សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ពិធីការិនីទូរទស្សន៍ BBC សូមអភ័យទោសចំពោះការប្រើប្រាស់ម្រាមដៃកណ្តាល អំឡុងពេលផ្សាយព័ត៌មាន

2023/12/11 07:12:06 pm        109
ពិធីការិនីព័ត៌មានទូរទស្សន៍មួយរូបមកពីចក្រភពអង់គ្លេស កំពុងសុំអភ័យទោសចំពោះការលើកម្រាមកណ្ដាលក្នុងពេលកំពុងផ្សាយផ្ទាល់ព័ត៌មាន។ពិធីការនីរបស់ទូរទស្សន៍ BBC អ្នកស្រី Maryam Moshiri ទើបតែ បានផ្សាយបន្តផ្ទាល់សម្រាប់ការផ្សាយកាលពីថ្ងៃពុធ នៅពេលដែលអ្នកស្រី ប្រើកាយវិការមិនសមរម្យ នៅពេលកំពុងថត។នៅក្នុងវីដេអូឃ្លីបនោះ ចាប់តាំងពីពេលនោះមក អ្នកស្រី Moshiri បានលើកម្រាមដៃកណ្តាលរបស់អ្នកស្រី ឡើងលើតិចជាងមួយវិនាទី មុនពេលបង្វែរទៅនិយាយព័ត៌មានសំខាន់ៗ នៅពេលល្ងាច។អ្នកស្រី Moshiri បានចេញការសុំអភ័យទោស នៅព្រឹកថ្ងៃព្រហស្បតិ៍ នៅលើបណ្តាញសង្គមX (អតីត Twitter។ អ្នកស្រី បានលើកឡើងថា៖«វាគឺជារឿងកំប្លែងឯកជន» ដែលមានន័យសម្រាប់តែមិត្តមួយចំនួនតូចរបស់ខ្ញុំ ដើម្បីមើលប៉ុណ្ណោះ។អ្នកស្រី បានពន្យល់ថា៖«ខ្ញុំកំពុងធ្វើពុតរាប់ថយក្រោយ ខណៈលោកប្រធាន កំពុងរាប់ខ្ញុំថយចុះពីលេខ១០មកលេខ០ … រួមទាំងប្រើម្រាមដៃ ដើម្បីបង្ហាញលេខផង»។ពិធីការិនីរូបនេះថា៖ នៅពេលដែលយើងរាប់ដល់លេខ ១ ខ្ញុំបានបង្វែរម្រាមដៃទៅជារឿងកំប្លែងហើយមិនដឹងថា វានឹងត្រូវបានកាមេរ៉ាថតជាប់នោះទេ»។

ការបង្ហោះលើបណ្តាញសង្គមរបស់អភិបាលតំបន់រុស្ស៊ី បង្ហាញថា អ្នកស្លាប់កើនឡើងក្នុងចំណោមទាហាន

