមយុទ្ធដែលឲ្យឈ្មោះថា សកម្មភាពកិច្ចសហប្រតិបត្តិការដែនសមុទ្រចម្រុះ រួមបញ្ចូលទាំង អង្គភាពកងទ័ពជើងទឹកនិងអាកាស មកពីប្រទេសទាំង៤នេះ៕

ក្រសួងការងារ ស្ថានទូតខ្មែរ និងសហគមខ្មែរ ផ្តើមរៀបចំសង្រ្កាន្តឆ្នាំថ្មីនៅតំបន់នានារៀងរាល់ចុងសប្តាហ៍ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិ

2024/04/08 02:24:23 am        180
សាធារណរដ្ឋកូរ៉េ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រុមការងារ ESEA និងសមាគមខ្មែរនាសាធារណរដ្ឋកូរ៉េ បានរៀបចំ“សង្ក្រាន្តខ្មែរនៅកូរ៉េ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅសាធារណរដ្ឋកូរ៉េ ចំនួន ៣ទីតាំង ដែលមានសហគមន៍ខ្មែរចូលរួមប្រមាណ ៣ ០៥០នាក់ ក្នុងនោះមានតំបន់ក្វាងជូ មានសហគមន៍ខ្មែរចូលរួមប្រមាណ ២ ០០០នាក់, នៅតំបន់អ៊ុលសាន មានសហគមន៍ខ្មែរចូលរួមប្រមាណ ១ ០០០នាក់ និងតំបន់ថេហ្គូ មានសហគមន៍ខ្មែរចូលរួម ១០០នាក់។ ទន្ទឹមនឹងនេះ បងប្អូនសហគមន៍ខ្មែរក៏បានរៀបចំនៅតំបន់ផ្សេងទៀត រួមមានតំបន់គីមផូ តំបន់ប៊ូឆន់ និងកោះជេជូផងដែរ។សម្រាប់សង្ក្រាន្តខ្មែរនាថ្ងៃនេះ កម្មវិធីផ្តើមដោយពិធីសាសនា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ លេងល្បែងប្រជាប្រិយមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងរាំលេងកម្សាន្ដ ប្រកបដោយបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងសាមគ្គីភាពស្រាលាញ់រាប់អានគ្នាដូចបងប្អូន។ បន្ថែមពីនេះកម្មវិធីមានការដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរជាច្រើន ដូចជានំអន្សម នំគម ម្រេចខ្មែរ សម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីឱ្យអ្នកចូលរួមទស្សនា កម្សាន្ត និងស្វែងយល់ពីវប្បធម៌និងអរិយធម៌ខ្មែរដ៏ផូរផង់។ ជាមួយគ្នានេះដែរ ក៏មានកម្មវិធីអាហារសាមគ្គីជាមួយបងប្អូនខ្មែរក្រោយពីបញ្ចប់កម្មវិធីផងដែរ។សូមបញ្ជាក់ផងដែរថា កម្មវិធីធំ “សង្ក្រាន្តខ្មែរនៅកូរ៉េ” នឹងរៀបចំនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់សិល្បករល្បីៗពីប្រទេសកម្ពុជា និងបន្តសហការរៀបចំនៅតាមតំបន់នានា​នៅសប្តាហ៍បន្តបន្ទាប់ទៀតរហូតដល់ចុងសប្តាហ៍ទី៤នៃខែមេសា ឆ្នាំ២០២៤៕

និស្សិតខ្មែរកំពុងសិក្សានៅឡាវ ថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន មាណែត បានផ្ដល់អំណោយ ក្រមាខ្មែរ គ្រឿងតុបតែងសម្រាប់បង្ហាញវប្បធម៌ប្រពៃណីជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2024/04/08 02:16:10 am        165
ភ្នំពេញ៖ ប្អូនសិក្ខាកាម និងនិស្សិតកម្ពុជាដែលកំពុងសិស្សានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងអំណរគុណដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់អំណោយ មានដូចជា៖ ក្រមាខ្មែរ គ្រឿងតុបតែង សម្លៀកបំពាក់របាំជូនពរ និងរបាំគោះត្រឡោកជាដើម សម្រាប់ចូលរួមបង្ហាញ និងសម្ដែងនូវវប្បធម៌ប្រពៃណីជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ និងក្នុងឱកាសផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះ ប្អូនៗសិក្ខាកាម និងនិស្សិត មានក្តីសោមនស្សរីករាយ និងកក់ក្ដៅបំផុត ដែលតែងតែទទួលបានការយកចិត្តទុកដាក់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដោយបានប្ដេជ្ញាចិត្ត នឹងខិតខំរៀនសូត្រ និងប្រតិបត្តិវិន័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចប់ការសិក្សាឱ្យបានជោគជ័យ ដែលជាមោទនភាពរបស់ខ្លួនផ្ទាល់ ក្រុមគ្រួសារ និងប្រទេសជាតិ។សូមរំឭកផងដែរថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ទៅបំពេញ​ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយប្អូនៗសិក្ខាកាម និងនិស្សិត ដោយបានសន្យាជួយឧបត្ថម្ភ ឈុតតុបតែង និងសម្លៀកបំពាក់របាំបុរាណខ្មែរ ក្នុងគោលបំណងឱ្យប្អូនៗសិក្ខាកាម និង​និស្សិតបានចូលរួមបង្ហាញ និងសម្ដែងនូវវប្បធម៌ប្រពៃណីជាតិខ្មែរ ទៅកាន់ប្រជាជនឡាវ​និយាយដោយឡែក និងទៅកាន់ពិភពលោកឱ្យស្គាល់ខ្មែរកាន់តែច្បាស់ថែមទៀត ៕

