សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Biden និងលោក Trump អូសទាញបានអ្នកបោះឆ្នោតរបស់លោកស្រីHaley ជារង្វាន់ថ្មីនៃបោះឆ្នោតបឋមឆ្នាំ២០២៤

2024/03/07 06:43:10 pm        149
លោកប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យ និងលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ កំពុងប្រជែងគ្នាដើម្បីប្រមូលយកក្រុមអ្នកគាំទ្ររបស់លោកស្រី នីគី ហាលី (Nikki Haley) ជាមណ្ឌលបោះឆ្នោតមួយ ដែលអាចមានសារៈសំខាន់ក្នុងការរុញបេក្ខជនទាំងពីរត្រឡប់ទៅសេតវិមានវិញ។ លោកស្រី ហាលី បានធ្លាក់ចេញពីការប្រកួតប្រជែងជ្រើសរើសបេក្ខភាពប្រធានាធិបតីក្នុងជួរគណបក្សសាធារណរដ្ឋកាលពីថ្ងៃពុធ ទី៦ មីនា ប៉ុន្តែពុំបានគាំទ្រ Trump ទេ ហើយបាននិយាយថាឥឡូវនេះអាស្រ័យលើរូបលោកខ្លួនឯងដើម្បីទទួលបានការគាំទ្រពីម្ចាស់ឆ្នោតដែលពុំបានគាំទ្រលោកតាំងពីដំបូងមក។ អ្នកបោះឆ្នោតជិត ៥៧០.០០០ នាក់ នៅក្នុងរដ្ឋប្រទាញប្រទង់គ្នាសំខាន់ៗចំនួនបីគឺរដ្ឋ Nevada រដ្ឋ North Carolina និង Michigan បានបោះឆ្នោតឱ្យលោកស្រី Haley ក្នុងការប្រកួតប្រជែងជ្រើសរើសបេក្ខជនក្នុងគណបក្សសាធារណរដ្ឋ ត្បិតថាជាចំនួនតិចតួច ប៉ុន្តែមានសក្តានុពលក្នុងការប្រណាំងប្រជែងនៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ។ ជាឧទាហរណ៍ លោកស្រី Haley បានឈ្នះចំនួន២៥០.០០០ សំឡេងនៅក្នុងការបោះឆ្នោតបឋមរក្នុងរដ្ឋ North Carolina ជារដ្ឋមួយដែលលោក Trump បានឈ្នះតិចជាង៧៥.០០០ សំឡេងកាលពីឆ្នាំ ២០២០ ។ ទាំងលោក Biden និង លោកTrump បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗកាលពីថ្ងៃពុធដោយអំពាវនាវឱ្យអ្នកបោះឆ្នោត គាំទ្រលោកស្រី ហាលី ចូលរួមក្នុងក្រុមរបស់ខ្លួន ទោះបីជាលោកទាំង២បានប្រើយុទ្ធសាស្ត្រខុសគ្នាយ៉ាងខ្លាំងក៏ដោយ។ លោក Biden បានសរសើរលោកស្រី Haley ចំពោះការនិយាយការពិតអំពីលោក Trump ស្របពេលលោកTrump និយាយថាលោកបានទម្លាក់លោកស្រីនៅក្នុងការប្រកួត Super Tuesday របស់គណបក្សសាធារណរដ្ឋ។ លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនមិនចង់បានក្រុមអ្នកគាំទ្ររបស់លោកស្រី Haley ទេ។ ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ មានកន្លែងសម្រាប់ពួកគេនៅក្នុងយុទ្ធនាការរបស់ខ្ញុំ។ នៅក្នុងការបង្ហោះលើបណ្ដញសង្គម Truth Social របស់លោក លោក Trump បានបន្ថែមថា លោកចង់អញ្ជើញក្រុមអ្នកគាំទ្ររបស់លោកស្រី Haley ទាំងអស់ឱ្យចូលរួមចលនាដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រជាតិរបស់យើង ហើយបានហៅលោក Biden ជាសត្រូវដែលកំពុងបំផ្លាញប្រទេសជាតិ៕

អតីតវិស្វករសូហ្វវែរ Google ត្រូវបានចោទប្រកាន់ពីបទលួចការសម្ងាត់ AI ដើម្បីជួយក្រុមហ៊ុនចិន

2024/03/07 06:37:56 pm        234
អតីតវិស្វករសូហ្វវែរ (Software) របស់ក្រុមហ៊ុន ហ្គូហ្គល (Google) ត្រូវបានចោទប្រកាន់នៅរដ្ឋកាលីហ្វ័រនីញ៉ា របស់សហរដ្ឋអាមេរិក ពីបទលួចអាថ៌កំបាំងពាណិជ្ជកម្មទាក់ទងនឹងប្រជ្ញាសិប្បនិមិត្ត AI ពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ អាល់ហ្វាប៊ែត (Alphabet) មួយនេះ ដើម្បីផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនចិនចំនួនពីរស្ថាប័ន ដែលខ្លួនកំពុងធ្វើការជាមួយដោយសម្ងាត់។លោក ទីង លីនវៃ (Ding Linwei) ដែលត្រូវបានគេស្គាល់ថាឈ្មោះ លីអន ទីង (Leon Ding) ត្រូវបានចោទប្រកាន់កាលពីថ្ងៃអង្គារ (០៥ មីនា) ដោយគណៈវិនិច្ឆ័យសហព័ន្ធនៅក្នុងទីក្រុង សានហ្រា្វន់ស៊ីស្កូ (San Francisco) ជាមួយនឹងបទល្មើសចំនួនបួនករណីនៃការលួចការសម្ងាត់ពាណិជ្ជកម្ម។ បុរសជនជាតិចិន វ័យ ៣៨ ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធ នៅលំនៅឋានរបស់ខ្លួនក្នុងទីក្រុង ណេវ៉ាក (Newark) រដ្ឋ កាលីហ្វ័រនីញ៉ា។យោងតាមការចោទប្រកាន់បានបង្ហាញថា លោក ទីង បានលួចយកព័ត៌មានលំអិតអំពីហេដ្ឋារចនាសម្ព័ន្ធហាដវែរ (Hardware) និងកម្មវិធីសូហ្វវែរកុំព្យូទ័រ ដែលអនុញ្ញាតឱ្យមជ្ឈមណ្ឌលទិន្នន័យកុំព្យូទ័រទំនើបរបស់ Google បណ្តុះបណ្តាលគំរូ AI ដ៏ធំតាមរយៈម៉ាស៊ីនហ្វឹកហាត់។ការចោទប្រកាន់របស់លោក ទីង នេះត្រូវបានបើកបង្ហាញក្នុងរយៈពេលជាងមួយឆ្នាំបន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី បៃដិន បានបង្កើតកងកម្លាំងវាយប្រហារការរំខានបច្ចេកវិទ្យា ដើម្បីជួយបញ្ឈប់បច្ចេកវិទ្យាទំនើបដែលត្រូវបានទិញដោយបណ្ដាប្រទេសដូចជាចិន និងរុស្ស៊ី ឬបច្ចេកវិទ្យាណាដែលអាចគំរាមកំហែងដល់សន្តិសុខជាតិ៕

