សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ម៉ិកស៊ិក និងឈីលី បញ្ជូនជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ទៅតុលាការ ICC ជុំវិញលទ្ធភាពនៃឧក្រិដ្ឋកម្ម

2024/01/19 06:39:13 pm        207
ម៉ិកស៊ិក និងឈីលី បានសម្តែង «ការព្រួយបារម្ភកាន់តែខ្លាំង» កាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ជុំវិញ «ការកើនឡើងនៃអំពើហិង្សា» បន្ទាប់ពីសង្គ្រាមជាច្រើនខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយបញ្ជូនជម្លោះនេះទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជុំវិញឧក្រិដ្ឋកម្មសង្រ្គាមដែលអាចកើតមាន។ក្រុមសកម្មប្រយុទ្ធហាម៉ាស បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងប្រទេសអ៊ីស្រាអែល ក្នុងខែតុលា ដោយបានសម្លាប់ជនស៊ីវិលភាគច្រើន ១.២០០នាក់ និងចាប់ចំណាប់ថ្នូរចំនួន ២៥៣នាក់ ជាមួយនឹងករណីជាច្រើនបានលេចចេញជារូបរាងពីការរំលោភ និងការសម្លាប់ដោយកាត់ផ្តាច់រាងកាយ។ ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននាំឱ្យមានការបង្កើនការជូនដំណឹងជាអន្តរជាតិ និងការត្រួតពិនិត្យលើការស្លាប់របស់ជនស៊ីវិល ជាពិសេសកុមារ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរបស់ប្រទេសម៉ិកស៊ិកបាននិយាយថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គឺជាវេទិកាត្រឹមត្រូវដើម្បីបង្កើតទំនួលខុសត្រូវលើលទ្ធភាពនៃឧក្រិដ្ឋកម្ម «មិនថាប្រព្រឹត្តដោយភ្នាក់ងារនៃអំណាចកាន់កាប់ ឬអំណាចដែលត្រូវគេកាន់កាប់ក៏ដោយ»។អ៊ីស្រាអែលមិនមែនជាសមាជិកនៃតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ នេះទេហើយក៏មិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះដែរ ប៉ុន្តែរដ្ឋអាជ្ញារបស់តុលាការ ICC បានសង្កត់ធ្ងន់ថា តុលាការនេះមានយុត្តាធិការលើឧក្រិដ្ឋកម្មសង្រ្គាមដែលអាចកើតមានដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅអ៊ីស្រាអែល និងដោយជនជាតិអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា៕

អាមេរិក៖ ការគម្រាមកំហែងរបស់កូរ៉េខាងជើងអាចផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី

2024/01/19 06:35:05 pm        206
ប្រធានទទួលបន្ទុកជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាវុធរបស់សេតវិមានលោក ប្រាណាយ វ៉ាឌី (Pranay Vaddi ) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ធម្មជាតិនៃការគំរាមកំហែងផ្នែកសន្តិសុខដែលបង្កឡើងដោយកូរ៉េខាងជើងអាចផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងទសវត្សរ៍ខាងមុខនេះ ដោយសារតែកិច្ចសហប្រតិបត្តិការមិនធ្លាប់មានជាមួយប្រទេសរុស្ស៊ី។ លោក Vaddi បានប្រាប់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិរបស់ទីក្រុងវ៉ាស៊ីនតោនថា អ្វីដែលយើងកំពុងឃើញរវាងរុស្ស៊ី និងកូរ៉េខាងជើង គឺជាកម្រិតនៃកិច្ចសហប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមកនៅក្នុងវិស័យយោធា។ហើយខ្ញុំនិយាយដោយចេតនាដែលមិនធ្លាប់មាន ថា យើងមិនដែលឃើញរឿងនេះពីមុនមកទេ ។លោក Vaddi បាននិយាយថា នេះជាបញ្ហាដ៏ចាំបាច់ ត្រូវយកចិត្តទុកដាក់ ដែលមិនត្រឹមតែជំនួយរបស់ប្រទេសអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង សម្រាប់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ដែលផ្ដោតជាចម្បងនៅក្នុងទម្រង់នៃប្រព័ន្ធមីស៊ីលប៉ុណ្ណោះទេ ប៉ុន្តែ ជាអ្វីដែលអាចនឹងកើតឡើងក្នុងទិសដៅផ្សេងទៀតផងដែរ។ លោក Vaddi បាននិយាយថា លោកគិតថាធម្មជាតិរបស់កូរ៉េខាងជើងដែលជាការគំរាមកំហែងនៅក្នុងតំបន់អាចផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ដោយសារកិច្ចសហប្រតិបត្តិការនេះ។លោក បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយកូរ៉េខាងត្បូងដើម្បីធ្វើឱ្យប្រាកដថា ការរារាំងការវិញបញ្ចូលគ្នារបស់ពួកគេគឺគួរឱ្យជឿជាក់តាមដែលអាចធ្វើទៅបានក្នុងការប្រឈម ទៅនឹងការគំរាមកំហែងរបស់កូរ៉េខាងជើងដែលកំពុងវិវត្តទៅមុខ ដោយសំដៅដល់ ឆ័ត្រនុយក្លេអ៊ែរ ការពារសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក៕

ក្រុមការងារអន្តរក្រសួងឯកភាពគ្នាប្រើប្រាស់កម្លាំងសរុប​ជំរុញការងារចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ

2024/01/19 06:23:48 pm        413
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកភាព​គ្នាប្រើប្រាស់កម្លាំងសរុប ដើម្បីជំរុញដល់ការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ និង​ការ​ចែក​វិញ្ញា​បនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា ជូន​ប្រជា​ពលរដ្ឋ​ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។ការឯកភាពគ្នានេះ ធ្វើឡើងក្នុងកិច្ចប្រជុំអន្តរក្រសួង ដែលដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៨ ខែមករា ឆ្នាំ​២០២៤។ កិច្ចប្រជុំបានត្រួតពិនិត្យ ពិគ្រោះយោបល់ និងតម្រង់ទិសការងាររៀបចំនិយាមនីតិវិធីប្រតិបត្តិការងារ (Standard Operation Procedure-SOP) ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ ដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា ស្របតាមបទប្បញ្ញត្តិស្តីពីពន្ធដារ និង​ការ​បញ្ជូន​សំណុំ​ឯកសារ ដើម្បីចុះបញ្ជី និងកត់ត្រាទិន្នន័យ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យ នៃ​អគ្គ​នាយក​ដ្ឋានពន្ធដារ សំដៅធានាបាននូវការផ្តល់បណ្ណកម្មសិទ្ធិ និងការកត់​ត្រា​ទិន្នន័យ​ឱ្យ​បាន​ឆាប់​រហ័ស។ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញ​ឱ្យ​ពន្លឿន​ការងារ​ចុះ​បញ្ជី​ដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជន ឱ្យបានលឿន ធានាសុវត្ថិភាព នៃការ​កាន់​កាប់​ដីធ្លី និងកាត់បន្ថយវិវាទដីធ្លីនៅទូទាំងប្រទេស ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា មកទល់ពេលនេះ ក្រសួងបាន​ប្រគល់​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ប្រមាណ ៥លានបណ្ណ ជូនប្រជាពលរដ្ឋរួច ហើយនៅមានប្រមាណ ២លានបណ្ណ ដែល​កំពុង​តែចែក​ជូន​ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ហើយបច្ចុប្បន្ននៅទូទាំងប្រទេស នៅសល់ប្រមាណជា ៥លាន​ក្បាល​ដីទៀត ដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់ ។គួរបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃ​រដ្ឋសភា ផ្តោតអាទិភាពលើការបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជី និង​ការ​ដោះស្រាយ​វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ការរៀបចំដែនដី និងនគរូបនីយកម្ម ទាំងថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់​​តែមាន​ប្រសិទ្ធភាព៕ អត្ថបទ៖ បាន សុខរិទ្ធិ

ក្រសួងកសិកម្ម អំពាវនាវម្ចាស់ចម្ការកៅស៊ូឲ្យប្រុងប្រយ័ត្នខ្ពស់ ខណៈរដូវប្រាំងឈានមកដល់

2024/01/19 05:28:11 pm        267
អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញដំណឹងមួយ ស្តីពី​វិធាន​ការ​បង្ការអគ្គីភ័យក្នុងចម្ការកៅស៊ូនៅរដូវស្លឹកឈើជ្រុះ និងអំពាវនាវ​ម្ចាស់​ចម្ការ​កៅ​ស៊ូ​ទាំង​អស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ក្នុងការសម្អាតចម្ការឲ្យស្អាតបាត។ក្នុងសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានកៅស៊ូ បាន​លើកឡើងថា ជាទូទៅ អាកាសធាតុនៅរដូវប្រាំងតែងមានសភាពក្តៅស្ងួតហួតហែង ស្រប​ពេល​ដើម​កៅស៊ូ​ចាប់ផ្ដើមជ្រុះស្លឹក ចន្លោះពីខែមករា រហូតដល់ចុងខែកុម្ភៈ ដែលអាចបង្ក​ជា​គ្រោះ​អគ្គិភ័យ​ជាយ​ថាហេតុនៅក្នុងចម្ការកៅស៊ូ។ ដូច្នេះ ដើម្បីទប់ស្កាត់ និងបង្ការហានិភ័យខាងលើ សូម​ឲ្យ​ម្ចាស់ចម្ការកៅស៊ូទាំងអស់នៅទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្អាតចម្ការ និង​ធ្វើផ្លូវភ្លើងឱ្យបានត្រឹមត្រូវ តាមការណែនាំ មានដូចជា៖ ១)កាត់ស្មៅ និង​រុក្ខជាតិ​ចង្រៃ​នៅ​ជុំវិ​ញ​ព្រំ​ចម្ការ និង​ចន្លោះរងកៅស៊ូជាប់ផ្លូវធ្វើដំណើរឱ្យបានស្អាត និងស្រឡះល្អ។ ២)ប្រមូលស្មៅរុក្ខជាតិចង្រៃដែលកាត់រួច និងស្លឹកកៅស៊ូដែល​ជ្រុះនៅតាម​ចន្លោះរង​កៅស៊ូដែល​ជាប់​ផ្លូវ​ធ្វើដំណើរ ដោយត្រូវដាក់ជាគំនរៗប្រវែង ២៥ម៉ែត្រ ដាច់ៗពីគ្នាតាមចន្លោះរងកៅស៊ូ។ ៣)ត្រូវដុតមួយគំនរម្តងៗ ដោយចាប់ផ្តើមពីគំនរដែលស្ថិតនៅក្រោមទិសខ្យល់មុនគេ។ ការ​ដុត​ត្រូវ​ធ្វើ​នៅ​ពេល​ព្រឹកព្រលឹម និងបញ្ឈប់យ៉ាងយូរត្រឹមម៉ោង ៩ព្រឹក ដោយត្រូវឃ្លាំមើល​ឱ្យ​បាន​ហ្មត់​ចត់ ដើម្បីចៀសវាងផ្កាភ្លើង ហើរទៅឆេះកន្លែងដទៃទៀត និងត្រូវធានាថាភ្លើងពិតជារលត់អស់ ១០០% ក្រោយពេលឈប់ដុត។ ៤)ហាមដាច់ខាតដុតសម្អាតនៅពេលរសៀល ព្រោះ​អា​ច​បង្ក​ឱ្យ​មានអគ្គិភ័យ​កើតឡើងជាយថាហេតុនៅ វេលាយប់។ និង៥) មិនត្រូវរង់ចាំរហូត​ដល់​ស្លឹក​កៅ​ស៊ូ​ជ្រុះ ​១០០% ទើបប្រមូលដុតនោះទេ ព្រោះវាបង្កើតជាគំនរក្រាស់ បង្កឱ្យភ្លើងឆេះខ្លាំង ពិបាក​គ្រប់គ្រង និង​ប៉ះពាល់ដល់ដើមកៅស៊ូក្នុងចម្ការ។ ការដុតស្លឹកកៅស៊ូធ្វើឡើងជា៣ ដំណាក់​កាល​គឺ៖​ ទី១.ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ៣០% , ទី២. ពេលកៅស៊ូជ្រុះស្លឹកបាន ប្រមាណ​៦០​ភាគរយ និងទី៣ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ ១០០%។ អគ្គនាយកដ្ឋានកៅស៊ូ សង្ឃឹមទៀតថា ម្ចាស់ចម្ការកៅស៊ូទាំងអស់ នឹងចូល​រួម​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​នេះ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

គ្រូ និងនិស្សិតកម្ពុជា ៤២រូប បានទៅទស្សនកិច្ចនៅ គ្រឹះស្ថានលំដាប់កំពូលរបស់ចិន

2024/01/19 05:02:55 pm        340
វត្តមានរបស់គ្រូបង្រៀន និងនិស្សិតកម្ពុជា ចំនួន ៤២រូប បាន​ទៅ​បំពេញ​ទស្សន​កិច្ច​សិក្សា​ស្វែង​យល់​នៅ​វិទ្យាស្ថាន​បច្ចេ​កវិទ្យាហាប៊ីន (Harbin Institute of Technology) ក្នុងទីក្រុងហាប៊ីន ខេត្តហៃឡុងជាំង ប្រទេសចិន។ វិទ្យាស្ថាននេះ ជាគ្រឹះស្ថានសិក្សា​ជាប់​លំដាប់​កំពូល​ក្នុង​ចំណោម​សាកល​វិទ្យាល័យ​លំដាប់​កំពូលទាំង៩ (C9 League) របស់ប្រទេសចិន ហើយក៏ជា​សាកល​វិទ្យាល័យ​លំដាប់ទី៤ ក្នុងពិភពលោក សម្រាប់ជំនាញវិស្វកម្ម (US News) និងក៏​ជា​សាកល​វិទ្យាល័យ​លំដាប់ទី១ ក្នុងប្រទេសចិន សម្រាប់ជំនាញ លំហអាវកាស(Space Engineering)។តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូរវាង កម្ពុជា-ចិន បានដឹកនាំ គ្រូ និងសិស្សានុសិស្ស៤២នាក់ ដែល​ជ្រើស​រើសពីវិទ្យាល័យនានានៅកម្ពុជា ទៅបំពេញទស្សន​កិច្ច​សិក្សា​ស្វែង​យល់​នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យាហាប៊ីន (Harbin Institute of Technology)។ វិទ្យាស្ថាននេះ ជាគ្រឹះស្ថាន​លំដាប់​កំពូល​ក្នុង​ប្រទេសចិន ហើយវាក៏ជាគ្រឹះស្ថានសិក្សាលំដាប់កំពូលលើពិភពលោកផងដែរ។ ជាក់​ស្ដែង វិទ្យាស្ថាននេះ ជាប់លំដាប់កំពូលក្នុងចំណោមសាកលវិទ្យាល័យលំដាប់កំពូលទាំង៩ (C9 League) របស់ប្រទេសចិន ហើយក៏ជាសាកលវិទ្យាល័យលំដាប់ទី៤ ក្នុងពិភពលោក សម្រាប់​ជំនាញ​វិស្វកម្ម (US News) និងក៍ជាសាកលវិទ្យាល័យលំដាប់ទី១ ក្នុងប្រទេសចិន​សម្រាប់​ជំនាញ ​លំហអាវកាស(Space Engineering)។ដំណើរទស្សនកិច្ចនេះដឹកនាំដោយ លោក គីម សុធា ជាអតីត និស្សិតតិចណូ និងជា​អតីត​និស្សិត​ឆ្នើម​នៃ​វិទ្យាស្ថាន​ហាប៊ីន ប្រចាំនៅប្រទេសចិន បច្ចុប្បន្នជាប្រធានក្រុមហ៊ុនសំណង់។ ជាគោល​ដៅ​សំខាន់​នៃ​ទស្សនកិច្ចនេះ ក៏ដើម្បីស្វែងរកបេក្ខភាពសិស្សឆ្នើម អ្នកស្រាវជ្រាវ​នៅ​តាម​គ្រឹះស្ថា​ន​សិក្សា​នៅក​ម្ពុជា ដើម្បីទទួលអាហារូបករណ៍ទៅសិក្សានៅវិទ្យាស្ថាននេះ។ បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​កំពុង​សិក្សាប្រមាណ៥០រូប លើជំនាញ វិទ្យាសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច និងគ្រប់គ្រង។ក្នុងដំណើរទស្សនកិច្ចស្វែងយល់នេះ គ្រូ និងសិស្សមកពីវិទ្យាល័យទាំង៤២នាក់ បាន​ចូល​រួម​សិក្សា​ស្វែង​យល់អំពីភាសាចិន វប្បធម៌ ទំនៀមទំលាប់ សិល្បៈ ប្រពៃណី និងជីវភាព​រស់​នៅ​រប​ស់​ប្រជាជ​ន​ចិន រួមនិងជនជាតិដើម។ មិនតែប៉ុណ្ណោះ គ្រូ និងសិស្សគ្រប់រូប បានធ្វើ​ទស្សន​កិច្ច​នៅ​តាម​សារ​មន្ទីរជាតិរបស់វិទ្យាស្ថានដូចជា ទីតាំងប្រវត្តិសាស្រ្តដែលមានអាយុកាល១០៣ឆ្នាំ។ក្រុម​និស្សិតក៏បាន ទស្សនាសារមន្ទីអវកាសរបស់សាកលវិទ្យាល័យ បរិវេណសាកលវិទ្យាល័យ អាហារដ្ឋាន និងកន្លែងស្នាក់នៅរបស់និស្សិត មន្ទីពិសោធន៍ កន្លែងច្នៃប្រឌិតធំ ថែមទាំង​បាន​ដក​ស្រង់​បទ​ពិសោធន៍ និងអនុវត្តន៍ផ្ទាល់នូវការធ្វើពិសោធន៍លើជំនាញវិទ្យាសាស្រ្ត និងវិស្វកម្ម ដែ​ល​ជា​ចំណែក​នៃការអភិវឌ្ឍប្រទេសចិន៕ អត្ថបទ៖ គឹមហុក

ក្រសួងយុត្តិធម៌ជួបប្រជុំជាមួយ ACU ដើម្បីស្នើសុំកិច្ចសហការក្នុងយុទ្ធនាការ​លើកកម្ពស់​គុណភាព និងប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌

2024/01/19 04:36:24 pm        283
ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និងជាប្រធាន​គណៈបញ្ជាការ​ដឹកនាំ​យុទ្ធនាការ​ជំរុញ​ និង​ពន្លឿន​ការ​ដោះស្រាយ​រឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ បានដឹកនាំសមាជិកគណៈបញ្ជាការ ជួបប្រជុំការងារ​ជាមួយ​ឯកឧត្តម​កិត្តិនីតិ​កោ​សល​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងសហការី ដើម្បី​ស្នើ​សុំ​កិច្ច​សហការ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​យុទ្ធនាការ​លើក​កម្ពស់​គុណភាព និង​ប្រសិទ្ធភាព នៃ​ប្រព័ន្ធយុត្តិធម៌។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានជម្រាប​ជូន​ឯកឧត្តម​កិត្តិនីតិកោ​សល​បណ្ឌិត ឱម យ៉ិនទៀង ព្រមទាំងអង្គប្រជុំ អំពី​ការងារ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស យុទ្ធនាការចំនួន ២ ដែលក្រសួង​យុត្តិធម៌​បាន​ដាក់​ចេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ គឺយុទ្ធនាការជំរុញ និង​ពន្លឿន​ការ​ដោះស្រាយ​រឿងក្តី​នៅតាមតុលាការ និងយុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​​នៅ​តាម​តុលាការ​។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការដាក់ចេញយុទ្ធនាការនេះ គឺធ្វើទៅ​តាម​ការ​ប្រគល់​ភារកិច្ច​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​កំណត់​យក​ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាអាទិភាពនយោបាយដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ទន្ទឹម​នឹងការអនុវត្តយុទ្ធនាការទាំង២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានគូស​បញ្ជាក់​ផង​ដែរ អំពីវិធានការដាច់ខាត ដែលត្រូវអនុវត្តចំពោះសំណុំរឿង ៣ប្រភេទ គឺ គ្រឿង​ញៀន, គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន ដែលជាកិច្ចការអាទិភាព ដែលចាំ​បាច់​ត្រូវ​តែ​ដោះ​ស្រាយ​ដោយតម្លាភាព ភាពត្រឹមត្រូវតាមច្បាប់ និងភាពម៉ឺងម៉ាត់ ស្របតាមទិសដៅ​នៃ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ក៏ដូចជា ការចូលរួមទទួលខុសត្រូវនៃវិស័យយុត្តិធម៌ចំពោះមុខប្រជាជន និង​សង្គមជាតិ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចទៅតាមបំណងប្រាថ្នារបស់ សម្តេច​មហា​បវរ​ធិបតី ប្រមុខរាជរដ្ឋាភិបាល, ក្រសួងយុត្តិធម៌មានភាពចាំបាច់ ក្នុងការ​អនុវត្ត​យុទ្ធនាការ​ទាំង២ ក៏ដូចជា ចាត់វិធានការលើសំណុំរឿងទាំង ៣ប្រភេទ ដោយភាពម៉ឺងម៉ាត់ ដោយ​ប្រកាន់​ខ្ជាប់​តាម​អភិក្រមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលថា “គ្មានការ​កែ​ទម្រង់​ណាមួ​យ​ដែល​ងាយ​ស្រួលនោះទេ ការកែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗចំនួន ៤៖ (ទី១)-ត្រូវ​មាន​ចក្ខុវិស័យច្បាស់លាស់, (ទី២)-ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, (ទី៣)-ត្រូវ​មាន​ការ​ចូលរួម​ដោយ​ស្មោះត្រង់ និង (ទី៤)-ត្រូវមានការលះបង់, និងអភិក្រមរបស់ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន គឺ (ទី១)-ឆ្លុះកញ្ចក់, (ទី២)-ងូតទឹក, (ទី៣)-ដុសក្អែល, (ទី៤)-ព្យាបាល និង (ទី៥)-វះកាត់។ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវចូលរួម​អនុវត្ត​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវចៀសវាងដាច់ខាតនូវស្ថានភាព “ត្រីងៀតឆ្លៀតពង” ដោយ​ឆ្លៀតយកយុទ្ធនាការ ដើម្បីស្វះស្វែងរកផលប្រយោជន៍ដោយខុសច្បាប់។ដើម្បី​អនុវត្ត​ដោយម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវការកែទម្រង់នេះ, ឯកឧត្តម​ឧប​នាយករដ្ឋ​មន្ត្រីស្នើសុំការគាំទ្រ និងកិច្ចសហការ ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ទាំង​នៅ​ក្នុង​ការ​អនុវត្តយុទ្ធនាការទាំង ២ ក៏ដូចជា ការអនុវត្តវិធានការដាច់ខាត សម្រាប់សំណុំរឿងទាំង ៣ប្រភេទខាងលើ។ជាការ​ឆ្លើយតប ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​យុទ្ធនាការ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌ ព្រមទាំងបាន​បង្ហាញ​នូវ​គោល​ជំហរ​ផ្តល់​កិច្ចសហការគ្រប់ជ្រុងជ្រោយ ដើម្បីរួមចំណែក​ជំរុញ​ឲ្យ​ការ​កែ​ទម្រង់​នេះ​បាន​ទទួល​ជោគជ័យ ពីព្រោះថា ជោគជ័យនេះ មិនមែនសម្រាប់តែក្រសួងយុត្តិធម៌នោះទេ តែជា​ជោគ​ជ័យ​របស់​រាជ​រដ្ឋាភិបាល និងរបស់សង្គមជាតិកម្ពុជាទាំងមូល។នៅទីចុង​បញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសម្តែងនូវ​អំណរ​គុណ​ចំពោះ​ឯក​ឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ដែលគាំទ្រដល់​យុទ្ធនាការ​ដាក់​ចេញ​ដោ​យ​ក្រសួងយុត្តិធម៌។ ការគាំទ្ររបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និងអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គឺជាការលើកទឹកចិត្តបន្ថែមទៀត ដល់គណៈបញ្ជាការ ឲ្យអនុវត្ត​យុទ្ធនាការ​កាន់​តែ​ស្វាហាប់ ដើម្បីជំរុញឲ្យការកែទម្រង់ប្រព័ន្ធយុត្តិធម៌ បានទទួលលទ្ធផល ក្នុងការ​លើក​កម្ពស់​គុណភាព​សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ស្របតាមបំណងប្រាថ្នារបស់ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា បំណងប្រាថ្នារបស់ប្រជាជនកម្ពុជា៕

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហ៊ូ បញ្ជាក់ជាថ្មីពីការបដិសេធរដ្ឋប៉ាឡេស្ទីន ក្រោយចប់សង្រ្គាមនៅហ្កាហ្សា

2024/01/19 04:35:21 pm        187
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេន ចាមីន ណេតានយ៉ាហ៊ូ(Benjamin Netanyahu) បានប្រាប់សហរដ្ឋអាមេរិកថា លោកប្រឆាំងនឹងការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលជាផ្នែកមួយនៃចំហាកក្រោយចប់សង្គ្រាម ដោយបានគូសបញ្ជាក់ពីការខ្វែងគំនិតគ្នារវាងសម្ព័ន្ធមិត្តរយៈពេលបីខែ ក្នុងការវាយប្រហារដោយយោធាឥតឈប់ឈររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា។ នៅក្នុងសន្និសីទសារព័ត៌មានថ្នាក់ជាតិមួយកាលពីថ្ងៃព្រហស្បតិ៍ លោក Netanyahu បានសន្យាថានឹងបន្តការវាយលុកនេះរហូតដល់អ៊ីស្រាអែលសម្រេចបានជ័យជម្នះដាច់ខាតលើក្រុមហាម៉ាស ហើយបាននិយាយថារូបលោកបានបញ្ជូនជំហររបស់លោកស្តីពីភាពជារដ្ឋប៉ាឡេស្ទីនដល់ក្រុមមន្ត្រីអាមេរិករួចហើយ។ លោក Netanyahu បាននិយាយថា នៅក្នុងការរៀបចំណាមួយនាពេលអនាគត អ៊ីស្រាអែលត្រូវការការគ្រប់គ្រងសន្តិសុខលើដែនដីនេះទាំងស្រុងនៅភាគខាងលិចនៃទន្លេហ្ស៊កដានី ។ បញ្ហានេះប៉ះពាល់នឹងគំនិតនៃអធិបតេយ្យភាព។ តើអ្នកអាចធ្វើអ្វីបាន?។ លោកបានបន្ថែមថា នាយករដ្ឋមន្ត្រីត្រូវមានសមត្ថភាពនិយាយថាទេ ចំពោះមិត្តរបស់យើង។ស្របពេលសហរដ្ឋអាមេរិកបានវេតូសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិដែលអំពាវនាវឱ្យមានបទឈប់បាញ់ ខ្លួនបានអំពាវនាវឱ្យអ៊ីស្រាអែលបន្ធូរដៃក្នុងសង្គ្រាមនៅលើតំបន់ហ្កាហ្សា ហើយបាននិយាយថា ការបង្កើតរដ្ឋប៉ាឡេស្ទីនគួរតែជាផ្នែកនៃថ្ងៃបន្ទាប់ ។បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក Netanyahu ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា នឹងមិនមានការកាន់កាប់តំបន់ហ្កាហ្សាឡើងវិញទេ បន្ទាប់ពីសង្រ្គាម ហើយបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះដំណោះស្រាយរដ្ឋពីរ ៕

ចិននិយាយថា ខ្លួនមានឆន្ទៈក្នុងការសម្រុះសម្រួលរវាងអ៊ីរ៉ង់ និងប៉ាគីស្ថាន

2024/01/19 04:30:29 pm        110
ប្រទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ថាខ្លួនចង់ដើរតួនាទីស្ថាបនាក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងប៉ាគីស្ថាន និងអ៊ីរ៉ង់។ ការលើកឡើងនេះត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) ក្នុងសន្និសីទសារព័ត៌មានជាប្រចាំក្នុងទីក្រុងប៉េកាំង។ប៉ាគីស្ថានបានប្រើប្រាស់យានដ្រូន និងគ្រាប់រ៉ូកែត ដើម្បីវាយប្រហារក្រុមសកម្មប្រយុទ្ធផ្ដាច់ខ្លួន បាឡុច (Baloch) នៅខាងក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារសងសឹក រយៈពេលពីរថ្ងៃបន្ទាប់ពីទីក្រុងតេអេរ៉ង់បាននិយាយថា ខ្លួនបានវាយប្រហារមូលដ្ឋានរបស់ក្រុមមួយផ្សេងទៀតនៅក្នុងទឹកដីប៉ាគីស្ថាន។ លោកស្រី ម៉ៅ បាននិយាយថា ប្រទេសចិនកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៃស្ថានការណ៍ដ៏តានតឹងនេះ។ដោយកត់សម្គាល់ថា អ៊ីរ៉ង់ និងប៉ាគីស្ថាន គឺជាប្រទេសជិតខាង និងជាប្រទេសដែលមានឥទ្ធិពល ព្រមទាំងរក្សាទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិន អ្នកនាំពាក្យរូបនេះបាននិយាយថា ប្រទេសចិនសង្ឃឹមដោយស្មោះថាភាគីទាំងពីរនឹងរក្សាភាពស្ងប់ស្ងាត់ បង្ហាញការអត់ធ្មត់ និងជៀសវាងការបង្កើនភាពតានតឹង៕

យានបេសកកម្មអវកាសជាមួយអវកាសយានិកដំបូងគេមកពីទួរគី បានបាញ់បង្ហោះទៅកាន់ស្ថានីយអវកាស

2024/01/19 03:56:02 pm        111
យានបេសកកម្មអវកាសដែលមានអវកាសយានិកដំបូងបង្អស់របស់ប្រទេសទួរគី និងសមាជិកនាវិកបីនាក់ផ្សេងទៀតតំណាងឱ្យទ្វីបអឺរ៉ុប ត្រូវបានបាញ់បង្ហោះពីរដ្ឋហ្វ្លរីដា របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ក្នុងការធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិក្នុងបេសកកម្មរៀបចំពាណិជ្ជកម្មចុងក្រោយបង្អស់ពីក្រុមហ៊ុន អាហ្ស៊ីអុម ស្ពេស (Axiom Space) របស់រដ្ឋតិចសាស់។បន្ទប់យានអវកាស ស្ពេសអ៊ិច គ្រូដ្រាហ្គន (SpaceX Crew Dragon) ផ្ទុកយាន អាហ្ស៊ីអុម បានលើកពីលើយានចម្លង ហ្វាលខន-៩ (Falcon 9) ប្រហែលមួយម៉ោងមុនពេលថ្ងៃលិចពីមជ្ឈមណ្ឌលអវកាស ខេនណេឌី (Kennedy) របស់អង្គការណាសា (NASA) នៅទីក្រុង ខេប ខាណាវើរ៉ាល (Cape Canaveral) ដោយចាប់ផ្តើមការហោះហើរ ៣៦ម៉ោង ដែលបានគ្រោងទុកទៅកាន់មន្ទីរពិសោធន៍គន្លង។យាន គ្រូដ្រាហ្គន ដែលដំណើរការដោយស្វ័យភាព ត្រូវបានគេរំពឹងថានឹងទៅដល់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) នៅព្រឹកថ្ងៃសៅរ៍ ហើយចូលចតជាមួយនឹងស្ថានីយដែលធ្វើគន្លងគោចរនៅចម្ងាយប្រហែល ៤០០គីឡូម៉ែត្រពីលើផែនដី ហើយបច្ចុប្បន្នត្រូវបានកាន់កាប់ដោយសមាជិកនាវិកធម្មតាចំនួនប្រាំពីរនាក់។បេសកកម្មនេះគឺជាការហោះហើរលើកទីបីដែលរៀបចំដោយក្រុមហ៊ុន អាហ្ស៊ីអុម ដែលមានមូលដ្ឋាននៅទីក្រុង ហូសស្តុន (Houston) ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលក្រុមហ៊ុននេះបង្កើតអាជីវកម្មរបស់ខ្លួនក្នុងការបញ្ជូនអវកាសយានិកឧបត្ថម្ភដោយរដ្ឋាភិបាលបរទេស និងសហគ្រាសឯកជនចូលទៅក្នុងគន្លងផែនដី៕

ប្រធានព្រឹទ្ធសភាបារាំងទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចផ្លូវការសម្តេចធិបតីលើទឹកដីបារាំង

2024/01/19 02:09:40 pm        208
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំងនារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង។ថ្លែងនៅក្នុងកិច្ចជំនួបនោះឯកឧត្តម Gérard Larcher បានសម្តែងនូវកិច្ចបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសបារាំង ហើយក្នុងកិច្ចជំនួបនោះ ឯកឧត្តមប្រធានព្រឹទ្ធសភាបារាំងក៏បានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងនិយាយដោយទ្បែករវាងស្ថាប័នព្រឹទ្ធសភាកម្ពុជា និងបារាំងក្នុងរយៈកាល២៥ ឆ្នាំ កន្លងមកនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៩៩មកនោះ។ ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនោះ និងបានជម្រាបជូន ឯកឧត្តមប្រធានព្រឹទ្ធសភា អំពីលទ្ធផលនៃជំនួបជាមួយ ឯកឧត្តមប្រធានាធិបតីបារាំង ជាពិសេសវឌ្ឍនភាពកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ ជាអាទិ៍ វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងភាសា ជាដើម។នៅក្នុងឱកាសនោះផងដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញឯកឧត្តមប្រធានព្រឹទ្ធសភាបារាំង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ ជាពិសេសនៅក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នាខែកុម្ភៈ ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះតែម្តង។សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ជំនួបផ្លូវការ ជាមួយប្រធានព្រឹទ្ធសភាបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូក៏បាន ក៏ធ្វើទស្សនកិច្ចក្នុងវិមានព្រឹទ្ធសភាបារាំង ដោយមានការទទួល និងបដិសណ្ឋារកិច្ចយ៉ាងស្និទស្នាលពីឯកឧត្តម Vincent EBLÉ ប្រធានក្រុមមិត្តភាពសភាបារាំង កម្ពុជា ឡាវ នៃព្រឹទ្ធសភា សាធារណរដ្ឋបារាំងផងដែរ៕អត្ថបទ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] អ្នក​ស្លាប់​ដោយសារ​ទឹក​ជំនន់ នៅថៃ ឡើង​ដល់ ២៣នាក់​ ក្នុង​នោះ​ ៤នាក់ នៅទីក្រុងបាងកក
09/29/2026 03:09 PM
ព្រឹទ្ធសភាកម្ពុជា បើកកិច្ចប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ពិនិត្យ និងឱ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​សំខាន់​ៗចំ​នួន ៤ និងបោះឆ្នោតបំពេញសមាជិកគណៈកម្មការ
09/29/2026 02:09 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជា​មាន​ដូចសព្វថ្ងៃ បាន​មក​ពី​ការ​ចូលរួម​របស់​មន្ត្រី​រាជ​ការ​ជំនាន់​មុន​គ្រប់​រូប
09/29/2026 02:09 PM
វត្តអារាមនឹងបែងចែកទេយ្យទានដល់ជួរមុខ ខណៈបរិស័ទបន្តធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខ​​​​ន្ធ​​កងទ័ព
09/29/2026 02:09 PM
ក្រុមលេខាធិការ RBC យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ជួប​ប្រជុំ​ក្រៅ​ផ្លូវ​ការ​នៅ​ច្រក​អន្តរជាតិជាំ-សាង៉ាំ ជំរុញការអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់
09/29/2026 01:09 PM
កីឡាការិនីកីឡាវូស៊ូកម្ពុជាឈ្នះមេដាយ ៦គ្រឿង ក្នុងការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកអន្តរជាតិ នៅឥណ្ឌូនេស៊ី
09/29/2026 01:09 PM
សមត្តកិច្ចចាប់បានសត្វក្រពើ១ក្បាល ត្រង់ចំណុចគីឡូម៉ែត្រលេខ៤ នៅក្រុងប៉ោយប៉ែត
09/29/2026 01:09 PM
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជួបសំណេះសំណាលនិវត្តន៍ជននៅក្នុងខេត្តកំពង់ស្ពឺ
09/29/2026 01:09 PM
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៩ ឆ្នាំ២០២៦ដើម្បីពិភាក្សា និងជំរុញកិច្ចការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
09/29/2026 12:09 PM
តំណាងអយ្យការ ចោទប្រកាន់លើបុគ្គលឈ្មោះ ឡាយ សុខគង់ ជាអ្នកផ្តល់សេវាប្តូរប្រាក់គ្រីបតូ បម្រើ​សកម្មភាពមេ Online Scams លើ ៤បទល្មើសធំៗ
09/29/2026 12:09 PM