2023/12/11 07:00:32 pm        225
ការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយអភិបាលតំបន់ចុងបូព៌ារបស់រុស្ស៊ី បង្ហាញពីការកើនឡើងនៃចំនួនបុគ្គលិកយោធា ដែលត្រូវបានបញ្ជូនពីតំបន់នោះ ហើយត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលពីរខែកន្លងទៅនេះ។ ខណៈរដ្ឋាភិបាលរុស្ស៊ី កម្របង្ហាញការពីអ្នកស្លាប់ក្នុងចំណោមទាហាន ដែលចូលរួមក្នុងប្រតិបត្តិការសិកនៅប្រទេសអ៊ុយក្រែន អភិបាលតំបន់ Sakhalin លោក Valery Limarenko បានធ្វើពិធីរំលឹកដល់សមាជិកម្នាក់ៗដែលបានស្លាប់ ដោយការចែករំលែកឈ្មោះ និងឋានៈរបស់ពួកគេនៅលើបណ្តាញផ្សព្វផ្សាយសង្គម។ការប្រយុទ្ធគ្នាយ៉ាងខ្លាំង កំពុងបន្តនៅក្នុងតំបន់ Donetsk ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន និងតំបន់ផ្សេងទៀត ខណៈកងកម្លាំងអ៊ុយក្រែនបង្កើនការវាយបករបស់ពួកគេ។ ក្រសួងការពារជាតិ របស់ចក្រភពអង់គ្លេស និងប្រភពផ្សេងទៀត បាននិយាយថា ចំនួនអ្នកស្លាប់កើនឡើងក្នុងចំណោមកងកម្លាំងរុស្ស៊ី។ ព័ត៌មានដែលបានចែករំលែកនៅក្នុងការបង្ហោះរបស់អភិបាលតំបន់ Sakhalin ទំនងជាគាំទ្រទស្សនៈនេះ។ លោក Limarenko បានប្រកាសនៅក្នុងវីដេអូមួយ ដែលបានចេញផ្សាយថា ពិធីមួយត្រូវបានធ្វើឡើងដើម្បីដាក់បង្ហាញទីតាំងរំលឹក ដើម្បីគោរពដល់បុគ្គលិកអង្គភាពដែលបានស្លាប់។ វាត្រូវបានសាងសង់ នៅទីបញ្ចុះសពមួយកន្លែង ក្នុងទីក្រុង Yuzhno-Sakhalinsk ភាគកណ្តាលរបស់តំបន់។ លោកអភិបាលតំបន់ បាននិយាយនៅក្នុងសុន្ទរកថា ថា ប្រជាជនបានមកប្រមូលផ្តុំគ្នានៅទីតាំងនេះ ដើម្បីមើលកូនប្រុសរបស់ពួកគេចាកចេញសម្រាប់ដំណើរលាចុងក្រោយ។ ស្ត្រីម្នាក់ ដែលបានបាត់បង់កូនប្រុសនិយាយថា គាត់តស៊ូដើម្បីការពារគ្រួសារ និងទឹកដី ហើយ លោកស្រីមានមោទនភាពចំពោះកូនប្រុសរបស់គាត់។ ស្ត្រីម្នាក់ទៀតដែលបានបាត់បង់ប្អូនប្រុស បាននិយាយថា នាងមិនអាចអធិប្បាយបានពីការឈឺចាប់របស់នាងដោយពាក្យសម្ដីបាននោះទេ។ ទីរំលឹកកម្ពស់ ៤ ម៉ែត្រនេះ មានការរចនាបង្ហាញអក្សរ «Z» ជានិមិត្តសញ្ញានៃការគាំទ្រដល់ការវាយលុក របស់យោធា ទៅលើអ៊ុយក្រែន ដែលជាក់ស្តែងមានគោលបំណងជំរុញសាមគ្គីភាពរបស់ប្រជាជន ក្នុងអំឡុងពេលជម្លោះ។

ភាពខ្វែងគំនិតគ្នាធំៗកើតឡើងលើឥន្ធនៈហ្វូស៊ីល ខណៈកិច្ចពិភាក្សា COP28 ឈានទៅដល់ដំណាក់កាលចុងក្រោយ

2023/12/11 06:57:12 pm        123
ប្រធានកិច្ចប្រជុំកំពូលអាកាសធាតុ COP28 កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យក្រុមអ្នកចរចា ខិតខំធ្វើការបន្ថែមទៀត ដើម្បីស្វែងរកឲ្យឃើញការឯកភាពគ្នាលើកិច្ចព្រមព្រៀងដំបូងដែលបានស្នើឡើង ដើម្បីបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលរបស់ពិភពលោក ខណៈសន្និសីទរយៈពេលពីរសប្តាហ៍ បានឈានចូលដល់ដំណាក់កាលចុងក្រោយរបស់ខ្លួន។កិច្ចពិភាក្សានៅក្នុងទីក្រុងឌូបៃ បានបង្ហាញពីភាពខ្វែងគំនិតគ្នាជាអន្តរជាតិដ៏ជ្រៅ ជុំវិញតួនាទីនាពេលអនាគតនៃប្រេង ឧស្ម័ន និងធ្យូងថ្ម ដែលធ្វើឲ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងធ្វើឡើងដោយប្រទេសជិត២០០ ដើម្បីពិភាក្សាឲ្យឈានដល់កិច្ចព្រមព្រៀងមួយ មុនពេលការបញ្ចប់កិច្ចប្រជុំកំពូលតាមការគ្រោងទុកនៅថ្ងៃទី ១២ ខែធ្នូ។ សម្ព័ន្ធនៃបណ្តាប្រទេសជាង៨០ រួមមានទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសកោះតូចៗកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងនៅនៅកិច្ចប្រជុំកំពូលអាកាសថាតុ COP28 ដែលរួមមានភាសាដើម្បី «បញ្ឈប់» ឥន្ធនៈហ្វូស៊ីល ជាប្រភពចម្បងនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលអ្នកវិទ្យាសាស្ត្រ បានដាក់កំហុសចំពោះការឡើងកម្តៅផែនដីសកល។ ពួកគេកំពុងឡើងទប់ទល់ទៅនឹងការប្រឆាំងដ៏តឹងតែងដឹកនាំដោយក្រុមប្រទេសផលិតប្រេង OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន។ បេសកជនជាន់ខ្ពស់អាកាសធាតុរបស់ចិន លោក Xie Zhenhua បាននិយាយថា កិច្ចព្រមព្រៀង COP28 អាចត្រូវបានចាត់ទុកថាជាជោគជ័យ ប្រសិនបើវារួមបញ្ចូលកិច្ចព្រមព្រៀងស្តីពីឥន្ធនៈហ្វូស៊ីល ទោះបីជាលោកមិនបាននិយាយថាតើ ទីក្រុងប៉េកាំងនឹងគាំទ្រកិច្ចព្រមព្រៀង «ការបញ្ឈប់ប្រើប្រាស់» ក៏ដោយ។

ជនជាតិរ៉ូហ៊ីងយ៉ា ប្រហែល៤០០នាក់ មកដល់ឥណ្ឌូនេស៊ី ដោយបង្កើនចំនួនអ្នកមកដល់នាពេលថ្មីៗនេះ

2023/12/11 06:53:32 pm        186
ប្រធានសហគមន៍នេសាទខេត្ត បានអះអាងថា ទូកដែលចាស់ទ្រុឌទ្រោមមួយគ្រឿង ដឹកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ប្រមាណ ៤០០ នាក់ បានមកដល់ខេត្ត អាឆេរ(Aceh) ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ។ការមកដល់ចុងក្រោយនេះ បានបន្ថែមការកើនឡើងនាពេលថ្មីៗនេះ នៃជនជាតិភាគតិចមូស្លីមរបស់សហភាពមីយ៉ាន់ម៉ា ទៅដល់ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលមានការរិះគន់ខ្លាំងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងការរុញច្រានពីអ្នកស្រុកក្នុងខេត្ត Aceh ជាតំបន់ភាគខាងលិចផុត ដែលទូកភាគច្រើនបានមកចូលចត។មុនពេលការមកដល់កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាចំនួន ១.២០០នាក់ ដែលជាជនជាតិភាគតិចត្រូវបានធ្វើទុក្ខបុកម្នេញមកពីសហភាពមីយ៉ាន់ម៉ា បានចូលចតនៅឆ្នេរសមុទ្រក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីខែវិច្ឆិកាមក។ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ ថា លោកសង្ស័យថាការជួញដូរមនុស្សនៅពីក្រោយការកើនឡើងនៅពេលថ្មីៗនេះ ក្នុងការមកដល់តាមទូក ហើយបានសន្យាថា នឹងធ្វើការជាមួយអង្គការអន្តរជាតិដើម្បីដោះស្រាយបញ្ហានេះ។ជាច្រើនឆ្នាំមកនេះ ជនជាតិរ៉ូហ៊ីងយ៉ា បានចាកចេញពីសហភាពមីយ៉ាន់ម៉ា ដែលភាគច្រើនជាពុទ្ធសាសនិក ជាកន្លែងដែលពួកគេត្រូវបានគេចាត់ទុកជាទូទៅថា ជាអ្នកបង្កការរំខានបរទេស មកពីអាស៊ីខាងត្បូង ដោយត្រូវបានគេច្រានចោលសញ្ជាតិ និងទទួលរងការរំលោភបំពាន។

ចិន និងជប៉ុន ស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការប្រឈមមុខដាក់គ្នានៅជិតកោះជម្លោះ

2023/12/11 06:36:41 pm        126
ចិន និងជប៉ុន បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការលុកលុយដែនសមុទ្របន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងឆ្មាំល្បាតឆ្នេររបស់ពួកគេនៅក្នុងដែនទឹកជុំវិញកោះដែលមានជម្លោះនៅសមុទ្រចិនខាងកើត។ ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអាទិត្យ (១០ ធ្នូ) ថាទូកនេសាទរបស់ជប៉ុន និងនាវាល្បាតជាច្រើនគ្រឿងកាលពីថ្ងៃមុននោះ បានចូលចូលទៅក្នុងទឹកជុំវិញប្រជុំកោះតូចៗដែលមានឈ្មោះថា តាវយ៉ូ (Diaoyu) ក្នុងប្រទេសចិន និងឈ្មោះថា សេនកាគូ (Senkaku) ក្នុងប្រទេសជប៉ុន។ប្រជុំកោះដែលគ្មានមនុស្សរស់នៅនេះត្រូវបានគ្រប់គ្រងដោយប្រទេសជប៉ុន ប៉ុន្តែក៏ទាមទារសិទ្ធដោយប្រទេសចិនផងដែរ។ ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចាត់វិធានការចាំបាច់ស្របតាមច្បាប់ដើម្បីព្រមាននាវាជប៉ុន។ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសជប៉ុនបាននិយាយកាលពីថ្ងៃសៅរ៍ថា នាវាល្បាតដែនសមុទ្ររបស់ចិនពីរគ្រឿងបានចាកចេញពីដែនទឹករបស់ប្រទេសជប៉ុន ជុំវិញប្រជុំកោះនោះបន្ទាប់ពីទទួលបានការព្រមាន។ អង្គភាពនេះបាននិយាយទៀតថា នាវាល្បាតរបស់ខ្លួនកំពុងការពារទូកនេសាទជប៉ុន ដែលត្រូវបាននាវាចិនចូលទៅជិត។ជម្លោះដែនសមុទ្រអាស៊ីដែលពាក់ព័ន្ធនឹងចិនបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ខណៈប្រទេសចិន និងហ្វីលីពីន បានធ្វើការចោទប្រកាន់កាលពីថ្ងៃអាទិត្យជុំវិញការប៉ះទង្គិចគ្នារវាងនាវារបស់ពួកគេនៅក្នុងផ្នែកមួយនៃសមុទ្រចិនខាងត្បូង ដែលប្រទេសនីមួយៗអះអាងថាជាការប្រឈមមុខគ្នាលើកទីពីរក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ៕

អ៊ុយក្រែនបញ្ជូនរថយន្តដឹកទំនិញដែលប្រើក្នុងការតវ៉ាទៅប៉ូឡូញ តាមផ្លូវដែកតាមព្រំដែនដែលបានបិទ