តុលាការកំពូលអាមេរិក កំណត់ថ្ងៃទី២៥ មេសា សម្រាប់សវនាការបណ្ដឹងអភ័យឯកសិទ្ធិឧក្រិដ្ឋកម្មរបស់លោក Trump

2024/03/07 06:33:09 pm        143
តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានកំណត់ថ្ងៃទី២៥ ខែមេសា ជាកាលបរិច្ឆេទដែលខ្លួននឹងស្តាប់សវនាការនៃការទាមទារអភ័យឯកសិទ្ធិរបស់លោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ពីការកាត់ទោសលើបទចោទប្រកាន់ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីផ្តួលរំលំលទ្ធផលឆ្នោតឆ្នាំ២០២០ ដែលជាថ្ងៃចុងក្រោយនៃអំណះអំណាងផ្ទាល់មាត់នៃអាណត្តិបច្ចុប្បន្នរបស់ខ្លួន។តុលាការបានចេញផ្សាយកាលបរិច្ឆេទសវនាការដែលបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួន រយៈពេលមួយសប្តាហ៍បន្ទាប់ពីបានយល់ព្រមទទួលយកករណីនេះ និងផ្តល់ការជំរុញដល់លោក ត្រាំ ដោយបញ្ឈប់ការកាត់ទោសព្រហ្មទណ្ឌ ដែលកំពុងបន្តដោយរដ្ឋអាជ្ញាពិសេស លោក ជែក ស្មីត (Jack Smith)។ចៅក្រមនឹងពិនិត្យមើលការបដិសេធរបស់តុលាការជាន់ទាបលើការទាមទារអភ័យឯកសិទ្ធិរបស់លោក ត្រាំ ពីការកាត់ទោស ដោយសារតែពេលនោះលោកនៅជាប្រធានាធិបតី ក្នុងពេលដែលបានធ្វើសកម្មភាពក្នុងគោលបំណងបញ្ច្រាសជ័យជម្នះក្នុងការបោះឆ្នោតរបស់ប្រធានាធិបតី ចូ បៃដិន (Joe Biden)។លោក ត្រាំ ដែលជាអតីតប្រធានាធិបតីដំបូងគេដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ កំពុងត្រៀមខ្លួនជាស្រេចក្នុងការក្លាយជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋដើម្បីប្រជែងនឹងលោក បៃដិន នៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកនៅថ្ងៃទី០៥ ខែវិច្ឆិកា ខណៈគូប្រកួតចុងក្រោយរបស់ខ្លួនសម្រាប់ការតែងតាំង គឺអតីតអភិបាលរដ្ឋ សៅ ខារ៉ូឡាញណា (South Carolina) លោកស្រី នីកគី ហាលី (Nikki Haley) បានដកខ្លួនចេញពីការប្រជែងតំណែងបេក្ខជនប្រធានាធិបតី៕

ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីចាត់ទុកកម្ពុជាជាប្រទេសមួយអស្ចារ្យ

2024/03/07 06:32:39 pm        279
ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ឯកឧត្តម Anthony Albanese នាយករដ្ឋមន្រ្តីអូស្រ្តាលី ចាត់ទុកកម្ពុជា ជាប្រទេសមួយអស្ចារ្យ ដែល​ឆ្លង​កាត់​របបប្រល័យពូជសាសន៍ ហើយឥឡូវក្លាយជាប្រទេសរឹងមាំ មានសន្តិភាព និងស្ថិរភាព​នយោបាយ និងការអភិវឌ្ឍដូចប្រទេសសមាជិកអាស៊ានដទៃទៀតដែរ។ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ បានថ្លែងបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅ​ព្រលាន​យន្ត​ហោះអន្តរជាតិភ្នំពេញ ជុំវិញលទ្ធផល នៃការអញ្ជើញចូលរួមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី កាល​ពីយប់​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ។ ឯកឧត្តមថ្លែងថា នាយករដ្ឋមន្រ្តីអូស្រ្តាលី​បានចាត់​ទុក​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​អស្ចារ្យ​ក្នុង​ន័យ​ថា ជាប្រទេសមួយមានភាពធន់ខ្លាំង គួរឱ្យស្ញប់ស្ញែង ដ្បិតកម្ពុជា​បាន​ឆ្លង​កាត់​សោកនាដកម្ម​មួយ​ពាន់​ជំពូក រួមទាំងបានឆ្លងកាត់របបប្រល័យពូជសាសន៍ថែមទៀត ប៉ុន្ដែឥឡូវ​ក្លាយ​ជា​ប្រទេស​រឹងមាំ ដែលមានសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីបន្តអភិវឌ្ឍ ដោយតាម​ប្រកិត​ពី​ក្រោយ​បណ្តា​ប្រទេសនានានៅអាស៊ីអាគ្នេយ៍ដែរ។សូមជម្រាបថា កម្ពុជា-អូស្រ្តាលី មានទំនាក់ទំនងជាមួយគ្នាយូរអង្វែងជាង៧ទសវត្ស កន្លង​មក​ហើយ ដោយអូស្រ្តាលីជួយកម្ពុជាច្រើន ជាពិសេសអំឡុងស្វែងរកសន្តិភាព ជូនកម្ពុជា​នៅ​ក្នុង​ទសវត្ស​ ឆ្នាំ១៩៩០ ហើយពេលនេះអូស្រ្តាលីបន្តជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស និង​ក្នុង​វិស័យគន្លឹះៗជាច្រើន ដូចជាកសិកម្ម សុខាភិបាល ការបោសសម្អាតមីន សន្តិសុខ និង​ការ​ការ​ពារ​សន្តិសុខជាដើម។ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងថា អូស្ត្រាលី បានដាក់ចេញ​នូវ​យុទ្ធសាស្រ្តសេ​ដ្ឋកិច្ច​អូស្ត្រាលីមួ​យច្បាស់លាស់សម្រាប់អាស៊ីអាគ្នេយ៍ ហើយនៅក្របខ័ណ្ឌ​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ អូស្រ្តាលីគ្រោងនឹងសហការជាមួយកម្ពុជា នៅលើវិស័យមួយ​ចំនួន​ដូច​ជាវិស័យ​កសិកម្ម​ដែល​ត្រូវតែលើកកម្ពស់ផលិតភាព វិស័យអប់រំតាមរយៈការលើកកម្ពស់ជំនាញវិទ្យាសាស្ត្រ ព្រម​ទាំងវិស័យទេសចរណ៍ជាដើម។ តាមរយៈវិស័យទេសចរណ៍នេះដែរ រដ្ឋាភិបាលកម្ពុជា-អូស្រ្តាលី តាមរយៈក្រសួងការបរទេស នៃប្រទេសទាំងពីរ បានចុះកិច្ច​ព្រមព្រៀង​មួយ​ស្តីពី​សេវា​កម្ម​ដឹក​អញ្ជូន​តាមផ្លូវអាកាស ហើយគោលដៅគឺជំរុញទំនាក់ទំនងកម្ពុជា-អូស្រ្តាលីជាអាទិ៍ នៅ​លើ​វិស័យទេសចរណ៍នេះឯង៕ អត្ថបទ៖ វ៉ន ដារ៉ា

ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី សម្តេចធិបតីស្វាគមន៍អូស្ត្រាលីក្នុងការជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ចជាមួយតំបន់អាស៊ីអាគ្នេយ៍

2024/03/07 06:11:55 pm        214
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនង​ដៃគូសន្ទនា​អាស៊ាន-អូស្ត្រាលី ដែលបានប្រព្រឹត្តទៅ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ថ្ងៃទី២-៦ ខែមីនា ឆ្នាំ២០២៤។ប្រមុខដឹកនាំអាស៊ាន និងអូស្ត្រាលី បានពិនិត្យឡើង​វិញ​អំពី​កិច្ច​សហប្រតិបត្តិការ​ក្រោម​សសរ​ស្ដម្ភ​សហគមន៍​ទាំងបី​របស់អាស៊ាន ក្នុងរយៈពេល៥០ឆ្នាំកន្លងមក ជាពិសេសវឌ្ឍនភាព​សម្រេច​បាន​សំខាន់​ៗ បន្ទាប់ពីការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២១ ព្រមទាំង​បាន​កំណត់​ទិសដៅអនាគតសម្រាប់តំបន់ទាំងពីរ ទន្ទឹមនឹងការបញ្ចប់​ឱ្យ​បាន​ឆាប់​នូវ​ផែន​ការ​សកម្មភាព​ថ្មី (២០២៥-២០២៩)។ កិច្ចប្រជុំកំពូលពិសេសបានអនុម័តឯកសារចំនួនពីរ គឺទី១ សេចក្តីប្រកាសចក្ខុវិស័យ​រួម​របស់​ថ្នាក់​ដឹក​នាំ​អាស៊ាន-អូស្ត្រាលី៖ ដៃគូសម្រាប់សន្តិភាព និងវិបុលភាព និងទី២ សេចក្តីថ្លែងការណ៍​ទីក្រុងម៉ែលប៊ន​៖ ភាពជាដៃគូសម្រាប់អនាគត។នៅក្នុងកិច្ចប្រជុំកំពូលពិសេសសម្តេចធិបតីបានគូសបង្ហាញថា ដោយការផ្សារភ្ជាប់គ្នា​នៃ​កត្តា​ភូមិសាស្រ្ត និងលក្ខណៈរួមគ្នាអាស៊ាន និងអូស្ត្រាលីគឺជាដៃគូដ៏ស្និទ្ធស្នាល។ ចាប់តាំងពីបានក្លាយ ជា​ដៃគូសន្ទនាដំបូងគេបង្អស់របស់អាស៊ាន ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី​បាន​រីកលូតលាស់​កាន់​តែខ្លាំងឡើងៗជាលំដាប់ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន និងឈាន​ដល់​ការ​បង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២១។ ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងវិបុលភាពនៅក្នុងតំបន់កម្ពុជាតែងតែផ្អែកលើបំណងប្រាថ្នាមួយ និងមកការជឿជាក់គ្នា និងការ​ផ្តល់​ផល​ប្រយោជន៍ទៅវិញទៅមក។អាស្រ័យដោយអាស៊ាន និងអូស្ត្រាលីមានសក្តានុពលកំណើនសេដ្ឋកិច្ចដ៏ត្រចះត្រចង់ដូចគ្នា សម្តេចធិបតី បានគូសបញ្ជាក់​ពីសារៈ​សំខាន់​ក្នុង​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មពហុភាគីដែលមានស្រាប់ ដូចជាកិច្ចព្រមព្រៀង​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន-​អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងកិច្ចព្រមព្រៀង​ភាព​ជាដៃ​គូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​តំបន់ (RCEP) ជាដើម និងទន្ទឹងការចូល​ជា​ធរមាន​នៃ​ពិធី​សារ​ទីពីរ​ដើម្បី​ធ្វើ​វិសោធនកម្ម​នៃ​កិច្ច​ព្រមព្រៀង AANZFTA ឱ្យបានទាន់ពេលវេលា។ សម្តេចធិបតីក៏បានស្វាគមន៍ការផ្តោតការយកចិត្តទុកដាក់របស់អូស្ត្រាលីក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ជាមួយតំបន់អាស៊ីអាគ្នេយ៍ និងការដាក់ចេញនូវរបាយការណ៍ស្តីពី «វិនិយោគ៖ យុទ្ធសាស្ត្រ​សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីឆ្ពោះទៅឆ្នាំ២០៤០។សម្តេចធិបតី បានលើកឡើងនូវតម្រូវការបន្តពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន​ដោយ​បាន​បញ្ជាក់​ថា ប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍ទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ពីការ​អប់រំ​ប្រកប​ដោយគុណភាពខ្ពស់របស់អូស្ត្រាលី តាមរយៈអាហារូបករណ៍អូស្ត្រាលីសម្រាប់អាស៊ាន, អូស្ត្រាលី សម្រាប់គំនិតផ្តួចផ្តើមបរិវត្តកម្មឌីជីថលអាស៊ាន និងជំនាញសម្រាប់ពេលអនាគត, និង​អាហារូបករណ៍អូស្ត្រាលី Awards។ សម្តេចធិបតីក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់អូស្ត្រាលី ចំពោះភាព​ជាដៃគូ​អូស្ត្រាលី​សម្រាប់​គំនិតផ្ដួចផ្ដើមហេដ្ឋារចនាសម្ព័ន្ធ និងចំពោះការគាំទ្ររបស់ខ្លួនដល់កម្មវិធីពង្រឹង សមត្ថភាព​មន្ត្រីរាជការកម្ពុជា និងវិស័យឯកជន​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភាពជាដៃគូ​រវាងរដ្ឋ និងឯកជន។នៅក្នុងសម័យប្រជុំចង្អៀតប្រមុខដឹកនាំអាស៊ាន និងអូស្ត្រាលីក៏បានពិភាក្សាលើបញ្ហាជា យុទ្ធសាស្ត្រ ដែលជាកង្វល់ និងផលប្រយោជន៍រួម និងវិធីសាស្ត្រដែលអាស៊ាន និងអូស្ត្រាលី​អាច​ធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួម។ សម្តេចធិបតី បានលើក​ទឹកចិត្ត​ឱ្យមា​ន​កិច្ច​ប្រឹង​ប្រែង​បន្ថែម​ទៀតក្នុងកា​រជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​ និង​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក និងពង្រឹងពហុភាគីនិយមដែលសេរី បើកចំហ តម្លាភាព បរិយាបន្ន យុត្តិធម៌ និងផ្អែក​លើ​វិធាន​ច្បាប់​។ បន្ថែមពីលើនេះសម្តេចធិបតីបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃកិច្ចសន្ទនាការទំនាក់ទំនង និង​វិធានការ កសាងជំនឿទុកចិត្តគ្នា ក្នុងការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និង​វិបុលភាព នៅក្នុងតំបន់ និងសាកលលោក៕ អត្ថបទ៖ វ៉ន ដារ៉ា

អាមេរិកជំរុញឲ្យអ៊ីរ៉ង់ កាត់បន្ថយសារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតដែលជិតអាចផលិតអាវុធបានរបស់ខ្លួន

2024/03/07 05:29:15 pm        161
សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានអំពាវនាវឲ្យប្រទេសអ៊ីរ៉ង់កាត់បន្ថយអ៊ុយរ៉ានីញ៉ូមទាំងអស់ដែលខ្លួនបានចម្រាញ់យកភាពបរិសុទ្ធរហូតដល់ ៦០ភាគរយ ជិតឈានដល់កម្រិតដែលអាចផលិតអាវុធបានប្រហែល ៩០ភាគរយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានថ្កោលទោសសកម្មភាពនុយក្លេអ៊ែរថ្មីៗជាច្រើនរបស់ទីក្រុងតេអេរ៉ង់។ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA)បាននិយាយនៅក្នុងរបាយការណ៍សម្ងាត់មួយទៅកាន់ប្រទេសជាសមាជិកកាលពីសប្តាហ៍មុនថា ស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ដែលចម្រាញ់បានរហូតដល់ ៦០ភាគ បានធ្លាក់ចុះបន្តិចនៅក្នុងត្រីមាសមុននេះ ដោយសារវាត្រូវបានបន្ថយ ឬ «ធ្លាក់ចុះ» មកពីធាតុដើមអ៊ុយរ៉ានីញ៉ូមដែលត្រូវបានចម្រាញ់ច្រើនជាងអ្វីដែលខ្លួនបានផលិត។របាយការណ៍ដែលឃើញដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញថា អ៊ីរ៉ង់នៅតែមានសម្ភារៈគ្រប់គ្រាន់នោះ ប្រសិនបើពង្រឹងបន្ថែមទៀត ដើម្បីផលិតអាវុធនុយក្លេអ៊ែរចំនួនពីរ តាមការកំណត់ជាទឹ្រស្តីរបស់ IAEA ហើយមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកបន្ថែមទៀត ដោយគ្រាន់តែស្ថិតនៅក្នុង កម្រិតមួយទាប។ សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយស្តីពីអ៊ីរ៉ង់ទៅកាន់កិច្ចប្រជុំប្រចាំត្រីមាសនៃក្រុមប្រឹក្សាភិបាល IAEA ដែលមានប្រទេសចំនួន៣៥ថា៖«អ៊ីរ៉ង់គួរតែកាត់បន្ថយទាំងអស់ មិនមែនត្រឹមតែមួយចំនួននៃស្តុកទុក៦០ភាគរយរបស់ខ្លួននោះទេ ហើយបញ្ឈប់ការផលិតអ៊ុយរ៉ានីញ៉ូម ដែលត្រូវបានចម្រាញ់ដល់៦០ភាគរយទាំងស្រុង។

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី សម្ដេចធិបតី បានជួបពិភាក្សាការងារ​ទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូល ៦រូប ប្រកបដោយផ្លែផ្កា

2024/03/07 05:24:42 pm        212
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ពីថ្ងៃទី ២-៦ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយថ្នាក់ដឹកនាំ ៦រូប ក្នុង​នោះមា​នឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន ឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រី សិង្ហបុរី ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ឯកឧត្ដម Christopher Luxon នាយករដ្ឋ​មន្ត្រីនូវែលសេឡង់ និងឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។ក្នុងជំនួបនៅថ្ងៃទី៤ ខែមីនា សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ប្រធានាធិបតីហ្វីលីពីន បាន​សម្តែង​ការ​ពេញ​ចិត្តដែលភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំលើកទី៤នៃគណៈកម្មការចម្រុះ សម្រាប់​កិច្ច​សហប្រតិបត្តិការទ្វេភាគីនៅប្រទេសហ្វីលីពីន ក្នុងឆមាសទី២ ឆ្នាំ២០២៤ ដើម្បី​ពិភាក្សា ​រិះរកមធ្យោបាយជំរុញសន្ទុះកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ទៅលើវិស័យថ្មីៗទៀត។ ក្នុងវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើនពាណិជ្ជកម្ម ទ្វេភាគី ពិសេសការ​ទិញ-​លក់​អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀត ព្រមទាំងលើកទឹកចិត្ត ឱ្យស្ថាប័ន រដ្ឋ និង​ផ្នែកឯ​កជន​សហការគ្នាជំរុញលំហូរទេសចរ រួមទាំងតាមរយៈការបង្កើតជើងហោះហើរត្រង់ តភ្ជាប់​តំបន់​ទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះដែរឯកឧត្តមប្រធានាធិបតី ហ្វីលីពីន បានបញ្ជាក់ថា​នឹង​ជំរុ​ញ​ឱ្យ​បាន​ឆាប់​ការ​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ចៀស​វាង ការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ដែល​នឹង​ជួយជំរុញដល់ការផ្លាស់ប្តូរផ្នែកធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលយក​ដោយ​រីក​រាយ​នូវ​ការ​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ហ្វីលីពីនក្នុងពេលសមស្រប។ជំនួបរវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ ខែមីនា។ ថ្នាក់ដឹកនាំទាំងពីរ បានលើកពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃ​ទំនាក់​ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ីនៅឆ្នាំ២០២៤ ដែលជាឱកាសប្រសើរសម្រាប់រៀបចំ កិច្ច​ប្រជុំ​គណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី៥។ ភាគីទាំងពីរ បាន​ឯកភាព គ្នាលើកទឹក​ចិត្ត​ស្ថាប័ន​ពាក់​ព័ន្ធ​អនុវ​ត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព​នូវ​អនុស្ស​រណៈ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ លើវិស័យកសិកម្ម និងជំរុញឱ្យ​បាន​ឆាប់​នូវ​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពីការ​ពង្រីកពាណិជ្ជកម្ម អង្គរ។ ឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី បាន​ឯកភាព​ជាមួយ​សម្តេច​ធិបតី​នាយករដ្ឋ​មន្ត្រី អំពី សារៈសំខាន់នៃការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងអាកាស ដើម្បី​បង្កើន​ពាណិជ្ជកម្ម និង វិនិយោគ ព្រមទាំងលំហូរទេសចររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បាន​ឯកភាព​លើកទឹកចិត្តឱ្យ ស្ថាប័នជំនាញ និងផ្នែកឯកជន សិក្សាពីលទ្ធភាព​តភ្ជាប់​តំបន់​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ឱ្យសហគ្រាស និងក្រុមហ៊ុន​ឥណ្ឌូណេស៊ី ពិនិត្យលទ្ធភាព វិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ។ជំនួបរវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរី នៅរសៀលថ្ងៃ ដដែល បាន​គ្រប​ដណ្តប់លើវិស័យជាច្រើន រួមទាំងវិស័យសេដ្ឋកិច្ច និងអប់រំ។ ថ្នាក់ដឹកនាំទាំងពីរ បាន​ឯកភាព​ជំរុញ​គម្រោងសហប្រតិបត្តិការទ្វេភាគីផ្នែកថាមពលកកើតឡើងវិញ និងយល់ស្របគ្នា ផងដែរថា​ជា​ការសំខាន់ក្នុងការជំរុញការតភ្ជាប់បណ្ដាញថាមពលអគ្គិសនីអាស៊ាន ដើម្បីលើក​កម្ពស់​ សន្តិសុខថាមពលក្នុងតំបន់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តម​នាយករដ្ឋ​មន្ត្រី​សិង្ហ​បុរី​ ក៏ បានលើកពីការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ពិសេសការ​លើក​ទឹក​ចិត្ត​វិស័យ​ឯកជន​ឱ្យ​បង្កើត​កញ្ចប់​ទេសចរណ៍​រួមសំដៅ​ជំរុញ​វិស័យ​ទេសចរណ៍​ឱ្យ​ងើប​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩។ ដើម្បីជួយបង្កើនសមត្ថភាពជំនាញនៃកម្លាំងពលកម្មកម្ពុជា ឯកឧត្តម​នាយករដ្ឋ​មន្ត្រី​ Lee Hsien Loong បានថ្លែងថា សិង្ហបុរីត្រៀមចែករំលែកបទពិសោធន៍ដល់កម្ពុជា ក្នុង​ការ​លើក កម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន​ទទួលយក ដោយរីករាយចំពោះការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរី ក្នុង​ត្រីមាស​ទី៣​ឆ្នាំ២០២៤។ក្នុង​ជំនួបជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយ តម្លៃ​ខ្ពស់​​ចំ​ពោះ​ការរួមចំណែករបស់អូស្ត្រាលីដល់ដំណើរការសន្តិភាពនៅកម្ពុជា និងការគាំទ្រ​ដល់​ការ​ស្តារ និងអភិវឌ្ឍន៍កម្ពុជាលើវិស័យជាច្រើន ដូចជាកសិកម្ម អប់រំ សកម្មភាពមីន។ល។ និង​ស្វាគមន៍ ការប្រកាស​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​សេដ្ឋកិច្ច​អូស្ត្រាលី​សម្រាប់​អាស៊ី​អាគ្នេយ៍​ឆ្ពោះ​ទៅ​ឆ្នាំ​២០៤០​។សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យស្ថាប័នពាក់ព័ន្ធ​នៃប្រទេស​ទាំង​ពីរ​ធ្វើ​ការ​ជាមួយ​គ្នា​កាន់​តែ​សកម្ម ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ លើកទឹកចិត្ត​ឱ្យ​សាកល​វិទ្យាល័យ​នៃ​ប្រទេស ទាំងពីរសហការគ្នាលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកកសិកម្ម និងវិទ្យាសាស្ត្រ ព្រម​ទាំង​ជំរុញ​ឱ្យ​មានកិច្ចសហប្រតិបត្តិការផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការងារ។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានបញ្ជាក់​ពីការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ទំនាក់​ទំនង​គ្រប់​វិស័យ​ជាមួយ តំបន់អាស៊ីអាគ្នេយ៍និយាយជារួម និងជាមួយកម្ពុជា និយាយដោយឡែក ហើយ​បាន​យល់​ស្របថា មានវិស័យជាច្រើនដែលកម្ពុជា និងអូស្ត្រាលី​អាច​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​បាន ជាអាទិ៍ អូស្ត្រាលីមានបទពិសោធន៍ក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម និង​ជំនាញ​ផ្នែក​វិទ្យា​សាស្ត្រ រីឯកម្ពុជាមានកាលានុវត្តភាពវិស័យទេសចរណ៍។ ថ្នាក់ដឹកនាំ​ទាំងពីរបានអបអរសាទរចំពោះការចុះ ហត្ថលេខាលើកិច្ច​ព្រមព្រៀង​ស្ដីពី​សេវា​កម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ដោយរដ្ឋមន្ត្រីការបរទេសនៃ ប្រទេសទាំងពីរ នៅថ្ងៃទី៥ ខែមីនា នេះដែរ ដែល​នឹងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការប្រាស្រ័យ​ទាក់​ទង​រវាង​ប្រជាជន និង​ប្រជាជន។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បាន ទទួលយក​ដោយ​ភាព​រីករាយ​នូវ​ការ​អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងពេលវេលាសមស្រប។ក្នុង​ជំនួប​ជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃ ខ្ពស់​ចំពោះ​ទំនាក់​ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំងពីរ​។ ឯកឧត្ដម Christopher Luxon បានកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់​កម្ពុជា​ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី។ សម្តេចធិបតី​នាយករដ្ឋមន្ត្រី​បានថ្លែង​អំណរគុណ​ជ្រាលជ្រៅ​ចំពោះជំនួយ​ដ៏មានត​ម្លៃ​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចរបស់កម្ពុជា ពិសេសការអភិវឌ្ឍធនធានមនុស្ស កសិកម្ម និងការបោស​សម្អាត​មីន​។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យមានទំនាក់ទំនងពាណិជ្ជកម្ម និងការ​វិនិយោគ​បន្ថែម​ទៀតពីប្រទេសនូវែលសេឡង់លើ វិស័យដែលមានសក្តានុពល រួមទាំងវិស័យ កសិកម្ម និងកសិឧស្សាហកម្ម។ ដោយឡែក​នៅព្រឹកថ្ងៃទី៦ ខែមីនា សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានឆ្លៀតពេលជួប ពិភាក្សា​ជាមួយ​ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ផងដែរដើម្បីបន្តកិច្ចពិភាក្សាអំពីការខិតខំបន្ត លើក​កម្ពស់​ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និង វៀតណាម។ នាយករដ្ឋ​មន្ត្រីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ដ៏ ញឹកញាប់​រវាង​ប្រទេស​ទាំងពីរដែលបាន ធ្វើឱ្យទំនាក់ទំនងកាន់តែមានភាពស្អិតរមួតក្នុងក្របខ័ណ្ឌរដ្ឋ ក៏​ដូច​ជា​ក្រប​ខ័ណ្ឌ​បក្ស និងបានផ្លាស់ប្តូរយោបល់គ្នាអំពីការត្រៀមរៀបចំទទួលទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធាន​រដ្ឋវៀតណាមនៅកម្ពុជា និងទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជា ណា​ចក្រ​កម្ពុជា នៅវៀតណាម ក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជម្រាប​សមភាគី​វៀតណាម​អំពី​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ត្រី​កោណ​អភិវឌ្ឍន៍កម្ពុជា-ឡាវ- វៀតណាម នៅចុងឆ្នាំនេះនៅកម្ពុជា និងបានរំលឹក​អំពី​ការ​ឯកភាព​ឱ្យ​មាន​កិច្ច​ប្រជុំទៀងទាត់ជារៀង រាល់ឆ្នាំរវាងស្ថាប័នទទួលបន្ទុកកិច្ចការបរទេស សន្តិសុខ និង​ការពារ​ជាតិ។ ក្នុងគោលដៅជំរុញសន្ទុះ ទំនាក់ទំនងសេដ្ឋកិច្ច សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន​ឯក​ភាព​ជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី វៀតណាម អំពីការ​ចាំបាច់​ត្រូវ​លើក​ទឹក​ចិត្ត​ឱ្យ​ស្ថាប័ន​ពាក់ព័​ន្ធ​បន្តខិតខំរិះរកមធ្យោបាយធ្វើយ៉ាងណា សម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ២០ ប៊ីលាន​ដុល្លារអាមេរិក ក្នុងអនាគតដ៏ខ្លីខាងមុខ។ ពាក់ព័ន្ធនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នាឱ្យស្ថាប័នជំនាញ កំណត់​ឱ្យបានឆាប់នូវចំណុចតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបាយ-ហូជីមិញ និង​បន្ត​ខិតខំ សម្រេចការកសាងផ្លូវល្បឿនលឿនផ្សេងទៀត ដើម្បីបង្កើនប្រសិទ្ធភាព និង​ភាព​ងាយ​ស្រួល​សម្រាប់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។ ចំពោះការតភ្ជាប់វិស័យទេសចរណ៍ ភាគីទាំងពីរ បាន​ឯកភាព ជំរុញ​ការ​អនុវត្ត​គំនិត​ផ្ដួច​ផ្ដើម​ប្រទេស​បី​គោលដៅតែ​មួយ​ដែល​ជា​រូបមន្ត​កិច្ច​សហ​ប្រតិបត្តិការវិស័យ ទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំកំពូលទាំង៦រូបខាងលើ អំពី​ការ​បង្កើន​កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនផងដែរ រួមទាំង​ការ​ជួញ​ដូរ​មនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធពត៌មានវិទ្យា ដែលទាមទារកិច្ចសហប្រតិបត្តិការ ពហុភាគី​។ ក្រៅពីជំនួបខាងលើសម្តេចធិបតីនាយករដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុនជាច្រើនដែល មាន​ការចាប់អារម្មណ៍ចំពោះកាលានុវត្តភាពសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា៕

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បញ្ជាឱ្យបង្កើនការត្រៀមធ្វើសង្គ្រាម

2024/03/07 04:25:51 pm        192
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (០៧ មីនា) នេះថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការហ្វឹកហ្វឺនកងទ័ពនៅមូលដ្ឋានប្រតិបត្តិការយោធាដ៏សំខាន់មួយនៅក្នុងតំបន់ភាគខាងលិចនៃប្រទេសកាលពីថ្ងៃពុធ ហើយបានបញ្ជាឱ្យបង្កើនការត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម។សារព័ត៌មាន KCNA បានរាយការណ៍ដោយដកស្រង់សម្ដីលោក គីម ដែលបាននិយាយថា យោធាត្រូវតែ «ដឹកនាំយ៉ាងស្វាហាប់ដើម្បីពង្រឹងការត្រៀមរៀបចំធ្វើសង្រ្គាម ស្របតាមតម្រូវការនៃស្ថានភាពនាពេលបច្ចុប្បន្ន»។លោក គីម បានបន្ថែមថា «កងទ័ពគួរតែបង្កើនការធ្វើសមយុទ្ធសង្រ្គាមជាក់ស្ដែងដែលផ្ដោតទៅលើការធ្វើឱ្យប្រសើរឡើងយ៉ាងឆាប់រហ័សនូវសមត្ថភាពប្រយុទ្ធសម្រាប់ការត្រៀមខ្លួនដ៏ល្អឥតខ្ចោះក្នុងការធ្វើសង្រ្គាម»។ដំណើរចុះពិនិត្យរបស់មូលដ្ឋានទ័ព ដែលទីតាំងមិនត្រូវបានកំណត់នេះ បានកើតឡើងបន្ទាប់ពីការចាប់ផ្តើមសមយុទ្ធយោធារួមប្រចាំឆ្នាំដោយកងកម្លាំងអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ នៅកូរ៉េខាងត្បូងដោយមានចំនួនទាហានចូលរួមចំនួនពីរដងធៀបនឹងឆ្នាំមុន ដែលផ្ដោតលើការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

កម្ពុជា និងអូស្រ្តាលីបានចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងសេវាដឹកជញ្ជូនតាមផ្លូវអាកាស

2024/03/07 03:37:57 pm        203
កម្ពុជា និងអូស្រ្តាលី បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការដឹកជញ្ជូនតាមផ្លូវអាកាស ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ក៏ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ បន្ថែមទៀតផងដែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅប្រទេសអូស្រ្តាលី ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានអូស្រ្តាលី ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្រ្តីអូស្រ្តាលីនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាការងារជា មួយគ្នាជាច្រើនទាក់ទងនឹងការបង្កើនកិច្ច​សហប្រតិបត្តិការទ្វេភាគី ដោយក្នុងនោះថ្នាក់ដឹកនាំ​ប្រទេសទាំងពីរក៏បានសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះប្រមុខការទូត​ប្រទេសទាំងពីរ ដែលបានសម្រេចចុះកិច្ចព្រមព្រៀង​សេវាដឹកជញ្ជូនតាមផ្លូវអាកាសរបស់ប្រទេសទាំងពីរ(កម្ពុជា-អូស្រ្តាលី)ផងដែរ។បើតាមឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ ក៏បានឲ្យដឹងផងដែរថា នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត លោកនាយក រដ្ឋមន្រ្តីអូស្ត្រាលី ក៏បានចាត់ទុកកម្ពុជាថា ជាប្រទេសមួយដ៏អស្ចារ្យប្រកបដោយ ភាពធន់ទោះបីកម្ពុជាមានរបបប្រល័យពូជាសាសន៍ក៏ដោយ ហើយលោកនាយករដ្ឋមន្រ្តីក៏បានសម្តែងនូវ ការគាំទ្រ និងបង្ហាញពីការពេញចិត្តក្នុងការពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ។នៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលីនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ បានប្រកាសថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួយគាំទ្រទាំងក្នុងអំឡុង ពេលស្វែងរកសន្តិភាពនៅទសវត្សន៍១៩៩០ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសគាំទ្រពីអូស្រ្តាលី លើវិស័យកសិកម្ម សុខាភិបាល បោសសម្អាតមីន សន្តិសុខ និងការពារជាតិជាដើម។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ដដែល៕អត្ថបទបាន ចក់

ចិន ជំរុញឲ្យសហរដ្ឋអាមេរិក ឈប់ប្រើប្រាស់ហ្វីលីពីនជាកូនអុក នៅសមុទ្រចិនខាងត្បូង

2024/03/07 03:10:56 pm        175
កាលពីថ្ងៃពុធទី៦មីនា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ឈប់ប្រើប្រាស់ប្រទេសហ្វីលីពីនជា «កូនអុក»នៅសមុទ្រចិនខាងត្បូង។លោកស្រីម៉ៅនីង(Mao Ning) អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយឆ្លើយតបទៅនឹងសំណួរ ថាតើការថ្កោលទោសរបស់សហរដ្ឋអាមេរិកចំពោះសកម្មភាពរបស់ចិនគឺការបង្កហេតុឬយ៉ាងណា ថាប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកកុំឱ្យប្រើប្រាស់ប្រទេសហ្វីលីពីនធ្វើជាកូនអុក ដើម្បីបង្កបញ្ហានៅក្នុងសមុទ្រចិនខាងត្បូងទៀត។ ហ្វីលីពីន មិនគួរបណ្ដោយខ្លួនតាមតែការចង្អុលរបស់សហរដ្ឋអាមេរិកនោះទេ។ យោងតាមអ្នកនាំពាក្យអង្គភាពឆ្មាំសមុទ្រកាលពីថ្ងៃអង្គារ នាវាហ្វីលីពីន៤គ្រឿងកាលពីថ្ងៃអង្គារបានឆ្លងចូលទៅក្នុងដែនទឹកដែលនៅជាប់នឹងតំបន់ថ្មប៉ប្រះទឹក រិន អាយ ជីអាវ(Ren'ai Jiao)មានជម្លោះ ដែលជាផ្នែកនៃតំបន់ ណានសា កាន់តាវ(Nansha Qundao)ក្នុងតំបន់កោះ ស្រ្ពាតលី (Spratly) របស់ប្រទេសចិនក្នុងសមុទ្រចិនខាងត្បូងដើម្បីបញ្ជូនសម្ភារៈសំណង់ទៅកាន់នាវាយោធាដែលបានចុះចដោយខុសច្បាប់នៅលើកោះនេះ។ ជាការឆ្លើយតប ឆ្មាំសមុទ្រចិនបានចាត់វិធានការចាំបាច់ប្រឆាំងនឹងនាវាហ្វីលីពីន ស្របតាមច្បាប់ដូចជាការប្រើការណុងបាញ់ជាដើម។ លោកស្រីម៉ៅ បាននិយាយថា តំបន់ជម្លោះ ថ្មប៉ប្រះទឹក រិនអាយ ជីអាវ គឺជាបញ្ហាទ្វេភាគីរវាងចិន និងហ្វីលីពីន ដោយបន្ថែមថា ភាគីទីបីណាមួយ រួមទាំងសហរដ្ឋអាមេរិក គួរតែជៀសវាងពីការញុះញង់បង្ករឿង ដោយបើកដៃឱ្យមានអន្តរាគមន៍។ អ្នកនាំពាក្យរូបនេះ បាននិយាយថា ការតាំងចិត្តរបស់ប្រទេសចិន ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន គឺគ្មានការផ្លាស់ប្តូរឡើយ ហើយការប៉ុនប៉ងរំលោភសិទ្ធិ និងការបង្កហេតុរបស់ហ្វីលីពីន នឹងមិនជោគជ័យជាដាច់ខាត ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទូតកម្ពុជាប្រចាំនៅជប៉ុន៖ ​យុវជនមាន​តួនាទីសំខាន់​​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត
09/26/2026 05:09 PM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
09/26/2026 05:09 PM
សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាល​ នៅក្រុងស្ទឹងត្រែង ចំនួន ៣ ៥៩៩នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA
09/26/2026 05:09 PM
ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជាច្រើនម៉ឺនកន្លែងក្នុងស្រុក ដល់យុវជន និងអតីតពលករ នៅខេត្តប៉ៃលិន-បាត់ដំបង
09/26/2026 05:09 PM
ក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ប្តេជ្ញាបន្តសកម្មភាពបម្រើពលរដ្ឋដោយបេះដូងនិងស្មោះត្រង់
09/26/2026 05:09 PM
ប្រធានក្រុមការងារជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៤ ទីតាំងបន្ថែមទៀត ក្នុងស្រុកអង្គរជ័យ ខេត្តកំពត
09/26/2026 05:09 PM
ប្រមុខ UN ទទួលបន្ទុកជនភៀសខ្លួន ព្រមានពីស្ថានភាព «កាន់តែធ្ងន់ធ្ងរឡើង» នៅតំបន់ Sahara ខាងលិច
09/26/2026 04:09 PM
មនុស្ស​រាប់លាននាក់នៅភាគឦសានរបស់​សហរដ្ឋអាមេរិក ត្រៀមប្រឈម​នឹង​ព្យុះដ៏ខ្លាំងក្លា
09/26/2026 04:09 PM
កុមារនៅភាគខាងត្បូងលីបង់ ត្រឡប់ទៅសាលារៀនដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល
09/26/2026 04:09 PM
UN បន្ថែមក្រុមហ៊ុន ៦១ទៀតក្នុងបញ្ជីពាក់ព័ន្ធនឹងការតាំងទីលំនៅអ៊ីស្រាអែលធ្វើឲ្យចំនួនសរុបកើនដល់ ២១៤
09/26/2026 04:09 PM