សម្តេចធិបតីរំពឹងថាក្នុងឆ្នាំ២០២៧ កម្ពុជានឹងអស់បញ្ហាអាក្រក់ មានតែសេចក្តីសុខ និងភាពរីកចម្រើន
សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ
សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកំពុងសហការយកចិត្តទុកដាក់ រុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជា

2023/09/27 08:48:11 pm        261
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈជំនួបជាមួយឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្របសម្រួល និង​សហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ​ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិ​អាមេរិកបាត់ខ្លួន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ​ចំពោះបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិ​អាមេរិកបាត់ខ្លួន (POW/MIA) រាជរដ្ឋាភិបាលកម្ពុជា ​បានយកចិត្តទុកដាក់ខ្ពស់ និងបានរៀបចំកែ​សម្រួលសមាសភាពនៃគណៈកម្មការ POW/MIA ក្នុងការសម្របសម្រួល និងសហការ​ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិ​អាមេរិកបាត់ខ្លួនឱ្យបានរហ័សទាន់ពេល​ និងជោគជ័យប្រកបដោយកាយវិការនៃការគោរព និងស្រឡាញ់ ​ចំពោះក្រុមគ្រួសារនៃយុទ្ធជនដែលបានបាត់ខ្លួន ។ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សា និង បន្តកិច្ចប្រតិបត្តិការ ​នៅក្នុងវិស័យផ្សេងទៀត ដែល​ប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់បំផុត។ ជាកិច្ចបញ្ចប់ សម្តេចធិបតី បានកោតសរសើរ ​និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ​ទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ​នាពេលកន្លងមក ។ ​ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងបន្តនូវកិច្ចសហប្រតិបត្តិជាមួយគ្នា ​ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សម្រាប់ជា​ឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ៕

កម្ពុជា-អាមេរិកឯកភាពពន្លឿននីតិវិធីចំពោះការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីអាមេរិកមកវិញ

2023/09/27 08:43:21 pm        266
ភ្នំពេញ៖ តាមរយៈជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ​នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ​២០២៣នេះ ​ភាគីទាំងពី បានឯកភាពពន្លឿននីតិវិធីចំពោះការធ្វើមាតុភូមិនិវត្តន៍​ពលរដ្ឋខ្មែរពីអាមេរិក មកកម្ពុជាវិញ។ជាកិច្ចចាប់ផ្តើមនៃជំនួបនេះសម្តេចធិបតី បានទទួលស្វាគមន៍ចំពោះ ​ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី និងបានជម្រាបពីលទ្ធផលល្អដែល ​សម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ទទួលបាន​ពី​ជំនួបទ្វេភាគីនានា នៅទីក្រុងញូយ៉ក, ជាពិសេស នាជំនួបទ្វេភាគីជាមួយ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទីសហរដ្ឋអាមេរិក។ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ, ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់ជំហាននៃនីតិវិធី ពោលគឺ៖ (១) ពន្លឿននីតិវិធីក្នុងការកំណត់​អត្តសញ្ញាណ និងការរៀបចំ​បញ្ជូន​ពលរដ្ឋខ្មែរ​ មកកម្ពុជា (២) ធ្វើ​សាមញ្ញកម្មនីតិវិធី នៅពេលបញ្ជូន និង (៣) រៀបចំផែនការសកម្មភាព​នៃការគាំទ្រ និងការធ្វី​សមាហរណកម្ម សម្រាប់ឱ្យពលរដ្ឋខ្មែរ ​អាចបន្ស៊ាំ និង​អាចធ្វើ​សមាហរណកម្មទៅក្នុង​សង្គម​កម្ពុជាវិញ សំដៅកសាងជីវិតថ្មីមួយ ឱ្យបានល្អសមស្រប នៅលើទឹកដីកម្ពុជា។ ក្រៅពីនេះ ​ភាគីទាំងពីរក៏បានពិភាក្សា ​និង បន្តកិច្ចប្រតិបត្តិការ នៅក្នុងវិស័យផ្សេងទៀត ដែល​ប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់បំផុត។ ជាកិច្ចបញ្ចប់ ​សម្តេចធិបតី បានកោតសរសើរ ​និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ​ទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ​នាពេលកន្លងមក ។ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តផងដែរ ក្នុង​បន្តនូវកិច្ចសហប្រតិបត្តិជាមួយគ្នា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍​នៃប្រទេសទាំងពីរ៕

រុស្ស៊ីពិចារណាការចូលរួមជាមួយចិន ក្នុងការហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុន

2023/09/27 07:49:05 pm        120
យោងតាមនិយតកររុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្សី កំពុងពិចារណាការចូលរួមជាមួយប្រទេសចិនក្នុងការហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុន បន្ទាប់ពីប្រទេសជប៉ុនបានបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលត្រូវបានបំផ្លាញ ចូលទៅក្នុងសមុទ្រ ហើយកំពុងស្វែងរកការពិភាក្សាជាមួយប្រទេសជប៉ុនលើបញ្ហានេះ ។ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកសំណល់ពីរោងចក្រនេះចូលទៅក្នុងមហាសមុទ្រកាលពីខែមុន ដោយធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន។ ជាការសងសឹក ប្រទេសចិន បានដាក់បម្រាមលើការនាំចូលផ្នែកជលផលទាំងអស់ពីប្រទេសជប៉ុន។អង្គការឃ្លាំមើលសុវត្ថិភាពចំណីអាហាររុស្ស៊ី រ៉ូសែលខូសស្នាស័រ(Rosselkhoznadzor) កាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនបានពិភាក្សាអំពីការនាំចេញអាហារជប៉ុនជាមួយសមភាគីចិន។ ប្រទេសរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ផលិតផលសមុទ្រដ៏ធំបំផុតមួយទៅកាន់ប្រទេសចិន ហើយកំពុងស្វែងរកការបង្កើនចំណែកទីផ្សាររបស់ខ្លួន។ អង្គការ Rosselkhoznadzor បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ដោយគិតពីហានិភ័យដែលអាចកើតមាននៃការបំពុលដោយសារធាតុវិទ្យុសកម្មនៃផលិតផលនេះ អង្គការRosselkhoznadzor កំពុងពិចារណាពីលទ្ធភាពនៃការចូលរួមជាមួយវិធានការរឹតត្បិតរបស់ប្រទេសចិនលើការផ្គត់ផ្គង់ផលិតផលត្រីពីប្រទេសជប៉ុន»។ ការសម្រេចចិត្តចុងក្រោយ នឹងត្រូវបានធ្វើឡើងបន្ទាប់ពីការចរចាជាមួយភាគីជប៉ុន។ និយតករបាននិយាយថា រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ រុស្ស៊ីបាននាំចូលអាហារសមុទ្រជប៉ុនចំនួន ១១៨ តោន។

លោក McCarthy និយាយថាលោក Biden ត្រូវតែរឹតបន្តឹងព្រំដែន ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល

2023/09/27 07:40:08 pm        151
ខណៈពេលវេលាផុតកំណត់ជិតមកដល់ដែលអាចបង្ខំឱ្យផ្នែកដ៏ធំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បិទទ្វារសភា និងព្រឹទ្ធសភា ហាក់ដូចជាស្ថិតឆ្ងាយក្នុងការតតាំងគ្នាលើការចំណាយដែលមានហានិភ័យខ្ពស់។ ប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy កំពុងព្យាយាមទប់ស្កាត់ការបះបោរដោយសមាជិកប្រកាន់តឹងរ៉ឹងនៃក្រុមផ្ទាល់របស់លោក ដែលបានអំពាវនាវដល់ប្រធានាធិបតីលោក Joe Biden ឲ្យព្រមព្រៀងលើការរឹតបន្តឹងព្រំដែនកាន់តែតឹងរ៉ឹង ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល ជាសំណើមិនទំនងជាអាចដោះស្រាយបាននោះទេនូវភាពជាប់គាំងជុំវិញការផ្តល់មូលនិធិរបស់រដ្ឋាភិបាល។នៅក្នុងព្រឹទ្ធសភា មេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក Chuck Schumer បាននិយាយថា សមាជិកព្រឹទ្ធសភាមួយក្រុម ជិតឈានដល់ការប្រកាសបណ្តោះអាសន្នច្បាប់ផ្តល់មូលនិធិ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលនៅថ្ងៃទី ១ ខែតុលា ហើយលោកបានរិះគន់ផែនការរបស់លោក McCarthy ក្នុងការជំរុញឆ្ពោះទៅមុខជាមួយនឹងសេចក្តីស្នើច្បាប់លើការចំណាយពេញមួយឆ្នាំចំនួន៤ ដែលឆ្លុះបញ្ចាំងពីអាទិភាពបែបអភិរក្សនិយម ហើយពុំមានឱកាសក្លាយជាច្បាប់នោះទេ។ សមាជិកសភាគណបក្សសាធារណរដ្ឋដ៏រឹងរុះ បានសម្តែងការប្រឆាំងចំពោះសេចក្តីស្នើច្បាប់របស់ព្រឹទ្ធសភា។ទន្ទឹមនឹងនេះលោក McCarthy រៀបចំជាស្រេចសេចក្តីស្នើច្បាប់ចំណាយបណ្តោះអាសន្ន ដែលនឹងចាប់ផ្តើមឡើងវិញការសាងសង់ជញ្ជាំងព្រំដែនអាមេរិក និងម៉ិកស៊ិក ជាគោលនយោបាយហត្ថលេខារបស់អតីតប្រធានាធិបតីលោក Donald Trump និងរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍ ដែលប្រាកដថានឹងត្រូវច្រានចោលដោយលោក Biden និងព្រឹទ្ធសភា។ ប្រសិនបើភាគីទាំងពីរ មិនបានឈានដល់កិច្ចព្រមព្រៀងមួយ បុគ្គលិកសហព័ន្ធរាប់សែននាក់នឹងត្រូវបានបញ្ឈប់ពីការងារ ហើយសេវាកម្មជាច្រើនចាប់ពីការចេញផ្សាយទិន្នន័យសេដ្ឋកិច្ច រហូតដល់អត្ថប្រយោជន៍អាហារូបត្ថម្ភ នឹងត្រូវបានផ្អាកចាប់ពីថ្ងៃអាទិត្យខាងមុខនេះ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តសម្រួចយុទ្ធសាស្រ្ត ឈានឆ្ពោះទៅឆាកអន្តរជាតិ

2023/09/27 07:31:56 pm        99
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការសម្រួច​យុទ្ធសាស្រ្តឈានឆ្ពោះទៅឆាកអន្តរជាតិ គឺជាទិសដៅចម្បង ដែលអគ្គនាយកដ្ឋាន​គោលនយោបាយ និងយុទ្ធសាស្រ្តត្រូវតែធ្វើឱ្យខានតែបានក្នុងពេលឆាប់ៗនេះ ដោយមានថ្នាក់ដឹកនាំជំនាញរបស់ក្រសួងរង់ចាំត្រួតពិនិត្យ និងតម្រង់ទិសលើយុទ្ធសាស្រ្តគោលទាំងនោះ។ ការថ្លែងនេះ ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការ នៃ​អគ្គនាយកដ្ឋានគោលនយោបាយ ​និងយុទ្ធសាស្រ្តនា នាព្រឹកថ្ងៃទី២៧ខែកញ្ញា ​ ឆ្នាំ ២០២៣ ស្ថិតនៅទីស្តីការក្រសួង ។នៅក្នុងឱកាសនោះឯកឧត្តមបានបន្តថា ក្រសួងត្រូវរៀចំផែនការសកម្មភាពផ្ទៃក្នុង ពិនិត្យផែនការ​សកម្មភាពខាងក្រៅ ​និងទាញយកឱកាសសម្រាប់កម្ពុជា​ឈានឆ្ពោះទៅភាពស្អាត ​បៃតង និងចីរភាព ដោយផ្អែកលើសម្មតភាពកម្ពុជា ​ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងបរិស្ថាន។ ក្រសួងផ្ទាល់មានធនធានមនុស្សជំនាញៗ ​ដែលមានសមត្ថភាពខ្ពស់ ដែលអាចធ្វើកិច្ចការបរិស្ថាន​នៅលើឆាកអន្តរជាតិ បង្ហាញស្នាដៃ ​កៀរគរ​ថវិកា​ពីគម្រោងនានា ដោយមិនឱ្យបាត់បង់​នៅ​ឯករាជ្យភាព អធិបតីភាព​ និងភាពជាម្ចាស់ឡើយ ។ថ្លែងផ្តាំផ្ញើនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញដល់នាយកដ្ឋានគោលនយោបាយ និង​យុទ្ធសាស្រ្ត ត្រូវចេះបំបែកនូវផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ហើយដាក់ចេញនូវផែនការ​សកម្មភាព ដែលឆ្លើយតបនឹងរដ្ឋាភិបាលផង ​និងឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋផង ។ គួរបញ្ជាក់ដែរថា ​ពីធីជួបសំណេះសំណាលខាងលើ ធ្វើឡើងដើម្បីកសាងចំណងទាក់ទង​ជិតស្និត​រវាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទ ​ដើម្បីសិក្សាស្វែងយល់ពីសមិទ្ធផលការងារ កន្លងមក និងផែនការយុទ្ធសាស្រ្តតាមនាយកដ្ឋាននិមួយៗ ​ដែលស្ថិតក្រោមចំណុះរបស់អគ្គនាយកដ្ឋាន​គោលនយោបាយ ​និងយុទ្ធសាស្រ្ត ដើម្បីរុញនាវា​បរិស្ថានកម្ពុជាឱ្យសម្រេចបាន​សុក្រឹតកម្ម​បរិស្ថានកិច្ច៕ អត្ថបទ៖ទូច សោភ័ណ

មេដឹកនាំចិន កូរ៉េខាងត្បូង និងជប៉ុន នឹងបើកកិច្ចប្រជុំកំពូលលើកដំបូង ចាប់តាំងពីឆ្នាំ២០១៩មក

2023/09/27 07:24:48 pm        92
ប្រទេសចិន និយាយកាលពីថ្ងៃអង្គារថា ខ្លួនបានព្រមព្រៀងជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដើម្បីបើកកិច្ចប្រជុំកំពូល រវាងមេដឹកនាំប្រទេសទាំងបីខណៈអាចធ្វើទៅបាន បន្ទាប់ពីជំនួបដ៏កម្ររវាងអ្នកការទូតជាន់ខ្ពស់ នៅក្នុងទីក្រុងសេអ៊ូល។កិច្ចពិភាក្សាបីភាគី ដែលត្រូវបានចូលរួមដោយអនុរដ្ឋមន្ត្រី និងឧបការីរដ្ឋមន្ត្រីមកពីប្រទេសទាំងបី ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដើម្បីបន្ធូរបន្ថយក្តីបារម្ភរបស់ទីក្រុងប៉េកាំងជុំវិញទំនាក់ទំនងសន្តិសុខស៊ីជម្រៅរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល។ ទីក្រុងប៉េកាំង បានចាត់ទុកវាថាជាកិច្ចពិភាក្សាស៊ីជម្រៅ លើការជំរុញស្ថិរភាពដោយការចាប់ផ្តើមជាថ្មីកិច្ចសហប្រតិបត្តិការ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Wang Wenbin បាននិយាយថា វាត្រូវបានយល់ស្របថាការអនុវត្តន៍កិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុន និងកូរ៉េខាងត្បូងស្ថិតក្នុងផលប្រយោជន៍រួមរបស់ភាគីទាំងបី។ លោក Wang និយាយថា ប្រទេសទាំងបី បានព្រមព្រៀងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយនឹងជំរុញការបើកកិច្ចប្រជុំមេដឹកនាំឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅពេលវេលាសមស្របណាមួយ ដល់ប្រទេសទាំងបី។ កិច្ចប្រជុំកំពូលបែបនេះចុងក្រោយ បានកើតឡើងនៅក្នុងឆ្នាំ២០១៩។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin បានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំងបីមានតួនាទីយ៉ាងសំខាន់មិនត្រឹមតែនៅក្នុងអាស៊ីឦសានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងសន្តិភាព ស្ថិរភាព វិបុលភាពរបស់ពិភពលោកផងដែរ។

កូរ៉េខាងជើងប្រាប់ UN ថា គ្មានជម្រើសក្រៅពីពន្លឿនការកសាងសមត្ថភាពស្វ័យការពាររបស់ខ្លួន

2023/09/27 07:20:13 pm        86
បេសកជនអង្គការសហប្រជាជាតិរបស់ប្រទេសកូរ៉េខាងជើង លោក Kim Song បានបន្ទោសសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង សម្រាប់ការបង្កើតស្ថានភាព ជាអ្វីដែលទីក្រុងព្យុងយ៉ាងត្រូវការបន្ទាន់ដើម្បីពន្លឿនបន្ថែមទៀតការបង្កើនសមត្ថភាពស្វ័យការពារ ខណៈលោកបានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ។ឯកអគ្គរដ្ឋទូតលោក Kim Song បានថ្លែងនៅថ្ងៃចុងក្រោយនៃការជួបប្រជុំមេដឹកនាំពិភពលោកនៅអង្គការសហប្រជាជាតិប្រចាំឆ្នាំថា ឆ្នាំ២០២៣នេះ ត្រូវបានកត់ត្រាថាជាឆ្នាំគ្រោះថ្នាក់ខ្លាំង។ ឧបទ្វីបកូរ៉េ ស្ថិតនៅក្នុងស្ថានភាពបង្កឡើងដោយអាវុធជាមួយគ្រោះថ្នាក់ដែលនឹងកើតមានឡើងនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។ លោក Kim បាននិយាយទៅកាន់មហាសន្និបាតមានសមាជិក១៩៣ប្រទេសថា ដោយត្រូវបានផ្តល់ឲ្យនូវកាលៈទេសៈសំខាន់ ប្រទេសកូរ៉េខាងជើងត្រូវការបន្ទាន់ដើម្បីពន្លឿនថែមទៀតការកសាងសមត្ថភាពស្វ័យការពារ ដើម្បីការពារខ្លួនដែលអាចទប់ទល់បាន។ ប្រទេសកូរ៉េខាងជើង បានសាកល្បង មីស៊ីលបាលីស្ទីករាប់សិបគ្រាប់ ក្នុងរយៈពេល១៨ខែកន្លងទៅនេះ។ សហរដ្ឋអាមេរិក បានព្រមានជាយូរមកហើយថាទីក្រុងព្យុងយ៉ាងត្រៀមរួចជាស្រេចដើម្បីអនុវត្តការសាកល្បងនុយក្លេអ៊ែរលើកទី៧។ ទីក្រុងព្យុងយ៉ាងនិយាយថា ខ្លួនកំពុងអនុវត្តសិទ្ធស្វ័យការពារជាមួយការសាកល្បងមីស៊ីលបាលីស្ទីកដើម្បីការពារដែនអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួនពីការគំរាមកំហែងដោយយោធា។ប្រទេសចិន និងរុស្ស៊ី និយាយថា សមយុទ្ធយោធារួមគ្នាធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបង្ករឿងដល់ទីក្រុងព្យុងយ៉ាង ខណៈទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់ទីក្រុងមូស្គូ និងប៉េកាំងពីការគាំទ្រប្រទេសកូរ៉េខាងជើងដោយការលាក់បាំងប្រទេសនេះពីទណ្ឌកម្មបន្ថែមទៀត។

ប្រធាសភាកាណាដា លាលែងពីតំណែងបន្ទាប់ពីការសរសើររបបណាស៊ីជាសាធារណៈ

2023/09/27 07:14:40 pm        78
ប្រធានសភាជាន់ទាបរបស់ប្រទេសកាណាដា កាលពីថ្ងៃអង្គារ បាននិយាយថាលោកនឹងលាលែងពីតំណែង រយៈប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានសរសើរអតីតទាហានរបបណាស៊ីជាសាធារណៈ នៅក្នុងសភា ក្នុងឧបទ្ទវហេតុមួយដែលរុស្ស៊ីនិយាយថា បានជួយបង្ហាញភាពត្រឹមត្រូវសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។លោក Anthony Rota បានប្រាប់សមាជិកសភាថាលោកបានធ្វើឲ្យមានកំហុសមួយ ដោយការអញ្ជើញអតីតយោធា លោក Yaroslav Hunka អាយុ៩៨ឆ្នាំ ឲ្យមកចូលរួមសម័យប្រជុំនៅក្នុងសភា ដែលផ្តល់កិត្តិយសដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃសុក្រ។ លោក Rota បានទទួលស្គាល់លោក Hunka ដោយចាត់ទុកលោកជាវីរបុរស។តំណែងរបស់ប្រធានសភាពុំអាចរក្សាបន្តទៅទៀតបាន បន្ទាប់ពីវាបានលេចឡើងថា លោក Hunka ទទួលការសាទរពីសភា ដែលបានបម្រើការនៅក្នុងអង្គភាព Waffen SS របស់លោក Adolf Hitler អំឡុងសង្គ្រាមលោកលើកទី២។រុស្ស៊ីបានចាត់ទុកឧបទ្ទវហេតុនេះថាជាការជ្រុលហួសហេតុ។ ព្រឹត្តិការណ៍ដែលបានបង្ហាញ ជំរុញដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលលោកបានបញ្ជូនទាហានរបស់លោកទៅកាន់អ៊ុយក្រែនកាលពីឆ្នាំមុន ដើម្បីធ្វើឲ្យប្រទេសនេះគ្មានយោធានិងរលំរលាយ ជាការចោទប្រកាន់មួយដែលទីក្រុងគីវ និងសម្ព័ន្ធមិត្តប្រទេសលោកខាងលិច និយាយថាគ្មានមូលដ្ឋាន។

កម្មករកាត់ដេររំពឹងខ្ពស់ពីការកើនឡើងប្រាក់ឈ្នួលអប្បបរមា ខណៈកិច្ចចរចា នឹងបិទបញ្ចប់ថ្ងៃស្អែកនេះ

2023/09/27 07:00:57 pm        237
ភ្នំពេញ៖ ក្រុមកម្មករ កម្មករិនីរោងចក្រកាត់ដេរ បានបង្ហាញទឹកមុខរីករាយ ចំពោះដំណឹងថា ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ ២០២៤ នឹងត្រូវដំឡើងបានថែមទៀត ខណៈក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួលអប្បបរមា​ នឹងបិទបញ្ចប់កិច្ចប្រជុំ​ចរចា​នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ។ក្រុមកម្មកររោងចក្រកាត់​សំលៀកបំពាក់ សៅឡេន ​ស្ថិតនៅតំបន់វេងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​បានប្រាប់តាមរយៈបទសម្ភាស​ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ ​ស្រដៀងគ្នាថា ​ប្រាក់ឈ្នួលអប្បបរមាថ្មី​សម្រាប់ឆ្នាំ​ក្រោយ​នេះ ​ទោះបីជាមិន​អាច​ដំឡើងបានសមបំណង ​ឬច្រើនដូចឆ្នាំ​កន្លងទៅក្តី ​ប៉ុន្តែអាច​និយាយបានថា ពិតជា​អស្ចារ្យ​ណាស់​ជាពិសេសក្នុងពេលដែលសកលលោកកំពុងជួបប្រទះបញ្ហាវិបត្តិសេដ្ឋកិច្ច ហើយកម្ពុជា​នៅតែអាចបន្តដំឡើងប្រាក់​ឈ្នួលដល់កម្មករ។កម្មករ​កម្មករិនី​សង្ឃឹម​ទៀតថា ​តាមរយៈការដឹកនាំដោយសម្ដេចធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា អាណត្តិទី៧នេះ នឹងជួយឲ្យកម្មករទាំងអស់ ​មានការងារធ្វើច្រើន ប្រាក់​ខែខ្ពស់ និងការរស់នៅប្រកបដោយភាព​សម្បូរ​សប្បាយ​ក្រោមម្លប់​សន្តិភាពទៅមុខបន្តទៀត។លទ្ធផលចុងក្រោយនៃកិច្ចប្រជុំ​ចរចា​ប្រាក់ឈ្នួល​អប្បបរ​មាកម្មករ​និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង​ និងផលិតផលិតផលធ្វើដំណើរ និងកាបូប ​កាលពីថ្ងៃទី១៨ ខែកញ្ញា ​ឆ្នាំ២០២៣ ភាគីសហជីព​បាន​កំណត់តួលេខ២ផ្សេងគ្នា​ គឺ​ចំនួន ២០៤ ​ដុល្លារ​ និង២១៣ដុល្លារ ដើម្បីស្នើសុំ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​និយោជិតសម្រាប់ឆ្នាំ២០២៤​ ខណៈភាគី​និយោជកកំណត់ ២០១,៥ដុល្លារ​ និង​ភាគី​រដ្ឋាភិបាល ​កំណត់​តួលេខចំនួន ​២០២ដុល្លារ។ សូមបញ្ជាក់ថា​ គិតក្នុងឆ្នាំ២០២៣នេះ ​កម្មករនិយោជិត​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ២០០ដុល្លារ​ ក្នុង១ខែៗ៕អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋមន្ត្រីកសិកម្ម ទទួលជួបក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី

2023/09/27 06:52:18 pm        112
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាគ្នាក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករនៅកម្ពុជា និងការងារមួយចំនួនពាក់ព័ន្ធផ្សេងទៀត។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍រាល់កម្មវិធីវិនិយោគ និងគម្រោងអភិវឌ្ឍន៍ដែលផ្តល់ប្រយោជន៍ និងលើកកម្ពស់ជីវភាពប្រជាកសិករ​ឱ្យមានភាព​ប្រសើរឡើង និងដើម្បីកម្ពុជា​សម្រេចបាននូវគោលដៅក្លាយជាប្រទេស​ដែលមានចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់ថា ការងារមន្ទីរពិសោធន៍ជាតិ គឺជាផ្នែកចាំបាច់មួយក្នុង​ការត្រួត​ពិនិត្យផលិតផលកសិកម្ម ដើម្បីធានាឱ្យបាននូវសុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រង​នូវជំងឺឆ្លងផ្សេងៗ។ ​វាមានសារសំខាន់ និងជាជំហានដែលត្រូវចាប់ផ្តើម ក្នុងការកសាងហេដ្ឋា​រចនាសម្ព័ន្ធ អគារពិសោធន៍ ដែលតម្រូវឱ្យមានការគៀងគរលទ្ធភាព ដើម្បីសម្រេចការងារនេះ ហើយក្រសួងស្វាគមន៍នូវរាល់ដៃគូរអភិវឌ្ឍន៍ដែលចង់ចូលរួមលើការកសាងអគារនេះ។ចំពោះគម្រោង One Health ​ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការពិនិត្យ និងយកចិត្តទុកដាក់លើ​ច្បាប់​គោលនយោបាយ ​និងគោលការណ៍ណែនាំនានាឱ្យបានច្បាស់លាស់​ ត្រូវមានភាពម្ចាស់ការ ព្រមទាំងសិក្សាពីតម្រូវការក្រុមគោលដៅ ​ដើម្បីប្រើប្រាស់ថវិកាឱ្យចំទិសដៅ ​មានប្រសិទ្ធភាពការងារ និងផ្ដល់ផលប្រយោជន៍ពិតដល់កសិករ​ បង្កើនចំណូល ​មានចំណេញ មានប្រសិទ្ធភាព​និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ តាមក្រសួងកសិកម្ម ​ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី ​បានណែនាំឱ្យមានការចូលរួម និង​សហការគ្នាល្អ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីការងារសម្រេចបានជោគជ័យល្អប្រសើរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមប្រឆាំងឥណ្ឌា តវ៉ាប្រឆាំង​វិធានការរបស់នគរបាល​លើសមាជិកសភា និងជំរុញ​ឱ្យប្រមុខ​បោះឆ្នោតចុះ​ពីតំណែង
10/08/2026 07:10 PM
ទីក្រុង Liege របស់បែលហ្ស៊ិក ហាមជួបជុំគ្នាតាមដងផ្លូវលើសពី ៣នាក់ ស្រប​ពេលមានការតវ៉ារបស់សិស្ស-និស្សិត
10/08/2026 07:10 PM
ប្រធានាធិបតីហ្វីលីពីន៖ ការចរចាលើក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង កំពុងមាន «វឌ្ឍនភាពល្អ»
10/08/2026 07:10 PM
សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា ​«ពិនិត្យមើលបញ្ហាជាតិនិយម និងលាតត្រដាងបញ្ហាសំខាន់ៗដែលមិនអាចដោះស្រាយបាន ហើយក៏មិនអាចគេចផុតបាន»
10/08/2026 06:10 PM
CNN, MS NOW និង Politico នឹងស្នើឱ្យចៅក្រមរារាំងការហាមឃាត់របស់សេតវិមានរយៈពេលវែង
10/08/2026 06:10 PM
មន្ត្រី៖ ការវាយប្រហារដោយ​រុស្ស៊ីចំ​​រថយន្តក្រុង សម្លាប់មនុស្ស ៣៣នាក់ ខណៈប្រតិបត្តិការ​លើអ៊ុយក្រែន កើនឡើង
10/08/2026 06:10 PM
ការបិទផ្លូវសាលារៀន នៅបារាំង នៅតែបន្តមាន​ ក្រោយ​នាយករដ្ឋមន្ត្រីផ្ដល់​ការ​សន្យាមិន​ច្បាស់លាស់​
10/08/2026 06:10 PM
ទូរទស្សន៍៖ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងកិច្ចចរចាអ៊ីរ៉ង់-អាមេរិក ឈានដល់ភាពជាប់គាំង
10/08/2026 06:10 PM
បេក្ខជនជាប់ប្រមុងការប្រឡងគ្រូបឋមកាលពីឆ្នាំមុន បន្តទទួលបានឱកាសចាប់ប៉ុស្តិ៍បង្រៀននៅឆ្នាំសិក្សាថ្មី
10/08/2026 05:10 PM
ពេទ្យរដ្ឋ ពង្រឹងសមត្ថភាពវិនិច្ឆ័យជំងឺ ទប់ស្កាត់ជំងឺធ្ងន់ លើកកម្ពស់សុខភាពពលរដ្ឋតាមចក្ខុវិស័យរដ្ឋាភិបាល
10/08/2026 05:10 PM