សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

បេក្ខជនប្រឆាំងសង្រ្គាម ដាក់ពាក្យឈរឈ្មោះក្នុងការបោះឆ្នោតរុស្ស៊ី ប្រឆាំងទល់នឹងលោក ពូទីន

2023/12/21 09:50:40 pm        109
អតីតអ្នកសារព័ត៌មានទូរទស្សន៍ លោកស្រី យ៉េកាធឺរីណា ដុនត៍សូវ៉ា (Yekaterina Duntsova) កាលពីថ្ងៃពុធ (២០ ធ្នូ) បានដាក់ពាក្យឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ក្នុងខែមីនា ឆ្នាំក្រោយនេះដែលលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានគេរំពឹងថានឹងឈ្នះក្នុងសំឡេងគាំទ្រដ៏លើសលប់។លោកស្រីបានបញ្ជូនឯកសារទៅក្រុមមន្ត្រីនៅគណៈកម្មការរៀបចំការបោះឆ្នោតមជ្ឈិម ដើម្បីចូលការបោះឆ្នោតជាផ្លូវការ ដែលជ័យជម្នះរបស់លោក ពូទីន ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការសន្និដ្ឋានទុកជាមុនដោយអ្នកគាំទ្រ និងគូប្រជែងដូចគ្នា។ លោកស្រី ដុនត៍សូវ៉ា វ័យ ៤០ឆ្នាំបានអំពាវនាវនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ កាលពីខែមុន ឲ្យបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន និងការដោះលែងអ្នកទោសនយោបាយរួមទាំងមេដឹកនាំគណបក្សប្រឆាំង លោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny)។លោកពូទីន វ័យ ៧១ឆ្នាំ បានកាន់អំណាចជាប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ១៩៩៩ មកហើយកំពុងព្យាយាមរកអាណត្តិ ៦ឆ្នាំទៀត។ ដោយមេដឹកនាំគណបក្សប្រឆាំងសំខាន់ លោក ណាវ៉ាលនី ជាប់ពន្ធនាគារសរុបជាង ៣០ឆ្នាំ និងក្រុមអ្នករិះគន់វិមានក្រឹមឡាំងឈានមុខគេផ្សេងទៀត ត្រូវជាប់ឃុំឃាំង ឬនៅក្រៅប្រទេស ដោយសារតែខ្លាចត្រូវចាប់ខ្លួននោះ មិនមានឥស្សរជនប្រឆាំងណាមួយដើម្បីឈរឈ្មោះបោះឆ្នោតប្រឆាំងនឹងលោកពូទីន នោះទេ៕

បេក្ខជននាំមុខ៖ នៅក្នុងក្រសែភ្នែករបស់ប្រទេសចិន បេក្ខជនមេដឹកនាំកោះតៃវ៉ាន់ ទាំងអស់ជាជនផ្តាច់ខ្លួន

2023/12/21 09:44:43 pm        105
នៅក្នុងក្រសែភ្នែករបស់ប្រទេសចិន បេក្ខភាពមេដឹកនាំកោះតៃវ៉ាន់ ទាំងបីនាក់គឺជាជនផ្ដាច់ខ្លួន នេះបើតាមបេក្ខជននាំមុខដើម្បីក្លាយជាមេដឹកនាំបន្ទាប់របស់កោះនេះ បាននិយាយកាលពីថ្ងៃពុធ (២០ ធ្នូ) នៅក្នុងសុន្ទរកថាតាមទូរទស្សន៍រួមគ្នាដ៏តឹងតែងជាមួយគូប្រជែងផ្សេងទៀត។ការបោះឆ្នោតមេដឹកនាំ និងសភានៅថ្ងៃទី១៣ ខែមករា ខាងមុខនេះនឹងកំណត់ទំនាក់ទំនងរបស់កោះតៃវ៉ាន់ ដែលទាមទារសិទ្ធដោយចិន ជាមួយទីក្រុងប៉េកាំង ហើយការបោះឆ្នោតនោះកំពុងកើតឡើងនៅពេលដែលប្រទេសចិន បង្កើនសកម្មភាពយោធានៅជុំវិញកោះនេះ ដើម្បីអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួន។ប្រទេសចិន បានស្តីបន្ទោសមេដឹកនាំលំដាប់ទី២ បច្ចុប្បន្នលោក ឡៃ ឈីងតេ (Lai Ching-te) ដែលជាបេក្ខជនមេដឹកនាំនៃគណបក្សជឿនលឿនប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច និងនាំមុខក្នុងការបោះឆ្នោត ថាជាអ្នកផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ ហើយបានបង្ហាញពីការបោះឆ្នោតនេះថាជាជម្រើសរវាងសង្រ្គាម និងសន្តិភាព។រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ និងប្រទេសចិនមិនទទួលស្គាល់គ្នាទៅវិញទៅមកទេ ហើយចិននិយាយថា តៃវ៉ាន់ត្រូវតែទទួលយកថាពួកគេទាំងពីរជាកម្មសិទ្ធិរបស់ «ចិនតែមួយ» ដូច្នេះទើបកិច្ចពិភាក្សាអាចប្រព្រឹត្តឡើងបាន ប៉ុន្តែរដ្ឋបាលដឹកនាំដោយគណបក្សជឿនលឿនប្រជាធិបតេយ្យ DPP បានបដិសេធ ទោះបីជាចិនបានផ្តល់ការចរចាជាច្រើនដងក៏ដោយ៕

ប្រទេសអារ៉ាប់និងរុស្ស៊ី ព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងដោះស្រាយតំបន់ហ្កាហ្សា

2023/12/21 09:37:44 pm        102
បណ្តាប្រទេសអារ៉ាប់ និងរុស្ស៊ី បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាអន្តរជាតិ រួមទាំងការដោះស្រាយវិបត្តិតំបន់ហ្កាហ្សា នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការអារ៉ាប់-រុស្ស៊ីលើកទី៦ ដែលធ្វើឡើងនៅទីក្រុង Marrakech ភាគខាងត្បូងប្រទេសម៉ារ៉ុក។កិច្ចប្រជុំនេះ បានជួបជុំគ្នារដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសដែលចូលរួម រួមមានទាំងលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Hossam Zaki ឧបការីអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់។ ក្នុងអំឡុងសន្និសីទសារព័ត៌មាន គណៈប្រតិភូ បានអំពាវនាវឱ្យបញ្ឈប់ការដាក់ទណ្ឌកម្មរួមចំពោះជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្កាហ្សា និងបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើរតួនាទីយ៉ាងសកម្មបន្ថែមទៀតក្នុងការសម្រេចបានបទឈប់បាញ់នៅក្នុងតំបន់ហ៊ុមព័ទ្ធនោះ។លោក Lavrov បាននិយាយថា ជំហររបស់ប្រទេសរុស្ស៊ីលើបញ្ហាតំបន់ហ្កាហ្សា ស្របគ្នាជាមួយបណ្តាប្រទេសអារ៉ាប់ ហើយរុស្ស៊ីកំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានស្ថិរភាពយូរអង្វែងនៃទំនាក់ទំនងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយផ្អែកលើក្របខ័ណ្ឌច្បាប់ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ គណៈប្រតិភូក៏បានពិភាក្សាលើ ប្រធានបទស្តីពីការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការអារ៉ាប់-រុស្ស៊ី ជាពិសេសក្នុងវិស័យវប្បធម៌ វិទ្យាសាស្ត្រ និងថាមពល។ដោយបានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៩ វេទិកាកិច្ចសហប្រតិបត្តិការអារ៉ាប់-រុស្ស៊ី មានវឌ្ឍនភាពទៅជាវេទិកាដ៏សំខាន់មួយសម្រាប់បណ្តាប្រទេសអារ៉ាប់ និងរុស្ស៊ី ដើម្បីផ្លាស់ប្តូរទស្សនៈ និងជំហរសម្របសម្រួល លើបញ្ហាតំបន់ និងអន្តរជាតិផ្សេងៗ។

ប្រធានាធិបតីហ្វីលីពីន បានចុះហត្ថលេខាលើច្បាប់ថវិកាជាតិ ដ៏ច្រើនបំផុតមិនធ្លាប់មានសម្រាប់ឆ្នាំ២០២៤

2023/12/21 09:31:37 pm        126
ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានចុះហត្ថលេខាលើច្បាប់ថវិកាចំនួន ៥,៧៦៨ សែនកោដិ៍ប៉េសូ ដែលស្មើនឹង ១០៣,៣៦ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំក្រោយ ដែលលោកបាននិយាយលម្អិតអំពីផែនការរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ការធានាសុវត្ថិភាពព្រំដែន និងជំរុញកំណើនសេដ្ឋកិច្ច។លោក Marcos នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃពុធ បន្ទាប់ពីការអនុម័តថវិកាបាននិយាយថា រដ្ឋាភិបាលរបស់ខ្លួនបានប្តេជ្ញាចិត្តលើ «ការគ្រប់គ្រងសារពើពន្ធដ៏ល្អ» ដោយសន្យាថានឹងចំណាយថវិកា ដែលខ្ពស់ជាងផែនការចំណាយនៅឆ្នាំនេះជិតដល់ទៅ១០ដង យ៉ាងមានប្រសិទ្ធភាព។រដ្ឋាភិបាលមិនទាន់បានបញ្ចេញការវិភាគនៃការបែងចែកថវិកានេះនៅឡើយទេ ប៉ុន្តែរដ្ឋធម្មនុញ្ញកំណត់ថា វិស័យអប់រំទទួលបានចំណែកដ៏ដំមួយនៃថវិកាជាតិ។ សម្រាប់ឆ្នាំ២០២៥ រដ្ឋាភិបាលនេះបាននិយាយថា ខ្លួននឹងស្នើសុំថវិកាចំនួន ៦,១២សែនកោដិ៍ប៉េសូ។ប្រទេសហ្វីលីពីន ដែលឆ្នាំនេះបានជួបនឹងកំណើនអតិផរណា រំពឹងថាឆ្នាំ២០២៤ នឹងក្លាយជាឆ្នាំដ៏លំបាកមួយទៀត ដោយសារប្រទេសនេះកំពុងទប់ទល់នឹងឥទ្ធិពលនៃបាតុភូតអាកាសធាតុក្ដៅ អ៊ែល នីញ៉ូ៕-

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ខាងមុខ

2023/12/21 09:09:10 pm        367
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នឹងអញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​សិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៣ និង​ការ​ប្រឡង​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម្រាប់ឆ្នាំ២០២៣ ព្រមទាំងនាយក នាយិកា​សាលាដែលមានសិស្សនិទ្ទេស A នាថ្ងៃទី០៩ ខែ មករា ឆ្នាំ ២០២៤ នៅមជ្ឈ​មណ្ឌល​សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។យោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ទទួលបាននៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០២៣​នេះ ក្រសួងអប់រំ ក៏បានស្នើដល់មន្ទីរចាត់តំណាងឱ្យមកទទួលយកស្លាកឈ្មោះសិស្សនិទ្ទេស A និង​ស្លាក​ឈ្មោះគណៈប្រតិភូ នៅនាយកដ្ឋានកិច្ចការ ប្រឡងនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៤ និងរៀប​ចំសម្របសម្រួលការចូលរួមឱ្យមានប្រសិទ្ធភាព ហើយ​រាល់​ការ​ចំណាយ​ក្នុង​ការ​ចូលរួម​ពិធី​របស់​បុគ្គលិក​អប់រំនៃមន្ទីរ ជាបន្ទុករបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តសាមី។សូមបញ្ជាក់ដែរថា បើតាមក្រសួងអប់រំ យុវជន និងកីឡា លទ្ធផលប្រឡងសញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ សិស្សានុសិស្សជាប់សរុបមានចំនួន ៩៨,៤៦០នាក់ ស្មើនឹង៧២.៨៩% ដែលរួមមាននិទ្ទេស A ចំនួន១,៦៧៣នាក់, និទ្ទេស B ចំនួន​៦,៩៦៤នាក់, និទ្ទេស C ចំនួន១៨,៣០៨នាក់, និទ្ទេស D ចំនួន៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន​៣៧,២៦៩នាក់៕

ឧស្សាហកម្មដឹកជញ្ជូន នៅតែស្ថិតក្នុងភាពងងឹត ជុំវិញបញ្ហាកងកម្លាំងសមុទ្រក្រហមដែលដឹកនាំដោយអាមេរិក

2023/12/21 09:07:15 pm        114
ប្រភពបាននិយាយកាលពីថ្ងៃពុធ (២០ ធ្នូ) ថាក្រុមហ៊ុនដឹកជញ្ជូននានានៅតែស្ថិតក្នុងភាពងងឹត ជុំវិញសម្ព័ន្ធកងទ័ពជើងទឹកអន្តរជាតិថ្មីមួយ ដែលត្រូវបានប្រមូលផ្តុំដោយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយប្រហារនៅសមុទ្រក្រហម ដោយមាននាវាជាច្រើនបន្តគេចពីតំបន់នេះ ឬលុបចោលកិច្ចសន្យាដឹកជញ្ជូនព្រោះតែបារម្ភពីការវាយប្រហារ។ប្រភពដែលរាប់បញ្ចូលទាំងមន្ត្រីដឹកជញ្ជូន និងសន្តិសុខដែនសមុទ្រនោះបាននិយាយថា មានព័ត៌មានលម្អិតជាក់ស្តែងតិចតួចប៉ុណ្ណោះ ត្រូវបានដឹងអំពីគំនិតផ្តួចផ្តើមដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដោយទីក្រុងវ៉ាស៊ីនតោននេះ ហើយគេមិនច្បាស់ទេថាតើកងកម្លាំងនោះនឹងចូលរួមដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារដោយអាវុធបន្ថែមទៀតនៅសមុទ្រ ឬយ៉ាងណា។ក្រុមសកម្មប្រយុទ្ធ ហ៊ូទី (Houthi) គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា មកបានបង្កើនការវាយប្រហារលើនាវានៅសមុទ្រក្រហម ដើម្បីបង្ហាញការគាំទ្រដល់ក្រុមហាម៉ាស នៅពេលដែលការវាយលុកយោធារបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា នៅតែបន្ត។ មេដឹកនាំរបស់ក្រុមឧទ្ទាមហ៊ូទី បាននិយាយកាលពីថ្ងៃពុធថា ក្រុមនេះនឹងវាយប្រហារលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ប្រសិនបើខ្លួនត្រូវបានកំណត់គោលដៅដោយទីក្រុងវ៉ាស៊ីនតោន។ការវាយប្រហារនៅសមុទ្រក្រហមនោះ បានរំខានដល់ផ្លូវពាណិជ្ជកម្មដ៏សំខាន់ដែលភ្ជាប់អឺរ៉ុប និងអាមេរិកខាងជើង ជាមួយអាស៊ី តាមរយៈព្រែកជីកស៊ុយអេ និងបណ្តាលឱ្យថ្លៃដឹកជញ្ជូនកុងតឺន័រកើនឡើងយ៉ាងខ្លាំងនៅពេលដែលក្រុមហ៊ុននានាស្វែងរកការដឹកជញ្ជូនទំនិញរបស់ពួកគេតាមមធ្យោបាយជំនួស ដែលវែងឆ្ងាយជាងនេះ៕

អតីតអ្នកវិភាគ CIA៖ លោកពូទីន អាចបាញ់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងទឹកដីរបស់អង្គការណាតូ

2023/12/21 07:14:54 pm        147
អតីតអ្នកវិភាគ CIA និយាយថា អាមេរិកប្រហែលជាកំពុងមើលស្រាលលទ្ធភាពនៃសង្គ្រាមនុយក្លេអ៊ែររវាង រុស្ស៊ី និងណាតូ។លោក ភីធឺ ច្រូអេឌឺ (Peter Schroeder) បានសរសេរ នៅក្នុងអត្ថបទមួយសម្រាប់កិច្ចការបរទេសដែលបានចេញផ្សាយ កាលពីថ្ងៃពុធថា«នោះ គឺជាកំហុសមួយ។ ក្រុមមន្ត្រីអាមេរិក បានព្រមានអំពីផលវិបាកនានាអាចកើតឡើង។ លោក ច្រូអេឌឺ បានបន្ថែមថា៖«តាមពិតទៅ វាមិនទំនងទាល់តែសោះ ដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងប្រើអាវុធនុយក្លេអ៊ែរ នៅលើសមរភូមិ ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែវាអាចទៅរួចណាស់ ដែលលោកនឹងឆ្ពោះទៅរកការប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអង្គការណាតូ»។អតីតមន្ត្រីសាធារណៈរូបនេះ បានចំណាយពេលជិតពីរទសវត្សរ៍ធ្វើការលើបញ្ហាទាក់ទងនឹងរុស្ស៊ី។ ក្រៅពីធ្វើការឲ្យ CIA លោកច្រូអេឌឺ ធ្លាប់បានធ្វើការ នៅស្ថានទូតអាមេរិក នៅទីក្រុងមូស្គូ និងក្រុមប្រឹក្សាចារកម្ម ជាតិ។លោកច្រូអេឌឺ បាននិយាយ នៅក្នុងអត្ថបទរបស់ខ្លួនថា៖ «នៅពេលដែលលោក ពូទីន យកអាវុធរបស់ខ្លួនមកប្រើ លោកមិនព្យាយាមព្រមានថា រុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងអ៊ុយក្រែននោះទេ។ផ្ទុយទៅវិញ វោហាស័ព្ទរបស់លោក ពូទីន ត្រូវបានបង្កើតឡើង ដើម្បីគំរាមកំហែងអង្គការណាតូប៉ុណ្ណោះ»។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទទួលបានការគាំទ្រពីរាជធានី-ខេត្តចំនួន ១១ បន្ថែមទៀត

2023/12/21 06:59:30 pm        165
ភ្នំពេញ៖ រាជធានីខេត្តចំនួន១១ បានប្តេជ្ញាចិត្តចូលរួមចំណែកក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ! ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» តាមរយៈការចុះអនុស្សរណយោគយល់ (MoU) រវាងក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានី-ខេត្តទាំង១១។ ពិធីចុះអនុស្សរណយោគយល់នេះ ធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី ២១ ធ្នូ ឆ្នាំ២០២៣ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន។នៅក្នុងឱកាសនោះ តំណាងរាជធានី ខេត្តចំនួន១១ បានប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីនាំមកនូវភាពស្អាត និងកិត្តយសជូនរាជធានី-ខេត្ត និងជាពិសេសលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ និងឈានសំដៅដល់កាត់បន្ថយលំហូរប្លាស្ទិក​ចូលទៅក្នុងទឹក ដែលទឹកជាប្រភពសំខាន់ និងជាជម្រកត្រី ហើយត្រីទៀតសោតក៏ជាប្រភព​ប្រូតេអីនសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ចំពោះការគិតគូរដល់សុខមាលភាពប្រជាពលរដ្ឋនេះ គឺស្របតាមអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជាដែលរួមមាន មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា ។រាជធានីខេត្តចំនួន១១ ដែលបានចុះអនុស្សរណយោគយល់ (MoU) ជាមួយក្រសួងបរិស្ថាននោះរួម​មាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កំពង់ធំ ព្រះវិហារ សៀមរាប បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ។ គួរបញ្ជាក់ដែរថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការគាំទ្រពីព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង ៣លានអង្គ/នាក់ ហើយនិន្នាការគាំទ្រភាពស្អាតនេះ បានកើនឡើងជាលំដាប់ ជារៀងរាល់ថ្ងៃចេញពីបេះដូងប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកស្រឡាញ់ភាពស្អាត ហើយភាពស្អាតនេះគឺសំដៅដល់បុគ្គល សង្គម និងប្រទេសកម្ពុជា៕ អត្ថបទ៖ទូច សោភ័ណ

មន្រ្តីជំនាញ៖ យុទ្ធសាស្រ្តចក្រា នឹងលើកកម្ពស់វិស័យបរិស្ថានកម្ពុជា ឱ្យរឹតតែមានភាពរីកចម្រើន

2023/12/21 06:50:41 pm        234
ភ្នំពេញ៖ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) នឹងលើកកម្ពស់វិស័យបរិស្ថានកម្ពុជា ក្នុងរយៈពេល៥ឆ្នាំខាងមុខ ឱ្យរឹតតែរីកចម្រើន សំដៅធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្ម​បរិស្ថានកិច្ច ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់​សេដ្ឋកិច្ចបៃតង សម្រាប់​ឧត្តមប្រយោជន៍ចំពោះប្រជាជនកម្ពុជាគ្រប់ជំនាន់ និងលើក​តម្កើង​កិត្យានុភាពប្រទេសកម្ពុជា​ក្នុងឆាកអន្តរជាតិ ។ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារ បរិស្ថាន ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២១ ខែធ្នូ នេះ នៅទីស្តីការ​ក្រសួងបរិស្ថាន បានលើកឡើងថា ដោយហេតុថា បរិស្ថាន គឺជា​សសរស្ដម្ភ​មួយ ក្នុងចំណោម​សសរស្ដម្ភ​ផ្សេង ទៀត រួមមាន៖ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលត្រូវមានតុល្យភាពក្នុងការគាំទ្រ​គ្នាទៅវិញទៅមក សម្រាប់ ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ដូច្នេះការអនុវត្តយុទ្ធសាស្រ្ត​ចក្រាវិស័យបរិស្ថានឱ្យទទួលបាន ជោគជ័យ គឺត្រូវមានយន្តការអនុវត្តប្រកបដោយសមត្ថភាព ការចូលរួម ​និងសាមគ្គីភាព ក្នុងការធ្វើអនុលោមភាព ​កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល​ការងារ ​ដើម្បីបំពេញតួនាទី និងភារកិច្ចរៀងខ្លួនឱ្យមានប្រសិទ្ធភាព ​និងប្រសិទ្ធផលខ្ពស់ សំដៅ​សម្រេចបាននូវគោលដៅ និងផលប្រយោជន៍រួម។ យន្តការ អនុវត្តទាំងនោះ រួមមាន៖ យន្តការអន្តរក្រសួង យន្តការក្រសួង និងយន្តការថ្នាក់ក្រោមជាតិ ។តាមការឱ្យដឹង យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ​មានយុទ្ធសាស្រ្តស្នូលផ្តោត លើមុំបី គឺ ការពង្រឹងគោលនយោបាយ ​ការកសាងរដ្ឋបាលឌីជីថល​ និងការពង្រីក ការផ្សព្វផ្សាយ ដែលមុំ ទាំងបីនេះ ជាកម្លាំងចលករបង្វិលយុទ្ធសាស្រ្តចំនួន៣ផ្សេងទៀត ឱ្យមានដំណើរការដោយ​រលូន និងប្រសិទ្ធភាព។ យុទ្ធសាស្រ្តបីទៀតនោះ រួមមាន៖ យុទ្ធសាស្រ្តទី១. ភាពស្អាត មានមុំបី គឺ ការត្រួតពិនិត្យការបំពុល ការធ្វើទំនើបកម្មប្រព័ន្ធ​វិនិច្ឆ័យ​ការបំពុល និងការលើកកម្ពស់ការ​វាយ​តម្លៃហេតុប៉ះពាល់បរិស្ថាន។ យុទ្ធសាស្រ្ត ទី២. ភាពបៃតង មានមុំបី គឺការពង្រីកចលនាដាំដើមឈើ ការជំរុញ​ការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងយុទ្ធសាស្រ្តទី៣. ចីរភាព មានមុំបី គឺការធ្វើអនុ លោមភាព ការពង្រីកកិច្ចសហប្រតិបត្តិការ និងការពង្រឹងការសម្របសម្រួល ៕អត្ថបទ៖ ទូច សោភ័ណ 

ក្រុមហេសបូឡា នឹងទទួលផលវិបាកកាន់តែខ្លាំងចំពោះទង្វើរបស់ខ្លួនក្នុងជម្លោះនៅមជ្ឈិមបូព៌ា

2023/12/21 06:36:55 pm        174
ប្រភពព័ត៌មានជាច្រើននិយាយថា ក្រុមហេសបូឡា នឹងទទួលផលវិបាកកាន់តែខ្លាំងចំពោះទង្វើរបស់ខ្លួន ក្នុងប៉ុន្មានសប្តាហ៍នៃជម្លោះជាមួយអ៊ីស្រាអែល ដែលបានសម្លាប់អ្នកប្រយុទ្ធជាង១០០នាក់។ក្រុមនៅលីបង់ ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ បានកប់អ្នកប្រយុទ្ធរបស់ខ្លួនចំនួន៦នាក់ទៀត កាលពីថ្ងៃពុធ ដោយមជ្ឈូសរបស់ពួកគេមានទង់ជាតិពណ៌លឿង។ ពួកគេគឺជាមនុស្សចុងក្រោយ ដែលបានស្លាប់ក្នុងការប្រឈមមុខដាក់គ្នាយ៉ាងឃោឃៅជាមួយអ៊ីស្រាអែល ចាប់តាំងពីពួកគេបានធ្វើសង្គ្រាមកាលពីឆ្នាំ ២០០៦មក។ក្រុមហេសបូឡា បានបាញ់តបតជាមួយអ៊ីស្រាអែល នៅតាមព្រំដែនចាប់តាំងពីក្រុមហាម៉ាសសម្ព័ន្ធមិត្តប៉ាឡេស្ទីន បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដោយបានបញ្ឆេះជម្លោះធ្លាក់ចូលក្នុងក្រុមប្រដាប់អាវុធធុនធ្ងន់ និងក្រុមជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ផ្សេងទៀតនៅទូទាំងមជ្ឈឹមបូព៌ា។អ៊ីស្រាអែលនិយាយថា ខ្លួនមិនស្វែងរកការបើកសមរភូមិមុខ នៅភាគខាងជើងនោះទេ។ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានថាទីក្រុងបេរូត(Beirut) នឹងត្រូវបានប្រែក្លាយដូចទៅនឹងតំបន់ហ្កាហ្សា ប្រសិនបើក្រុមហេសបូឡា ចាប់ផ្តើមសង្រ្គាមទាំងស្រុង។ប៉ុន្តែដោយមានជនជាតិអ៊ីស្រាអែលជាង ៨០.០០០នាក់ បានភៀសខ្លួនចេញពីទីក្រុង និងភូមិនានា នៅភាគខាងជើង ប្រទេសអ៊ីស្រាអែល បាននិយាយថា ខ្លួនចង់ឃើញក្រុមហេសបូឡា ដកថយត្រឡប់ចេញវិញពីព្រំដែន ស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលបានបញ្ចប់សង្រ្គាមឆ្នាំ ២០០៦។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM
រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM