សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

លទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ

2023/10/21 11:12:11 pm        730
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួម នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់ដល់កម្ពុជា ប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ

2023/10/21 07:58:19 pm        774
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាល​ពីវេលា​ទៀប​​ភ្លឺថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៣នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់​មក​ដល់​ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ កាលពីយប់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងវេទិកា ខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់​កិច្ច​សហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន និង «កិច្ច​ប្រជុំ​កំពូល​អាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ» នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រ​អារ៉ាប៊ីសា​អូឌីត។តបតាមការអញ្ជើញរបស់ស្តេច សាលម៉ាន ពិន អាប់ឌុលអាហ្សីស អាល សាអ៊ូឌ (Salman bin Abdulaziz Al Saud) ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញ​ចូល​រួមកិច្ចប្រជុំកំពូលអាស៊ាន- ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣នេះ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នាទីក្រុងរីយ៉ាដ នារសៀលថ្ងៃទី២០ តុលា ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានជួបជាមួយ ព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាល់ម៉ាន់ ប៊ីន អាល់ឌុលឡាហ្ស៊ី អាល់សូដ (Mohammed bin Salman bin Abdulaziz Al Saud) រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​អារ៉ាប់​ប៊ី​សាអូឌីត និងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីក្រុងរីយ៉ាដ។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម និង ជួបជាមួយ ឯកឧត្តម Sultan Abdulrahman Al-Marshad នាយក​ប្រតិបត្តិ​មូល​និធិ​សូឌី​ សម្រាប់ការអភិវឌ្ឍ (Saudi Foundation for Development) ក្នុងជំនួបសម្ដែងការគួរសម និង​ពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ។ តាមរយៈជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក។ ចំណែកជំនួបជាមួយនាយកប្រតិបត្តិមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ សម្តេចធិបតី និងថ្នាក់ដឹកនាំ​មូល​និធិសូឌី គាំទ្រគម្រោងនៃការផ្តល់ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងកសាង​ហេដ្ឋា​រចនាសម្ព័ន្ធរូបវ័ន្ត។សូមជម្រាបថា កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ដែល​ផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្មនិងការវិនិយោគ ទីក្រុង​ឆ្លាត ថាមពល ការប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ ជាដើម។ កិច្ចប្រជុំកំពូលនេះនឹងអនុម័តលើឯកសារចំនួនពីរ គឺ (១) សេចក្តីថ្លែង​ការណ៍​រួម​សម្រាប់​កិច្ច​ប្រជុំ​កំពូល​ និង (២) ឯកសារក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សា​សហ​ប្រតិបត្តិការ​ឈូង​សមុទ្រ (សម្រាប់ឆ្នាំ២០២៤-២០២៨)៕ អត្ថបទ៖ វ៉ន ដារ៉ា

ក្រុមគ្រូពេទ្យខេត្តកណ្តាល ចុះអប់រំអំពីបញ្ហាជំងឺភ្នែកក្រហមនៅតាមសាលារៀន

2023/10/20 10:56:04 pm        266
កណ្តាល៖ ក្រុមពេទ្យនៅតាមមូលដ្ឋានសុខាភិបាលនានា នៅខេត្តកណ្តាល នៅថ្ងៃទី២០ ខែតុលានេះ បាននាំគ្នា បន្តចុះអប់រំផ្សព្វផ្សាយអំពីបញ្ហាជំងឺភ្នែកក្រហម នៅតាមសាលារៀនរដ្ឋ និងឯកជននានា តាមការណែនាំរបស់ក្រសួងសុខាភិបាល និងស្នើដល់អ្នកជំងឺសែ្វងរកការពិនិត្យ​ព្យាបាល​ឲ្យបានត្រឹមត្រូវ ខណៈជំងឺភ្នែកក្រហមនេះ បច្ចុប្បន្នកំពុងមានការឆ្លងតៗ ក្នុងចំណោមក្រុមគ្រួសារ កន្លែងប្រមូលផ្តុំគ្នា​ នៅតាមសាលារៀន និងទីប្រជុំជននានា។លោក ហាយ ឌី នាយកសាលាបឋមសិក្សាហ៊ុន សែនកំពង់សំណាញ់ ឋិតនៅក្នុងតាខ្មៅ​ខេត្តកណ្តាល និងក្រុមសិស្ស បានថ្លែងប្រាប់ BTV នៅថ្ងៃទី២០ ខែតុលានេះថា ក្រុមពេទ្យមកពី​មណ្ឌលសុខភាព​សង្កាត់តាខ្មៅ បានចុះមកអប់រំណែនាំតាមថ្នាក់រៀនឲ្យសិស្សយល់​ដឹង​អំពីវិធីការពារ និងការព្យាបាលជំងឺភ្នែកក្រហម ខណៈរៀងរាល់មុនពេលចូលរៀននាពេលព្រឹក និងល្ងាចពេលគោរពទង់ជាតិ សាលាក៏បានណែនាំសិស្ស ​និង​អនុញ្ញាត​ឲ្យសិស្សឈប់សម្រាក ប្រសិន​បើមានករណីសិស្សឆ្លងជំងឺភ្នែកក្រហម ​ដើម្បីសិស្សទៅជួបគ្រូពេទ្យនៅមូលដ្ឋានសុខាភិបាល​ព្យាបាលពិនិត្យព្យាបាលឱ្យបានត្រឹមត្រូវ។លោកវេជ្ជបណ្ឌិត លុន ម៉ារ៉ា ប្រធានចក្ខុរោគនៃមន្ទីរបង្អែកជ័យជំនះថ្លែងថា ​រយៈពេលប្រមាណ​មួយ​ខែនេះ ក្នុងចំណោមអ្នកជំងឺភ្នែកជាង ៤០ រូប​ ដែលមកទទួលសេវានៅក្នុងមន្ទីរពេទ្យជ័យជំនះ មានអ្នក​ជំងឺជាង ៦០% បានកើតជំងឺភ្នែកក្រហម។លោក បានណែនាំដល់អ្នកដែល​កើតជំងឺ​ភ្នែកក្រហមត្រូវមកពិគ្រោះ ​ពិនិត្យជាមួយ​គ្រូពេទ្យឲ្យ​បានត្រឹមត្រូវ ចៀសវាងការទៅទិញថ្នាំប្រើប្រាស់ដោយមិនមានវេជ្ជបញ្ជាច្បាស់លាស់។បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​ជំងឺភ្នែកក្រហមភាគច្រើនជាជំងឺស្រាល តែវាងាយឆ្លងតៗគ្នា ​និងអាចជាសះស្បើយវិញ​ក្នុងរយៈពេល៧ថ្ងៃទៅ១៤ថ្ងៃ។  វិធីបង្ការការឆ្លងជំងឺ​ភ្នែកក្រហម នេះពលរដ្ឋទូទៅ ​ត្រូវរក្សាអនាម័យ ត្រូវឧស្សាហ៍លាងដៃ និងសាប៊ូឲ្យបានញឹកញាប់ ចៀសវាងការប៉ះ ​ឬញីភ្នែក ​កុំប្រើរបស់របររួមគ្នាជាមួយអ្នកកើតជំងឺនេះ និង កុំប្រើថ្នាំភ្នែករួមគ្នា​ដែលងាយនឹងការឆ្លងតៗគ្នា៕ អត្ថបទ ស៊ុម សុខជា

ទឹកជំនន់បង្កការខូចខាតស្រូវជាង ២ម៉ឺនហិកតា នៅទូទាំងប្រទេស

2023/10/20 10:36:00 pm        209
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា នាអំឡុងពេលគ្រោះទឹកជំនន់រហូតមកដល់ពេលនេះបានបង្កការខូចខាតស្រូវជាង ២ ម៉ឺនហិកតានៅទូទាំងប្រទេស។ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់បែបនេះ​ ក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគមន៍នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ។ ទិវានេះមានការចូលរួមពីតំណាងក្រសួង ថ្នាក់ដឹកនាំរាជធានី-ខេត្ត នគរបាលជាតិ កងរាជអាវុធហត្ថ កងទ័ព និងស្ថាប័នអង្គការដៃគូជាច្រើនទៀត។ ឯកឧត្តមមានប្រសាសន៍ថា គ្រោះមហន្តរាយនៅកម្ពុជា ទោះបីមិនមានភាពធ្ងន់ធ្ងរដូចប្រទេសមួយ​ចំនួនក្នុងទ្វីបអាស៊ី និងពិភពលោក ដូចជាគ្រោះ រញ្ជួយដី រលកយក្សស៊ូណាមិ ព្យុះសង្ឃរា ភ្លើងឆេះព្រៃជាដើម។ប៉ុន្ដែជារៀងរាល់ឆ្នាំកម្ពុជាតែងតែកើតមានជំនន់ទឹកភ្លៀង ​ខ្យល់កន្ត្រាក់ រន្ទះបាញ់ ជំងឺរាតត្បាត ​ការកើនឡើងកម្ដៅរាំងស្ងួតលើវិស័យកសិកម្ម ​បាក់ច្រាំងទន្លេ និងការផ្ទះឡើងនូវព្រឹត្តិការណ៍មិនធម្មតានៃជំងឺកូវីដ-១៩ អគ្គិភ័យគ្រោះថ្នាក់ ផ្លូវគោក ផ្លូវទឹក វិស័យសំណង់បានធ្វើឱ្យប៉ះពាល់ដល់​សុខុមាលភាព​ និងសុវត្ថិភាព របស់ប្រជាជន សហគមន៍ និងប្រទេសផងដែរ។ជាក់ស្តែង ​ទាក់ទងនឹងបញ្ហាទឹកជំនន់ឆ្នាំនេះ ​ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា គិតត្រឹម​រយៈពេលប៉ុន្មាន​ថ្ងៃក្នុងតុលា ឆ្នាំ២០២៣នេះ​ ទឹកជំនន់បានប៉ះពាល់តាមបណ្តាខេត្ត និងធ្វើឱ្យ​ខូចខាត​ដំណាំស្រូវជាង២ម៉ឺនហិកតាក្នុងនោះខេត្តបាត់ដំបង ត្រូវធ្វើការស្តារឡើងវិញច្រើនជាងគេ។នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ដើម្បីកាត់​បន្ថយការ​បាត់បង់​អាយុជីវិត និងការខូចខាត ទ្រព្យសម្បត្តិ​ រាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានខិតខំប្រឹងប្រែងប្រយុទ្ធទប់ទល់​នឹងគ្រោះមហន្តរាយ ​តាមរយៈសកម្មភាពត្រៀមបង្ការ ​ការកាត់បន្ថយគ្រោះថ្នាក់ ​ការត្រៀមរៀបចំ ការឆ្លើយតប ​សង្គ្រោះបន្ទាន់ ​និងការស្តារឡើងវិញ​ប្រកបដោយឆន្ទៈនយោបាយ និង​ការប្ដេជ្ញាចិត្តខ្ពស់ដោយពុំទុកប្រជាជនណាម្នាក់ចោលឡើយ៕អត្ថបទ សេក ឧត្តម

នាយករដ្ឋមន្ត្រីវៀតណាម គាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី លើកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគីប្រទេសបី គោលដៅតែមួយ

2023/10/20 09:13:39 pm        157
ភ្នំពេញ៖ ឯកឧត្តម ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រកាសគាំទ្រ គំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគីប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក។ការប្រកាសគាំទ្របែបនេះ ក្នុងឱកាសជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជាមួយឯកឧត្តម ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី ​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣, នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ផាម មីញជីញ បានអបអរសាទរសាជាថ្មីចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​នីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខថ្វាយ ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំងជូន​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ ។ ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម ក៏បានថ្លែងកោតសរសើរថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងរយៈកាលកន្លងមកនេះ ប្រទេសកម្ពុជា​មាន​លំនឹងស្ថិរភាព និងវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ គួរឱ្យកត់សម្គាល់ ។ ឯកឧត្តម ផាម មីញជីញ បានបញ្ជាក់បន្ថែមទៀតថា ប្រទេសវៀតណាមកំពុងតែរៀបចំចាំទទួលដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយករដ្ឋមន្ត្រី ម្តងទៀតជាលើកទី៤ បន្ទាប់ពីជំនួបចុងក្រោយ ក្នុងឱកាសនៃការចូលរួម​ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញ៉ូវយ៉ក ព្រមទាំងបានរំឭកផងដែរ​អំពីលទ្ធផលសំខាន់ៗ នៃជំនួបពិភាក្សាជាមួយ ឯកឧត្តមប្រធានរដ្ឋវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង កន្លងទៅថ្មីៗនេះ ​ជាពិសេសការពិភាក្សាអំពីការចរចានៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ ​នឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ ។ជាលទ្ធផលនៃជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពវាយតម្លៃខ្ពស់​ចំពោះវឌ្ឍនភាពរីកចម្រើន​នៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិត ​ជាពិសេស​ ឯកឧត្តម នាយករដ្ឋមន្ត្រី​វៀតណាម បានបញ្ជាក់អំពីការគាំទ្រលើគំនិតផ្តួចផ្តើមរបស់​ សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ច​សហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក ។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនទៀត ដូចជា វិស័យ ការពារជាតិ, សន្តិសុខ, និងការអនុវត្តច្បាប់ ជាដើម ៕ 

សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីកូឡុំប៊ី អំពីតំបន់ហ្គាហ្សា ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងយោធាជិតស្និទ្ធជាមួយអ៊ីស្រាអែល

2023/10/20 07:38:16 pm        190
ក្រុមអ្នកវិភាគផ្នែកសន្តិសុខ បាននិយាយថា ការបង្កើនភាពតានតឹងរវាងប្រទេសកូឡុំប៊ី និងអ៊ីស្រាអែលជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា អាចកាត់ផ្តាច់ទំនាក់ទំនងយោធាជិតស្និទ្ធរវាងពួកគេជាច្រើនទសវត្សរ៍ និងរារាំងសមត្ថភាពរបស់ប្រទេសកូឡុំប៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងអ្នកជួញដូរគ្រឿងញៀន និងក្រុមឧទ្ទាម។អ៊ីស្រាអែល គឺជាអ្នកផ្គត់ផ្គង់យន្តហោះចម្បាំង ឧបករណ៍ឃ្លាំមើល និងកាំភ្លើងធំមួយរបស់កូឡុំប៊ី តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០មក។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ ក្រសួងការបរទេសរបស់ខ្លួន បានប្រកាសផ្អាកការនាំចេញផ្នែកការពារជាតិទៅកាន់ប្រទេសកូឡុំប៊ី បន្ទាប់ពីប្រធានាធិបតី Gustavo Petro បានបដិសេធមិនថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល និងបានប្រៀបធៀបសកម្មភាពរបស់អ៊ីស្រាអែលនៅហ្គាហ្សាទៅនឹងណាស៊ីអាល្លឺម៉ង់។ក្រុមអ្នកវិភាគនៅទីក្រុងបូហ្គោតា (Bogota) និយាយថា ការផ្អាកនេះ អាចប៉ះពាល់ដល់កិច្ចសន្យាជាច្រើន រួមទាំងកិច្ចព្រមព្រៀងចំនួន ៥លានដុល្លាររវាងក្រសួងការពារជាតិរបស់ប្រទេសកូឡុំប៊ី និងក្រុមហ៊ុនអ៊ីស្រាអែល IAI ដើម្បីថែទាំកងយន្តហោះចម្បាំង Kfir ដ៏ចាស់របស់ប្រទេសកូឡុំប៊ី។

FBI៖ កូរ៉េខាងជើងបានពង្រាយបុគ្គលិកITរាប់ពាន់នាក់ ដើម្បីទទួលបានការងារពីចម្ងាយនៅអាមេរិក ដោយប្រើអត្តសញ្ញាណក្លែងក្លាយ

2023/10/20 07:34:35 pm        148
មន្ត្រី FBI និងក្រសួងយុត្តិធម៌ បាននិយាយថា បុគ្គលិកផ្នែកបច្ចេកវិទ្យាព័ត៌មានរាប់ពាន់នាក់ ដែលជាប់កិច្ចសន្យាជាមួយក្រុមហ៊ុនអាមេរិក បានផ្ញើប្រាក់ឈ្នួលរាប់លានដុល្លារដោយសម្ងាត់ទៅឲ្យប្រទេសកូរ៉េខាងជើងសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីមីស៊ីលបាលិស្ទិករបស់ខ្លួន។ក្រសួងយុត្តិធម៌ បានឲ្យដឹងកាលពីថ្ងៃពុធថា បុគ្គលិកផ្នែក IT ដែលត្រូវបានបញ្ជូន និងចុះកិច្ចសន្យាដោយប្រទេសកូរ៉េខាងជើង ដើម្បីធ្វើការពីចម្ងាយជាមួយក្រុមហ៊ុននៅទីក្រុង St. Louis និងកន្លែងផ្សេងទៀតក្នុងសហរដ្ឋអាមេរិក បាននិងកំពុងប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយ ដើម្បីទទួលបានការងារ។ ក្រុមមេដឹកនាំ FBI បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង St. Louisថា ប្រាក់ដែលពួកគេរកបាន ត្រូវបានបញ្ជូនទៅផ្គត់ផ្គង់កម្មវិធីអាវុធរបស់ប្រទេសកូរ៉េខាងជើង។ អាជ្ញាធរសហព័ន្ធ បានប្រកាសពីការរឹបអូសយកប្រាក់១.៥លានដុល្លារ និងឈ្មោះដែន (domain)ចំនួន១៧ ដែលជាផ្នែកមួយនៃការស៊ើបអង្កេត ដែលកំពុងបន្ត។លោក Jay Greenberg ភ្នាក់ងារពិសេសទទួលបន្ទុកការិយាល័យ FBI នៅទីក្រុង St. Louis បាននិយាយថា ក្រុមហ៊ុនណាមួយដែលបានជួលបុគ្គលិកITឯករាជ្យ «ច្រើនជាង»បានជួលនរណាម្នាក់ ដែលចូលរួមក្នុងគម្រោងនេះដោយផ្ទាល់។ អ្នកនាំពាក្យ FBI បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិកូរ៉េខាងជើង បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុននានា នៅទូទាំងសហរដ្ឋអាមេរិក និងនៅក្នុងប្រទេសមួយចំនួនទៀត។

លោក Biden និយាយថា អាមេរិក នឹងមិនបណ្ដោយឲ្យក្រុមភេរវករហាម៉ាស និងលោក Putin ឈ្នះជាដាច់ខាត

2023/10/20 07:28:13 pm        246
លោកប្រធានាធិបតី Joe Biden បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិ ដើម្បីបកស្រាយពីមូលហេតុ ដែលអ៊ីស្រាអែល និងអ៊ុយក្រែន ត្រូវការកញ្ចប់ជំនួយគាំទ្រផ្នែកសេដ្ឋកិច្ចដ៏ចាំបាច់ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោកប្រធានាធិបតី បានស្នើ សភា អនុម័តកញ្ចប់ថវិកាប្រហែល ១៤ពាន់លានដុល្លារអាមេរិក សម្រាប់អ៊ីស្រាអែល និង ៦០ពាន់លានដុល្លារអាមេរិកផ្សេងទៀតសម្រាប់អ៊ុយក្រែន ដើម្បីជួយដល់ប្រទេសទាំង២ ទប់ទល់នឹងសង្គ្រាមដែលនៅតែបន្ត ។ សុន្ទរកថារបស់លោក Biden កើតឡើងបន្ទាប់ពីការវិលត្រឡប់មកពីដំណើរទស្សនកិច្ចទៅកាន់អ៊ីស្រាអែលដើម្បីបង្ហាញសាមគ្គីភាពជាមួយសម្ព័ន្ធមិត្ត។ក្នុងសុន្ទរកថារបស់លោក លោកប្រធានាធិបតីរូបនេះ បានភ្ជាប់ទៅនឹងជម្លោះក្នុងប្រទេសទាំង២ និងនិយាយថា ក្រុមហាម៉ាស និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin តំណាងឲ្យការគំរាមកំហែងតាមប្រភេទផ្សេងៗគ្នា ប៉ុន្តែពួកគេសុទ្ធតែជាប្រភពនៃការគំរាមដូចគ្នា។ លោកថា យើងមិនអាចបណ្ដោយឲ្យនយោបាយពោពេញដោយកំហឹង រារាំងដល់ការទទួលខុសត្រូវរបស់យើង ក្នុងនាមជាប្រទេសដ៏អស្ចារ្យនោះឡើយ ។ យើងមិនអាច ហើយក៏មិនបណ្ដោយឲ្យក្រុមភេរវករដូចជា ក្រុមហាម៉ាស និង របបព្រៃផ្សៃដូចជាលោក Putin ឈ្នះឡើយ ។ លោកនឹងមិនឲ្យមានរឿងបែបនោះកើតឡើងជាដាច់ខាត។ លោក Biden បានគូសបញ្ជាក់ថា ជំនួយទៅកាន់អ៊ីស្រាអែល នឹងជួយសម្រួចសមត្ថភាពយោធារបស់អ៊ីស្រាអែល កាន់តែខ្លាំង និងបំពេញថ្មសម្រាប់ប្រព័ន្ធការពារដែនអាកាស Iron Dome៕

យានចម្លងត្រូវបានធ្វើឱ្យប្រសើរឡើង សម្រាប់បេសកកម្មបាញ់បង្ហោះយានអវកាស Shenzhou-17

2023/10/20 07:12:11 pm        194
ក្រុមវិស្វករអវកាសចិនបាននិយាយថា យានចម្លងឈ្មោះ Long March-2F របស់ប្រទេសចិន បានឆ្លងកាត់ការធ្វើឱ្យប្រសើរឡើងនូវបច្ចេកទេសជាច្រើន ដើម្បីបង្កើនសុវត្ថិភាព និងភាពជឿជាក់របស់ខ្លួន នៅក្នុងបេសកកម្មបាញ់បង្ហោះយានអវកាស ស៊ិនចូវ-១៧ (Shenzhou-17)។ ទីភ្នាក់ងារអវកាសចិន (CMSA) បាននិយាយថា ការរួមបញ្ចូលគ្នានៃយានអវកាស ស៊ិនចូវ-១៧ និងយានចម្លង Long March-2F ត្រូវបានដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ជីវឈាន (Jiuquan) នៅភាគពាយ័ព្យប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ (១៩ តុលា) ហើយយានអវកាសនេះ នឹងត្រូវបានបាញ់បង្ហោះក្នុងពេលដ៏សមស្របមួយនៅពេលខាងមុខ។លោក ស៊ី យ៉ាវឈីញ (Shi Yaoqxin) វិស្វករនៃក្រុមបាញ់បង្ហោះរ៉ូកែត បាននិយាយថា ដោយផ្អែកលើបទពិសោធន៍នៃការបាញ់បង្ហោះមុនៗ រ៉ូកែត Long March-2F នេះ ត្រូវបានធ្វើឱ្យប្រសើរឡើង និងពិនិត្យបច្ចេកទេសយ៉ាងទូលំទូលាយសម្រាប់បេសកកម្មនេះ។ គ្រឿងបរិក្ខារ និងឧបករណ៍ នៅទីតាំងបាញ់បង្ហោះគឺស្ថិតក្នុងស្ថានភាពល្អប្រសើរ ហើយការត្រួតពិនិត្យមុខងារមុនការបាញ់បង្ហោះផ្សេងៗ និងការធ្វើតេស្តរួមគ្នា នឹងត្រូវបានអនុវត្តតាមការគ្រោងទុកផងដែរ៕

អ្នកគាំទ្រប៉ាឡេស្ទីននៅប្រទេសបារាំង និងអាល្លឺម៉ង់ និយាយថា ខ្លួនពិបាកក្នុងការបញ្ចេញមតិ

2023/10/20 06:55:43 pm        184
ខណៈដែលមនុស្សរាប់ម៉ឺននាក់ បានចេញតវ៉ាជុំវិញពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ដើម្បីគាំទ្រប៉ាឡេស្ទីន ការតវ៉ាបែបនោះទាំងអស់នៅក្នុងប្រទេសអាល្លឺម៉ង់ និងបារាំង ត្រូវបានហាមឃាត់។ ប្រទេសទាំងពីរ ដែលមានសហគមន៍ជ្វីហ្វ និងមូស្លីមដ៏ធំបំផុតរបស់សហភាពអឺរ៉ុប បានបង្ក្រាបក្រុមគាំទ្រប៉ាឡេស្ទីន ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារនៅព្រំដែនពីតំបន់ហ្កាហ្សា និងបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១.៤០០នាក់ កាលពីថ្ងៃទី៧ ខែតុលា មក។រដ្ឋាភិបាលប្រទេសទាំងពីរនិយាយថា ការទប់ស្កាត់នេះ គឺដើម្បីបញ្ឈប់បញ្ហាសណ្តាប់ធ្នាប់សាធារណៈ និងការពារការប្រឆាំងនឹងសាសនា ប៉ុន្តែក្រុមអ្នកគាំទ្រប៉ាឡេស្ទីននិយាយថា ពួកគេមានអារម្មណ៍ថាពិបាកក្នុងការបញ្ចេញមតិ ហើយត្រូវបានរារាំងពីការបង្ហាញជាសាធារណៈនូវការគាំទ្រ ឬការព្រួយបារម្ភ ចំពោះប្រជាជននៅក្នុងតំបន់ហ៊ុមព័ទ្ធ ហ្កាហ្សា ដែលក្រុមហាម៉ាស គ្រប់គ្រង ដោយមិនប្រថុយនឹងការចាប់ខ្លួន ការបណ្ដេញចេញពីការងារ ឬប៉ះពាល់ដល់ស្ថានភាពអន្តោប្រវេសន៍របស់ខ្លួននោះឡើយ។រដ្ឋាភិបាលបារាំង និងអាល្លឺម៉ង់ និយាយថា ពួកគេត្រូវការការពារសហគមន៍ជ្វីហ្វ ដោយសារមានកំណើនយ៉ាងខ្លាំងក្លានៃអំពើហឹង្សាប្រឆាំងសាសនា ចាប់តាំងពីការវាយប្រហារដោយក្រុមហាម៉ាស ដែលត្រូវបានចាត់ទុកថាជាក្រុមភេរវករ ដោយសហភាពអឺរ៉ុប និងប្រទេសមួយចំនួនមក។ ក្រុមសិទ្ធិមនុស្សនិយាយថា សហគមន៍ជ្វីហ្វ ត្រូវតែត្រូវបានការពារ ប៉ុន្តែពួកគេបារម្ភថា ការតវ៉ាស្របច្បាប់នានា ដែលពាក់ព័ន្ធនឹងបញ្ហាជម្លោះនេះ ត្រូវបានគេគាបសង្កត់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM