សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលចំពោះការចោទប្រកាន់របស់ប្រធានគណបក្សភ្លើងទៀនមកលើរាជរដ្ឋាភិបាល

2024/02/07 07:24:23 pm        217
អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលចំពោះការចោទប្រកាន់របស់ប្រធានគណបក្សភ្លើងទៀន តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសដែលមានលក្ខណៈជាការចោទប្រកាន់មកលើរាជរដ្ឋាភិបាលទាំងបំពាន និងដោយខុសពីការពិត។សេចក្តីថ្លែងការណ៍ឱ្យដឹងថា ការលើកឡើងរបស់ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយសារព័ត៌មាន Nikkei Asia របស់ជប៉ុន និងផ្សាយបន្តដោយវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសាដោយខ្លឹមសារនៃបទសម្ភាសន៍នោះមានលក្ខណៈជាការចោទប្រកាន់មកលើរាជរដ្ឋាភិបាលទាំងបំពាន និងដោយខុសពីការពិត។អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា តាមរយៈការដកស្រង់សម្ដីរបស់សារព័ត៌មានទាំងពីរប្រធានបក្សរូបនេះ បានអះអាងថា រាជរដ្ឋាភិបាលបាន ដាក់កាំមេរ៉ានៅមុខផ្ទះរបស់លោកដើម្បីឃ្លាំមើលសកម្មភាព ២៤ម៉ោង។ លោក ទាវ វណ្ណល ក៏បាននិយាយទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាន់តែអាក្រក់ទៅទាក់ទងនឹង ប្រជាធិបតេយ្យដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រជែងនយោបាយ និងប្រជាពលរដ្ឋដែលរិះគន់រាជរដ្ឋាភិបាល។អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រកាសបដិសេធទាំងស្រុងចំពោះការអះអាងរបស់ លោក ទាវ វណ្ណល និង បញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិថា ទី១៖គ្មានការដាក់កាមេរ៉ាដើម្បីឃ្លាំមើលសកម្មភាពរបស់ លោក ទាវ វណ្ណល ដូចការអះអាងមួលបង្កាច់ របស់គាត់ឡើយ។ កាមរ៉ានានាដែលត្រូវបានបំពាក់នៅតាមទីសាធារណៈទូទាំងប្រទេស ក៏ដូចជានៅក្នុងភូមិសាស្ត រាជធានីភ្នំពេញគឺ ក្រោមមូលហេតុសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងចរាចរណ៍ជូនប្រជាពលរដ្ឋ ហើយក៏គ្មានគោលការណ៍ដាក់កាមេរ៉ាដោយឡែកដើម្បីឃ្លាំមើលសកម្មភាពរបស់បុគ្គលណាមួយទូទៅតែប៉ុណ្ណោះ នោះឡើយ។ទី២៖ ការអនុវត្តច្បាប់ត្រូវបានធ្វើឡើងចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តល្មើសច្បាប់ដោយគ្មាន ការបែងចែកថា អ្នកនោះមានឋានៈ តួនាទីអ្វី ឬជាអ្នកនយោបាយនោះឡើយ។ នៅកម្ពុជាគ្មានទេ អ្នកទោសនយោបាយ គឺមានតែអ្នកនយោបាយដែលប្រព្រឹត្តខុសច្បាប់ហើយត្រូវបានច្បាប់ផ្តន្ទាទោស។ទី៣៖ ការអនុវត្តច្បាប់គឺជាការងារសំខាន់ចាំបាច់ដើម្បីពង្រឹងនីតិរដ្ឋ។ នៅគ្រប់ប្រទេសទាំងអស់ ជាពិសេស ក្នុងបណ្តាប្រទេសប្រជាធិបតេយ្យជឿនលឿន ការពង្រឹងនីតិរដ្ឋគឺជារឿងមិនអាចខ្វះបានដើម្បីឱ្យប្រជាធិបតេយ្យ ដំណើរការនិងរីកលូតលាស់ទៅមុខ។ គ្មានការគោរពច្បាប់ គ្មានប្រជាធិបតេយ្យ តែវាជាប្រភពនៃភាពអនាធិបតេយ្យ ទៅវិញទេ ពោលគឺប្រជាធិបតេនិងសិទ្ធិសេរីភាពរបស់បុគ្គលត្រូវតែស្ថិតនៅក្រោមច្បាប់។ទី៤៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការ បញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភបំពាននាំឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀម ទម្លាប់ល្អរបស់សង្គមដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់។ទី៥៖ នៅកម្ពុជា ការបញ្ចេញមតិដែលស្ថិតនៅក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញដូចបានលើកឡើងខាងដើម និង ការរិះគន់ដោយស្ថាបនា ត្រូវបានគោរពនិងធានាយ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្តែ ការបញ្ចេញមតិដោយរំលោភបំពានលើអ្នកដទ ដែលត្រូវបានហាមដោយរដ្ឋធម្មនុញ្ញ គឺជាអំពើខុសច្បាប់ ហើយការអនុវត្តច្បាប់មិនត្រូវបានបកស្រាយថា ជាការ បំបិទសិទ្ធិបញ្ចេញមតិ ឬការធ្វើទុក្ខបុកម្នេញឡើយ។អ្នកនាំពាក្យរាជរដ្ឋាភិបាល យល់ឃើញថា ការលើកឡើងរបស់ លោក ទាវ វណ្ណល ពិតជាមានចេតនាអាក្រក់ ដើម្បីបង្អួចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ខណៈដែលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតចូលមកដល់ ហើយនេះគឺជាការសម្ដែងរបស់ លោក ទាវ វណ្ណល ដើម្បីទាក់ទាញការអាណិតអាសូរពីសាធារណមតិប៉ុណ្ណោះ។ នេះគឺជាភស្តុតាងមួយ ដែលបញ្ជាក់ពីការបញ្ចេញមតិដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដែល ច្បាប់រដ្ឋធម្មនុញ្ញបានហាមឃាត់។ជាថ្មីម្ដងទៀត អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិជ្រាបថា រាជរដ្ឋ ភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តការងារពីរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក៏ដូចជាការដាក់ចេញគោល នយោបាយនិងយុទ្ធសាស្ត្រនានាដើម្បីពង្រឹងនីតិរដ្ឋនិងប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ នេះគឺជាគោលជំហរដ៏ម៉ឺងម៉ាត់ និងឥតងាកររបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕ 