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និងបណ្ដាប្រទេសជាមិត្តដែលបានជូនពរសម្ដេច ក្នុងឱកាសជាប់ជាប្រធានព្រឹទ្ធសភា

2024/04/08 02:08:43 am        125
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤នេះ បានថ្វាយ និងផ្ញើលិខិតថ្លែងអំណរគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងបណ្ដាថ្នាក់ដឹកនាំកំពូលប្រទេសជាមិត្តនានាដែលបានព្រះរាជសារ និងសារលិខិតអបអរសាទរ​សម្ដេចក្នុងឱកាសជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ។ សម្ដេចតេជោ និងនិងភរិយាបានថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្ស រីករាយជាអនេកប្បការ ដោយបានទទួលព្រះរាជសារលិខិត សម្តេចម៉ែ និងព្រះមហាក្សត្រ ជាអម្ចាស់ ដែលទ្រង់សព្វព្រះរាជ ហឫទ័យប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រសិទ្ធពរបវរមហាប្រសើរចំពោះសម្ដេច និងភរិយារួមទាំងក្រុមគ្រួសារ ក្នុងឱកាសពោរពេញដោយមហាកិត្តិយសឧត្តុង្គឧត្តមដែលសម្ដេចត្រូវបានសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជាឯកច្ឆ័ន្ធជ្រើសរើសជា “ប្រធានព្រឹទ្ធសភា" នៃព្រះរាជាណាចក្រកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសារអបអរសាទរ និង​ជូនពរពីបណ្ដាមេដឹកនាំនៃបណ្ដាប្រទេសជាមិត្តនានា ដែលបានជូនពរ និងអបអរសាទរ​ដល់គណបក្ស​ប្រជាជនកម្ពុជាចំពោះជ័យជន្នះក្នុងការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០២៤ និងចំពោះសម្ដេចដែលត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៥។សម្ដេចតេជោថ្លែងថា៖ «ក្នុងនាមខ្ញុំជាប្រធានព្រឹទ្ធសភា ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយស្ថាប័ន​នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ របស់ប្រទេសនានា ក្នុងក្របខណ្ឌ​នៃកិច្ចសហប្រតិបត្តិការ​សភាទ្វេភាគី និងពហុភាគី ព្រមទាំងពង្រឹង ទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រទេសកម្ពុជា និង​ប្រទេសជាមិត្តនានាឱ្យកាន់តែស៊ីជម្រៅថែមទៀត នៅក្រោមស្មារតីសហគមន៍អាស៊ាន ដើម្បីផលប្រយោជន៍​រួមសម្រាប់ប្រជាជន និងប្រទេស »៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពិធីបើកការដ្ឋានសាងសង់ទីតាំងថ្មីរួមគ្នានៃសាលាអន្តរជាតិជប៉ុនភ្នំពេញ (JISPP) និងសាលាជប៉ុនភ្នំពេញ (JSPP) នៅខណ្ឌមានជ័យ
09/22/2026 08:09 PM
ក្រសួងការងារ ជំរុញការវិនិយោគលើជំនាញស្ត្រី និងបរិយាកាសការងារប្រកបដោយសុវត្ថិភាព
09/22/2026 08:09 PM
រដ្ឋាភិបាលជំរុញគោលនយោបាយសុវត្ថិភាពចរាចរណ៍តាមរោងចក្រ ការពារជីវិតកម្មករ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
09/22/2026 07:09 PM
ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
09/22/2026 07:09 PM
វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលនៃការបង្ក្រាបបទល្មើស Online Scams នៅកម្ពុជា
09/22/2026 07:09 PM
លោក Trump នឹងមាន​កិច្ចប្រជុំដ៏មមាញឹកនៅ UN ដោយរបៀបវារៈ គឺ​សង្គ្រាម នៅអ៊ីរ៉ង់ និងអ៊ុយក្រែន
09/22/2026 07:09 PM
កងទ័ពអ៊ីស្រាអែលប្រែក្លាយភូមិរបស់ខ្មាន់កាំភ្លើងប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែងទៅជាបន្ទាយទាហាន
09/22/2026 06:09 PM
អ៊ីរ៉ង់គ្រោងលក់នាវាអាមេរិក និងអ៊ីស្រាអែលដែល​រឹបអូសបាន​នៅច្រក​សមុទ្រ​ Hormuz
09/22/2026 06:09 PM
រដ្ឋមន្ត្រីអ៊ីស្រាអែលប្តេជ្ញាបង្ខំឱ្យអ្នក​ក្រុង​​ហ្កាហ្សាចាកចេញ បើប្រជាជន​អ៊ីស្រាអែលត្រូវបានចាប់ពង្រត់​
09/22/2026 06:09 PM
តុលាការកូរ៉េខាងត្បូងកាត់បន្ថយទោសជាប់ពន្ធនាគាររបស់អតីតស្ត្រីទី១ មក​ត្រឹម ៥ឆ្នាំ
09/22/2026 06:09 PM