សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សេតវិមាន ព្រួយបារម្ភថា ប្រធានអាជ្ញាធរប៉ាឡេស្ទីន មិនអាចគ្រប់គ្រងតំបន់ហ្កាហ្សាបាន

2023/12/18 06:30:11 pm        152
មន្ត្រីសេតវិមាន ព្រួយបារម្ភថា លោក ម៉ាខ្មូត អាបាស (Mahmoud Abbas) នឹងមិនអាចគ្រប់គ្រងដឹកនាំតំបន់ហ្កាហ្សា បន្ទាប់ពីសង្គ្រាមបានទេ ទោះបីជាលោក ចូ បៃដិន នៅតែបន្តគាំទ្រអាជ្ញាធរប៉ាឡេស្ទីន (PA) ឲ្យគ្រប់គ្រងឡើងវិញក្តី។ប្រភពដែលដឹងពីការពិភាក្សានេះ បានប្រាប់សារព័ត៌មាន The Sunday Telegraphថា បញ្ហានេះ បានគ្របដណ្ដប់លើការពិភាក្សារយៈពេល ២៤ម៉ោង នៅក្នុងសេតវិមាន ជាកន្លែងដែលមន្ត្រីជាន់ខ្ពស់ បានចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីធ្វើសេចក្តីព្រាងសំណើអំពីរបៀបគ្រប់គ្រងតំបន់ហ្កាហ្សា។ ការជំរុញជាលក្ខណៈឯកជនរបស់អាមេរិកសម្រាប់អ៊ីស្រាអែលឲ្យបញ្ចប់ការវាយលុករបស់ខ្លួន នៅដើមឆ្នាំថ្មីបានបំភ្លឺមិនត្រឹមតែបំណងប្រាថ្នារបស់លោកចូ បៃដិន ក្នុងការបញ្ចប់សង្រ្គាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំនិតរបស់គាត់សម្រាប់អ្វីដែលនឹងកើតឡើងបន្ទាប់ទៀត។ការជំរុញនេះ បានលាតត្រដាងផងដែរនូវភាពប្រេះឆារវាងទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល ដោយសម្ព័ន្ធមិត្តទាំងពីរមានការខ្វែងគំនិតគ្នាអំពីរបៀប ដែលពួកគេជឿថា ដែនដីនេះ គួរតែត្រូវបានគ្រប់គ្រងយ៉ាងពេញលេញ បន្ទាប់ពីអរិភាពជាមួយក្រុមហាម៉ាស ត្រូវបានបញ្ចប់។ក្រុមមន្ត្រីជាន់ខ្ពស់ បានប្រឹងប្រែងបំពេញការងារដោយគ្មានសម្រាក ខណៈពេលដែលពួកគេ កំពុងរៀបចំផែនការ ដែលអាចធ្វើឲ្យគ្រប់ភាគីពាក់ព័ន្ធ មានការពេញចិត្ត។

កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តធ្វើឲ្យស៊ីជម្រៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើវិស័យការពារជាតិ សេដ្ឋកិច្ច និងការងារមួយចំនួន

2023/12/18 06:22:05 pm        596
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និង​លោក​ជំទាវ កាមិកាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន បានប្តេជ្ញាបន្តធ្វើឲ្យស៊ីជម្រៅ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ មានលើវិស័យការពារជាតិ សេដ្ឋកិច្ច រួមទាំង​វិស័យ​សំខាន់​ជា​ច្រើនទៀត។ក្នុងជំនួបទ្វេភាគី នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរខួប ៥០​ឆ្នាំ នៃ​មិត្តភាព និងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន នៅតូក្យូ កាលពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានរំលឹកអំពីជំនួបប្រកបផ្លែផ្កា តាមទូរស័ព្ទ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ និងទទួលស្គាល់ថា ឆ្នាំ២០២៣ គឺជាឆ្នាំដ៏មានអត្ថន័យសម្រាប់កម្ពុជា និងជប៉ុន ដោយសារជាឆ្នាំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនង ការទូតរបស់ខ្លួនផង និងជាឆ្នាំ​ដែល​ប្រទេស​ទាំងពីរ​បានដំឡើងដល់កម្រិតទំនាក់ទំនង ទៅជាភាព​ជាដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ផង ដែលជាកម្រិតល្អប្រសើរបំផុត ក្នុងប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្ត បន្តពង្រឹង និងពង្រីក​បន្ថែម​នូវ​ទំនាក់​ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការពហុវិស័យ ដែលកំពុងរីកចម្រើន រួមមាន​វិស័យ​នយោបាយ សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ សម្អាតមីន ប្រតិបត្តិការ​រក្សា​សន្តិភាព ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍឌីជីថល និង​សន្តិសុខអ៊ីនធឺណិត ។ ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍរវាងជប៉ុន និងកម្ពុជា រដ្ឋមន្ត្រីទាំងពីរ ទន្ទឹងរង់ចាំ​លទ្ធផល​ជា​ផ្លែផ្កា នៃកិច្ចប្រជុំអន្តរក្រសួងកម្ពុជា-ជប៉ុន ដែលគ្រោងរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ទីរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២៤ ដើម្បីពិនិត្យសម្រេចលើសេចក្តីព្រាង គោល​នយោបាយ​ជំនួយ​ សម្រាប់​កម្ពុជារយៈពេល ៥ឆ្នាំ (២០២៤-២០២៨) ។លើសពីនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា-ជប៉ុន ក៏បានឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ រួមមានអង្គការសហប្រជាជាតិ និង​អាស៊ាន-ជប៉ុន ហើយភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាពាក់ព័ន្ធបញ្ហាតំបន់ និងអន្តរជាតិ ដែល​ជា​ក្តីបារម្ភរួម ដូចជាស្ថានភាពនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងខាងកើត កូរ៉េខាងជើង និង​ជម្លោះអ៊ីស្រាអែល-ហាម៉ាសជាដើម៕ អត្ថបទ៖ បាន សុខរិទ្ធិ

មនុស្ស១២នាក់បានស្លាប់ ក្នុងការវាយប្រហារនៅពិធីជប់លៀងថ្ងៃឈប់សម្រាកក្នុងប្រទេសម៉ិកស៊ិក

2023/12/18 06:02:21 pm        471
អាជ្ញាធរម៉ិកស៊ិកបាននិយាយកាលពីថ្ងៃអាទិត្យ (១៧ ធ្នូ) ថាមនុស្ស ១២នាក់ បានស្លាប់នៅក្នុងការវាយប្រហារមួយនៅឯពិធីជប់លៀងថ្ងៃឈប់សម្រាកនៅភាគកណ្តាលរដ្ឋ ក្វ័រណាវ័រតូ (Guanajuato) របស់ប្រទេសម៉ិកស៊ិក។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ការវាយប្រហារនោះបានកើតឡើងនៅពេលព្រឹកព្រលឹមនៅក្នុងទីក្រុង សាលវ៉ាទីអ៊ឺរ៉ា (Salvatierra) នៅពេលដែលក្រុមប្រដាប់អាវុធមួយក្រុមបានបើកការបាញ់ប្រហារទៅលើអ្នកចូលរួមក្នុងពិធីជប់លៀង ប៉ូសាដា (posada) ដែលជាពិធីជប់លៀងប្រពៃណីរបស់ម៉ិកស៊ិក ប្រារព្ធឡើងនៅប៉ុន្មានថ្ងៃឈានទៅដល់បុណ្យណូអែល។ ការិយាល័យអគ្គមេធាវីរបស់រដ្ឋបាននិយាយនៅលើបណ្ដាញសង្គម X ថាមនុស្ស ១២នាក់ ត្រូវបានសម្លាប់ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។រដ្ឋ ក្វ័រណាវ័រតូ ដែលរោងចក្រផលិតរថយន្ត និងយន្តហោះយ៉ាងច្រើនស្ថិតនៅ បានក្លាយទៅជារដ្ឋដែលមានអំពើហិង្សាបំផុតមួយនៅក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលមានការប៉ះទង្គិចគ្នារវាងបណ្ដាក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពល៕

លោក Trump គ្រោងនឹងនិរទេសជនអន្តោប្រវេសន៍ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក បើលោកជាប់ឆ្នោតម្ដងទៀត

2023/12/18 05:53:13 pm        397
អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃអាទិត្យ (១៧ ធ្នូ) ថាលោកគ្រោងនឹងធ្វើ «ការនិរទេសជនអន្តោប្រវេសន៍ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក» ប្រសិនបើលោកជាប់ឆ្នោតក្លាយជាប្រធានាធិបតីឡើងវិញនៅឆ្នាំ២០២៤។ថ្លែងនៅឯការប្រមូលផ្តុំមួយនៅទីក្រុង រ៉េណូ (Reno) រដ្ឋ ណាវេដា (Nevada) លោក ត្រាំ បានហៅប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ថាជា «បុគ្គលដែលមានប្រាជ្ញាទាប» និងជា «ប្រធានាធិបតីដ៏អាក្រក់បំផុត អសមត្ថភាព និងពុករលួយបំផុត» ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។កាលពីថ្ងៃសៅរ៍ (១៦ ធ្នូ) អតីតប្រធានាធិបតីរូបនេះបាននិយាយថា ជនអន្តោប្រវេសន៍ដែលគ្មានឯកសារ «កំពុងបំពុលប្រទេសរបស់យើង» ដោយជាភាសាដដែលៗ ដែលពីមុនបានទាក់ទាញការរិះគន់ថាជាការស្អប់ខ្ពើមជាតិសាសន៍ និងជាការផ្សព្វផ្សាយវោហាសាស្ត្ររបស់អង្គការណាហ្ស៊ី។លោក ត្រាំ បានធ្វើអត្ថាធិប្បាយបែបនេះក្នុងអំឡុងពេលព្រឹត្តិការណ៍យុទ្ធនាការបោះឆ្នោតមួយនៅរដ្ឋ ញ៉ូវ ហែស៊ៀរ (New Hampshire) ជាទីដែលលោកនិយាយបានប្រឆាំងនឹងចំនួនជនអន្តោប្រវេសន៍ដ៏ច្រើនលើសលប់ដែលប៉ុនប៉ងឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិកដោយខុសច្បាប់៕

កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទីក ខណៈសហរដ្ឋអាមេរិកព្រមានថា វាយប្រហារនុយក្លេអ៊ែរ នឹងនាំទៅបញ្ចប់របបទីក្រុងព្យុងយ៉ាង

2023/12/18 05:42:25 pm        458
យោធាទីក្រុងសេអ៊ូល បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិត កាលពីថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ខណៈសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង បានព្រមានថា ការវាយប្រហារនុយក្លេអ៊ែរណាមួយ នឹងនាំទៅដល់ការបញ្ចប់របបទីក្រុងព្យុងយ៉ាង។នាយសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល បាននិយាយសំដៅទៅលើដែនទឹកដែលគេស្គាល់ថាជាសមុទ្រជប៉ុនថា យោធារបស់យើង បានរកឃើញមីស៊ីលបាលីស្ទីករយៈចម្ងាយជិត ដែលបានបាញ់ចេញពីតំបន់ទីក្រុងព្យុងយ៉ាង ឆ្ពោះចូលទៅសមុទ្រខាងកើតកាលពីថ្ងៃអាទិត្យ។ មីស៊ីលនេះ បានហោះក្នុងចម្ងាយប្រហែល ៥៧០គីឡូម៉ែត្រ មុនពេលធ្លាក់នៅសមុទ្រខាងកើត ហើយទីក្រុងសេអ៊ូល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូ បានចែករំលែកព័ត៌មានយ៉ាងជិតស្និទ្ធទាក់ទងនឹងមីស៊ីលបាលីស្ទីករបស់ប្រទេសកូរ៉េខាងជើង។ក្រសួងការពារជាតិជប៉ុន និយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់ ជាអ្វីដែលទំនងជាមីស៊ីលបាលីស្ទីក ដោយឆ្មាំល្បាតឆ្នេររបស់ខ្លួន ហើយវាហាក់ដូចជាបានធ្លាក់រួចទៅហើយ។ ការសាកល្បងនេះ ធ្វើឡើងខណៈទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានព្រមានទីក្រុងព្យុងយ៉ាងថា រាល់ការវាយប្រហារនុយក្លេអ៊ែរណាមួយទៅលើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងនាំឱ្យមានការបញ្ចប់របបកូរ៉េខាងជើង។សម្ព័ន្ធមិត្តទាំងពីរ បានបើកកិច្ចប្រជុំលើកទី ២ នៃក្រុមប្រឹក្សានុយក្លេអ៊ែរនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ ជាកន្លែងដែលប្រទេសទាំងពីរបានពិភាក្សាអំពីការទប់ស្កាត់នុយក្លេអ៊ែរនៅក្នុងករណីមានជម្លោះជាមួយប្រទេសកូរ៉េខាងជើង។អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ បានរិះគន់ខ្លាំៗចំពោះផែនការរបស់សម្ព័ន្ធមិត្ត ក្នុងការពង្រីកសមយុទ្ធយោធាប្រចាំឆ្នាំដ៏សំខាន់នៅឆ្នាំក្រោយ ក្នុងការដាក់បញ្ចូលសមយុទ្ធប្រតិបត្តិការនុយក្លេអ៊ែរ និងបានព្រមានអំពី «ការទប់ទល់ទុកជាមុន និងការរារាំង» ។

លោក Putin ព្រមានពីបញ្ហាជាមួយប្រទេសជិតខាងហ្វាំងឡង់ បន្ទាប់ពីលោកខាងលិច អូសចូលណាតូ

2023/12/18 05:34:32 pm        452
លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានថានឹងមាន បញ្ហាជាមួយប្រទេសជិតខាងហ្វាំងឡង់ បន្ទាប់ពីប្រទេសនេះ បានចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលហៅកាត់ថា NATO កាលពីដើមឆ្នាំនេះ។ការឡើងឋានៈរបស់ហ្វាំងឡង់ ទៅក្នុងអង្គការណាតូ បានសម្គាល់ការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងទិដ្ឋភាពសន្តិសុខនៅអឺរ៉ុបខាងជើង ហើយបានបន្ថែមចម្ងាយប្រហែល ១.៣០០ គីឡូម៉ែត្រ ទៅកាន់ព្រំដែននៃសម្ព័ន្ធភាពរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។នោះក៏ជាការវាយប្រហារមួយសម្រាប់ប្រធានាធិបតី Putin ផងដែរ ដែលបានព្រមានជាយូរមកហើយប្រឆាំងនឹងការពង្រីកខ្លួនរបស់អង្គការណាតូ។លោក Putin បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា ពួកគេ ដែលសំដៅដល់បណ្ដាប្រទេសលោកខាងលិច បានយកហ្វាំងឡង់ ហើយអូសចូលក្នុងអង្គការណាតូ ។ហេតុអ្វីបានជាយើងមានជម្លោះជាមួយហ្វាំងឡង់? ជម្លោះទាំងអស់ រួមទាំងជម្លោះទឹកដីនៅពាក់កណ្តាលសតវត្សរ៍ទី២០ ទាំងអស់ត្រូវបានដោះស្រាយជាយូរមកហើយ។ លោក Putin បានបន្ថែមនៅក្នុងបទសម្ភាសន៍ដោយទូរទស្សន៍រដ្ឋរុស្ស៊ី Russia 1 ថា មិនមានបញ្ហាអ្វីទេ ប៉ុន្តែឥឡូវនេះនឹងមាន ព្រោះឥឡូវនេះយើងនឹងបង្កើតស្រុកយោធា ឡេនីនក្រាដ(Leningrad) នៅទីនោះ ហើយប្រាកដជាប្រមូលផ្តុំអង្គភាពយោធានៅទីនោះ ។ លោកក៏បានច្រានចោលផងដែរ ថាជាការលើកឡើងមិនសមហេតុសមផលទាំងស្រុង ពីសំណាក់លោកប្រធានាធិបតីអាមេរិក Joe Biden ដែលកាលពីដើមខែនេះ បានព្រមានថា លោក Putin នឹង បន្តវាយដណ្ដើមយកប្រទេសផ្សេងទៀត ប្រសិនបើលោកយកបានអ៊ុយក្រែន ដោយលើកឡើងថា រុស្ស៊ីអាចវាយប្រហារសម្ព័ន្ធមិត្តណាតូ និងអូសទាញទាហានអាមេរិកចូលទៅក្នុងជម្លោះ៕