សភាអាមេរិក ច្រានចោលកិច្ចប្រឹងប្រែងដឹកនាំដោយគណបក្សសាធារណរដ្ឋ ដើម្បីអនុម័តសេចក្តីស្នើច្បាប់ផ្តល់ជំនួយដល់អ៊ីស្រាអែល

2024/02/07 07:16:49 pm        108
សភាសហរដ្ឋអាមេរិក បានច្រានចោលសេចក្តីស្នើច្បាប់ដឹកនាំដោយគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអង្គារ ដែលនឹងផ្តល់ជំនួយចំនួន ១៧,៦ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ខណៈសមាជិកគណបក្សប្រជាធិបតេយ្យ បាននិយាយថាពួកគេចង់បានការបោះឆ្នោតជំនួសវិញលើវិធានការដ៏ទូលំទូលាយដែលនឹងផ្តល់ជំនួយដល់អ៊ុយក្រែន មូលនិធិមនុស្សធម៌អន្តរជាតិ និងថវិកាថ្មីសម្រាប់សន្តិសុខព្រំដែន។ជំនួយសម្រាប់អ៊ីស្រាអែល ជាអ្នកទទួលជំនួយធំបំផុតមួយនៃជំនួយបរទេសរបស់សហរដ្ឋអាមេរិក ដែលបានទទួលការគាំទ្រទ្វេបក្សយ៉ាងខ្លាំងក្លានៅក្នុងសភា។ ប៉ុន្តែអ្នកប្រឆាំងជាច្រើន បានចាត់ទុកការស្នើច្បាប់នៅសភាថាជាផែនការនយោបាយរបស់គណបក្សសាធារណរដ្ឋ ដើម្បីបង្វែរការប្រឆាំងរបស់ពួកគេចំពោះសេចក្តីស្នើច្បាប់ព្រឹទ្ធសភាចំនួន ១១៨ពាន់លានដុល្លារ ដែលរួមបញ្ចូលនូវការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក និងការផ្តល់មូលនិធិថ្មី សម្រាប់សន្តិសុខព្រំដែន ជាមួយនឹងជំនួយបន្ទាន់រាប់ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងដៃគូនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោក Rosa DeLauro សមាជិកជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យ នៃគណៈកម្មាធិការតម្លាភាពសភា ជំរុញឱ្យមានការប្រឆាំងចំពោះសេចក្តីស្នើច្បាប់ដែលផ្តល់ជំនួយតែមួយគត់ដល់អ៊ីស្រាអែល។ សម្ព័ន្ធមិត្តរបស់យើងកំពុងប្រឈមមុខទៅនឹងការគំរាមកំហែងអត្ថិភាព ហើយមិត្តភ័ក្តិ និងសត្រូវរបស់យើងនៅជុំវិញពិភពលោកកំពុងតាមដានមើល ដោយរង់ចាំមើលថាតើសហរដ្ឋអាមេរិក នឹងឆ្លើយតបបែបណា។ ប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ដែលគាំទ្រសេចក្តីស្នើច្បាប់នៅព្រឹទ្ធសភា បានសន្យាប្រើសិទ្ធវេតូ នូវចំណាត់ការរបស់សភាដែលផ្តល់ជំនួយឲ្យសម្រាប់តែអ៊ីស្រាអែលប៉ុណ្ណោះ។

បណ្ដាប្រេសិតបរទេសផ្ញើសារជូនពរ និងស្វាគមន៍ដល់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសបុណ្យចូលឆ្នាំចិន

2024/02/07 07:12:49 pm        114
ស្របពេលពិធីបុណ្យចូលឆ្នាំចិន ឬពិធីបុណ្យនិទាឃរដូវខិតជិតមកដល់ បណ្ដាឯកអគ្គរដ្ឋទូត នៃប្រទេសអ៊ីស្លង់ ទួរគី កូឡុំប៊ី និងទុយនេស៊ី បានផ្ញើសារជូនពរឆ្នាំថ្មីតាមចន្ទគតិរបស់ខ្លួនចំពោះប្រទេសចិន ក៏ដូចជាប្រជាជនចិនផងដែរ។ពិធីបុណ្យនិទាឃរដូវឆ្នាំ ២០២៤នេះ ប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី១០សប្ដាហ៍នេះ ឈានចូលឆ្នាំរោគ ឬនាគ ដែលស្ថិតនៅជួរទីប្រាំ តាមរាសីចក្ររបស់ចិន។ លោក ថូរី អ៊ីសេន (Thorir Ibsen)ឯកអគ្គរដ្ឋទូតនៃប្រទេសអ៊ីស្លង់ប្រចាំប្រទេសចិន បាននិយាយថា លោកសូមជូនពរប្រជាជនចិនជួបតែសំណាងល្អ និងប្រាជ្ញាឈ្លាសវៃក្នុងឆ្នាំនាគខាងមុខនេះ។ លោកអ៊ីស្មេលហាគីមូសា (Ismail Hakkı Musa) ឯកអគ្គរដ្ឋទូតទួរគីប្រចាំប្រទេសចិន បាននិយាយ សួរស្ដីអ្នកទាំងអស់គ្នា។ ខ្ញុំឯកអគ្គរដ្ឋទូតទួរគីប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន។ ខ្ញុំសូមជូនពរដល់អ្នកទាំងអស់គ្នាឲ្យជួបប្រទះតែសុភមង្គលក្នុងឆ្នាំថ្មី ហើយខ្ញុំសង្ឃឹមថាឆ្នាំថ្មីនេះនឹងនាំមកនូវសន្តិភាព ភាពរីករាយ សុខភាព និងសុភមង្គលដល់យើងទាំងអស់គ្នា។ ចំណែកឯកអគ្គរដ្ឋទូតនៃប្រទេសកូឡុំប៊ីប្រចាំប្រទេសចិន វិញបាននិយាយថា ខ្ញុំ ហ្សឺជីអូ ចាប្រ៊ីរ៉ា ( Sergio Cabrera) នៅទីនេះខ្ញុំសូមផ្ញើការជូនពរនិងការបួងសួងរបស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នា។ សួស្តីឆ្នាំថ្មី! ពោរពេញដោយភាពស្វាហាប់។ ឯកអគ្គរដ្ឋទូតទុយនីស៊ីប្រចាំនៅប្រទេសចិន លោកអាឌេលអេឡាប៊ី(Adel Elarbi)បានសង្កត់ធ្ងន់លើភាពសម្បូរបែបនៃអរិយធម៌ចិន និងឥទ្ធិពលសកលរបស់ប្រទេសចិននៅក្នុងការស្វាគមន៍របស់លោក។លោកបាននិយាយថា ខ្ញុំបានទៅទស្សនាតំបន់ផ្សេងៗ និងកន្លែងប្រវត្តិសាស្ត្រជាច្រើន។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពសម្បូរបែបនៃអរិយធម៌ចិន ដែលបានបន្សល់ទុកក្នុងគន្លងនៃប្រវត្តិសាស្ត្រវប្បធម៌ពិភពលោក។ ឆ្នាំខាងមុខនេះ គឺជាឆ្នាំនាគ សម្រាប់ប្រទេសចិន ខ្ញុំសង្ឃឹមថានឹងក្លាយជាឆ្នាំដ៏រីករាយ ជា ឆ្នាំពោពេញដោយសុខសន្តិភាព និងប្រកបដោយផ្លែផ្កា ។ សូមជូនពរអ្នកប្រកបដោយភាពស្វាហាប់ រីករាយឆ្នាំថ្មី!៕

ប្រមុខការទូតរុស្ស៊ី សង្កត់ធ្ងន់លើការរក្សាទំនាក់ទំនង ប្រកបដោយស្ថិរភាពជាមួយកូរ៉េខាងត្បូង

2024/02/07 07:09:21 pm        83
ប្រមុខការទូតរបស់ខ្លួនប្រចាំទីក្រុងសេអ៊ូល បាននិយាយថា ប្រទេសរុស្ស៊ី មិនចង់ទំនាក់ទំនងទ្វេភាគីជាមួយកូរ៉េខាងត្បូង «ធ្លាក់ដល់ចំណុចសូន្យទេ» ហើយមើលឃើញថា វាចាំបាច់ណាស់ក្នុងការរក្សាស្ថានភាពដដែល ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀត ខណៈប្រទេសទាំងពីរ មានការខ្វែងគំនិតគ្នាជុំវិញសង្គ្រាមនៅអ៊ុយក្រែន កូរ៉េខាងជើង និងបញ្ហាផ្សេងៗទៀត។ឯកអគ្គរដ្ឋទូត ជេអូហ្គី ហ្ស៊ីណូវីវ ( Georgy Zinoviev) បានធ្វើការអធិប្បាយ ខណៈដែលទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែតានតឹង ចាប់តាំងពីសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន និងថ្មីៗនេះ ជាមួយនឹងកិច្ចសហប្រតិបត្តិការយោធា ដែលកំពុងកើនឡើងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ។ប្រទេសរុស្សី បានចាត់ទុកប្រទេសកូរ៉េខាងត្បូងថា ជា «ប្រទេសមួយក្នុងចំណោមប្រទេសអមិត្ត»របស់ខ្លួនសម្រាប់ការចូលរួមក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលដឹកនាំដោយសហរដ្ឋអាមេរិក ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។សម្រាប់ទីក្រុងសេអ៊ូល ការពង្រីកទំនាក់ទំនងយោធារបស់រុស្ស៊ីជាមួយកូរ៉េខាងជើង បានបង្កក្តីបារម្ភអំពីសន្តិសុខថ្មីៗ។ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតសង្ស័យថា កូរ៉េខាងជើង កំពុងផ្តល់អាវុធដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ជាថ្នូរនឹងជំនួយពីទីក្រុងមូស្គូក្នុងផ្នែកបច្ចេកវិទ្យាអាវុធ ដែលជាការអះអាងត្រូវបានបដិសេធដោយរុស្ស៊ី។លោកហ្ស៊ីណូវីវ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន Yonhap កាលពីថ្ងៃអង្គារថា៖«ទំនាក់ទំនងទ្វេភាគីរបស់យើង មិនល្អដូចដែលយើងសង្ឃឹមនោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏មិនបានឈានដល់កម្រិតកំពូលដែរ»។លោកបាននិយាយតាមរយៈអ្នកបកប្រែថា៖«អាទិភាពចម្បងរបស់យើង គឺរក្សា និងធ្វើឲ្យស្ថិរភាពទំនាក់ទំនងទ្វេភាគី ដែលយើងមាន ការពារទំនាក់ទំនងកុំឲ្យកាន់តែធ្ងន់ធ្ងរដល់កម្រិតប្រឈមមុខគ្នា និងជៀសវាងពីសកម្មភាពដែលអាចបណ្តាលឲ្យធ្លាក់ចូលក្នុងស្ថានភាពយ៉ាប់យ៉ឺន។

ចិន និងន័រវែសជំរុញបទឈប់បាញ់ហ្កាហ្សាជាបន្ទាន់ និងគាំទ្រកាន់តែខ្លាំងសម្រាប់អាជ្ញាធរប៉ាឡេស្ទីន

2024/02/07 06:59:24 pm        113
ប្រមុខការទូតរបស់ចិន និងន័រវែស បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្លោះក្នុងតំបន់ជុំវិញតំបន់ហ្កាហ្សា ខណៈពេលដែលសន្យាគាំទ្រកាន់តែខ្លាំងឡើងសម្រាប់អាជ្ញាធរប៉ាឡេស្ទីន (PA)។សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បាននិយាយថា រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) និងសមភាគីន័រវែស លោក អ៊ីស្ពែន បាស អេដ (Espen Barth Eide) បានផ្លាស់ប្តូរ «ទស្សនៈស៊ីជម្រៅ»ស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា ក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ។ពួកគេ «បានយល់ព្រមលើតម្រូវការសម្រាប់បទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សា» និង «បង្កើនជំនួយមនុស្សធម៌ឲ្យបានច្រើន»។សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា៖«ភាគីទាំងអស់ត្រូវធ្វើការរួមគ្នា ដើម្បីការពារជម្លោះកុំឲ្យរីករាលដាល ហើយ [យើង] អំពាវនាវឲ្យមានការដោះលែងជាបន្ទាន់នូវអ្នកជាប់ឃុំទាំងអស់»។ទាំងប្រទេសន័រវែស និងចិនគាំទ្រប៉ាឡេស្ទីនជារដ្ឋអធិបតេយ្យ និងបានបញ្ចេញសំឡេងអំពីស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សាស្ទ្រីប ជាកន្លែងដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ឈានចូលដល់ខែទី៤ ហើយនោះ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់៖ អ៊ីរ៉ាក់ និងអាមេរិក ត្រូវវិលត្រឡប់ទៅរកកិច្ចពិភាក្សាជុំវិញអនាគតនៃកម្លាំងចម្រុះ

2024/02/07 06:25:55 pm        81
ក្រសួងការបរទេសអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់លោក ហ្វីអាដ ហ៊ូសេន (Fuad Hussein) បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីត្រឡប់ទៅរកតុចរចាអំពីអនាគតនៃសម្ព័ន្ធយោធាអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។ កិច្ចពិភាក្សារវាងប្រទេសទាំងពីរ បានចាប់ផ្តើមនៅក្នុងខែមករា ប៉ុន្តែតិចជាង ២៤ម៉ោងក្រោយមក សមាជិកសេវាកម្មអាមេរិកបីនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ នៅក្នុងប្រទេសហ្ស៊កដានី ដែលសហរដ្ឋអាមេរិក បាននិយាយថា ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងអ៊ី រ៉ាក់។ កិច្ចពិភាក្សានោះ បានផ្អាក តាំងពីពេលនោះមក។យោធាអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃសុក្រទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីប្រឆាំងនឹងគោលដៅ ៨៥ ដែលភ្ជាប់ទៅនឹងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) និងកងជីវពលដែលខ្លួនគាំទ្រ ជាការសងសឹកចំពោះការវាយប្រហារ នៅក្នុងប្រទេសហ្ស៊កដានី។លោកហ៊ូសេន បានសង្កត់ធ្ងន់ទៅកាន់លោកប្ល៊ីនខិនអំពីការបដិសេធរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ចំពោះការវាយប្រហារបែបនេះ ដោយនិយាយថា៖«អ៊ីរ៉ាក់មិនមែនជាទីលានសម្រាប់ការសងសឹករវាងប្រទេសគូប្រជែងនោះទេ»។សហរដ្ឋអាមេរិកមានកងទ័ពចំនួន ២.៥០០ នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយបានណែនាំ និងជួយដល់កងកម្លាំងក្នុងតំបន់ ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃក្រុមរដ្ឋអ៊ីស្លាម ដែលនៅក្នុងឆ្នាំ ២០១៤ បានដណ្តើមកាន់កាប់ផ្នែកជាច្រើននៃប្រទេសអ៊ីរ៉ាក់ និងស៊ីរី មុនពេលត្រូវបានបណ្តេញចេញ។ ទាហានរាប់រយនាក់មកពីបណ្តាប្រទេសអឺរ៉ុបភាគច្រើនក៏ជាផ្នែកនៃក្រុមចម្រុះផងដែរ។

រចនាសម្ព័ន្ធអំណាចពីររបស់ក្រុមហាម៉ា ធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចចរចាបទឈប់បាញ់ នៅតំបន់ហ្កាហ្សា

2024/02/07 06:21:27 pm        120
ក្រុមហាម៉ាស បានព្យាករថា នឹងមានរណសិរ្សរួបរួមមួយ ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលារបស់ខ្លួនបានបង្កឲ្យមានសង្គ្រាមជាមួយអ៊ីស្រាអែល ប៉ុន្តែអ្នកជំនាញនិយាយថា ក្រុមប្រឆាំងនៅក្នុងចលនាប៉ាឡេស្ទីន បានថ្លឹងថ្លែងលើកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកបទឈប់បាញ់។នៅក្នុងការនិរទេសខ្លួនដោយខ្លួនឯងនៅទីក្រុងដូហា ប្រធានការិយាល័យនយោបាយរបស់ហាម៉ាស លោកអ៊ីស្មេល ហានីយេ (Ismail Haniyeh) កំពុងនិយាយដោយបើកចំហជាមួយអាជ្ញាធរកាតា និងអ្នកសម្របសម្រួល។ទន្ទឹមនឹងនេះដែរ មេដឹកនាំក្រុមនៅតំបន់ហ្កាហ្សាស្ទ្រីប លោក ហាយ៉ា ស៊ីនវ៉ា (Yahya Sinwar) កំពុងលាក់ខ្លួន បន្ទាប់ពីអ៊ីស្រាអែល បានប្តេជ្ញាថា នឹងតាមក្រុមដែលគេសន្មតថា នៅពីក្រោយការវាយប្រហារនៅខែតុលាដែលបានបណ្តាលឲ្យមនុស្សស្លាប់ដ៏ច្រើននោះ។មេដឹកនាំជាន់ខ្ពស់នៅតំបន់ហ្កាហ្សា អវត្តមានពីកិច្ចចរចាបទឈប់បាញ់ ប៉ុន្តែអ្នកសម្រុះសម្រួល ត្រូវតែគិតគូរទាំងជំហររបស់ខ្លួន និងលោកហានីយេ ក៏ដូចជាអ៊ីស្រាអែលផងដែរ។កងកម្លាំងថ្មើរជើងរបស់ក្រុមហាម៉ាស រួមទាំងទីបញ្ជាការយោធារបស់ក្រុម Ezzedine al-Qassam Brigades បានឆ្លើយតបទៅនឹងលោកស៊ីនវ៉ា។ប្រភពស្និទ្ធនឹងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដែលដឹកនាំដោយប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មានAFP ថា រាល់សំណើដែលផ្ញើទៅកាន់ការិយាល័យនយោបាយរបស់ក្រុមហាម៉ាស ត្រូវតែទាក់ទងទៅមន្ត្រីនៅក្នុងតំបន់ហ្កាហ្សា។

អាមេរិក និងរុស្ស៊ី ប៉ះទង្គិចគ្នានៅ UN ជុំវិញបញ្ហាកូរ៉េខាងជើង និងមីស៊ីល ប៉ាទ្រីយ៉ូដ នៅអ៊ុយក្រែន

2024/02/07 06:12:32 pm        168
សហរដ្ឋអាមេរិក បានចោទប្រកាន់រុស្ស៊ី កាលពីថ្ងៃអង្គារ (០៦ កុម្ភៈ) ថាបានបាញ់មីស៊ីលដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើង យ៉ាងហោចណាស់ចំនួនប្រាំបួនគ្រាប់នៅអ៊ុយក្រែន ខណៈដែលទីក្រុងមូស្គូ បានចាត់ទុកទីក្រុងវ៉ាស៊ីនតោន ថាជា «អ្នកសមគំនិតដោយផ្ទាល់» ក្នុងការបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធារុស្ស៊ី កាលពីខែមុន។ឯកអគ្គរដ្ឋទូតរុស្ស៊ី របស់អង្គការសហប្រជាជាតិ លោក វ៉ាសស៊ីលី ណេបេនហ៊្សៀ (Vassily Nebenzia) និងអនុប្រធានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោក រ៉ូប៊ឺត វ៉ូដ (Robert Wood) បានធ្វើការចោទប្រកាន់ដាក់គ្នាទៅវិញទៅមកបែបនេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន ដែលស្នើឡើងដោយទីក្រុងមូស្គូ។ ទាំងក្រុងមូស្គូ និងក្រុងព្យុងយ៉ាង បានបដិសេធការចោទប្រកាន់នានារបស់សហរដ្ឋអាមេរិក ប៉ុន្តែបានប្តេជ្ញាកាលពីឆ្នាំមុនថានឹងធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ។ ជាមួយគ្នានេះ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បាននិយាយកាលពីសប្តាហ៍មុនថា ពួកគេមានភស្តុតាងដែលបង្ហាញថាយោធាអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធា ដែលបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះនោះចំនួន ៧៤ នាក់ រួមទាំងទាហានអ៊ុយក្រែន ៦៥ នាក់ដែលត្រូវបានចាប់ខ្លួន និងកំពុងធ្វើដំណើរដើម្បីផ្លាស់ប្តូរនឹងឈ្លើយសឹករុស្ស៊ី ដោយប្រើប្រាស់ប្រព័ន្ធមីស៊ីលដែនអាកាស ប៉ាទ្រីយ៉ូដ (Patriot) ផលិតដោយសហរដ្ឋអាមេរិក។រុស្ស៊ី បានស្នើឱ្យក្រុមប្រឹក្សាប្រជុំកាលពីថ្ងៃអង្គារនោះ បន្ទាប់ពីខ្លួនបាននិយាយថា អ៊ុយក្រែនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨ នាក់ នៅពេលដែលខ្លួនបានប្រើគ្រាប់រ៉ូកែតដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយប្រហារហាងនំប៉័ង និងភោជនីយដ្ឋានកាលពីថ្ងៃសៅរ៍ នៅតំបន់ភាគខាងកើតដែលគ្រប់គ្រងដោយរុស្ស៊ី៕

អ៊ីរ៉ង់ ព្រមានអាមេរិក កុំដាក់គោលដៅលើនាវា ដែលផ្តល់ព័ត៌មានចារកម្មដល់ក្រុមហ៊ូទី

2024/02/07 05:28:43 pm        177
ប្រទេសអ៊ីរ៉ង់បានព្រមានអាមេរិកកុំឲ្យដាក់គោលដៅលើនាវាដែលក្រុមមន្ត្រី ជឿថាកំពុងផ្តល់ព័ត៌មានចារកម្មសំខាន់ដល់ក្រុមហ៊ូទី ដើម្បីមានលទ្ធភាពបើកការវាយប្រហារនៅសមុទ្រក្រហមជាបន្តទៀត។ ក្រុមចលនាប្រដាប់អាវុធតំណាងគាំទ្រដោយអ៊ីរ៉ង់ ដែលអះអាងថា ការវាយប្រហាររបស់ខ្លួន គឺគាំទ្រដល់ប៉ាឡេស្ទីន បានដាក់គោលដៅលើនាវាពាណិជ្ជកម្មនៅក្នុងតំបន់ដោយប្រើយានដ្រូន និងមីស៊ីល ដោយបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនផ្លាស់ប្តូរផ្លូវ និងធ្វើដំណើរកាន់តែយូរ នៅជុំវិញជាយភាគខាងត្បូងនៃទ្វីបអាហ្វ្រិក។ ការវាយប្រហាររបស់ពួកគេបានជំរុញឱ្យមានការវាយប្រហារសងសឹកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលកាលពីចុងសប្តាហ៍ មុនបានបើកការទម្លាក់គ្រាប់បែកមួយផ្សេងទៀតលើក្រុមតំណាងដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន។ កាលពីថ្ងៃអាទិត្យ វីដេអូដែលបានចែករំលែកនៅលើបណ្ដាញសង្គម Telegram របស់កងទ័ពអ៊ីរ៉ង់បានដាក់ការព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអ្នកដែលចូលរួមក្នុងសកម្មភាពភេរវករប្រឆាំងនឹងនាវាដឹកទំនិញ MV Behshad ឬនាវាស្រដៀងគ្នានេះ ធ្វើឱ្យប៉ះពាល់ដល់ផ្លូវសមុទ្រអន្តរជាតិ សន្តិសុខ និងទទួលខុសត្រូវជាសកលសម្រាប់ហានិភ័យអន្តរជាតិដែលអាចកើតមាននាពេលអនាគត។ ឃ្លីបវីដេអូនេះហានហៅ នាវា Behshad ថាជា រថពាសដែកអណ្តែតទឹក ដែលពាក់ព័ន្ធនឹងបេសកកម្មដើម្បីប្រឆាំងការលួចឆ្លងនៅសមុទ្រក្រហម និងឈូងសមុទ្រ អាដែន (Aden)។ អ៊ីរ៉ង់ មិនត្រូវបានគេដឹងថាបានចូលរួមក្នុងយុទ្ធនាការប្រឆាំងការលួចឆ្លងថ្មីៗណាមួយក្នុងតំបន់នោះទេ៕

អារ៉ាប៊ីសាអ៊ូឌីត បញ្ជាក់ថា នឹងគ្មានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលទេ ប្រសិនបើគ្មានរដ្ឋប៉ាឡេស្ទីនឯករាជ្យ

2024/02/07 05:25:01 pm        170
ក្រសួងការបរទេសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា អារ៉ាប៊ីសាអ៊ូឌីត បានប្រាប់សហរដ្ឋអាមេរិកអំពីជំហររបស់ខ្លួនថា នឹងមិនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលទេ លុះត្រាតែរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ត្រូវបានទទួលស្គាល់នៅលើព្រំដែនឆ្នាំ ១៩៦៧ ជាមួយទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ហើយ «ការឈ្លានពាន» របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបញ្ឈប់។ កាលពីថ្ងៃអង្គារ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក ចន ឃើប៊ី (John Kirby) បានថ្លែងថា រដ្ឋបាលលោកបៃដិន ( Biden) បានទទួលនូវការឆ្លើយតបជាវិជ្ជមានថា អារ៉ាប៊ីសាអ៊ូឌីត និងអ៊ីស្រាអែល មាន ឆន្ទៈ ក្នុងការបន្តការពិភាក្សាអំពីការធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនងឡើងវិញ។ក្រសួង បាននិយាយថា ព្រះរាជាណាចក្រនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបញ្ជាក់ជំហរដ៏ខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះទីក្រុងវ៉ាស៊ីនតោន លើបញ្ហាប៉ាឡេស្ទីន ជាការឆ្លើយតបនឹងការអត្ថាធិប្បាយរបស់លោកឃើប៊ី។ គំនិតរបស់អ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត ពង្រឹងទំនាក់ទំនងជាផ្លូវការ កំពុងស្ថិតក្រោមការពិភាក្សា ចាប់តាំងពីអារ៉ាប៊ីសាអ៊ូឌីត បានផ្តល់ការយល់ព្រមស្ងាត់ៗរបស់ពួកគេទៅកាន់ប្រទេសជិតខាងឈូងសមុទ្រ អា រ៉ាប់រួម និងបារ៉ែន ក្នុងការបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅឆ្នាំ២០២០។ប្រភពដែលដឹងពីការគិតរបស់ទីក្រុងរីយ៉ាដ បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងខែតុលា ឆ្នាំ២០២៣ នៅពេលដែលសង្រ្គាមរវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងកងកម្លាំងអ៊ីស្រាអែល បានកើនឡើងថា អារ៉ាប៊ីសាអ៊ូឌីត បានដាក់ផែនការដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនង ជាមួយអ៊ីស្រាអែលឡើងវិញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការ​ស្ទង់មតិ៖ បេក្ខជន​ស្ដាំ​និយមជ្រុល និង​ឆ្វេងនិយម​ជ្រុល​​ ទំនង​ឈានដល់ជុំទី២ នៃ​ការបោះឆ្នោតប្រធានាធិបតីបារាំង
09/28/2026 07:09 PM
វិមានក្រឹមឡាំង៖ ការចរចាគ្រប់គ្រងអាវុធរុស្ស៊ី-អាមេរិក គួរតែបានចាប់ផ្តើមឡើងវិញ តាំងពី «ម្សិលមិញ»
09/28/2026 07:09 PM
Hyundai Cambodia បង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី ដោយនាំយកបច្ចេកវិទ្យា និងការរចនាទំនើប
09/28/2026 06:09 PM
បុគ្គលិកសង្គ្រោះ៖ ទឹកជំនន់ និងបំណាក់ដី នៅភាគខាងត្បូងមីយ៉ាន់ម៉ា បណ្ដាល​ឱ្យ​មនុស្ស​ ៨នាក់ស្លាប់​​
09/28/2026 06:09 PM
សារព័ត៌មាន Bild ៖ សេវាស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់បង្កើនការស៊ើបការណ៍លើស្ថានទូតរុស្ស៊ី នៅទីក្រុងប៊ែរឡាំង
09/28/2026 06:09 PM
ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវរបស់ប្រទេសកាតាឆ្លងកាត់ច្រកសមុទ្រ Hormuz កើនឡើង ទោះបីជាមានជម្លោះក្តី
09/28/2026 06:09 PM
ទីភ្នាក់ងារសន្តិសុខអាល្លឺម៉ង់ប្រឈមការ​លំបាក ក្រោយក្រុម​ស្តាំនិយមជ្រុល និងឆ្វេងនិយមជ្រុល ឈ្នះ​
09/28/2026 06:09 PM
នាយករដ្ឋមន្ត្រីអេស្ប៉ាញប្ដេជ្ញាចាត់វិធានការ ខណៈការតវ៉ាជុំវិញបញ្ហាលំនៅឋាននៅក្រុង​ម៉ាឌ្រីដ​ កើនឡើង
09/28/2026 06:09 PM
UN ៖ ប្រជាជនស៊ីរីជាង ៦០.០០០នាក់ បានត្រឡប់ពីជំរំជនភៀសខ្លួនទៅផ្ទះសម្បែងវិញ ចាប់តាំងពីខែមករា
09/28/2026 06:09 PM
ស្ថានីយទូរទស្សន៍នៅតំបន់ Tigray ត្រូវវាយប្រហារដោយដ្រូន ខណៈក្រុមឧទ្ទាមរុលទៅមុខនៅភាគខាងជើងអេត្យូពី
09/28/2026 06:09 PM