សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមអ្នកជំនាញ៖ ថវិកាការពារជាតិរបស់ចិន បង្ហាញពីការត្រៀមខ្លួនខាងយោធា មិនមែនសង្រ្គាមជិតមកដល់ទេ

2024/03/06 08:17:05 pm        102
ក្រុមអ្នកវិភាគបាននិយាយថា កំណើន ៧,២ភាគរយ ដែលបានកំណត់សម្រាប់ថវិកាយោធារបស់ប្រទេសចិននៅឆ្នាំនេះ គឺដូចគ្នាទៅនឹងឆ្នាំ២០២៣ ហើយបង្ហាញថាទីក្រុងប៉េកាំងពុំបានត្រៀមខ្លួនសម្រាប់សង្រ្គាមដែលជិតមកដល់នោះទេ ប៉ុន្តែកំពុងចាត់វិធានការប្រុងប្រយ័ត្នជាយុទ្ធសាស្រ្តដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ ថវិកានេះត្រូវបានបញ្ចេញដោយក្រសួងហិរញ្ញវត្ថុកាលពីថ្ងៃអង្គារ ខណៈលោកនាយករដ្ឋមន្ត្រីលី ឈាង(Li Qiang) ថ្លែងសុន្ទរកថាបើកសម័យប្រជុំសភាប្រជាជន។ អ្នកជំនាញនិយាយថាការផ្តោតលើកម្លាំងបម្រុងឆ្លុះបញ្ចាំងពីមេរៀនដែលបានរៀនសូត្រពីសង្គ្រាមអ៊ុយក្រែន។ នៅក្នុងរបាយការណ៍ការងាររបស់លោក លោក Li បានគូសបញ្ជាក់អំពីការបង្កើនការគាំទ្រសម្រាប់ការត្រៀមខ្លួនធ្វើសង្គ្រាមតាមរយៈការពង្រីកកងកម្លាំងបម្រុង។ លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការសម្រាប់ភាពស្មោះត្រង់ខាងយោធា បន្ទាប់ពីមានការបោសសម្អាតដ៏ធំបំផុតមួយនៅក្នុងក្រសួងការពារជាតិក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យោងតាមក្រសួងខាងលើ កញ្ចប់ថវិកាយោធាដ៏ធំបំផុតរបស់មហាអំណាចទីពីររបស់ពិភពលោក ដែលនឹងកើនឡើងដល់១,៦៧ សែនកោដិយ័នស្មើ ២៣២ពាន់លានដុល្លារ ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ខណៈប្រទេសចិនប្រឈមភាពតានតឹងជាច្រើននៅក្នុងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ព្រមទាំងជម្លោះក្នុងការប្រកួតប្រជែងសណ្ដើមឥទ្ធិពលរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។លោក យ៉េ កាង (Yue Gang)វរសេនីយឯកចូលនិវត្តន៍មកពីកងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថា កំណើននៃការចំណាយយោធារបស់ប្រទេសចិនគឺស្របជាមួយនឹងកំណើននៃផលិតផលក្នុងស្រុកសរុប GDP ដោយបន្ថែមថា ការចំណាយនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ ស្ថិរភាពនៃវិស័យការពារជាតិ និងការពង្រីកវិស័យយោធា៕

លោក Trump ឈ្នះការបោះឆ្នោតបឋម ដែលមានឈ្មោះថា Super Tuesday ចំនួន១១ រដ្ឋលើកដំបូង

2024/03/06 08:12:23 pm        111
លោកTrump បានឈ្នះការបោះឆ្នោតបឋមចំនួន១១រដ្ឋដំបូងរួមទាំងរដ្ឋតិចសាស់ ។ការបោះឆ្នោតទាំងនេះ ត្រូវបានហៅដោយបណ្ដាញសហរដ្ឋអាមេរិក ខណៈលទ្ធផលបានបង្ហាញពីបណ្ដារដ្ឋ១៥ដែលគេឲ្យឈ្មោះថា Super Tuesday ក្នុងការប្រកួតប្រជែងដើម្បីតែងតាំងបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។ អតីតប្រធានាធិបតី ដែលមានបំណងដណ្ដើមកៅអីសេតវិមានជាថ្មី បន្ទាប់ពីចាញ់លោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ កាលពីឆ្នាំ២០២០ រូបនេះអាចប្រកាសពីជ័យជម្នះក្នុងរដ្ឋទាំងនោះនៅថ្ងៃអង្គារពេលវេលានៅសហរដ្ឋអាមេរិក ឆ្ពោះទៅរកការទទួលបានការតែងតាំងជាបេក្ខភាពប្រជាធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។ រដ្ឋ Alabama, Arkansas, Colorado, Maine, Massachusetts, Minnesota, North Carolina, Oklahoma, Tennessee, Texas និងរដ្ឋ Virginia ត្រូវបានកំណត់ជ័យជម្នះសម្រាប់លោក Trump ដែលលោកបានផ្ញើសារអគុណអ្នកបោះឆ្នោតនៅលើបណ្ដាញសង្គម Truth Social របស់លោក ខណៈការរាប់សន្លឹកឆ្នោតនៅតែបន្តក្នុងការបោះឆ្នោតដ៏ធំដែលគេឲ្យឈ្មោះថា Super Tuesday នៅទូទាំងប្រទេស។ នៅក្នុងការប្រកួតប្រជែងការតែងតាំងបេក្ខជនក្នុងគណបក្សប្រជាធិបតេយ្យ ដូចការរំពឹង លោក Biden បានឈ្នះ ចំនួន១៣រដ្ឋ ដែលត្រូវបានហៅដោយបណ្ដាញសហរដ្ឋអាមេរិក ទោះបីលោកត្រូវបានព្យាករថានឹងចាញ់សំឡេងបន្តិចបំតួចលើគូរប្រជែងមកពីគណបក្សប្រជាធិបតេយ្យដូចគ្នា គឺលោក Jason Palmer នៅក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិកតូចមួយនៃដែនដីសាម័រ(Samoa) របស់សហរដ្ឋអាមេរិក ក្ដី៕

បក្សនយោបាយ៖ លទ្ធផលបោះឆ្នោតព្រឹទ្ធសភាបង្ហាញពីដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស

2024/03/06 07:11:57 pm        221
គណបក្សនយោបាយនានា លើកឡើងថា លទ្ធផលផ្លូវការ នៃការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា គឺបានបង្ហាញពីចរន្តលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស បន្ទាប់​ពីមាន​គណបក្ស​នយោបាយ​ចំនួនពីរ​ទទួលបានអាសនៈ ក្នុងការបោះឆ្នោតនីតិកាលទី៥ ឆ្នាំ ២០២៤នេះ។បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​បញ្ចប់​ការ​ប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីម្សិលមិញ។ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ ថ្លែងប្រាប់ BTV នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដោយ​បាន​សម្តែង​ការគាំទ្រចំពោះលទ្ធផលរបស់ គ.ជ.ប។ លោកបានបញ្ជាក់ថាលទ្ធផលនោះមានគណបក្សនយោបាយចំនួនពីរទទួលបានអាសនៈក្នុងព្រឹទ្ធសភា នីតិកាលទី៥នេះ ដែលធ្វើដំណើរការក្នុងស្ថាប័នកំពូលនេះកាន់តែសកម្ម ក្នុងការ​បំពេញ​តួនាទី និងភារកិច្ចរួមគ្នាជាប្រយោជន៍សម្រាប់សង្គមជាតិ។ចំណែកលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ ក៏បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​លទ្ធផល​ផ្លូវការ​ នៃ​ការ​បោះឆ្នោ​ត​ព្រឹទ្ធសភានេះដូចគ្នាដែរ។ លោកលើកឡើងថា កម្ពុជាកាន់តែ​ចាក់ឫស​​លទ្ធិប្រជា​ធិប​តេយ្យ​ថែមទៀត បន្ទាប់ពីស្ថាប័ននីតិបញ្ញត្តិ ឬហៅថាសភាជាន់ខ្ពស់ មាន​គណបក្ស​នយោបាយ​ពីរ​ផ្សេងគ្នាក្នុងស្ថាប័នកំពូលតែមួយ។សូមជម្រាបថា យោងតាមលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភារបស់ គ.ជ.ប បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានឆ្នោតគាំទ្រច្រើនជាងគេ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ជិត ៩៥% ស្មើនឹង៥៥អាសនៈ ខណៈគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ៕ អត្ថបទ សេក ឧត្តម 

ប្រធានចារកម្មរុស្ស៊ី ចាត់ទុកការអត្ថាធិប្បាយរបស់លោកម៉ាក្រុងអំពីទាហានណាតូ នៅអ៊ុយក្រែនថា ជារឿងគ្រោះថ្នាក់

2024/03/06 05:35:30 pm        197
ប្រធានសេវាចារកម្មបរទេស (SVR) របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង(Emmanuel Macron)អំពីការបញ្ជូនទាហានណាតូ ទៅកាន់អ៊ុយក្រែន កំពុងជំរុញពិភពលោកឲ្យឈានទៅដល់ដំណាក់កាលនៃសង្គ្រាមនុយក្លេអ៊ែរ។កាលពីសប្តាហ៍មុន លោកម៉ាក្រុង បានបើកឱកាសឲ្យបណ្តាប្រទេសអឺរ៉ុបបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ទោះបីជាលោក បានព្រមានថា មិនមានការឯកភាពគ្នាក្នុងដំណាក់កាលនេះក៏ដោយ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសំខាន់ៗរបស់អឺរ៉ុប បាននិយាយជាបន្តបន្ទាប់ថា ពួកគេមិនមានគម្រោងបញ្ជូនកងទ័ពជើងគោកទៅកាន់អ៊ុយក្រែនទេ។ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានដកស្រង់សម្តីប្រធានសេវាចារកម្មបរទេស លោក Sergei Naryshkin ប្រាប់អ្នកសម្ភាសន៍ទូរទស្សន៍រុស្ស៊ីថា៖«នេះបង្ហាញពីភាពមិនទទួលខុសត្រូវខ្ពស់របស់ក្រុមមេដឹកនាំអឺរ៉ុបនាពេលបច្ចុប្បន្ននេះ ក្នុងករណីនេះ គឺលោកប្រធានាធិបតីបារាំង»។«ជាការពិតណាស់ នេះគឺជារឿងគួរឲ្យសោកស្តាយដោយបានឃើញ សង្កេត និងយល់ថា សមត្ថភាពរបស់ឥស្សរជនបច្ចុប្បន្ននៅអឺរ៉ុប និងអាត្លង់ទិកខាងជើងក្នុងការចរចា គឺនៅកម្រិតទាបបំផុត។«នេះ គឺជាការអធិប្បាយដ៏កម្រ ដែលពួកគេបានបង្ហាញពីសុភវិនិច្ឆ័យទាំងអស់។ ប៉ុន្តែសេចក្តីថ្លែងការណ៍ទាំងនេះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់។ ពួកគេកំពុងនាំយើងទៅដល់ដំណាក់កាលនៃសង្រ្គាមនុយក្លេអ៊ែរ រួចហើយ»។

លោកប្ល៊ីនខិន ប្រាប់អ៊ីស្រាអែលថា ខ្លួនត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ដើម្បីជំរុញជំនួយចូលដល់តំបន់ហ្កាហ្សា

2024/03/06 05:29:45 pm        218
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់តូនី ប្ល៊ីនខិន ( Antony Blinken) បានប្រាប់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសង្រ្គាមនៃគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benny Gantz នៅឯកិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃអង្គារ តាមរបៀប «ស្មោះត្រង់» ថា អ៊ីស្រាអែលចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីអនុញ្ញាតឲ្យមានជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Miller បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានឃើញរដ្ឋមន្ត្រីអ៊ីស្រាអែលមួយចំនួន នៅក្នុងរដ្ឋាភិបាល រារាំងការដឹកជញ្ជូនម្សៅទៅកាន់តំបន់ហ្កាហ្សា និងគាំទ្រក្រុមបាតុករដែលរារាំងជំនួយមិនឲ្យចូលទៅក្នុងដែនដីដែលមានប្រជាជនច្រើន ហើយលោកបានបន្ថែមថា សហរដ្ឋអាមេរិក បានអំពាវនាវឲ្យបញ្ចប់សកម្មភាពបែបនេះ។លោក Miller បានថ្លែងថា បច្ចុប្បន្ន ទីក្រុងវ៉ាស៊ីនតោន ចង់ឃើញច្រកឆ្លងកាត់ព្រំដែនមួយផ្សេងទៀតចូលទៅក្នុងតំបន់ហ្គាហ្សាត្រូវបានបើកដោយអ៊ីស្រាអែល ហើយត្រូវបានចូលរួមជាមួយសមភាគីអ៊ីស្រាអែលដោយផ្ទាល់ ដើម្បីធ្វើឲ្យរឿងនោះកើតឡើង ហើយការចូលរួមទាំងនោះរួមមានកិច្ចប្រជុំរបស់លោកប្ល៊ីនខិន ជាមួយលោក Gantz ។លោក Miller បានបញ្ជាក់ថា៖ «គាត់ (Blinken) បាននិយាយដោយផ្ទាល់ និងស្មោះត្រង់ចំពោះភាពធ្ងន់ធ្ងរនៃស្ថានភាពជាក់ស្តែង និងការពិតដែលថា អ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការបន្ថែមទៀត ដើម្បីទទួលបានជំនួយជាបន្ទាន់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ ស្ថានការណ៍មនុស្សធម៌ នៅតំបន់ហ្កាហ្សាថា «គួរឲ្យភ័យខ្លាច»។លោក Gantz បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅក្រសួងការបរទេស បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយលោកប៊្លីនខិនថា៖«កិច្ចប្រជុំនេះ គឺល្អណាស់»។ លោកមិនបានឆ្លើយតបនឹងសំណួរដែលបានលើកឡើងថាតើអ៊ីស្រាអែល នឹងបើកច្រកព្រំដែនមួយទៀត ដើម្បីអនុញ្ញាតឲ្យមានជំនួយបន្ថែមទៀតឬអត់?

រុស្ស៊ីនិយាយថា ខ្លួនកំពុងពិចារណាដាក់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះចន្ទជាមួយចិន

2024/03/06 05:18:00 pm        190
លោក យ៉ូរី បូរីសូវ (Yuri Borisov) ប្រធានទីភ្នាក់ងារអវកាស ស៉ូសខូស្មូស (Roscosmos) របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារ (០៥ មីនា) ថាប្រទេសរុស្ស៊ី និងប្រទេសចិន កំពុងពិចារណាដាក់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះចន្ទក្នុងឆ្នាំ២០៣៣ ទៅឆ្នាំ២០៣៥។លោក បូរីសូវ អតីតអនុរដ្ឋមន្ត្រីការពារជាតិ បាននិយាយថា រុស្ស៊ី និងចិន បាននឹងកំពុងធ្វើការរួមគ្នាលើកម្មវិធីបេសកកម្មព្រះចន្ទ ហើយថាទីក្រុងមូស្គូ អាចចូលរួមចំណែកជាមួយអ្នកជំនាញរបស់ខ្លួនលើគម្រោង «ថាមពលនុយក្លេអ៊ែរអវកាស»។ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ីរូបនេះក៏បាននិយាយផងដែរអំពីផែនការរបស់រុស្ស៊ី ក្នុងការសាងសង់យានអវកាសដឹកទំនិញដើរដោយថាមពលនុយក្លេអ៊ែរ។ លោកបានបន្ថែមថា សំណួរបច្ចេកទេសទាំងអស់ទាក់ទងនឹងគម្រោងនេះត្រូវបានដោះស្រាយ ក្រៅពីការស្វែងរកដំណោះស្រាយអំពីមធ្យោបាយធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរត្រជាក់ ដើម្បីឆ្ពោះទៅមុខលើដែនការនេះ។ក្រុមមន្ត្រីរុស្ស៊ី បាននិយាយជាយូរមកហើយពីផែនការដ៏មហិច្ឆិតារបស់ខ្លួនថាថ្ងៃណាមួយនឹងធ្វើការបង្កើតថ្មីមួយនៅលើឋានព្រះចន្ទ ប៉ុន្តែកម្មវិធីអវកាសរុស្ស៊ី បានទទួលរងនូវការបរាជ័យជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ

2024/03/06 05:14:11 pm        143
នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តី នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍​យ៉ាងកក់ក្តៅ​ចំពោះគ្នា​ទៅវិញ​ទៅមក ដោយក្ដីសោមនស្សរីករាយ។ ក្នុងជំនួបនេះ ឯកឧត្តម ផាម មិញជិញ បានអបអរសាទរ​កម្ពុជា​ចំពោះ​ជោគជ័យនៃរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក៏​ដូចជា​អបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជំនះលើការបោះឆ្នោត ដោយ​ទទួលបាន៥៥អាសនៈ។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានផ្ដាំផ្ញើ​ការសួរសុខទុក​ថ្វាយ​ជូន​ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រ​កម្ពុជា និងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧ​ត្តម​ប្រឹក្សាផ្ទា​ល់​ព្រះ​មហា​ក្សត្រ ​និងជាអតីតនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមួយចំនួនទៀតនៃប្រទេសកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងក្ដីរីករាយ​ដែល​បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយឯកឧត្តម នាយករដ្ឋមន្ត្រីជាថ្មីម្ដងទៀត​ដែល​នេះ​ជា​ឱកាស​នៃ​កិច្ច​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការដែលបានឯកភាពគ្នានាពេលកន្លងមក និងការបន្ត​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​នាថ្ងៃអនាគតបន្ថែមទៀត។ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាលើវិស័យគន្លឹះ ដែលជាកម្មវត្ថុនៃការពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម រវាងកម្ពុជា និងវៀតណាម ដែលរួមមានដូចជា៖ វិស័យ​ការពារ​ជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿន ភ្នំពេញ-បាវិត-ហូជីមិញ ជាដើម។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការការងារត្រីភាគី CLV, ថ្នាក់​ដឹក​នាំ​ទាំ​ងពីរ បានគូសបញ្ជាក់ថា នៅថ្ងៃខាងមុខ នឹងមានការរៀបចំកិច្ចប្រជុំកំពូល CLV លើកទី១២ ហើយ​បានលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នមួយចំនួនដើម្បីពង្រឹង និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​គ្នា​ក្នុង​ក្របខ័ណ្ឌ CLV បន្ថែមទៀត។ ដោយឡែកក្នុងវិស័យទេសចរណ៍ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​ឱ្យ​ក្រសួង​ទេសចរណ៍ប​ង្កើន​កិច្ច​ពិភា​​ក្សា​ដើម្បី​ស្វែង​រក​ឱកាស​ក្នុង​ការ​ជំរុញ​កំណើន​ទេសចរណ៍​ក្នុង​ប្រទេសទាំងបី។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំទាំងពីរក៏បា​ន​ពិភា​ក្សាគ្នា​លើ​កិច្ច​ការ​មួយ​ចំនួន ដែលជាផលប្រយោជន៍រួម សម្រាប់ប្រទេសកម្ពុជា និងប្រទេសវៀតណាមផងដែរ ៕

នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រាប់មេដឹកនាំអាស៊ានថា ជោគវាសនារបស់អូស្ត្រាលី ស្ថិតនៅជាមួយអាស៊ីអាគ្នេយ៍

2024/03/06 05:09:38 pm        150
អូស្ត្រាលីបានប្តេជ្ញាធ្វើការជាមួយបណ្ដាមេដឹកនាំអាស៊ាន ឬ(សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមមេដឹកនាំនៅថ្ងៃពុធ ៦ មីនា សប្ដាហ៍នេះ ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលរៀបចំនៅទីក្រុងមែលប៊ន(Melbourne)។ ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គ សហប្រធាននៃកិច្ចប្រជុំកំពូល នាយករដ្ឋមន្ត្រី អាន់តូនី អាល់បានីស(Anthony Albanese) បាននិយាយថា ជោគវាសនារបស់អូស្រ្តាលីស្ថិតនៅជាមួយអាស៊ីអាគ្នេយ៍ ហើយបានប្តេជ្ញាចិត្តជាថ្មីគាំទ្រតំបន់នេះ។អូស្ត្រាលីដែលជាប្រទេសធំបំផុតប្រចាំទ្វីបអូសេអានី កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃដើម្បីប្រារព្ធខួប ៥០ ឆ្នាំចាប់តាំងពីប្រទេសនេះ បានក្លាយជាដៃគូខាងក្រៅដំបូងរបស់អាស៊ាន។ប្រទេសធំបំផុតទី៦នៅលើពិភពលោកមួយនេះ នឹងសម្លឹងរកការពង្រឹងទំនាក់ទំនងជាមួយតំបន់ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈដែលចិនសម្លឹងរកការបង្កើនលទ្ធភាពការទូត និងយោធារបស់ខ្លួន។ ក្រុមមេដឹកនាំប្លុកនេះ នឹងត្រូវបានស្វាគមន៍ទៅកាន់វិមានរដ្ឋាភិបាលរបស់ទីក្រុង Melbourne នៅពេលក្រោយចប់កិច្ចប្រជុំ៕

កិច្ចប្រជុំកំពូលអាស៊ានផ្តោតលើសន្តិសុខដែនសមុទ្រ ស្របពេលមានភាពតានតឹងនៅសមុទ្រចិនខាងត្បូង

2024/03/06 05:06:04 pm        183
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បាននិយាយនៅថ្ងៃពុធ (០៦ មីនា) នេះថាសន្តិសុខដែនសមុទ្រ ពាណិជ្ជកម្ម និងថាមពលស្អាតនឹងបង្កើតអនាគតរបស់ប្រទេសនេះជាមួយប្លុកអាស៊ាន ខណៈដែលទីក្រុងប៉េកាំង សម្លឹងមើលការបង្កើនវត្តមានរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដែលមានការប្រកួតប្រជែងខ្លាំង។ប្រទេសអូស្ត្រាលី កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងមែលប៊ន ដែលជាការប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន បើទោះបីជាភាពខុសគ្នានៅតែមាននៅទូទាំងប្លុកដែលមានសមាជិក ១០ ប្រទេសនេះ ស្តីពីផែនការរបស់ប្រទេសចិន ក្នុងការពង្រីកវត្តមានការទូត និងយោធានៅក្នុងតំបន់។លោក អាល់បានីស បាននិយាយនៅក្នុងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃ ដែលនឹងបញ្ចប់នៅល្ងាចនៅថ្ងៃពុធនេះថា «អូស្ត្រាលី ប្តេជ្ញាធ្វើការជាមួយបណ្ដាប្រទេសទាំងអស់ដើម្បីធ្វើឱ្យប្រាកដថាគោលការណ៍នៃអធិបតេយ្យភាព បូរណភាពទឹកដី សមភាព និងឯករាជ្យភាពត្រូវបានរក្សា»។ការអត្ថាធិប្បាយនេះកើតឡើងនៅពេលដែលហ្វីលីពីន កាលពីថ្ងៃអង្គារ បានកោះហៅអនុប្រធានបេសកកម្មរបស់ចិន នៅទីក្រុងម៉ានីល ដើម្បីតវ៉ាចំពោះអ្វីដែលខ្លួនហៅថាជា «សកម្មភាពឈ្លានពាន» របស់កងកម្លាំងជើងទឹកចិន ប្រឆាំងនឹងបេសកកម្មផ្គត់ផ្គង់ឡើងវិញសម្រាប់កងទ័ពហ្វីលីពីន ដែលឈរជើងនៅលើដែនទឹកសមុទ្រចិនខាងត្បូង៕

ក្រសួងមហាផ្ទៃ ស្នើឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌសម្របសម្រួល និងគាំទ្រ ក្នុងការអនុវត្តការចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ

2024/03/06 04:36:08 pm        210
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែមីនានេះ បានចេញលិខិតស្នើឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ​សម្របសម្រួល និងគាំទ្រក្នុងការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រកប​ដោយ​ប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ក្រសួងមហាផ្ទៃ បានជម្រាប ឯកឧត្តម លោកជំទាវអភិបាលនៃ គណៈអភិបាលរាជធានី ខេត្ត ជ្រាបថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានរួមបញ្ចូលការធ្វើកំណែ ទម្រង់ដីធ្លី និងនគរូបនីយកម្ម ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី រួមមាន ការចុះ​បញ្ជីដីធ្លី​មាន លក្ខណៈជាប្រព័ន្ធ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​កំណត់យកការចុះបញ្ជីដីធ្លីជូន ប្រជាពលរដ្ឋជាការងារអាទិភាពខ្ពស់ និងត្រូវ​អនុវត្តឱ្យ​បានចប់​សព្វគ្រប់​នៅទូទាំងប្រទេស។ ក្រសួងបញ្ជាក់ថា កន្លងមក ក្រុមការងារ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅតាមបណ្តា​រាជ​ធានី ខេត្ត ដែលមានប្រធានការិយាល័យរៀបចំដែនដី នគរូប នីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារចុះបញ្ជី បាននិងកំពុងអនុវត្តកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី ក្នុង​គោល​បំណងធ្វើការចុះបញ្ជីកម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀតលើអចលនវត្ថុឱ្យបានច្បាស់លាស់ និង​ជា​ផ្លូវការ ដើម្បីទប់ស្កាត់ និងដោះស្រាយវិវាទដីធ្លី សំដៅពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និង​បង្កើន​ភាពជឿជាក់ លើប្រព័ន្ធចុះបញ្ជីដីធ្លី។ ក្នុងន័យនេះ ដើម្បីជំរុញការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈ​ជាប្រព័ន្ធឱ្យកាន់តែមាន​ប្រសិទ្ធ​ភាព​​បន្ថែមទៀតនឹងទទួលបានជោគជ័យតាមផែនការដែលបានកំណត់ ក្រសួងមហាផ្ទៃ ស្នើ រដ្ឋបាលរាជធានី ខេត្ត ធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីសម្របសម្រួល និង​គាំទ្រ​ក្នុងការអនុវត្តការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជាប្រព័ន្ធ ដែលមានប្រធានការិយាល័យរៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារដឹកនាំការងារចុះបញ្ជីដីធ្លីនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
09/27/2026 09:09 AM
ប្រមុខការទូតកម្ពុជា ប្រាប់មហាសន្និបាត UN ថា ការស្តារទំនុកចិត្តឡើងវិញរវាងកម្ពុជា-ថៃ ត្រូវ​ផ្អែក​លើកា​រប្តេជ្ញាចិត្តជាក់ស្តែង និងការអនុវត្តប្រកបដោយ​ប្រសិទ្ធភាព​ពេញ​លេញ​នូវ​រាល់​ការ​ព្រមព្រៀ​ង​ជាមួយគ្នា
09/27/2026 09:09 AM
ទូតកម្ពុជាប្រចាំនៅជប៉ុន៖ ​យុវជនមាន​តួនាទីសំខាន់​​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត
09/26/2026 05:09 PM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
09/26/2026 05:09 PM
សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាល​ នៅក្រុងស្ទឹងត្រែង ចំនួន ៣ ៥៩៩នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA
09/26/2026 05:09 PM
ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជាច្រើនម៉ឺនកន្លែងក្នុងស្រុក ដល់យុវជន និងអតីតពលករ នៅខេត្តប៉ៃលិន-បាត់ដំបង
09/26/2026 05:09 PM
ក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ប្តេជ្ញាបន្តសកម្មភាពបម្រើពលរដ្ឋដោយបេះដូងនិងស្មោះត្រង់
09/26/2026 05:09 PM
ប្រធានក្រុមការងារជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៤ ទីតាំងបន្ថែមទៀត ក្នុងស្រុកអង្គរជ័យ ខេត្តកំពត
09/26/2026 05:09 PM
ប្រមុខ UN ទទួលបន្ទុកជនភៀសខ្លួន ព្រមានពីស្ថានភាព «កាន់តែធ្ងន់ធ្ងរឡើង» នៅតំបន់ Sahara ខាងលិច
09/26/2026 04:09 PM
មនុស្ស​រាប់លាននាក់នៅភាគឦសានរបស់​សហរដ្ឋអាមេរិក ត្រៀមប្រឈម​នឹង​ព្យុះដ៏ខ្លាំងក្លា
09/26/2026 04:09 PM