លោក Putin ថារុស្ស៊ី គ្មានផែនការវាយប្រហារណាតូទេ និងច្រានចោលការលើកឡើងរបស់លោក Biden ថាជារឿងផ្ដេសផ្ដាស

2023/12/18 05:30:22 pm        489
ប្រមុខវិមានក្រឹមឡាំងរបស់រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានច្រានចោលការលើកឡើងមិនសមហេតុសមផលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលថា រុស្ស៊ីនឹងវាយប្រហារអង្គការណាតូ ប្រសិនបើខ្លួនឈ្នះសង្គ្រាមនៅអ៊ុយក្រែន ដោយបន្ថែមថា រុស្ស៊ីមិនមានចំណាប់អារម្មណ៍ក្នុងការប្រយុទ្ធជាមួយសម្ព័ន្ធយោធាណាតូនោះទេ។សង្រ្គាមនៅអ៊ុយក្រែនបានបង្កឱ្យមានវិបត្តិដ៏ជ្រៅបំផុតនៅក្នុងទំនាក់ទំនងរបស់ទីក្រុងមូស្គូ ជាមួយលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបា ឆ្នាំ១៩៦២ មកហើយលោកប្រធានាធិបតី បៃដិន បានព្រមានកាលពីឆ្នាំមុនថា ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងណាតូ និងរុស្ស៊ី នឹងបង្កឱ្យមានសង្គ្រាមលោកលើកទីបី។នៅក្នុងការទទូចស្នើដល់គណបក្សសាធារណរដ្ឋ កុំឱ្យរារាំងជំនួយយោធាបន្ថែមទៀតនៅដើមខែនេះ លោក បៃដិន បានព្រមានថា ប្រសិនបើលោក ពូទីន បានទទួលជ័យជម្នះលើអ៊ុយក្រែន នោះមេដឹកនាំរុស្ស៊ីរូបនេះនឹងមិនបញ្ឈប់ឡើយ ហើយនឹងវាយប្រហារប្រទេសណាតូ។លោក ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (១៧ ធ្នូ) ដោយទូរទស្សន៍រដ្ឋ រ៉ូសស៊ីយ៉ា (Rossiya) ថា «ការលើកឡើងនោះជារឿងផ្ដេសផ្ដាសខ្លាំងណាស់ ហើយខ្ញុំគិតថាប្រធានាធិបតី បៃដិន ក៏យល់ដូច្នេះដែរ» ដោយបន្ថែមថា លោកបៃដិន ហាក់ដូចជាកំពុងព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃ «គោលនយោបាយខុសឆ្គង» របស់ខ្លួនទៅលើប្រទេសរុស្ស៊ី។សម្ព័ន្ធយោធាណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៩ ដើម្បីផ្តល់សន្តិសុខលោកខាងលិចប្រឆាំងនឹងសហភាពសូវៀត។ លោកពូទីនបានរិះគន់ម្ដងហើយម្ដងទៀតពីការពង្រីកខ្លួនក្រោយសង្គ្រាមត្រជាក់របស់ណាតូ ដែលជាភស្តុតាងនៃវិធីសាស្រ្តដ៏ក្រអឺតក្រទមរបស់លោកខាងលិចក្នុងការដោះស្រាយកង្វល់សន្តិសុខរបស់រុស្ស៊ី៕

ផ្លូវជាតិលេខ១០ សម្រេចការសាងសង់បានប្រមាណ ៧៣ ភាគរយហើយ

2023/12/18 05:15:41 pm        6221
បច្ចុប្បន្នគម្រោងសាងសង់ផ្លូវជាតិលេខ១០ សម្រេចបានប្រមាណ ៧៣%ហើយ គម្រោងនេះ​គ្រោង​បញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងកំឡុងឆ្នាំ២០២៥។ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា បច្ចុប្បន្ន​នេះ​គម្រោង​សាង​សង់​ផ្លូវ​ជាតិ​លេខ​១០​ ដែលមានប្រវែងប្រមាណជិត ២០០គីឡូម៉ែត្រសម្រេចបានប្រមាណ ៧៣%ហើយ គម្រោង​នេះ​គ្រោង​បញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងកំឡុងឆ្នាំ២០២៥។ ជាមួយគ្នានេះការសាងសង់ស្ពានខ្ពស់ជាងគេនៅកម្ពុជាលើកំណាត់ផ្លូវមួយខ្សែនេះក៏បានសាងសង់លេច​ចេញនូវសសរស្ពានហើយ។ ស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ គឺឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិត​នៅ​ភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២៨ និង​១២៩ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវ៉េកម្រិត៣ ដែលមានបន្ទុកចំនួន ៥៥តោន ហើយ​គ្រោងចំណាយថវិកាអស់ប្រមាណជាង ២២លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ២៨ខែ ពោលគឺសាងសង់ឡើងនាខែកុម្ភ: ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ​២០២៥។គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៧,៦៩៧គីឡូម៉ែត្រ តភ្ជាប់​ពី​ស្រុក​សំឡូត ខេត្តបាត់ដំបង ទៅភ្ជាប់ស្រុកវាលវែង-អូរសោម នៃខេត្តពោធិ៍សាត់ និងរហូត​ដល់​ខេត្ត​កោះកុង ដែលសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន មានទទឹងតួផ្លូវសរុបចំនួន ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ ឬហៅថា DBST មាន​សាង​សង់​ស្ពាន​ចំនួន ២៨កន្លែង ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់ ៧៥ម៉ែត្រ បណ្តោយ ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។ផ្លូវជាតិលេខ១០នេះគ្រោងចំណាយថវិកាសាងសង់ប្រមាណជាង ១៨៨លានដុល្លារ ជា​ហិរញ្ញប្បទាន​របស់ប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងបាន​បើក​ការដ្ឋាន​សាង​សង់​កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម Wang Wentian ឯក​អគ្គ​រដ្ឋទូតចិនប្រចាំនៅកម្ពុជា៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន KOJIMA Holdings Co., Ltd. ចូលជួបសម្តែងការគួរសម នៅទីក្រុងតូក្យូ

2023/12/18 04:32:45 pm        738
តូក្យូ៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធា​នក្រុមហ៊ុន KOJIMA Holdings Co., Ltd. ចូលជួបសម្តែងការគួរសម ក្នុងឱកាស​នៃ​ការ​ចូលរួ​ម​កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ក្នុងឱកាសនៃជំនួបនេះ លោក កូជីម៉ា ម៉ាសាណូប៊ូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែង​ការ​គួរ​សម ព្រមទាំងបានជម្រាបជូនអំពីវឌ្ឍនភាពរីកចម្រើននៃការបណ្តុះបណ្តាល និងនាំ​យក​កម្ម​សិក្សា​ការី​ខ្មែរ ទៅបម្រើការងារនៅក្នុងប្រទេសជប៉ុន ។ ក្រៅពីនេះ ក្រុមហ៊ុន​ក៏​បាន​បើក​ដំណើរ​ការ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ដែលជាកន្លែង​ដ៏​សំខាន់​មួយ​ក្នុង​ការ​ផ្តល់ព័ត៌មានពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាការ​ផ្សព្វ​ផ្សាយ​អំ​ពី​ផលិត​ផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និង​ការ​សម្រ​ប​សម្រួល​ធុរកិច្ចពាណិជ្ជកម្ម ជាដើម ។ លោកប្រធានក្រុមហ៊ុន ក៏បានជម្រាបជូនផងដែរ អំពី​គម្រោង​នៃ​ការពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម សម្រាប់​បម្រើដល់ការនាំចេញ និងគម្រោងនៃការបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បី​បង្កើន​នូវ​ការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរនៅក្នុងប្រទេសជប៉ុន សំដៅ​លើ​ក​កម្ពស់​ទំនាក់​ទំនង​រវាង​ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ និងក្តីរីករាយ ចំពោះជំនួបជាមួយ កូជីម៉ា ម៉ាសាណូប៊ូ និងសហការី ព្រមជាមួយនឹងការអរគុណចំពោះក្រុមហ៊ុន ដែល​បាន​បណ្តាក់​ទុន​វិ​និយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយនេះ គឺជាការ​រួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី ថ្លែងអំណរ​គុណ​ក្រុម​ហ៊ុន​ផងដែរ ចំពោះការចូលរួមចំណែកនៅក្នុងការជួយបណ្តុះបណ្តាល និងបញ្ជូន​កម្ម​សិក្សា​ការីខ្មែរ មកធ្វើការនៅក្នុងប្រទេសជប៉ុន តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ក្រសួង​ពាណិជ្ជ​កម្មកម្ពុជា ដែលនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ចំពោះកម្ពុជា ទាំង​ចំពោះ​មុខ និងរយៈពេលវែង ។ ផលប្រយោជន៍ចំពោះមុខ គឺការបង្កើតការងារ ដែល​ផ្តល់​នូវ​ប្រាក់​ចំណូល​ និងកាត់បន្ថយភាពក្រីក្រ ខណៈដែលផលប្រយោជន៍រយៈពេលវែង គឺកម្មសិក្សាការីខ្មែរ នឹង​ក្លាយ​ជាធនធានមនុស្សខ្មែរដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ សម្រាប់​ប្រទេស​កម្ពុជា​នាពេលអនាគត៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងភរិយាថ្នាក់ដឹកនាំអាស៊ាន-ជប៉ុនជួបនិស្សិត JENESYS 2023

2023/12/17 11:48:23 pm        598
នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ព្រឹកថ្ងៃអាទិត្យទី១៧ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ភរិយាដ៏ឧត្ដុង្គឧត្តមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំង លោកជំទាវជាភរិយា ថ្នាក់ដឹកនាំអាស៊ាន-ជប៉ុន អញ្ជើញធ្វើជំនួបជាមួយនិស្សិត JENESYS 2023 ASEAN-JAPAN ។ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ត្រូវបានការធ្វើ គារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីលោកជំទាវ យូកូ គីស៊ីដា ភរិយាឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន។ សូមបញ្ជាក់ថា ក្នុងឱកាសខួបលើកទី៥០ នៃទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន មេដឹកនាំជប៉ុនបាន រៀបចំឲ្យមាន កម្មវិធី JENESYS 2023 ASEAN-JAPAN នេះឡើងក្នុងគោលបំណងសំខាន់គឺ ទី១ ពង្រឹងការយល់ដឹង របស់យុវជននៃប្រទេសសមាជិកអាស៊ាន (AMS) និងទីម័រខាងកើត ស្ដីពីប្រទេសជប៉ុន។ ការរួមចំណែកអភិវឌ្ឍន៍ដល់ អាស៊ានក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក និងប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងជប៉ុន និងអាស៊ាន និងទី២ ការបង្កើនការយល់ដឹងគ្នាទៅវិញទៅមកតាមរយៈការផ្លាស់ប្តូរមតិរវាងយុវជននៃ AMS និងជប៉ុនដែលនឹងដឹកនាំ អនាគត និងបង្កើនសន្ទុះសម្រាប់កិច្ចសហប្រតិបត្តិការឆ្ពោះទៅមុខបន្ថែមទៀត បង្កើនមិត្តភាព និងការអភិវឌ្ឍន៍។ ចាប់ពីថ្ងៃទី១០ ខែធ្នូដល់ថ្ងៃទី ១៩ ខែធ្នូ និស្សិតប្រមាណ ១១០ នាក់មកពីប្រទេសសមាជិកអាស៊ានទាំង ១០ និងទីម័រខាងកើត បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមក្នុង JENESYS 2023 ASEAN-Japan Students Conference ដែលជាគម្រោងរំលឹកខួបលើកទី៥០ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន ប្រព្រឹត្តទៅនៅទី ក្រុងតូក្យូ។ នៅក្នុងសន្និសីទនិស្សិតអាស៊ាន-ជប៉ុន និស្សិតមកពីប្រទេសជប៉ុន និងតំបន់អាស៊ាន នឹងចូលរួមក្នុងកម្មវិធី ពិភាក្សារយៈពេល ៣ យប់ ៤ ថ្ងៃ ដោយផ្អែកលើបញ្ហាចំនួន ៥ ក្រោមប្រធានបទ «អ្វីដែលនិស្សិតអាចធ្វើដើម្បី សន្តិភាព ស្ថិរភាព។ កំណើន និងវិបុលភាពក្នុងតំបន់អាស៊ី បញ្ហាទាំងប្រាំនៃការពិភាក្សា គឺការប្រែប្រួលអាកាសធាតុ និងការការពារគ្រោះមហន្តរាយ ការអភិវឌ្ឍន៍ទេសចរណ៍ បញ្ហាចំនួនប្រជាជន ការចាប់ផ្តើមអាជីវកម្ម និងអ៊ីនធឺណិត និងAI។ ក្រុមនិស្សិតនឹងបង្ហាញសេចក្តីប្រកាសនៃផែនការសកម្មភាព និងអនុសាសន៍តាមប្រធានបទរបស់ពួកគេនៅថ្ងៃចុងក្រោយនៃកម្មវិធី។ តាមរយៈកម្មវិធីនេះ គេរំពឹងថាយុវជននៃប្រទេសជប៉ុន និងតំបន់អាស៊ាននឹង រួមគ្នាបង្កើនចំណាប់អារម្មណ៍របស់ពួកគេក្នុងការរួមចំណែកក្នុងសង្គម ទទួលស្គាល់ភាពចម្រុះនៃវប្បធម៌ និងកសាងប ណ្តាញមិត្តភាព និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើការយល់ដឹងពីគ្នាទៅវិញទៅមក។ គេរំពឹងផងដែរថាយុវជននៃតំបន់អាស៊ាននឹងចែករំលែកយ៉ាងសកម្មនូវការរៀនសូត្ររបស់ពួកគេអំពីកម្មវិធី និងការទាក់ទាញរបស់ប្រទេសជ ប៉ុនទៅកាន់ប្រទេសរៀងៗខ្លួន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងមធ្យោបាយផ្សេងៗទៀត។ នៅក្នុងពិធីនោះដែរ លោកជំទាវជាភរិយា នៃបណ្តាមេដឹកនាំអាស៊ាន ជប៉ុន អញ្ជើញស្តាប់នូវបទចំរៀងរបស់ក្រុមនិស្សិតនៃកម្មវិធី JENESYS 2023 ASEAN-Japan Students Conference" និងចំរៀងរបស់អាស៊ាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM
រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM