សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ

2023/12/01 05:52:46 pm        128
បន្ទាយមានជ័យ៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក តានិណៃ អ៊ីឈិតុម៉ុ ឧបទូត/អនុប្រធាន បេសកកម្ម ការទូតស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រ កម្ពុជា  រួមនឹងប្រតិភូ បានអញ្ជើញសម្តែងការគួរសមជាមួយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​​ខេត្តបន្ទាយមានជ័យ ធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំ​សាលា​ខេត្ត​បន្ទាយមានជ័យ ។ តាមរយៈ នៃជំនួបរវាងប្រទេសទាំង២ ក៏បានពិភាក្សាដូចជា ១. វឌ្ឍនភាពនៃគម្រោងជំនួយ ODA ដោយរដ្ឋាភិបាលជប៉ុនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ២. អត្ថប្រយោជន៍ទីតាំងភូមិសាស្ត្រខេត្តបន្ទាយមានជ័យដែលជាមជ្ឈមណ្ឌលសំខាន់ក្នុងច្រករបៀងសេដ្ឋកិច្ច ភាគខាងត្បូង, ៣. ការណែនាំអំពីសកម្មភាពរបស់ក្រុមហ៊ុនជប៉ុននៅប៉ោយប៉ែត, ៤. ការ​រំពឹង​ទុករបស់រដ្ឋបាលខេត្តទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត (ដូចជា​គម្រោង​ផ្លូវ​ល្បឿនលឿន ផ្លូវដែក) ជាដើម។

កិច្ចប្រជុំអាកាសធាតុ COP28 ចាប់ផ្តើមជាមួយនឹងជ័យជំនះមូលនិធិគ្រោះមហន្តរាយអាកាសធាតុ

2023/12/01 05:48:42 pm        87
កិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ទទួលបានជោគជ័យយ៉ាងឆាប់រហ័សកាលពីថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) ដោយគណៈប្រតិភូបានអនុម័តមូលនិធិថ្មីដើម្បីជួយបណ្ដាប្រទេសដែលងាយរងគ្រោះ ទប់ទល់នឹងការចំណាយនៃគ្រោះមហន្តរាយអាកាសធាតុ។ កិច្ចព្រមព្រៀងនេះត្រូវបានអនុម័តបន្ទាប់ពីពិធីបើកកិចប្រជុំកំពូល COP28 នៅទីក្រុងឌុយបៃ ហើយបន្ទាប់ពីមានការចរចាជាច្រើនខែរួចមកហើយ។ប៉ុន្តែអ្នកខ្លះបារម្ភថានៅតែមានបញ្ហាដែលមិនអាចដោះស្រាយបាន រួមទាំងរបៀបដែលមូលនិធិនឹងត្រូវផ្តល់ហិរញ្ញប្បទាននៅពេលអនាគត។ របកគំហើញដំបូងលើមូលនិធិ ដែលបណ្ដាប្រទេសក្រីក្របានទាមទារអស់ជាច្រើនឆ្នាំមកហើយនេះ អាចជួយកាត់បន្ថយភាពតានតឹងដល់ការសម្របសម្រួលផ្សេងទៀត។នៅមុននោះ ប្រធានកិច្ចប្រជុំ COP28 លោក ស៊ុលតាន អាល់ចាប៊ឺ (Sultan al-Jaber) និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេងជាតិរបស់អារ៉ាប់រួម បានបើកកិច្ចប្រជុំកំពូលនេះដោយជំរុញឱ្យបណ្តាប្រទេស និងក្រុមហ៊ុនឥន្ធនៈហ្វូស៊ីល ធ្វើការរួមគ្នាដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុពិភពលោក។ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ បណ្ដារដ្ឋាភិបាលក៏នឹងពិភាក្សាគ្នាថាតើត្រូវយល់ព្រមជាលើកដំបូង ដើម្បីបញ្ឈប់ការប្រើប្រាស់ធ្យូងថ្ម ប្រេង និងឧស្ម័នដែលបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ជាសកល ដែលជាប្រភពចម្បងនៃការបំភាយឧស្ម័ន ឬយ៉ាងណា។ របៀបវារៈនៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុមួយនេះ ត្រូវបានគេស្គាល់ថា «ការវាយតម្លៃសកល» ហើយនោះគឺជាពេលវេលាដែលប្រទេសនានាវាយតម្លៃវឌ្ឍនភាពរបស់ពួកគេក្នុងការសម្រេចបាននូវគោលដៅអាកាសធាតុសកល៕

សហរដ្ឋអាមេរិក និងបណ្ដាដៃគូ ដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណប

2023/12/01 05:41:56 pm        100
សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) បានកំណត់គោលដៅលើកូរ៉េខាងជើង ជាមួយនឹងការដាក់ទណ្ឌកម្មថ្មី បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីសប្តាហ៍មុន ដោយកំណត់លើបណ្ដាភ្នាក់ងារមានមូលដ្ឋាននៅបរទេស ដែលខ្លួនបានចោទប្រកាន់ពីបទសម្របសម្រួលការគេចវេសពីទណ្ឌកម្ម រួមទាំងប្រាក់ចំណូល និងបច្ចេកវិទ្យាសម្រាប់កម្មវិធីអាវុធមហាប្រល័យ។ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ខ្លួនក៏បានដាក់ទណ្ឌកម្មលើក្រុមចារកម្មតាមអ៊ីនធឺណិត គីមសុគី (Kimsuky) ដោយចោទប្រកាន់ថាក្រុមនេះបានប្រមូលព័ត៌មានសម្ងាត់ដើម្បីគាំទ្រមហិច្ឆតាយុទ្ធសាស្ត្រ និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។សកម្មភាពកាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឡើងដោយមានការសម្របសម្រួលជាមួយអូស្ត្រាលី ជប៉ុន និងកូរ៉េ បានកើតឡើងបន្ទាប់ពីកូរ៉េខាងជើង កាលពីសប្តាហ៍មុនបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដំបូងរបស់ខ្លួនដោយជោគជ័យ ដែលខ្លួននិយាយថាត្រូវបានរចនាឡើងដើម្បីតាមដានចលនាយោធាអាមេរិក និងកូរ៉េខាងត្បូង។ បេសកកម្មរបស់កូរ៉េខាងជើង នៅអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការដាក់ទណ្ឌកម្មកាលពីថ្ងៃព្រហស្បតិ៍នេះនោះទេ។ចាប់តាំងពីការបាញ់បង្ហោះផ្កាយរណបមក កូរ៉េខាងជើងបាននិយាយថា មេដឹកនាំរបស់ខ្លួនគឺលោក គីម ជុងអ៊ុន បានពិនិត្យមើលរូបថតផ្កាយរណបចារកម្មរបស់សេតវិមាន មន្ទីរបញ្ចកោណ និងនាវាផ្ទុកយន្តហោះអាមេរិកនៅឯមូលដ្ឋានទ័ពជើងទឹក ណហ្វក (Norfolk)។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនក៏បានរាយការណ៍ផងដែរថា ផ្កាយរណបបានថតរូបទីក្រុង និងមូលដ្ឋានយោធានានានៅកូរ៉េខាងត្បូង ដែនដីហ្គាំ និងអ៊ីតាលី បន្ថែមពីលើទីក្រុងវ៉ាស៊ីនតោន ផងដែរ៕

ថ្ងៃនេះ សម្ដេចធិបតីប្រកាសដាក់ចេញ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម» នៅទូទាំងប្រទេស

2023/12/01 05:41:10 pm        350
ភ្នំពេញ៖នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៣នេះ ត្រូវនឹងថ្ងៃបើកបវេសនាកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសដាក់ចេញ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម»នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤​តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡង ប្រណាំងសាលាស្អាត។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ថ្ងៃនេះ​សម្ដេច​ប្រកាស​ដាក់​ចេញនូវ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម» នៅទូទាំងប្រទេស ចាប់ពីឆ្នាំ​សិក្សា​២០២៣-២០២៤តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡង ប្រណាំងសាលាស្អាត ដែល​កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលការណ៍, លក្ខណៈវិនិច្ឆ័យ, និង​នីតិវិធី នៃការវាយតម្លៃសាលាស្អាតរួចមកហើយ ព្រមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្ត ក្នុង​ឱកាស​សន្និបាតអប់រំប្រចាំឆ្នាំផងដែរ។សម្ដេចធិបតីបញ្ជាក់ថា ការដាក់ចេញនូវអាទិភាពគោលនយោបាយ, វិធានការគន្លឹះ និង​យុទ្ធនាការ​ខាងលើនេះ មានគោលដៅ ធ្វើឱ្យសាលារៀន ក្លាយជាអង្គភាពសេវាសាធារណៈ ដែល​មាន​ប្រសិទ្ធភាពខ្ពស់, អភិបាលកិច្ចល្អ, និងមាន គណនេយ្យភាព ជាមួយនឹងប្រជាជន និង​សហគមន៍។ ដូច្នេះហើយ សាលារៀនត្រូវតែអនុវត្តតួនាទី ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ជាពិសេស លើការបង្រៀន និងការរៀន ដែលនឹងនាំទៅរក ការប្រែប្រួលជាវិជ្ជមាន នៃ​លទ្ធផល​សិក្សា​របស់សិស្ស។ ការពង្រឹងអភិបាលកិច្ចសាលារៀន នឹងឈានទៅលើកកម្ពស់គុណភាពអប់រំ ដែល​ចំណុះឱ្យកត្តាសំខាន់ៗ ៤ រួមមាន៖ ទី១ កត្តាសាលារៀន៖ សាលារៀនត្រូវផ្តល់នូវ បរិស្ថាន​អំណោយ​ផល សម្រាប់ការបំពេញការងាររបស់ គ្រូបង្រៀន និងការសិក្សារបស់សិស្ស ដូចជា​ការ​គ្រប់គ្រង និងភាពជាអ្នកដឹកនាំ មានប្រសិទ្ធភាព, ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមស្រប, អនាម័យ និង​សុវត្ថិភាព, ការប្រើប្រាស់ថវិកាដើម្បីគាំទ្រការរៀន និងបង្រៀន, ស្វ័យភាព​ក្នុង​ការ​អនុវត្ត​កម្ម​វិធី​សិក្សា និងគណនេយ្យភាពរបស់សាលារៀន។ ទី២ កត្តាគ្រូបង្រៀន៖ គ្រូ​បង្រៀន​ត្រូវ​មាន​គុណ​វុឌ្ឍខ្ពស់, មានការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ, មានវិធីសាស្ត្រ បង្រៀនថ្មី, និងចេះប្រើប្រាស់បច្ចេកវិទ្យា និង​រង្វាយ​តម្លៃក្នុងការបង្រៀន។ ទន្ទឹមនេះ គ្រូបង្រៀន ក៏ត្រូវខិតខំប្រឹងប្រែង និងមាន​ឥរិយាបថ​ល្អ, ទទួលបាននូវលក្ខខណ្ឌការងារ និងការរស់នៅសមរម្យ, ទទួលបា​ន​ឱកាស​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ និងសហគមន៍សិក្សាវិជ្ជាជីវៈ ព្រមទាំងការលើកទឹកចិត្តតាមគ្រប់រូបភាព។ ទី៣ កត្តា​សិស្ស​៖ សិស្សមានការលូតលាស់រាងកាយ ខួរក្បាល សតិបញ្ញា មានឥរិយាបថវិជ្ជមាន មាន​ពេល​វេលា​គ្រប់គ្រាន់ សម្រាប់ការសិក្សារៀនសូត្រ និងត្រៀមខ្លួនរួចស្រេចសម្រាប់ការសិក្សា។ សាលា​រៀន​ទាំងនៅទីជនបទ និងតំបន់ជួបការលំបាក ត្រូវមានកម្មវិធីបំប៉នអាហារូបត្ថម្ភ, ការផ្ដល់ អាហារូបករណ៍, និងការផ្ដល់អាហារតាមសាលារៀន។ ទី៤ កត្តាគ្រួសារ៖ ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​របស់គ្រួសារ, ការឱ្យតម្លៃលើការរៀនសូត្រ, ការជួយគាំទ ខាងផ្នែកស្មារតី និងសម្ភារៈ ពិតជា​មាន​សារៈសំខាន់សម្រាប់ការអប់រំ។ ទោះជាយ៉ាងណា បញ្ហា ចំណាកស្រុក, កង្វះការថែទាំកុមារ, ស្ថានភាព​អនាម័យ, និងការប្រើប្រាស់ពលកម្មកុមារ ដើម្បី រកប្រាក់ចំណូល បានជះ​ឥទ្ធិពល​អវិជ្ជមាន លើការសិក្សារបស់សិស្ស។ដូចនេះ ដើម្បីពង្រឹងអភិបាលកិច្ចសាលារៀន ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក្រសួង​អប់រំ យុវជន និងកីឡា បានរៀបចំយន្តការដើម្បីគាំទ្រដល់សាលារៀន ឆ្ពោះទៅសម្រេច​បាន​ស្ដង់​ដាសាលារៀនមាន ប្រសិទ្ធភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានឯកភាព​ជា​គោល​ការណ៍​រួច​ហើយ ដើម្បីដាក់ឱ្យអនុវត្ដ “ស្តង់ដា សាលារៀនគំរូ” និង "ពានរង្វាន់ សាលាគំរូ សម្តេច​មហាបវរ​ធិបតី” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ នេះតទៅ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព លើរបៀបវារៈមួយចំនួន

2023/12/01 05:25:30 pm        136
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាថ្ងៃទី១ ខែធ្នូនេះ បានដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព លើរបៀបវារៈមួយចំនួន ដូចជា១-របាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា។២-របាយការណ៍វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។៣-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦។៤-សេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ និង ៥-បញ្ហាផ្សេងៗ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤

2023/12/01 05:00:35 pm        341
ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្ញើ​សារ​លិខិតសម្តែងនូវក្តីសោមនស្ស រីករាយ និងសូមចូលរួម​អបអរ​សាទរ​ថ្ងៃ​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មីនេះ​ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃ​បើក​ទំព័រថ្មី​នៃ​ការ​ចាប់​ផ្តើម​ជីវិត​សិក្សាដំបូងរបស់សិក្សានុសិស្សដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជា​ពិសេស​កុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ ៦ ឆ្នាំនៅតាម​សាលា​បឋម​សិក្សា​ព្រម​ទាំង​ជា​ថ្ងៃថ្មីសម្រាប់ថ្នាក់ថ្មី សិក្សានុសិស្សដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។សម្ដេចថ្លែងថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាល​ទី៧ នៃរដ្ឋសភាចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធ​នឹង​វិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ «ការ​ពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» និងការ​ដាក់​ចេញ​នូវ​វិធា​ន​ការ​គន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅ «លើកកម្ពស់ គុណភាព​អប់រំ​» ​ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់​មធ្យម​សិក្សា​។ សម្ដេចធិបតីបញ្ជាក់ថា ការដាក់ចេញនូវវិធានការគន្លឹះ ក្នុងគោលដៅ «លើកកម្ពស់ គុណភាព​អប់រំ» នោះ​ តាមរយៈការពង្រឹងកិច្ចការសំខាន់ៗដូចជា ទី១ ការពង្រឹងអភិបាលកិច្ចសាលារៀន។ ទី២ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឱ្យ​ស្រប​ទៅ​តាម​តម្រូវ​ការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។ ទី៣ ការយកចិត្ត​ទុក​ដាក់​លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណ​ភាព​ចំណី​អាហារ នៅតាមសាលា។ ទី៤ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នក​អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូ រដ្ឋ និង​សហគមន៍​ដើម្បីការអប់រំ»។នៅថ្ងៃនេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ប្រកាសដាក់ចេញនូវ «យុទ្ធនាការ​សាលា​រៀន​ស្អាត គ្មានសំរាម” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ តទៅ ដើម្បី​គាំទ្រដល់ការអនុវត្តចលនាប្រឡងប្រណាំងសាលាស្អាត ដែលកន្លងមក ក្រសួងអប់រំ យុវជន និង​កីឡា បានដាក់ចេញនូវគោលការណ៍, លក្ខណៈវិនិច្ឆ័យ, និងនីតិវិធី នៃការ​វាយ​តម្លៃ​សាលា​ស្អាត​រួច​មក​ហើយ ព្រមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្ត ក្នុងឱកាសន សន្និបាត​អប់រំ​ប្រចាំ​ឆ្នាំ​ផង​ដែរ​។សម្ដេចធិបតីថ្លែងថា ឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បាន​បញ្ចូល​ចំណុច​គន្លឹះ​ ទាំង៤ ខាងលើ ទៅក្នុង «ស្តង់ដាសាលារៀនគំរូ» ចំនួន៥ សម្រាប់មត្តេយ្យសិក្សា រហូត​ដល់មធ្យមសិក្សា។ ជាងនេះទៅទៀត ដើម្បីបង្កើនការយកចិត្តទុកដាក់ លើការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អ របស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្រសួង​បានដាក់ឱ្យអនុវត្តការផ្ដល់ពិន្ទុ ៨០ ភាគរយ លើចំណេះដឹង, ១០ភាគរយ លើបំណិន, និង ១០ ភាគរយលើសីលធម៌ និងចរិយាធម៌។ក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នៃសិក្សាថ្មីនេះ សម្ដេចធិបតី ក៏បានថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​ព្រះ​តេជគុណ ព្រះសង្ឃគ្រប់ ព្រះអង្គ បងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ព្រម​ទាំងដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែល​តែង​តែ​បាន​រួមចំណែកក្នុងការកសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមាន​ដំណើរ​ការ​រីក​ចម្រើន​គួរ​ជា​ទី​មោទនៈ ក្នុងរយៈកាលកន្លងមកនេះ។ សម្ដេចអំពាវនាវឱ្យបន្តជួយឧបត្ថម្ភគាំទ្រ និងផ្ដល់​នូវ​កិច្ច​សហការល្អតទៅទៀតដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារ និងយុវជនកម្ពុជាគ្រប់ៗរូប៕

សិក្ខាកាមនគរបាលជាង៣០០នាក់ បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល និងអន្ដរាគមន៍

2023/11/30 08:14:17 pm        107
សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលមន្រ្ដីនគរបាលយុត្តិធម៌ ជំនាន់ទី១, វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល ជំនាន់ទី១ និងវគ្គបំប៉នជំនាញអន្តរាគមន៍ពិសេស ជំនាន់ទី៣ ដែលមានសិក្ខាកាមសរុបចំនួន៣១០នាក់។ថ្លែងនៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនោះ នាយឧត្តមសេនីយ៍ សាស្ដ្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលជាតិកម្ពុជា បានចូលរួមអបអរសាទរជាមួយសិក្ខាកាមទាំងអស់ ដែលបញ្ចប់វគ្គសិក្សានៅពេលនេះដោយជោគជ័យ និងទទួលបាននូវចំណេះជំនាញបន្ថែមទៀត​ដើម្បីយកទៅបម្រើអង្គភាព ចូលរួមក្នុងបុព្វហេតុជាតិ មាតុភូមិ និងរួមចំណែករក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ​និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលកម្ពុជា​ក្រោមការដឹកនាំ​របស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។នាយឧត្តមសេនីយ៍ ឯក មនោសែន ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណ​ចំពោះការខិតខំ​ប្រឹងប្រែង​បំពេញការងារប្រកបដោយស្មារតី​ទទួលខុសត្រូវខ្ពស់របស់គណៈគ្រប់គ្រង​ និងមន្រ្តី នៃសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ​និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងការ​រៀបចំដំណើរការវគ្គបណ្ដុះបណ្ដាលទាំង៣នេះ ​សម្រេចបានជោគជ័យ ​ស្របតាមកម្មវិធីអប់រំ និងផែនការបណ្ដុះបណ្ដាលដែលបានកំណត់។ថ្លែងនៅក្នុងពិធីបិទវគ្គនោះឧត្តមសេនីយ៍ឯក អ៊ុ អុន នាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ​បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលមន្រ្ដីនគរបាលយុត្តិធម៌ ​ជំនាន់ទី១ មាន​សិក្ខាកាមសរុបចំនួន១៥០នាក់ ស្រី០២នាក់ ដែលមកពីអង្គភាពចំនួន៤៩។ វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល ជំនាន់ទី១ មានសិក្ខាកាមសរុបចំនួន ៦០នាក់ ស្រី១នាក់ ដែលមកពីអង្គភាពចំនួន៣២។ វគ្គបំប៉នជំនាញអន្តរាគមន៍ពិសេស ជំនាន់ទី៣ មាន​សិក្ខាកាមសរុបចំនួន១០០នាក់ ស្រី១នាក់ ដែលមកពីអង្គភាពចំនួន៣០។លោកឧត្តមសេនីយ៍ឯក អ៊ុ អុន​ ដើម្បីធានាឲ្យវគ្គសិក្សានេះទទួលបានលទ្ធផលល្អ គ្រប់ការសិក្សា​តាមវគ្គនីមួយៗ ​សាលាតម្រូវឲ្យមានការប្រឡងបញ្ចប់វគ្គ ​និងប្រឡងបញ្ចប់មេរៀននីមួយៗ ទាំងទ្រឹស្តី​ ការអនុវត្តជាក់ស្តែងលើទីលានគ្រូតម្រូវធ្វើតេស្ត ដើម្បី​ស្ទាបស្ទង់​សមត្ថភាពរបស់​សិក្ខាកាម ​និងផ្តល់ពិន្ទុជូនសិក្ខាកាមម្នាក់ៗ​ ដោយបូកជាមួយវិន័យ សីលធម៌ ការសាមគ្គីភាព ពលកម្មអនាម័យ ​ការរស់នៅជាមូលដ្ឋានគ្រឹះ ក្នុងការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់ការ​សិក្សា​ជូននៅពេលបញ្ចប់វគ្គ៕អត្ថបទបាន ចក់

លោក Henry Kissinger អតីតអ្នកការទូតអាមេរិកដ៏ចម្រូងចម្រាស ទទួលបានភាពល្បីល្បាញក្នុងកិច្ចការពិភពលោក

2023/11/30 08:02:50 pm        169
លោក ហិនរី ឃីសស៊ីងជើ (Henry Kissinger) ដែលបានទទួលមរណៈភាពក្នុងវ័យ ១០០ឆ្នាំនៅគេហដ្ឋានរបស់ខ្លួន ក្នុងរដ្ឋ ខុននេកធីខិត (Connecticut) សហរដ្ឋអាមេរិក ជាអ្នកនយោបាយដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាមេរិក ដែលទទួលបានភាពល្បីល្បាញនៅក្នុងកិច្ចការពិភពលោកជាច្រើន។ជាអ្នកអនុវត្តការប្តេជ្ញាចិត្តនៃ «ភាពប្រាកដនិយម» ក្នុងទំនាក់ទំនងបរទេស លោកបានទទួលរង្វាន់ណូបែលសន្តិភាព ហើយក៏ត្រូវបានថ្កោលទោសថាជាឧក្រិដ្ឋជនសង្គ្រាម។ ក្នុងនាមជាទីប្រឹក្សាសន្តិសុខជាតិ និងជារដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិក លោកបានបន្តយ៉ាងស្វាហាប់នូវគោលនយោបាយស្ដារទំនាក់ទំនង ដែលធ្វើឲ្យទំនាក់ទំនងជាមួយសហភាពសូវៀត និងចិន មានភាពធូរស្រាល។ផ្លូវនយោបាយការទូតរបស់លោក បានជួយបញ្ចប់ជម្លោះអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ១៩៧៣ ហើយការចរចានៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានទាញអាមេរិកចេញពីសុបិន្តអាក្រក់ដ៏វែងឆ្ងាយរបស់ខ្លួននៅក្នុងសង្រ្គាមជាមួយប្រទេសវៀតណាម ប៉ុន្តែអ្វីដែលអ្នកគាំទ្រពណ៌នាលោកថាជា «អ្នកនយោបាយពិតប្រាកដ» ធ្វើឲ្យអ្នករិះគន់ បានថ្កោលទោសថាជារឿងអសីលធម៌។លោក ហិនរី ឃីសស៊ីងជើ មានឈ្មោះពេញថា ហេនស៍ អាល់ហ្រ្វេដ ឃីសស៊ីងជឺ (Heinz Alfred Kissinger) បានកើតក្នុងគ្រួសារជ្វីហ្វវណ្ណៈកណ្តាលមួយនៅរដ្ឋបាវ៉ារៀ (Bavaria) របស់អាល្លឺម៉ង់ នៅថ្ងៃទី២៧ ឧសភា ឆ្នាំ១៩២៣។ គ្រួសារមួយនេះបានរត់គេចចេញពីការធ្វើទុក្ខបុកម្នេញរបស់គណបក្សណាហ្ស៊ី ប៉ុន្តែពួកគេបានចូលរួមជាមួយសហគមន៍ជនជាតិអាឡឺម៉ង់-ជ្វីហ្វ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៣៨។នៅឆ្នាំ១៩៥៧ លោក ឃីសស៊ីងជើ បានបោះពុម្ពសៀវភៅមួយក្បាល និយាយពី សង្គ្រាមនុយក្លេអ៊ែរ និងគោលនយោបាយការបរទេស ដែលបាននិយាយថា សង្គ្រាមបរមាណូមានកម្រិត គឺអាចឈ្នះបាន ហើយសៀវភៅនេះបានធ្វើឱ្យលោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ផ្លូវដ៏វែងឆ្ងាយរបស់លោក ឃីសស៊ីងជើ ក្នុងការទទួលបានកិត្តិនាម និងឥទ្ធិពលបានចាប់ផ្តើមតាំងពីពេលនោះមក ហើយទ្រឹស្តី «សង្គ្រាមនុយក្លេអ៊ែរតូចតាច» របស់លោក នៅតែមានឥទ្ធិពលរហូតមកដល់សព្វថ្ងៃនេះ៕

អាមេនី កោះប្រជុំពិភាក្សាបន្ទាន់ បន្ទាប់ពីរុស្ស៊ី រារាំងរថយន្តដឹកទំនិញខ្លួន ស្របពេលមានជម្លោះការទូត

2023/11/30 07:58:03 pm        164
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Armenpress បានរាយការណ៍កាលពីថ្ងៃពុធ (២៩ វិច្ឆិកា) ថា ប្រទេសអាមេនី បានកោះប្រជុំពិភាក្សាបន្ទាន់នៅឯសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ដែលដឹកនាំដោយទីក្រុងម៉ូស្គូ បន្ទាប់ពីប្រទេសរុស្ស៊ី បានបដិសេធមិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញកាន់តែច្រើនរបស់អាមេនីឆ្លងកាត់ ស្របពេលមានភាពតានតឹងផ្នែកការទូតកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។សារព័ត៌មាន Armenpress បានដកស្រង់សម្តីលោក វ៉ាហាន ខឺរ៉ូបយ៉ាន (Vahan Kerobyan) រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសអាមេនី ដោយនិយាយថាចំនួនរថយន្តអាមេនី ដែលបដិសេធមិនឲ្យចូលទៅកាន់ប្រទេសរុស្ស៊ី បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ទីភ្នាក់ងារសារព័ត៌មាននេះ បានដកស្រង់សម្ដីលោក Kerobyan ដោយនិយាយថា ការពិគ្រោះយោបល់បន្ទាន់លើបញ្ហានេះនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃបន្ទាប់។ ក្រុមឃ្លាំមើលកសិកម្មរបស់រុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ខ្លួនបានកត់សម្គាល់ «ការកើនឡើងយ៉ាងខ្លាំង» នៅក្នុងការរំលោភបំពានអនាម័យនៅក្នុងការនាំចូលផលិតផលកសិកម្មអាមេនី។ការនាំចេញភាគច្រើននៃប្រទេសអាមេនី ត្រូវឆ្លងកាត់ប្រទេសហ្សកហ្ស៊ី ទៅកាន់ប្រទេសរុស្ស៊ី ដោយមានការតភ្ជាប់ផ្លូវគោករវាងប្រទេសទាំងពីរ ជាផ្លូវតែមួយតភ្ជាប់ហ្សកហ្ស៊ី និងរុស្ស៊ី តាមរយៈតំបន់ភ្នំកូកាស។គិតត្រឹមម៉ោង ១២:៣០ រំលងអាធ្រាត (ម៉ោងសកល) នៅថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) នេះ គេហទំព័ររដ្ឋាភិបាលរុស្ស៊ី បាននិយាយថា ឡានដឹកទំនិញចំនួន ៣.២៣១គ្រឿង កំពុងរង់ចាំនៅប៉ុស្តិ៍ព្រំដែន វើកនី ឡាស៍ (Verkhny Lars) ដែលជារឿយៗត្រូវបានបិទដោយសារតែលក្ខខណ្ឌអាកាសធាតុ ហើយគេមិនដឹងថាមានរថយន្តដឹកទំនិញប៉ុន្មានគ្រឿង ត្រូវបានបញ្ជាឲ្យបើកត្រឡប់ក្រោយវិញនោះទេ៕

អង្គការសហប្រជាជាតិ អំពាវនាវឱ្យមានចំណាត់ការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរចំពោះវិបត្តិអ៊ីស្រាអែល

2023/11/30 07:52:26 pm        200
អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ (២៩ វិច្ឆិកា) បានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរចំពោះជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដោយនិយាយថាទីក្រុងហ្សេរុយសាឡឹម គួរតែបម្រើជារដ្ឋធានីនៃរដ្ឋទាំងពីរ។លោកស្រី ថាទីយ៉ាណា វ៉ាឡូវ៉ាយ៉ា (Tatiana Valovaya) អគ្គនាយកនៃការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បាននិយាយនៅក្នុងសន្ទរកថា «នេះជាពេលវេលាកន្លងផុតទៅយូរណាស់មកហើយ ក្នុងការចាត់វិធានការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ ដែលមិនអាចកែប្រែវិញបាន ដោយផ្អែកលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ» ដោយលោកស្រីបាននាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ទៅកាន់កិច្ចប្រជុំមួយ។ លោកស្រីបានបន្ថែមថា នេះនឹងមានន័យថា «អ៊ីស្រាអែល និងប៉ាឡេស្ទីន រស់នៅក្បែរគ្នាក្នុងសន្តិភាព និងសន្តិសុខជាមួយក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីនៃរដ្ឋទាំងពីរ»។ការអត្ថាធិប្បាយនេះធ្វើឡើងស្របពេលជាមួយទិវាសាមគ្គីភាពអន្តរជាតិរបស់អង្គការសហប្រជាជាតិជាមួយប្រជាជនប៉ាឡេស្ទីន ដែលខ្លួនប្រារព្ធជារៀងរាល់ឆ្នាំ។ វាកត់សម្គាល់ការអនុម័តរបស់មហាសន្និបាតអង្គការសហប្រជាជាតិចំពោះផែនការបែងចែកប៉ាឡេស្ទីន ទៅជារដ្ឋអារ៉ាប់ និងរដ្ឋជ្វីហ្វ និងសម្រាប់ការគ្រប់គ្រងអន្តរជាតិលើទីក្រុងហ្សេរុយសាឡឹម។ការអំពាវនាវឱ្យមានដំណោះស្រាយរដ្ឋពីរ បានកើនឡើងបន្ទាប់ពីការវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ កិច្ចព្រមព្រៀងរដ្ឋពីរ នឹងបង្កើតរដ្ឋមួយសម្រាប់ប៉ាឡេស្ទីន នៅតំបន់វេស បែង និងតំបន់ហ្កាហ្សា ស្រ្ទីប ស្របគ្នាជាមួយអ៊ីស្រាអែល។ អ៊ីស្រាអែលបាននិយាយថា រដ្ឋប៉ាឡេស្ទីនត្រូវតែគ្មានយោធា ដើម្បីកុំឱ្យគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM
រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
10/01/2026 07:10 PM
ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
10/01/2026 07:10 PM
លោក Trump ចាប់​ផ្ដើម​​យុទ្ធនាការឃោសនាបោះឆ្នោត ខណៈបក្សសាធារណរដ្ឋប្រឈម​ការប្រកួតប្រជែងតឹង​តែង​
10/01/2026 06:10 PM
ប្រធានាធិបតី​ឥណ្ឌូនេស៊ី តែងតាំងរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មថ្មី ជា​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រីដ៏​ធំ
10/01/2026 06:10 PM
លីបង់ពឹងផ្អែកលើការបណ្តុះបណ្តាល AI ទ្រង់ទ្រាយធំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
10/01/2026 06:10 PM
ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ៧នាក់ លើរថយន្តតូរីសនៅតំបន់ភាគខាងលិចប្រទេសស៊ីរី
10/01/2026 06:10 PM
សត្វដំរីព្រៃចំនួនពីរក្បាលត្រូវបានជួយសង្រ្គោះ ក្រោយធ្លាក់ចូលស្រះទឹកមួយកន្លែង ស្រុកអូររាំង ខេត្តមណ្ឌលគិរី
10/01/2026 06:10 PM