សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា

នយោបាយ​ និង ការអភិវឌ្ឍន៍

កូរ៉េខាងជើង បានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ ក្នុងការធ្វើសមយុទ្ធបង្កើនកម្លាំងថ្មី

2024/02/14 08:50:45 pm        195
យោធាកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងនៅព្រឹកថ្ងៃពុធ (១៤ កុម្ភៈ) នេះបានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ ការបាញ់បង្ហោះមីស៊ីលនៅថ្ងៃពុធនេះបានធ្វើឡើងនៅម៉ោងប្រហែល ៩ ព្រឹក (ម៉ោងក្នុងស្រុក) នៅខាងក្រៅទីក្រុងឆ្នេរសមុទ្រភាគខាងកើត វ៉ុនសាន (Wonsan) ដែលជាការសាកល្បងអាវុធចុងក្រោយបំផុតធ្វើឡើងដោយទីក្រុងព្យុងយ៉ាងក្នុងឆ្នាំនេះ។អគ្គសេនាធិការចម្រុះ (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យោធារបស់យើងបានរកឃើញមីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ពីលើដែនទឹកភាគឦសាននៃទីក្រុង វ៉ុនសាន ប្រហែលម៉ោង ៩ព្រឹកថ្ងៃនេះ ហើយអាជ្ញាធរស៊ើបការណ៍កូរ៉េខាងត្បូង-អាមេរិក កំពុងធ្វើការវិភាគលម្អិត»។ ទីក្រុងព្យុងយ៉ាងមិនទាន់បញ្ជាក់ពីការអះអាងរបស់យោធាក្រុងសេអ៊ូលនៅឡើយទេ។គួរកត់សម្គាល់ថា នៅដើមសប្តាហ៍នេះ ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានសាកល្បងប្រព័ន្ធគ្រប់គ្រងថ្មីសម្រាប់ការបាញ់បង្ហោះរ៉ូកែតច្រើនគ្រាប់ ដែលនឹងមានតួនាទី «ខ្លាំងជាមុន» ក្នុងសមរភូមិ។ ក្រុមអ្នកជំនាញជឿថា ការបាញ់បង្ហោះមីស៊ីលថ្មីនេះអាចត្រូវបានធ្វើឡើងដោយប្រើប្រព័ន្ធដែលកូរ៉េខាងជើងទើបតែបង្កើតនោះ៕

កម្ពុជា កៀរគរប្រទេសតំបន់អាហ្រ្វិកចូលជារដ្ឋភាគីកិច្ចប្រជុំកំពូលអនុសញ្ញាអូតាវ៉ា នៅសៀមរាប-អង្គរ

2024/02/14 07:25:42 pm        214
ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអំពាវនាវឱ្យមានការគាំទ្រពីសាធារណរដ្ឋហ្គាណា និង ភាគីរដ្ឋចំនួន៥២ ផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិក ដើម្បីកៀរគរប្រទេសបីទៀតរួមមាន អេហ្ស៊ីប លីប៊ី និងម៉ារ៉ុក ឱ្យបានក្លាយជារដ្ឋភាគី នៅក្នុង កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃ អនុសញ្ញាអូតាវ៉ាដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ ក្រោម​អធិបតី​ភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការអំពាវនាវនេះខណះ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ថ្លែង​សុន្ទរកថា​គន្លឹះក្នុងកម្មវិធីបើកសន្និសីទថ្នាក់តំបន់អាហ្រ្វិក ស្តីពីការដោះស្រាយ​ផលប៉ះពាល់​មនុស្ស​ធម៌​ដោយសារគ្រាប់មីនកែច្នៃ ក្នុងបរិបទអនុសញ្ញាអូតាវ៉ា នាថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៤ នៅទីក្រុងអាក្រានៃសាធារណរដ្ឋហ្គាណា។ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងថា សន្និសីទថ្នាក់តំបន់អាហ្រ្វិកនេះ គឺជាការបង្ហាញពីការប្តេជ្ញា​ចិត្តរួមគ្នា​ចំពោះបុព្វហេតុមនុស្សជាតិ និងជាឱកាស សម្រាប់បណ្តាប្រទេស​ក្នុងតំបន់អាហ្វ្រិក​ផ្តល់​ជា​ធាតុ​ចូលសម្រាប់ផែនការសកម្មភាពប្រាំឆ្នាំបន្ទាប់​របស់​អនុសញ្ញា​អូតាវ៉ា​ហើយ​នឹង​ផ្តល់​ឱកាស​ដ៏​ល្អ​សម្រាប់ការបំពេញការងាររួមគ្នាចែករំលែកចំណេះដឹង និងការបង្កើតគំនិតថ្មីៗ ដើម្បីប្រឆាំងនឹងគ្រោះថ្នាក់ និងហានិភ័យបង្កដោយគ្រាប់មីនកែច្នៃ ក្នុងគោលបំណងកសាង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។ ឯកឧត្តមសង្ឃឹមថា បណ្តាប្រទេសអាហ្វ្រិក អង្គការសង្គមស៊ីវិល និងអង្គការជំនាញៗនឹងរួម​ចំណែក​អភិវឌ្ឍផែនការសកម្មភាពថ្មីៗសម្រាប់រដ្ឋភាគីនៃអនុសញ្ញាលើកកម្ពស់បទដ្ឋាន និង​សកលភាវូបនីយកម្មនៃអនុសញ្ញា។ ឯកឧត្តមក៏ស្នើឱ្យមានការគាំទ្រពីសាធារណរដ្ឋហ្គាណា និងភាគីរដ្ឋចំនួន ៥២ ផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិក ហើយបានកៀរគរប្រទេសបីទៀតរួមមាន អេហ្ស៊ីប លីប៊ី និងម៉ារ៉ុក ឱ្យបានក្លាយជារដ្ឋភាគី នៅក្នុងកិច្ចប្រជុំកំពូលនៅខេត្តសៀមរាប-អង្គរ និងសន្និសីទថ្នាក់តំបន់នេះ។ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋភាគី​អនុសញ្ញាអូតា​វ៉ាទាំង​អស់​ដែល​បាន​ផ្តល់ទំនុកចិត្ត បោះឆ្នោតជ្រើសតាំងកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះរៀប ចំកិច្ចប្រជុំ​ត្រួត​ពិនិត្យ​ឡើង​វិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជាបានប្រសិទ្ធនាមកិច្ចប្រជុំនេះជាកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី​ពិភពលោកមួយដែលគ្មានមីន។ កិច្ចប្រជុំ​កំពូលនេះ គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយ​រដ្ឋភាគី​អនុសញ្ញា​អូតាវ៉ាទាំង ១៦៤ នឹងអនុម័តសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ និងដាក់ ចេញនូវផែនការសកម្មភាពសៀមរាប-អង្គរឆ្នាំ២០២៥ -២០២៩ ដែលជាផែនទី​បង្ហាញ​ផ្លូវ​ដ៏​សំខា​ន់​សម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបំពេញកាតព្វកិច្ច និងសម្រេច​គោល​បំណង​របស់​អនុសញ្ញាអូតាវ៉ា៕ អត្ថបទ៖ ភារម្យ

សហរដ្ឋអាមេរិក កំពុងពិនិត្យរបាយការណ៍នៃការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលដោយអ៊ីស្រាអែល

2024/02/14 07:17:30 pm        226
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយកាលពីថ្ងៃអង្គារ (១៣ កុម្ភៈ) ថាសហរដ្ឋអាមេរិក កំពុងពិនិត្យមើលរបាយការណ៍ ដែលថាអ៊ីស្រាអែលបានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលនៅក្នុងសង្គ្រាមរបស់ខ្លួននៅតំបន់ហ្កាហ្សា ក្រោមការណែនាំមួយក្នុងគោលបំណងធានាឱ្យប្រទេសនានាដែលទទួលអាវុធរបស់សហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការយោធាស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។រដ្ឋបាលលោកប្រធានាធិបតី បៃដិន បានប្រឈមមុខនឹងការរិះគន់ចំពោះការបន្តផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល ខណៈដែលមានការចោទប្រកាន់ថា អាវុធដែលផលិតដោយអាមេរិកត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារដែលបានសម្លាប់ជនស៊ីវិល ឬបង្ករបួស។លោក មីលឡឺ បានប្រាប់អ្នកយកព័ត៌មានថា ដំណើរការមួយកំពុងធ្វើឡើងក្រោមការណែនាំនៃការឆ្លើយតបគ្រោះថ្នាក់ជនស៊ីវិល (CHIRG) របស់ក្រសួងការបរទេសដើម្បីវាយតម្លៃឧប្បត្តិហេតុនៅក្នុងជម្លោះបច្ចុប្បន្ន។យោងតាមលោក មីលឡឺ បានឲ្យដឹងថា ដំណើរការនោះ «មិនមានបំណងដើរតួជាយន្តការឆ្លើយតបរហ័សនោះទេ»។ លោកបានពន្យល់ថា វាត្រូវបានបង្កើតឡើងដើម្បី «វាយតម្លៃជាប្រព័ន្ធនូវឧប្បត្តិហេតុបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងបង្កើតការឆ្លើយតបគោលនយោបាយសមស្រប ដើម្បីកាត់បន្ថយហានិភ័យនៃឧប្បត្តិហេតុបែបនេះដែលកើតឡើងម្តងទៀតនាពេលអនាគត»៕

ជប៉ុន ពិចារណាបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរទៅអ៊ុយក្រែន សម្រាប់ក្រុមហ៊ុនមួយចំនួន

2024/02/14 06:50:29 pm        200
រដ្ឋាភិបាលប្រទេសជប៉ុន កំពុងពិចារណាថាតើត្រូវបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនឬយ៉ាងណា សម្រាប់ក្រុមហ៊ុនជាច្រើន ដែលនឹងជួយស្តារប្រទេសនេះឡើងវិញ។រដ្ឋាភិបាល មានផែនការគាំទ្រដល់ការខិតខំប្រឹងប្រែងស្តារឡើងវិញរបស់វិស័យសាធារណៈ និងឯកជន។ នៅថ្ងៃចន្ទ ក្នុងទីក្រុងតូក្យូ នឹងមានការបើកសន្និសីទជប៉ុន-អ៊ុយក្រែន សម្រាប់ការជំរុញការកសាងសេដ្ឋកិច្ចឡើងវិញ។ប៉ុន្តែក្រុមហ៊ុនរបស់ប្រទេសជប៉ុនមួយចំនួន បានត្អូញត្អែរថាការរឹតត្បិតការធ្វើដំណើរនៅតែបន្ត ទៅកាន់ប្រទេសអ៊ុយក្រែន ដែលបច្ចុប្បន្នត្រូវបានកំណត់ក្នុងកម្រិតខ្ពស់បំផុត កំពុងរារាំងពួកគេ មិនឱ្យធ្វើពាណិជ្ជកម្មនៅទីនោះ។មន្ត្រីរដ្ឋាភិបាល កំពុងពិភាក្សារកវិធីបន្ធូរបន្ថយការរឹតត្បិតសម្រាប់ក្រុមហ៊ុននានាដែលជាប់ពាក់ព័ន្ធ។ មន្ត្រីភាគច្រើន មានភាពអវិជ្ជមានចំពោះការបន្ថយកម្រិតព្រមានក្នុងការធ្វើដំណើរទៅកាន់ប្រទេសនេះ ខណៈការវាយប្រហាររបស់រុស្ស៊ី នៅតែបន្តកើតមាននៅក្នុងប្រទេសអ៊ុយក្រែន។ ពួកគេ សង្ឃឹមថានឹងរក្សាការណែនាំអំពីការជម្លៀសខ្លួននៅពេលបច្ចុប្បន្ន។រដ្ឋាភិបាល កំពុងពិចារណាអនុញ្ញាតឱ្យក្រុមហ៊ុនជាច្រើនស្នាក់នៅក្នុងរយៈពេលជាក់លាក់មួយ បន្ទាប់ពីការពិនិត្យមើល ថាតើសុវត្ថិភាពរបស់ពួកគេនៅក្នុងប្រទេសអ៊ុយក្រែន អាចត្រូវបានធានាដែរឬទេ។

ប្រទេសហ្ស៊កដានី នឹងទទួលរងផលប៉ះពាល់ខ្លាំងប្រសិនបើមូលនិធិទីភ្នាក់ងារ UNRWA មិនបន្ត

2024/02/14 06:38:48 pm        151
ប្រធានប្រចាំប្រទេសរបស់ទីភ្នាក់ងារ UNRWA បាននិយាយកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចដែលកំពុងជួបបញ្ហារួចទៅហើយរបស់ប្រទេសហ្ស៊កដានី នឹងប្រឈមមុខពេលវេលាកាន់តែលំបាក ប្រសិនបើម្ចាស់ជំនួយជាច្រើនបន្តផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ហើយការបម្រើសេវារបស់ទីភ្នាក់ងារនេះត្រូវបិទ ឬត្រូវកាត់បន្ថយ។ ទីភ្នាក់ងារ UNRWA ដែលផ្តល់សេវាថែទាំសុខភាព ការអប់រំ និងសេវាផ្សេងៗទៀត បានធ្លាក់ចូលទៅក្នុងវិបត្តិ ចាប់តាំងពីអ៊ីស្រាអែល បានចោទប្រកាន់ថាបុគ្គលិកចំនួន ១២នាក់ ក្នុងចំណោមបុគ្គលិក ១៣.០០០នាក់ របស់ខ្លួននៅតំបន់ហ្កាហ្សា បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដឹកនាំដោយក្រុមហាម៉ាស លើប្រទេសអ៊ីស្រាអែលដែលបានបង្កឱ្យកើតមានសង្រ្គាមអ៊ីស្រាអែលនិងក្រុមហាម៉ាស ហើយការចោទប្រកាន់នេះ បានជំរុញឱ្យម្ចាស់ជំនួយធំៗ ផ្អាកការផ្តល់មូលនិធិ។ ប្រទេសហ្ស៊កដានី ដែលជាចំណុចស្នូលនៃជម្លោះអារ៉ាប់-អ៊ីស្រាអែល បានទទួលជនភៀសខ្លួនប៉ាឡេស្ទីន ២,៤លាននាក់ ដែលជាចំនួនជនភៀសខ្លួនច្រើនបំផុតក្នុងចំណោមប្រទេសជិតខាងរបស់អ៊ីស្រាអែល។ នាយកទីភ្នាក់ងារផ្តល់ជំនួយនិងការងាររបស់អង្គការសហប្រជាជាតិប្រចាំប្រទេសហ្សកដានី លោក Olaf Becker បាននិយាយថា ទីភ្នាក់ងារ UNRWA បានជួយដល់សេដ្ឋកិច្ចរួចហើយសម្រាប់បុគ្គលិកចំនួន ៧.០០០នាក់លើបញ្ជីប្រាក់បៀវត្សរ៍ ដែលបានធ្វើឱ្យទីភ្នាក់ងារក្លាយជានិយោជកធំបំផុតមួយនៅក្នុងព្រះរាជាណាចក្រនេះ ដោយបានបញ្ចូលប្រាក់ខែជាង ១២០លានដុល្លារទៅក្នុងសេដ្ឋកិច្ចជារៀងរាល់ឆ្នាំ។ លោក Becker និយាយថា ការបម្រើសេវា របស់ទីភ្នាក់ងារ បានគាំទ្រជនភៀសខ្លួនប៉ាឡេស្ទីនជាងមួយលាននាក់ នៅក្នុងព្រះរាជាណាចក្រនេះ ដោយមានការចំណាយជាមធ្យម ២០ភាគរយ ទាបជាងរដ្ឋ ក្នុងការផ្តល់សេវាដែលអាចប្រៀបធៀបបាន។ប្រទេសហ្ស៊កដានី ជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិក បាននិយាយថា វាមានសារៈសំខាន់ខ្លាំងក្នុងការបន្តផ្តល់អំណាចដល់ទីភ្នាក់ងារ UNRWA ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ ក្រោមកាតព្វកិច្ចរបស់អង្គការសហប្រជាជាតិ នៅពេលសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល ដំបូង។

លោក Biden រិះគន់ការអត្ថាធិប្បាយពីគ្រោះថ្នាក់សម្ព័ន្ធណាតូរបស់លោក Trump ដោយបញ្ជាក់ពីតម្រូវការថវិការបស់អ៊ុយក្រែន

2024/02/14 06:16:17 pm        171
ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ ថ្ងៃទី១៣ ខែកុម្ភៈ បានរិះគន់ការអត្ថាធិប្បាយរបស់អ្នកកាន់តំណែងមុនរបស់លោកគឺលោក Donald Trumpលើសម្ព័ន្ធយោធាណាតូ ដោយនិយាយថាពួកគេបានបង្កើនភាពជាប់គាំងសម្រាប់សភាក្នុងការអនុម័តការផ្តល់មូលនិធិថ្មីគាំទ្រអ៊ុយក្រែន។ លោក Biden បានហៅការអត្ថាធិប្បាយរបស់លោក Trump ថា "គ្រោះថ្នាក់" និង "មិនមែនអាមេរិក" ថា នឹងមិនចង់ការពារសមាជិកណាតូពីការវាយប្រហារនាពេលអនាគតពីប្រទេសរុស្ស៊ីទេ ប្រសិនបើការរួមចំណែករបស់ប្រទេសទាំងនោះចំពោះសម្ព័ន្ធភាពការពារជាតិនេះ មានភាពយឺតយ៉ាវ។ នៅឯសេតវិមាន គណបក្សប្រជាធិបតេយ្យបានស្តីបន្ទោសយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយរបស់លោក Trump កាលពីចុងសប្តាហ៍ ដោយចោទសួរអំពីឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រសមាជិកនៃសម្ព័ន្ធការពារលោកខាងលិច ប្រសិនបើពួកគេត្រូវបានរងការវាយប្រហារ។លោក Biden បាននិយាយថា ការអត្ថាធិប្បាយរបស់លោក Trump រុញឱ្យស្ថានការណ៍កាន់តែបន្ទាន់ដែលសភាអនុម័តសំណើផ្តល់មូលនិធិដែលជាប់គាំងជាយូរមករបស់លោកដើម្បីគាំទ្រការការពាររបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ លោកបាននិយាយថា ភាពជាប់គាំងស្ថិតកម្រិតខ្ពស់ស្រាប់រួចទៅហើយសម្រាប់សន្តិសុខអាមេរិក មុនពេលច្បាប់នេះត្រូវបានអនុម័តនៅក្នុងព្រឹទ្ធសភាកាលពីយប់មិញ។ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ឧបសគ្គៈទាំងនោះបានកើនឡើង ហើយនោះក៏ដោយសារតែអតីតប្រធានាធិបតីរូបនេះ បានបញ្ជូនសញ្ញាដ៏គ្រោះថ្នាក់ និងគួរឱ្យភ្ញាក់ផ្អើលដែលស្មានមិនដល់របស់អាមេរិកទៅកាន់ពិភពលោក។កាលពីថ្ងៃសៅរ៍ លោក Trump មកពីគណបក្សសាធារណរដ្ឋបានត្អូញត្អែរអំឡុងការប្រមូលផ្ដុំនយោបាយនៅរដ្ឋ South Carolina អំពីអ្វីដែលលោកហៅថាការបង់ប្រាក់ "ខុសឆ្គង" ដោយសមាជិកណាតូ ហើយបានរំលឹកឡើងវិញនូវអ្វីដែលលោកបាននិយាយថា ជាការសន្ទនាអតីតកាលជាមួយប្រមុខនៃប្រទេសធំមួយ អំពីលទ្ធភាពនៃការវាយប្រហារពីប្រទេសរុស្ស៊ី៕

ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងប្រទានព្រះរាជអំណោយដល់បុគ្គលិក កម្មករ ផ្នែកប្រមូលសំរាម និងប្រកាសទិវាជាតិនៃទីក្រុងស្អាត

2024/02/14 06:13:25 pm        273
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្តេចយាងជា​ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់​បំផុត​សួរសុខទុក្ខ និង​ប្រោស​ប្រទាន​ព្រះរាជ​អំណោយ​ដល់​បុគ្គលិក កម្មករផ្នែកប្រមូលសំរាម និង​សំអាត​ទីក្រុង​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ប្រកាស​ទិវាជាតិ នៃទីក្រុងស្អាត។ក្នុងព្រះរាជពិធីដែលធ្វើនៅកោះនរា នាព្រឹកថ្ងៃទី១៤កុម្ភៈនេះ ឯកឧត្តម ឃួង ស្រេង អភិបាល​ នៃ​គណៈ​អភិបាលរាជធានីភ្នំពេញបានថ្វាយរបាយការណ៍ដោយគូស បញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋបាល​រាជ​ធានីភ្នំពេញ មានភាពល្អប្រសើរ ធ្វើការងារ​គ្រប់គ្រង និង​អភិវឌ្ឍន៍​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ដ ព្រមទាំងថែរក្សាអនាម័យ បរិស្ថានទីក្រុងស្អាត ពោលគឺ ក្រោយពេល ដែល​រាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ លើការងារគ្រប់គ្រង សំរាមសំណល់រឹង ទៅទូទាំង​ប្រទេសក្នុង​នោះ​នៅ​រាជ​ធានីភ្នំពេញ បានរៀបចំនីតិវិធី ដេញថ្លៃប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ ដោយ​បាន​ជ្រើស​រើស បានក្រុមហ៊ុនចំនួន៣ ដើម្បីផ្ដល់ សេវាប្រមូល និងដឹកជញ្ជូនសម្រាម ក្នុងរាជធានី ។ក្រុមហ៊ុនទាំង៣ បានចាប់ផ្តើមតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ដោយ​ទទួល​បានការសាទរ តម្លៃខ្ពស់ពីគ្រប់មជ្ឈដ្ឋានថា ផ្ដល់សេវាមាន​គុណភាព​ល្អ​ប្រសើរ​ជាង​មុន​ មានមធ្យោបាយ សំភារៈប្រើប្រាស់ថ្មីទំនើប ចំនួនបុគ្គលិក កម្មក​រ​ឆ្លើយ​តប​ទៅ​នឹង​ទំហំ​ការងារ​។ទោះជាយ៉ាងណា នៅមានបញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទុក​ដាក់​សំរាម​មិន​ទាន់​បាន​ត្រឹមត្រូវដែលទាមទារឱ្យមានការចូលរួមទាំងអស់គ្នា។ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បាន​សព្វ​ព្រះរាជ​ហឫទ័យ រីករាយ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រារព្ធ​ព្រះរាជ​ពិធី​សួរ​សុខទុក្ខ និង​ប្រោស​ប្រទាន​ព្រះរាជ​អំណោយដល់បុគ្គលិក កម្មករផ្នែកប្រមូលសំរាម និង​សំអាត​ទីក្រុង​ក្នុង​រាជធានី​ភ្នំពេញ និង​ប្រកាសទិវាជាតិនៃទីក្រុងស្អាតនៅថ្ងៃនេះ។ជាមួយ​នឹងការនាំមកនូវ ព្រះរាជបណ្ដាំផ្ញើ សួរសុខទុក្ខនិងសេចក្តីនឹករលឹក ដ៏ជ្រាល​ជ្រៅបំផុត និង​ពរជ័យ​ដ៏​មហាប្រសើរពីសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុតជូនឯកឧត្តម លោកជំទាវ លោកលោកស្រី បងប្អូន កម្មករ កម្មការនី​ទាំង​អស់​ព្រះអង្គ​សព្វ​ព្រះរាជហឫទ័យដែលរដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញពីការរីកចម្រើន រួមទាំង​សកម្មភាព នៃ​ការចូលរួមរបស់បងប្អូនកម្មករ កម្មការនីផ្នែកប្រមូល​សំរាម​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​បាន​ខិតខំចូលរួមសំអាតទីក្រុងបានយ៉ាងល្អថែរក្សាភាពស្អាតទីក្រុងជាពិសេស ក្នុង​ស្ថានភាព​រីក​ចម្រើនក្នុងរាជធានីភ្នំពេញ។ ព្រះអង្គបានគូសរំលេចថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី២៧ខែកុម្ភៈជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិទីក្រុងស្អាត សំដៅ​រួម​ចំណែក​បំផុស និង​លើក​ទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ព្រមទាំង​ជំរុញ និង​យក​ចិត្ត​ទុកដាក់​ខ្ពស់ក្នុ​ងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការប្តូរនូវបដិសណ្ឋារ​កិច្ចល្អដែ​ល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើនរបស់សង្គមជាតិ។ ទីក្រុង​ស្អាត ផ្សា​ភ្ជាប់​ទៅ​នឹង​ទី​ក្រុងឆ្លាត ដែលមានភាពទាក់ទាញ មានលក្ខណៈប្រកួតប្រជែងទាំងសេដ្ឋកិច្ចបរិស្ថាន ប្រកប​ដោយ​ចីរភាព និងការទទួលខុសត្រូវ ដើម្បីលើកកម្ពស់គុណភាពរស់នៅ របស់ប្រជាជន​ប្រកប​ដោយ​សុខ​មាលភាព សុខភាព សន្តិសុខ វិបុលភាព និងផ្តល់ភាពកក់ក្តៅដល់​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ ជាពិសេសបំផុសឱ្យមានការចូលរួមយ៉ាងសកម្ម ពីប្រជាពលរដ្ឋ​គ្រប់​រូប​តាមរយៈការ​ពង្រឹង​ការ​អនុវត្តនូវផែនការទីក្រុងស្អាត ប្រកបដោយបរិស្ថានល្អ ស្អាត ឆ្លាត និងបៃតង។ក្រោម​ការដឹកនាំ ដ៏វៃឆ្លាតប្រកបដោយគតិបណ្ឌិត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ក្នុង​ការ​ប្រតិបត្តិការ​ងារ​ដ៏ល្អ​ប្រពៃ និង​ប្រកប​ដោយ​នយោបាយ​ដ៏​ថ្លៃថ្លា រាជរដ្ឋាភិបាលបានដឹកនាំសង្គមជាតិយើងទាំង ទីក្រុងនិងជនបទ ទទួល បាន​សេចក្តីសុខ សន្តិភាពនិងការអភិវឌ្ឍ ចម្រើន​លូត​លាស់​លើ​គ្រប់​វិស័យ​ និង​បាន​កោត​សរសើរ​ដល់​អភិបា​លរា​ជធានីភ្នំពេញដែលបានចូលរួមចំណែកដឹកនាំកែលម្អសោភណ្ឌភាព ទីក្រុងភ្នំពេញ​ឲ្យ​មាន​ភាពស្រស់បំព្រងល្អស្អាត តាមគោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​នានា​របស់​រាជរដ្ឋាភិបាល​។ព្រះករុណាបាន អំពាវនាវឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ព្រះសង្ឃ លោកគ្រូ អ្នកគ្រូសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ និងបងប្អូន ជនរួមជាតិទាំងអស់ សូមចូល​រួម​ឲ្យ​បាន​ផុល​ផុស​ក្នុង​ស្មារតី ទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សា បរិស្ថានឱ្យបានល្អស្អាត និងបៃតង ទីក្រុងស្អាត រមណីយ​ដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឲ្យព្រះរាជាណាចក្រកម្ពុជា​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​ប្រកបដោយគុណភាព និងភាពទាក់ទាញខ្ពស់ សម្រាប់ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ជាពិសេសការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជាផ្លូវរដ្ឋ ជាផ្លូវការ ជា​មិត្តភាព​ជាមួយប្រទេសកម្ពុជា៕

គ្រូបង្រៀនរាប់លាននាក់ក្នុងប្រទេសចិន ប្រឈមការបាត់បង់ការងារ ដោយសារអត្រាកំណើតធ្លាក់ចុះ

2024/02/14 06:12:52 pm        113
ប្រទេសចិនប្រឈមអតិរេកគ្រូបង្រៀនកម្រិតបឋមសិក្សាចំនួន១,៥លាននាក់ និងគ្រូបង្រៀនកម្រិតមធ្យមចំនួន ៣៧០.០០០ នាក់នៅឆ្នាំ២០៣៥។ កំណើតរបស់ទារកទើបនឹងកើតនៅក្នុងប្រទេសចិនបានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៧ ខណៈចំនួនសិស្សថ្នាក់មត្តេយ្យបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជិតពីរទសវត្សរ៍ក្នុងឆ្នាំ ២០២១ ។ចាត់ទុកជាមួយក្នុងចំណោម“ចានបាយដែក” របស់ប្រទេសចិន ការបង្រៀននៅតែជាជម្រើសដ៏ច្រើនសម្រាប់ជនជាតិចិនដែលជាអ្នកស្វែងរកការងារធ្វើ នៅក្នុងយុគសម័យនៃភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច។ប៉ុន្តែពួកគេអាចស្វែងរកសុវត្ថិភាពការងារដែលមិនសូវមានការធានា ដែលត្រូវបានតំណាងដោយគោលគំនិតចានឆ្នាំងដែកក្នុងឆ្នាំខាងមុខ ខណៈការថយចុះនៃអត្រាកំណើត កំពុងមានសន្ទុះខ្លាំង នាំឱ្យគ្រូបង្រៀនមានអតិរេក ហើយមនុស្សរាប់លាននាក់រំពឹងថានឹងបាត់បង់ការងារក្នុងរយៈពេល១០ ឆ្នាំខាងមុខ។ ខណៈការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនអ្នកចូលនិវត្តន៍ ហើយចំនួនទារកទើបនឹងកើតធ្លាក់ចុះ ប្រទេសចិនកំពុងឆ្លងកាត់ការផ្លាស់ប្តូរប្រជាសាស្រ្តដែលមានផលប៉ះពាល់យ៉ាងទូលំទូលាយ រួមទាំងកំណើនសេដ្ឋកិច្ចយឺត និងប្រព័ន្ធសន្តិសុខសង្គមដែលមានភាពតានតឹង។ ចំនួនទារកទើបនឹងកើតនៅក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៧មក ទន្ទឹមនឹងអត្រាកំណើត បានធ្លាក់ចុះជាង៥០០.០០០ នាក់កាលពីឆ្នាំមុន ដល់ជាង ៩ លាននាក់បន្តិចបន្តួច។លោកជូចាវហ៊ុយ (Chu Zhaohui) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅបណ្ឌិតសភាវិទ្យាសាស្ត្រអប់រំជាតិចិនបាននិយាយថា ខណៈមានសិស្សកាន់តែតិច គ្រូបង្រៀននឹងជៀសមិនរួចពីការកាត់បន្ថយនៅសាលារៀនក្នុងរយៈពេលជាក់លាក់មួយ ឬតំបន់ជាក់លាក់ណាមួយនោះឡើយ៕

ចារកម្មអេស្តូនី៖ រុស្ស៊ី កំពុងរៀបចំសម្រាប់ការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយលោកខាងលិច

2024/02/14 05:54:43 pm        131
សេវាចារកម្មបរទេសរបស់ប្រទេសអេស្តូនី បាននិយាយកាលពីថ្ងៃអង្គារ (១៣ កុម្ភៈ) ថាប្រទេសរុស្ស៊ី កំពុងរៀបចំសម្រាប់ការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយលោកខាងលិច ក្នុងទសវត្សរ៍ក្រោយ ហើយអាចត្រូវបានរារាំងដោយការការកសាងកងកម្លាំងប្រដាប់អាវុធប្រឆាំង។ក្រុមមន្ត្រីលោកខាងលិចកាន់តែច្រើនបានព្រមានអំពីការគំរាមកំហែងផ្នែកយោធាពីប្រទេសរុស្ស៊ី ដល់បណ្តាប្រទេសនៅតាមបណ្តោយស្លាបខាងកើតនៃអង្គការណាតូ ដោយអំពាវនាវឱ្យអឺរ៉ុបត្រៀមខ្លួនដោយការរៀបចំបង្កើកម្លាំងយោធាឡើងវិញ។លោក ខាវភូ រ៉ូសីន (Kaupo Rosin) បានប្រាប់អ្នកយកព័ត៌មាននៅឯការចេញផ្សាយរបាយការណ៍ស្តីពីការគំរាមកំហែងសន្តិសុខជាតិរបស់ប្រទេសអេស្តូនីថា «រុស្ស៊ីបានជ្រើសរើសផ្លូវមួយ ដែលជាការប្រឈមមុខគ្នារយៈពេលវែង ហើយវិមានក្រឹមឡាំងប្រហែលជាកំពុងរំពឹងថានឹងមានជម្លោះដែលអាចកើតមានជាមួយសម្ព័ន្ធយោធាណាតូ ក្នុងទសវត្សរ៍ក្រោយ ឬនៅពេលខាងមុខ»។ប្រធានសេវាស៊ើបការណ៍សម្ងាត់រូបនេះបាននិយាយថា ការវាយតម្លៃនេះគឺផ្អែកលើផែនការរបស់រុស្ស៊ីក្នុងការបង្កើនចំនួនកម្លាំងទ្វេដងដែលឈរជើងនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយនឹងសមាជិកណាតូ ដែលមានដូចជាហ្វាំងឡង់ និងបណ្ដារដ្ឋបាល់ទិក ដូចជាអេស្តូនី លីទុយអានី និងឡាតវីជាដើម៕

ការបោះឆ្នោតនៅឥណ្ឌូនេស៊ី បានចាប់ផ្ដើម ដោយមានមនុស្សជាង ២០០ លាននាក់ទៅបោះឆ្នោត

2024/02/14 05:50:58 pm        109
ការបោះឆ្នោតបានចាប់ផ្ដើមនៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធ (១៤ កុម្ភៈ) នេះដោយមានអ្នកបោះឆ្នោតជាង ២០០ លាននាក់កំពុងធ្វើដំណើរទៅបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីថ្មីនៅក្នុងអ្វីដែលត្រូវបានចាត់ទុកថាជាការបោះឆ្នោតតែមួយថ្ងៃដ៏ធំបំផុតរបស់ពិភពលោក។បេក្ខជនជិត ២៥៨.០០០ នាក់កំពុងប្រកួតប្រជែងក្នុង ២០.៦០០ តំណែងនៅទូទាំងប្រទេសប្រជុំកោះចំនួន ១៧.០០០ កោះនេះ នៅក្នុងការបោះឆ្នោតតែមួយថ្ងៃដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្តែភ្នែកទាំងអស់គឺកំពុងផ្ដោតទៅលើតំណែងប្រធានាធិបតី និងជោគវាសនានៃរបៀបវារៈដែលមានមហិច្ឆតារបស់លោកប្រធានាធិបតីបច្ចុប្បន្ន វីដូដូ បន្ទាប់ពីរយៈពេលមួយទសវត្សរ៍ដែលទទួលបន្ទុកសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍។ការប្រជែងនេះកើតឡើងរវាងអតីតអភិបាលខេត្តពីររូប គឺលោក ហ្កាន់ចា ប្រាណូវ៉ូ (Ganjar Pranowo) និងលោក អានីស បាស្វេដាន (Anie Baswedan) ប្រឆាំងនឹងរដ្ឋមន្ត្រីការពារជាតិ និងជាបេក្ខជននាំមុខដ៏ចម្រូងចម្រាស លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ដែលជាអតីតមេបញ្ជាការកងកម្លាំងពិសេស។ ប្រជាជនឥណ្ឌូណេស៊ីវ័យក្មេងគឺជាកូនសោដ៏សំខាន់ ដោយប្រហែលពាក់កណ្តាលនៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះ មានអាយុក្រោម ៤០ ឆ្នាំ នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ឱកាសការងារគឺជាគំនិតចម្បងសម្រាប់អ្នកបោះឆ្នោតជាច្រើន ដោយបណ្ដាបេក្ខជនប្រធានាធិបតីបានប្តេជ្ញាថានឹងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែលជំរុញដោយធនធានធម្មជាតិដ៏សម្បូរបែប និងឱកាសពាណិជ្ជកម្ម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបើកកិច្ចប្រជុំ លើកទី៤ កំណត់​តួលេខ​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០២៧​ ខណៈបើមិនទទួលបានការឯកភាពរួមទេតួលេខនឹងឈានទៅការ​បោះឆ្នោត​សម្រេច​ចុង​ក្រោយ​​
09/28/2026 11:09 AM
ស្នងការនគរបាលខេត្តកំពង់ធំ ណែនាំ​ដល់កងកម្លាំង​គ្រប់​ផ្នែកត្រៀម​​កិច្ច​អន្តរាគមន៍​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ករណី​មាន​ទឹកជំនន់​កើនឡើងខ្ពស់
09/28/2026 11:09 AM
ស៊ីរី ចាប់ផ្តើមដឹកជញ្ជូនប្រេងឥន្ធនៈទៅឲ្យប្រទេសអ៊ីរ៉ាក់តាមរយៈស្ថានីយប្រេង Banias
09/28/2026 11:09 AM
[UPDATE] មនុស្ស៨នាក់ស្លាប់ ខណៈរាប់ពាន់នាក់បន្តស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្នអំឡុងទឹកជំនន់ជន់លិចកក្រុងបាងកករបស់ថៃ
09/28/2026 11:09 AM
ទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត
09/28/2026 11:09 AM
ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបងបណ្ដាលឱ្យប៉ះពាល់ផ្ទះពលរដ្ឋជិត ២ម៉ឺនខ្នង និងដំណាំជាង ៣ម៉ឺន​ហិកតា
09/28/2026 11:09 AM
ACU បញ្ជូនសំណុំរឿងជាមន្ត្រីអន្តោប្រវេសន៍ដែលជាមេក្រុម Online Scams នៅឃុំព្រែកខ្សាច់ទៅតុលាការ
09/28/2026 11:09 AM
ពលរដ្ឋថៃសម្រុកទិញទំនិញទាំងភ័យស្លន់ស្លោព្រោះខ្លាចខ្វះ និងបារម្ភការឡើងថ្លៃ ខណៈទឹកជំនន់វាយប្រហារស្រុកទាំង៥០របស់បាងកក
09/28/2026 09:09 AM
នៅព្រឹកថ្ងៃនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបន្តកិច្ចប្រជុំត្រីភាគី លើកទី៤ ដើម្បីពិភាក្សាកំណត់តួលេខប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៧
09/28/2026 09:09 AM
ក្រុមហ៊ូទី៖ ការវាយប្រហាររបស់អារ៉ាប៊ីសាអ៊ូឌីតលើទីក្រុង Taiz របស់យេម៉ែនបណ្តាលឱ្យមានអ្នកស្លាប់និងរបួសច្រើន
09/28/2026 09:09 AM