2023/12/11 06:31:02 pm        169
អង្គភាពផ្លូវរថភ្លើងរដ្ឋអ៊ុយក្រែន អ៊ុយហ្សាលីសនីសា (Ukrzaliznytsia) បាននិយាយកាលពីថ្ងៃអាទិត្យ (១០ ធ្នូ) ថាប្រទេសអ៊ុយក្រែន បានដឹកជញ្ជូនរថយន្តដឹកទំនិញលើកដំបូងដែលដាក់រារាំងផ្លូវក្នុងការតវ៉ា ទៅកាន់ប្រទេសប៉ូឡូញ តាមផ្លូវដែកដោយឆ្លងកាត់ព្រំដែនដីដែលបានបិទរវាងប្រទេសទាំងពីរដោយអ្នកបើកបរជនជាតិប៉ូឡូញ។ការតវ៉ាដោយអ្នកដឹកទំនិញប៉ូឡូញ បានចាប់ផ្តើមកាលពីខែមុនប្រឆាំងនឹងលក្ខខណ្ឌនៃការចូលប្រើរបស់សហភាពអឺរ៉ុបសម្រាប់រថយន្តដឹកទំនិញអ៊ុយក្រែន។ ពួកគេបានបិទច្រករបៀងផ្លូវធំចូលទៅក្នុងប្រទេសអ៊ុយក្រែន ដែលនាំឱ្យតម្លៃប្រេងឥន្ធនៈ និងអាហារមួយចំនួនកាន់តែខ្ពស់ ក៏ដូចជាការពន្យារពេលក្នុងការបញ្ជូនយានដ្រូនទៅឱ្យកងទ័ពអ៊ុយក្រែន។អាជ្ញាធរអ៊ុយក្រែនបាននិយាយថា រថយន្តដឹកទំនិញប្រហែល ៣.៥០០គ្រឿង ត្រូវបានរារាំងនៅផ្នែកខាងប៉ូឡូញនៃព្រំដែនប៉ូឡូញ-អ៊ុយក្រែន គិតត្រឹមព្រឹកថ្ងៃអាទិត្យ ហើយរហូតមកដល់ពេលនេះអាជ្ញាធរមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមបាតុករដើម្បីបញ្ឈប់សកម្មភាពនោះទេ។ តម្រូវការចម្បងរបស់ក្រុមបាតុករដឹកជញ្ជូនប៉ូឡូញទាំងនោះ គឺបញ្ឈប់អ្នកដឹកទំនិញអ៊ុយក្រែនពីការមានសិទ្ធិចូលសហភាពអឺរ៉ុបដោយមិនមានការអនុញ្ញាតជាអ្វីដែលទីក្រុងគីវ និងទីក្រុងព្រុចស៊ែល និយាយថាមិនអាចចរចារបានឡើយ៕

ជនជាតិរុស្ស៊ីដែលហាមប្រាមមិនអោយធ្វើដំណើរ នឹងត្រូវប្រគល់លិខិតឆ្លងដែនឲ្យអាជ្ញាធរក្នុងពេលប្រាំថ្ងៃ

2023/12/11 06:27:42 pm        160
យោងតាមក្រឹត្យរបស់រដ្ឋាភិបាលរុស្ស៊ីដែលចូលជាធរមាននៅថ្ងៃច័ន្ទ (១១ ធ្នូ) នេះបានឲ្យដឹងថា ប្រជាជនរុស្ស៊ីដែលត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅក្រៅប្រទេស នឹងត្រូវប្រគល់លិខិតឆ្លងដែនរបស់ពួកគេទៅឱ្យអាជ្ញាធរក្នុងរយៈពេលប្រាំថ្ងៃបន្ទាប់ពីការជូនដំណឹង។យោងទៅតាមច្បាប់របស់រុស្ស៊ី អាជ្ញាធរអាចដាក់បម្រាមធ្វើដំណើរលើទាហាន បុគ្គលិកនៃសេវាសន្តិសុខសហព័ន្ធ (FSB) ទណ្ឌិត ឬមនុស្សដែលមានសិទ្ធិទទួលបានព័ត៌មានសម្ងាត់របស់រដ្ឋ ឬ «ព័ត៌មាននៃសារៈសំខាន់ពិសេស» ក្នុងចំណោមករណីដទៃទៀត។លិខិតឆ្លងដែនដែលប្រគល់មកវិញនឹងត្រូវរក្សាទុកដោយអាជ្ញាធរដែលបានចេញលិខិតនោះ ដូចជាក្រសួងមហាផ្ទៃ ឬអាជ្ញាធរក្រសួងការបរទេសជាដើម។ បន្ទាប់ពីការហាមឃាត់ការធ្វើដំណើរត្រូវបានដកចេញ លិខិតឆ្លងដែនអាចត្រូវបានប្រគល់ជូនវិញនៅពេលពាក្យស្នើសុំត្រូវបានបំពេញ នេះបើយោងតាមក្រឹត្យរបស់រដ្ឋាភិបាល។សេចក្ដីសម្រេចនោះបាននិយាយថា ជនជាតិរុស្ស៊ីដែលសិទ្ធិធ្វើដំណើររបស់ពួកគេត្រូវបានកំណត់ជាបណ្ដោះអាសន្នលើមូលដ្ឋាននៃការចុះឈ្មោះសម្រាប់សេវាកម្មយោធា ឬស៊ីវិល នឹងត្រូវផ្តល់បន្ថែមនូវអត្តសញ្ញាណប័ណ្ណយោធាជាមួយនឹងភស្តុតាងថាពួកគេបានបញ្ចប់កាតព្វកិច្ចរួចរាល់៕

លោក Zelenskyy នឹងជួបលោក Biden នៅសេតវិមាន ខណៈព្យាយាមជំរុញឲ្យសភាអាមេរិក អនុម័តជំនួយយោធាបន្ថែម

2023/12/11 06:21:44 pm        153
លោកប្រធានាធិបតីអាមេរិក Joe Biden និងមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងជួបគ្នានៅសេតវិមាននៅថ្ងៃអង្គារស្អែកនេះ ខណៈរដ្ឋបាលអាមេរិក បង្កើនសម្ពាធលើសភាឲ្យផ្ដល់ជំនួយរាប់ពាន់លានដល់ក្រុងគីវ (Kyiv) ក្នុងសង្រ្គាមជាមួយរុស្ស៊ី។ សេតវិមានបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ដំណើរទស្សកិច្ចនេះ ក្នុងបំណងបញ្ជាក់ការប្ដេជ្ញាចិត្តឥតបែកបែររបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រប្រជាជនអ៊ុយក្រែន ខណៈពួកគេការពារប្រឆាំងការវាយលុកដ៏ព្រៃផ្សៃរបស់រុស្ស៊ី។ ស្របពេលដែលរុស្ស៊ី បង្កើនការវាយប្រហារដោយមីស៊ីល និងយានដ្រូនដាក់គោលដៅលើអ៊ុយក្រែន មេដឹកនាំទាំង២ នឹងពិភាក្សាពី តម្រូវការបន្ទាន់របស់អ៊ុយក្រែន និង សារៈសំខាន់របស់សហរដ្ឋអាមេរិកក្នុងការបន្តគាំទ្រនៅក្នុងពេលវេលាដ៏យ៉ាប់យ៉ឺននេះ។ការិយាល័យរបស់លោក Zelenskyy បានបញ្ជាក់ថា លោកបានទទួលការអញ្ជើញរបស់លោក Biden ។ លោកក៏ត្រូវបានស្នើឲ្យថ្លែងទៅកាន់កិច្ចប្រជុំនៃសមាជិកព្រឹទ្ធសភាទាំងអស់ ផងដែរ។ លោក Biden បានស្នើទៅសភានូវកញ្ចប់ជំនួយសម្រាប់សង្រ្គាមចំនួន១១០ពាន់លានដុល្លារអាមេរិក ក្នុងនោះឲ្យទៅអ៊ុយក្រែន និង អ៊ីស្រាអែលចំនួន ៦១,៤ពាន់លានដុល្លារអាមេរិក រួមទាំងកិច្ចការអាទិភាពសម្រាប់សន្តិសុខជាតិផ្សេងទៀត។ ប៉ុន្តែសំណើនេះ ត្រូវបានជាប់គាំង នៅក្នុងការពិភាក្សាដេញដោលជុំវិញគោលនយោបាយអន្តោប្រវេសន៍ និងសន្តិសុខព្រំដែនរបស់សហរដ្ឋអាមេរិក ៕

ទីប្រឹក្សាសន្តិសុខជាតិ៖ អ៊ីស្រាអែលត្រៀមខ្លួន ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធី ប្រសិនបើ សហគមន៍អន្តរជាតិ បរាជ័យ

2023/12/11 06:00:26 pm        144
ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក Tzachi Hanegbi បានថ្លែង កាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអ៊ែល ត្រៀមខ្លួន ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេម៉ែន ដើម្បីរំខានដល់ការដឹកជញ្ជូនទំនិញ នៅក្នុងសមុទ្រក្រហម ប្រសិនបើសហគមន៍អន្តរជាតិ បរាជ័យ។ លោក Hanegbi បានថ្លែងប្រាប់ទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែលថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏ដូចជាមេដឹកនាំអឺរ៉ុបអំពីក្រុមហ៊ូធី ដែលកំណត់គោលដៅលើនាវាពាណិជ្ជកម្ម ដែលមានទំនាក់ទំនងរបស់អ៊ីស្រាអែល។ លោក Hanegbi បាននិយាយថា៖«អ៊ីស្រាអែល កំពុងផ្តល់ពេលវេលាដល់ពិភពលោក ដើម្បីរៀបចំដើម្បីទប់ស្កាត់បញ្ហានេះ ប៉ុន្តែប្រសិនបើ មិនមានការរៀបចំជាសកលទេ ព្រោះវាជាបញ្ហាសកល យើងនឹងចាត់វិធានការ ដើម្បីលុបបំបាត់ការឡោមព័ទ្ធរបស់កងទ័ពជើងទឹកនេះ»។ក្រុមឧទ្ទាមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែន គឺជាអង្គការនយោបាយ និងយោធាអ៊ីស្លាម Shia ដែលបាននិងកំពុងប្រយុទ្ធនឹងសង្រ្គាមស៊ីវិលប្រឆាំងនឹងក្រុមចម្រុះដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត ចាប់តាំងពីឆ្នាំ ២០១៤។មានការកើនឡើងនូវសកម្មភាពដែនសមុទ្ររបស់ពួកគេ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ហើយក្រុមនេះ បាននិយាយថា នាវាណាមួយដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល គឺជា«គោលដៅស្របច្បាប់» ។

គណបក្សប្រជាជនកម្ពុជា អំពាវនាវយ៉ាងទទូច​ដល់បណ្តាភាគីកំពុងមានជម្លោះព្យាយាមរកដំណោះស្រាយគ្នាដោយសន្តិវិធី

2023/12/11 05:44:23 pm        136
គណបក្សប្រជាជនកម្ពុជា បានអំពាវនាវយ៉ាង​ទទូច ដល់បណ្តារដ្ឋ និងភាគីដែលពាក់ព័ន្ធ និងជម្លោះនៅ តាមតំបន់នានា គប្បី​ព្យាយាមរកដំណោះស្រាយគ្នាដោយសន្តិវិធី ដើម្បីធានានូវសុខសន្តិភាព ភាតរភាព និងអភិវឌ្ឍន៍​ភាពជាសកលជាដើម។ការអំពាវនាវរបស់គណបក្សប្រជាជនកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងមហាសន្និបាតវិសាមញ្ញ ទូទាំងប្រទេសរបស់ខ្លួនរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ នៅវិមាន៧មករា ​រាជធានីភ្នំពេញ ​ក្រោមអធិបតីភាពសម្តេចតេជោ ​ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា និងសម្តេច ហេង សំរិន ប្រធានកិត្តិយសគណកប្សប្រជាជនកម្ពុជា។យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣នេះ ​បានលើកឡើងថា នៅក្នុងមហាសន្និបាត​គណបក្ស​ប្រជាជនកម្ពុជា បានបញ្ជាក់ជំហររបស់ខ្លួន ក្នុងការជំរុញអនុវត្តយ៉ាងសកម្មនូវនយោបាយ​ការ​បរទេសឯក រាជ្យដោយផ្អែកលើច្បាប់ លើ​មូលដ្ឋាន​គោរពគោលការណ៍នានា​នៃធម្មនុញ្ញរបស់អង្គការ​សហប្រជាជាតិ​ និងធម្មនុញ្ញអាស៊ាន​ ដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជា និង​បង្កើនការចូលរួមសកម្មក្នុង កិច្ចការអន្តរជាតិ ​ដើម្បបុព្វហេតុសន្តិភាព ​សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពរបស់តំបន់ និងពិភព លោកជាដើម។មហាសន្និបាតលើកឡើងទៀតថា ​ព្រមជាមួយនេះ«ក្នុងស្ថានភាពដែលសភាពការណ៍អន្តរជាតិ​កំពុង​មាន​ការវិវត្ត​ដ៏​ស្មុគស្មាញ ពិបាក​ប៉ាន់ស្មាន ​និងប្រកបដោយគ្រោះថ្នាក់នោះ គណបក្សប្រជាជន​កម្ពុជា សូមអំពាវនាវដល់បណ្តារដ្ឋ ​និងភាគីដែលពាក់ព័ន្ធនឹងជម្លោះនៅតាមតំបន់នានា សូម​ព្យាយាមរកដំណោះ ស្រាយដោយសន្តិវិធីតាមរយៈការ​ចចារ ដើម្បីធានានូវសុខសន្តិភាព​ ភាតរភាព និងអភិវឌ្ឍន៍ភាពជាសកល»។តាមរយៈសេចក្តីសម្រេចរបស់មហាសន្និបាតក៏បានលើកឡើងផងដែរថា ​កម្ពុជាដែលធ្លាប់ឆ្លងកាត់ មហាវិនាសកម្មនៃសង្រ្គាមដ៏រ៉ាំរ៉ៃ ​យល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព បើប្រជាជនបាត់បង់​សន្តិភាពហើយ​ ប្រជាជននឹងត្រូវបាត់បង់​អ្វីទាំងអស់ ​ហើយសន្តិភាពមិនអាចនឹង​បង្កើតបាន​ដោយសង្រ្គាមឡើយ៕អត្ថបទ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន កាន់វេនបិណ្ឌទី៥ នៅវត្តកោះនរា
10/01/2026 12:10 PM
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ ត្រៀមប្រមូលផ្តុំអ្នកពាក់ព័ន្ធជាង ២៥,០០០នាក់ និងស្តង់ពិព័រណ៍ជាង ៤០០
10/01/2026 11:10 AM
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់
10/01/2026 10:10 AM
ទិវាមនុស្សចាស់| សម្ដេចធិបតី៖«ការវិនិយោគលើយុវជនវ័យក្មេងនៅថ្ងៃនេះសម្រាប់មនុស្សវ័យចាស់ប្រកបដោយផលិតភាពនៅថ្ងៃអនាគត»
10/01/2026 08:10 AM
ទិវាមនុស្សចាស់| ព្រះមហាក្សត្រ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិយកចិត្តទុកដាក់ និងជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ និងអ្នកគ្មានទីពឹងទាំងឡាយ
10/01/2026 08:10 AM
ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM