កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
អ្នកនាំពាក្យ៖ ទីបំផុតលោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ពិតជាបាននិយាយការពារថៃ និង​មួលបង្កាច់កម្ពុជា
កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
សម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣

នយោបាយ​ និង ការអភិវឌ្ឍន៍

គូប្រជែងបក្សសាធារណរដ្ឋចោទដាក់គ្នា ក្នុងការជជែកដេញដោយឆ្នាំ២០២៤ លើកដំបូង ដោយគ្មានវត្តមានលោក ដូណាល់ ត្រាំ

2023/08/24 09:38:51 pm        162
អាមេរិក៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋចំនួន៨រូប បានចោទដាក់នូវបញ្ហាជាច្រើនចាប់ពីបញ្ហាសេដ្ឋកិច្ច រហូតដល់បញ្ហាអាកាសធាតុ និងបញ្ហានៅប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ (២៣ សីហា) ក្នុងការប្រកួតប្រជែងសម្រាប់តំណែងបេក្ខជនប្រធានាធិបតី ដោយមិនមានវត្តមានរបស់លោក ដូណាល់ ត្រាំ ក្នុងការជជែកដេញដោលលើកដំបូងនៃឆ្នាំ២០២៤។ជជែកដេញដោលបឋមដំបូងនៃយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ បានបិទបញ្ចប់នៅទីក្រុង Milwaukee សហរដ្ឋអាមេរិក។ បេក្ខជនប្រធានាធិបតីទាំងប្រាំបីរូប កំពុងព្យាយាមបកស្រាយគុណសម្បត្តិរបស់ពួកគេ ថាហេតុអ្វីបានជាពួកគេជាជម្រើស ដែលអាចទទួលបានជោគជ័យបំផុតទល់នឹងបេក្ខជនជួរមុខលោក ដូណាល់ ត្រាំ។ ការជជែកដេញដោលគ្នានេះ បានធ្វើឡើងនៅចំពោះមុខហ្វូងមនុស្សប្រហែល៤.០០០នាក់នៅវេទិកា Fiserv ក្នុងទីក្រុង Milwaukee។ដោយគ្មានវត្តមានលោក ត្រាំ គូប្រជែងរបស់លោក បានវិះគន់គ្នាទៅវិញទៅមក ហើយក៏បានវាយប្រហារលោកប្រធានាធិបតី ចូ បៃដិន ផងដែរ ដើម្បីព្យាយាមលេចចេញជាជម្រើសបេក្ខជនដែលអាចទទួលបានជោគជ័យបំផុត នៅរយៈពេលប្រាំខែមុនពេលការប្រកួតជ្រើសរើសបេក្ខជនប្រធានាធិបតីនៅរដ្ឋ Iowa និង រយៈពេលជាង១៤ខែមុនការបោះឆ្នោត។គួររម្លឹកផងដែរថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៤ករណីដាច់ដោយឡែកពីគ្នា ហើយការជជែកដេញដោលនៅយប់នេះ បានកើតឡើងនៅមុនថ្ងៃនៃការចូលខ្លួនដែលរំពឹងទុករបស់លោកនៅក្នុងសំណុំរឿងព្យាយាមបង្វែរលទ្ធផលការបោះឆ្នោតរដ្ឋ Georgia ឆ្នាំ២០២០៕

គូប្រជែងខាងគណបក្សសាធារណរដ្ឋភាគច្រើន និយាយថានឹងគាំទ្រលោក ដូណាល់ ត្រាំ ជាបេក្ខភាពប្រធានាធិបតី

2023/08/24 09:36:00 pm        167
អាមេរិក៖ កាលពីថ្ងៃពុធ (២៣សីហា) បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋចំនួន៦រូប ក្នុងចំណោម៨រូប នៅក្នុងការជជែកដេញដោលលើកដំបូងនៅឆ្នាំ២០២៤ របស់គណបក្សរបស់ពួកគេ បានបង្ហាញថាពួកគេនឹងគាំទ្រអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីឆ្នាំ២០២៤ ទោះបីជាលោកត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋក៏ដោយ។ លោក ត្រាំ ដែលមិនបានចូលរួមការជជែកដេញដោលមួយនោះ បានត្រឹមតែព្យាយាមពង្រឹងការនាំមុខរបស់ខ្លួនក្នុងចំណោមអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋក្នុងការស្ទង់មតិ ទោះបីជាប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌចំនួន៤កេណីដាច់ដោយឡែកពីគ្នាក៏ដោយ។អតីតអនុប្រធានាធិបតី លោក Mike Pence អភិបាលរដ្ឋហ្វ្លរីដា លោក Ron DeSantis អតីតអភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley សមាជិកព្រឹទ្ធសភាអាមេរិក លោក Tim Scott សហគ្រិនបច្ចេកវិទ្យា លោក Vivek Ramaswamy និងអភិបាលរដ្ឋ North Dakota លោក Doug Burgum ទាំងអស់ បានលើកដៃឡើងគាំទ្រលោក ត្រាំ។មានតែអតីតអភិបាលរដ្ឋ New Jersey លោក Chris Christie និងអតីតអភិបាលរដ្ឋ Arkansas លោក Asa Hutchinson ប៉ុណ្ណោះ ដែលបានវាយប្រហារលើកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការព្យាយាមបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ និងបានបដិសេធមិនលើកដៃនៅពេលសាកសួរនៅលើប្រព័ន្ធផ្សព្វផ្សាយ Fox News ថា តើពួកគេនឹងគាំទ្រលោក ត្រាំ ដែលត្រូវបានកាត់ទោសនោះដែរឬទេ៕

ក្រុមហ៊ុនថាមពលនៅប្រទេសន័រវែស បើកកសិដ្ឋានខ្យល់បណ្តែតទឹកធំបំផុតក្នុងពិភពលោក

2023/08/24 09:29:55 pm        156
ន័រវែស៖ ក្រុមហ៊ុនថាមពលន័រវែស ឈ្មោះ អេឃ្វីន័រ (Equinor) និងដៃគូរបស់ខ្លួន បានសម្ពោធកសិដ្ឋានខ្យល់បណ្តែតទឹកដ៏ធំបំផុតក្នុងពិភពលោកកាលពីថ្ងៃពុធ (២៣ សីហា) ដែលទិន្នផលពីកសិដ្ឋាននេះ នឹងផ្គត់ផ្គង់បណ្ដាញប្រេង និងឧស្ម័ននៅក្បែរនោះ ព្រមទាំងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ។កសិដ្ឋានខ្យល់ Hywind Tampen ដែលក្រុមហ៊ុន អេឃ្វីន័រ កំពុងចាប់ដៃគូជាមួយក្រុមហ៊ុនប្រេងផ្សេងទៀត រួមមានក្រុមហ៊ុន OMV និងក្រុមហ៊ុនVaar Energi ដែលភាគច្រើនគ្រប់គ្រងដោយសម្ព័ន្ធ ENI បានចាប់ផ្តើមផលិតថាមពលនៅក្នុងខែវិច្ឆិកាឆ្នាំមុន ជាមួយនឹងទិន្នផលពេញលេញបានឈានដល់ដើមខែនេះផងដែរ។កសិដ្ឋានខ្យល់នេះ ត្រូវបានគេរំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ដល់ទៅ២០០.០០០តោនក្នុងមួយឆ្នាំ ឬស្មើនឹង០,៤% នៃការបំភាយឧស្ម័នកាបូនឌីអុកស៊ីត សរុបរបស់ប្រទេសន័រវេសក្នុងឆ្នាំ២០២២។ អ្នកបរិស្ថានខ្លះនិយាយថា វិធានការនេះគឺមានភាពវិជ្ជមាន ដោយសារវាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត របស់ប្រទេស ខណៈអ្នកផ្សេងទៀតនិយាយថា ប្រទេសន័រវេស គួរតែបញ្ឈប់ការផលិតប្រេង និងឧស្ម័នជំនួសវិញ ដើម្បីការពារបរិស្ថាន៕

ក្រុមអ្នកស្រុកនៅភាគខាងត្បូងប្រទេសស៊ីរី ឆ្មក់ចូលការិយាល័យគណបក្សកាន់អំណាច បិទផ្លូវ ខណៈដែលការតវ៉ាជុំវិញវិបត្តិសេដ្ឋកិច្ចកាន់តែខ្លាំងឡើង

2023/08/24 09:08:23 pm        155
ស៊ីរី៖ ក្រុមបាតុករខឹងសម្បា បានឆ្មក់ចូលការិយាល័យក្នុងតំបន់របស់គណបក្ស Baath ដែលកំពុងកាន់អំណាចនៅខេត្តភាគខាងត្បូងប្រទេសស៊ីរី កាលពីថ្ងៃពុធ ខណៈដែលការតវ៉ាកាន់តែខ្លាំងឡើងប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រទេសក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្ងន់ធ្ងរដែលកំពុងវាយលុកប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។ក្រុមសកម្មជនប្រឆាំង បាននិយាយថា ក្រុមអ្នកតវ៉ា ក៏បានបិទផ្លូវមួយផ្នែកផងដែរ ដែលតភ្ជាប់ពីខេត្តស្វេដា (Sweida)ភាគច្រើនកាន់និកាយឌ្រូស(Druze) ទៅកាន់រដ្ឋធានីដាម៉ាស នៅក្នុងការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលដែលបានផ្ទុះឡើងកាលពីយប់ថ្ងៃអង្គារ។បាតុកម្មត្រូវបានបង្កឡើងដោយស្ថានភាពរស់នៅកាន់តែអាក្រក់ និងអតិផរណា ដែលបានកើនឡើង បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតី លោកបាសា អាសាដ(Bashar Assad) កាលពីសប្តាហ៍មុន ក្នុងការបង្កើនប្រាក់ឈ្នួល និងប្រាក់សោធនក្នុងវិស័យសាធារណៈទ្វេដង។បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសស៊ីរី បានព្រមានថា សេដ្ឋកិច្ចដែលដួលរលំរបស់ប្រទេសនេះ នឹងកាន់តែអាក្រក់ទៅៗ ដរាបណាជម្លោះជាង១២ឆ្នាំនៅតែបន្ត ហើយដំណោះស្រាយនយោបាយ នៅតែត្រូវបានរារាំងនោះ។

កងទ័ព៖ជនជាតិស៊ីរី៧០០នាក់ ត្រូវបានចាប់ខ្លួន នៅពេលដែលព្យាយាមចូលប្រទេសលីបង់កាលពីសប្តាហ៍មុន

2023/08/24 08:43:02 pm        146
លីបង់៖ ទីបញ្ជាការកងទ័ពលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា កងទ័ពលីបង់កាលពីសប្តាហ៍មុន បានរារាំងជនជាតិស៊ីរីប្រហែល៧០០ មិនឲ្យចូលទៅក្នុងប្រទេសលីបង់ ដោយខុសច្បាប់។ទីបញ្ជាការនោះ បានដឹងទៀតថា ជនជាតិស៊ីរីទាំងនោះ ត្រូវបានស្ទាក់ចាប់នៅព្រំដែនលីបង់-ស៊ីរី តាមកាលបរិច្ឆេទផ្សេងៗគ្នា ក្នុងសប្តាហ៍  មុន។កងកម្លាំងសន្តិសុខលីបង់ បាននិងកំពុងព្យាយាមបង្ក្រាបការរត់ពន្ធមនុស្សនៅតំបន់ព្រំដែនជាមួយប្រទេសស៊ីរី ខណៈដែលរដ្ឋាភិបាល កំពុងប្រឈមមុខនឹងសម្ពាធក្នុងស្រុកលើលំហូរនៃជនភៀសខ្លួនស៊ីរី។ដោយមានជនភៀសខ្លួនស៊ីរីប្រមាណ១,៥លាននាក់ ដែលរស់នៅក្នុងព្រំដែនរបស់ខ្លួន ប្រទេសលីបង់   ទទួលបន្ទុកនៃការផ្តល់ការស្នាក់នៅដល់ជនភៀសខ្លួនដ៏ច្រើនបំផុតក្នុងមនុស្សម្នាក់ៗ។ វត្តមានដ៏ធំនៃជនភៀសខ្លួនស៊ីរី បានធ្វើឲ្យមានភាពតានតឹងលើធនធានរបស់ប្រទេសលីបង់ និងបង្កើតឲ្យមានការមិនសប្បាយចិត្តដ៏ទូលំទូលាយ ក្នុងចំណោមពលរដ្ឋរបស់ខ្លួន៕

រលកកម្ដៅរបស់បារាំង ធ្វើឱ្យអ្នកឡើងភ្នំ ម៉ុងប្លង់ (Mont-Blanc) មានហានិភ័យខ្ពស់

2023/08/24 08:27:41 pm        160
បារាំង៖ ក្រុមអ្នកជួយសង្គ្រោះ និងអ្នកឡើងភ្នំបាននិយាយកាលពីថ្ងៃពុធ (២៣ សីហា) ថា កំណើនសីតុណ្ហភាពរបស់អឺរ៉ុប ក៏កំពុងវាយប្រហារដល់កំពូលភ្នំខ្ពស់បំផុតក្នុងតំបន់ផងដែរ គឺភ្នំ Mont Blanc ជាមួយនឹងហានិភ័យខ្ពស់នៃការធ្លាក់ផ្ទាំងថ្ម និងស្នាមប្រេះថ្មីបើកនៅលើផ្ទាំងទឹកកករបស់ភ្នំនេះ។ ប្រទេសបារាំង បានប្រកាសអាសន្នពណ៌ក្រហមកាលពីថ្ងៃពុធ (២៣ សីហា) នៅពេលដែលទែម៉ូម៉ែត្រនៅទីក្រុង Ganges ( កងហ្ស៍) ភាគខាងត្បូង បានឡើងដល់កម្រិត៤១អង្សាសេ ខណៈដែលឱសថការីក្នុងតំបន់បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា សីតុណ្ហភាពបានឡើងដល់កម្រិត៤២អង្សារសេនៅមុននោះបន្តិច។ក្រុមអាជ្ញាធរបានពង្រីកការប្រកាសអាសន្នអំពីរលកកម្តៅសម្រាប់ភាគខាងត្បូងកាលពីថ្ងៃអង្គារ ហើយក្រុមមន្ត្រីបានជំរុញឱ្យអ្នកឡើងភ្នំមួយចំនួនពន្យារពេលសកម្មភាពរបស់ពួកគេ ខណៈដែលអ្នករើសផ្លែទំពាំងបាយជូរត្រូវបានណែនាំឱ្យចាប់ផ្តើម និងបញ្ចប់ការងាររបស់ពួកគេនៅពេលព្រឹក ដើម្បីជៀសវាងការប៉ះពាល់ពីរលកកម្ដៅដ៏ខ្លាំងនេះ៕

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិនិត្យឡើងវិញនូវវត្តមានយោធាបរទេស នៅក្នុងប្រទេសស៊ីរី

2023/08/24 08:24:55 pm        142
ស៊ីរី៖ វត្តមានយោធាបរទេសនៅក្នុងប្រទេសស៊ីរី និងស្ថានភាពផ្លាស់ទីលំនៅដែលកំពុងបន្តអស់រយៈពេលជាង១២ឆ្នាំ បន្ទាប់ពីការចាប់ផ្តើមនៃជម្លោះស៊ីរី គឺជាប្រធានបទនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ (២៣ សីហា)។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Linda Thomas-Greenfield បានទម្លាក់កំហុសលើប្រទេសរុស្ស៊ី ចំពោះការពន្យារពេលដំណើរការនៃគណៈកម្មាធិការធម្មនុញ្ញ ដែលកំពុងស្វែងរកការព្រាងរដ្ឋធម្មនុញ្ញថ្មីដែលនាំទៅដល់ការបោះឆ្នោត។ខណៈពេលដែលតំណាងរបស់អ៊ីរ៉ង់ លោក Amir Saied Iravani បាននិយាយថា ប្រទេសរបស់លោកបានថ្កោលទោសការឈ្លានពានលើអធិបតេយ្យភាពរបស់ប្រទេសស៊ីរី ពីសំណាក់អ៊ីស្រាអែល ទើបតែសប្តាហ៍នេះ អ៊ីស្រាអែល និងរុស្ស៊ីបានរាយការណ៍ពីការវាយប្រហារនៅក្នុងទឹកដីស៊ីរី ដែលបានសម្លាប់មនុស្សយ៉ាងតិច១៨នាក់ ក្នុងប្រតិបត្តិការពីរផ្សេងគ្នា។កាលពីខែមុន ការផ្តល់ជំនួយដល់ស៊ីរី បានក្លាយជាសំណួរនៅពេលដែលមហាអំណាចលោកខាងលិច និងសម្ព័ន្ធមិត្តសំខាន់របស់រដ្ឋាភិបាលស៊ីរី គឺប្រទេសរុស្ស៊ី បានបរាជ័យក្នុងការយល់ព្រមលើការបន្តអាណត្តិក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ប្រតិបត្តិការនេះ។នៅដើមខែសីហានេះ អង្គការសហប្រជាជាតិបាននិយាយថា ខ្លួននឹងបន្តការបញ្ជូនជំនួយទៅកាន់ប្រទេសស៊ីរីភាគពាយ័ព្យ ដែលគ្រប់គ្រងដោយពួកឧទ្ទាម តាមរយៈច្រកឆ្លងកាត់ដែលជាខ្សែជីវិតសម្រាប់តំបន់នេះ បន្ទាប់ពីបុគ្គលិកជំនួយបាននិយាយថា ទីក្រុង Damascus ហាក់ដូចជាបន្ធូរបន្ថយលក្ខខណ្ឌដែលនាំឱ្យមានការផ្អាកជំនួយរយៈពេលមួយសប្តាហ៍នោះ៕

មនុស្ស៥នាក់បានស្លាប់ ក្នុងចំហេះព្រៃនៅប្រទេសប៉េរូ និងបូលីវី

2023/08/24 08:02:12 pm        171
បូលីវី៖ ចំហេះព្រៃដ៏កាចសាហាវ បាននិងកំពុងរីករាលដាលនៅក្នុងប្រទេសបូលីវី និងប្រទេសប៉េរូ ដែលប៉ះពាល់ដល់អ្នករស់នៅក្នុងប្រទេសទាំងពីរ ដោយមានអ្នកស្លាប់យ៉ាងហោចណាស់៥នាក់ ត្រូវបានរាយការណ៍នៅក្នុងប្រទេសប៉េរូ។ នៅតំបន់ Cochabamba និងតំបន់ La Paz ចំហេះបានដុតបំផ្លាញរុក្ខជាតិ និងសត្វព្រៃដែលជិតផុតពូជជាច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ អនុរដ្ឋមន្ត្រីការពារជនស៊ីវិលប្រទេសបូលីវី លោក Juan Carlos Calvimontes (វ៉ាន់ កាឡូស ខាលវីម៉ូនតេ) បានរាយការណ៍ថា តំបន់បេនី (Beni) គឺជាតំបន់ដែលមានចំហេះព្រៃច្រើនជាងគេ។យោងតាមលោក Calvimontes បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធជាង៥០០នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយចំហេះនេះផងដែរ។ ទន្ទឹមនឹងនេះដែរ ប្រទេសប៉េរូ ប្រឈមមុខនឹងការលំបាកស្រដៀងគ្នានេះ ខណៈដែលភ្លើងបានឆាបឆេះតំបន់ Apurimac ដែលមនុស្សប្រាំនាក់បានស្លាប់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ផ្ទៃដីយ៉ាងហោចណាស់២០០ហិចតាត្រូវបានបំផ្លាញដោយចំហេះព្រៃនេះផងដែរ៕

និស្សិតកសិកម្មថា នឹងនាំគ្នាប្រឡងចូលបម្រើការបច្ចេកទេសកសិកម្មតាមឃុំសង្កាត់

2023/08/24 08:00:21 pm        2573
ភ្នំពេញ៖ ខណៈរាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រកាសជ្រើសរើសមន្ត្រីក្របខណ្ឌបច្ចេកទេសកសិកម្ម ដាក់ពង្រាយតាមបណ្តាឃុំសង្កាត់​នានា​ទូទាំងប្រទេស នៅពេលនេះ បណ្តានិស្សិតនានាកំពុងសិក្សា និងខ្លះកំពុងហាត់ការជំនាញ​កសិកម្មខ្លួន​តាមឃុំសង្កាត់ស្រាប់ ​គឺបានសម្តែងរីករាយខ្លាំង ហើយបានត្រៀម​ខ្លួនដាក់ពាក្យ​ប្រឡងចូលក្របខ័ណ្ឌ និងស្ម័គ្រចិត្តចូលបម្រើការងារបច្ចេកទេសកសិកម្ម​នៅតាមឃុំសង្កាត់នានា។បើតាមបណា្តនិស្សិតនៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ​បានថ្លែងប្រាប់ BTV​ នៅថ្ងៃទី២៤ ខែសីហានេះថា​ ការអនុវត្តគោល​នយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុង​អាណត្តិ៧នេះ លើការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅតាមឃុំសង្កាត់នេះ ​គឺជាឱកាសដ៏ល្អខ្លាំងបំផុត និងជំរុញទឹកចិត្តនិស្សិតទាំងអស់នាំគ្នាខំប្រឹងរៀន ត្រៀមប្រឡងចូលក្របខណ្ឌមន្ត្រីបច្ចេកទេស​កសិកម្មទៅបម្រើការនៅតាមឃុំសង្កាត់។បើតាមប្រជាកសិករប្រកបរបរបណ្តុះកូនរុក្ខជាតិនៅសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងថា បច្ចុប្បន្ន​ ការប្រកបរបរដាំដំណាំ ​បណ្តុះកូនឈើលក់នេះ ​គឺនៅមានកម្រិត និងចេះដាំ​តៗគ្នា និងមិនមានបច្ចេកទេសដាំបង្កាត់ពូជណានោះទេ ហើយបើមានមន្ត្រីបច្ចេកទេស​កសិកម្មមកដឹកនាំដាំ នឹងជំរុញវិស័យកសិកម្មនៅកម្ពុជាបន្តការរីកចម្រើន។លោក ម៉ៅ មីនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម បានថ្លែងថា បច្ចុប្បន្នខាងនាយកដ្ឋានបុគ្គលិកក្រសួងកសិកម្មកំពុង​សហការ​ជាមួយ​ក្រសួងមុខងារសាធារណៈ ដើម្បីរៀបចំជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្ម ​១៦០០នាក់ ដើម្បី​ដាក់ពង្រាយ នៅតាមឃុំសង្កាត់ នៅក្នុងឆ្នាំ២០២៤នេះ ​ខណៈបច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់​នេសាទ បាននិងកំពុងរៀបចំសាកល្បង ដាក់ពង្រាយមន្ត្រីជាប់កិច្ចសន្យា​ធ្វើការ​ផ្នែកបច្ចេក​ទេសកសិម្ម ចុះធ្វើការស្ម័គ្រចិត្តនៅតាមបណ្តាសង្កាត់ឃុំ ​បានចំនួន១០ឃុំ នៅក្នុងស្រុកជើងព្រៃ​ខេត្តកំពង់ចាម ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល​នៅក្នុងអាណត្តិទី៧។ បច្ចុប្បន្ននេះដែរ ក៏មាននិស្សិតសិក្សាបញ្ចប់ឆ្នាំទី៤នៅសកលវិទ្យាល័យ​ភូមិន្ទកសិកម្មប្រមាណ ២០០នាក់ដែរ ​បានស្ម័គ្រចិត្តចុះហាត់ការធ្វើការងារនៅតាមឃុំសង្កាត់តាមខេត្តចំនួន១៣ ហើយ​គ្រប់និស្សិតទាំងនោះ ក៏បានត្រៀមខ្លួនប្រឡង​ចូលក្របខណ្ឌក្រសួងកសិកម្ម ដើម្បីចូល​បម្រើការស្ម័គ្រចិត្តនៅតាមឃុំសង្កាត់ផងដែរ។ អត្ថបទ ស៊ុម សុខជា 

អ្នកជម្លៀសខ្លួនរាប់ពាន់នាក់ត្រឡប់ទៅលំនៅឋានវិញ ខណៈចំហេះព្រៃកោះថេណេរីហ្វនៅអេស៉្បាញបានធូរស្រាល

2023/08/24 07:57:37 pm        144
អេស៉្បាញ៖ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា អ្នកជម្លៀសខ្លួនជាង៨.០០០នាក់ពីចំហេះព្រៃ ដែលបានបំផ្លិចបំផ្លាញព្រៃឈើនៅលើកោះថេណេរីហ្វ (Tenerife) របស់អេស្ប៉ាញ អស់រយៈពេលជាងមួយសប្តាហ៍មក អាចត្រឡប់ទៅលំនៅឋានវិញបាន ខណៈដែលចំហេះត្រូវបានគ្រប់គ្រង។ចំហេះដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែសីហា មកទល់ពេលនេះ បានបំផ្លាញព្រៃឈើជិត១៥.០០០ហិចតា នៅក្នុងឧទ្យានជាតិជុំវិញតំបន់ភ្នំភ្លើង Mount Teide ដែលជាកំពូលភ្នំខ្ពស់បំផុតរបស់ប្រទេសអេស្ប៉ាញ។ អ្នកស្រុកប្រហែល៣.០០០នាក់ នៅតែមិនទាន់អាចទៅផ្ទះរបស់ពួកគេវិញបានទេ។ចំហេះត្រូវបានគ្រប់គ្រងមួយផ្នែកធំ លើកលែងតែក្នុងតំបន់មួយក្នុងភូមិ Guimar ប៉ុណ្ណោះ។ ក្រុមអាជ្ញាធរបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ មានចំហេះជាច្រើនដែលអាចដំណើរការឡើងវិញ ក្នុងអំឡុងពេលម៉ោងក្តៅបំផុត ហើយអាចឆ្លងកាត់ខ្សែគ្រប់គ្រងម្តងទៀត។រហូតមកដល់ពេលនេះ ចំហេះព្រៃបានបំផ្លាញផ្ទៃដីចំនួន៦៥.១២៧ហិចតានៅក្នុងប្រទេសអេស្ប៉ាញ ស្របតាមមធ្យមភាគនៃទសវត្សរ៍ចុងក្រោយ ប៉ុន្តែទាបជាងចំនួន ២២៨.៨៦៣ហិចតា ដែលបានឆេះក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលជាឆ្នាំដ៏អាក្រក់បំផុត ក្នុងរយៈពេលមួយទសវត្សរ៍ នេះបើយោងតាមទិន្នន័យផ្លូវការ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

-កម្ពុជា- អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
10/14/2026 11:10 PM
កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
10/14/2026 09:10 PM
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ជាមួយលទ្ធផលសម្រេចបានជាបន្តបន្ទាប់ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាត
10/14/2026 09:10 PM
កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និង TVET
10/14/2026 07:10 PM
កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុក ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនឹងការជនលិច
10/14/2026 07:10 PM
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
10/14/2026 07:10 PM
ភ្នាក់ងារតំណាងកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ ដោយរក្សាគោលជំហរ និងគោលបំណង គឺដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជា ជននៃប្រទេសទាំងពីរ និងស្វែករកសន្តិភាពយូរអង្វែង
10/14/2026 07:10 PM
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
10/14/2026 07:10 PM
មន្ត្រី៖ បណ្តាប្រទេសអឺរ៉ុប និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅថ្ងៃអាទិត្យ
10/14/2026 07:10 PM
ការ​លាលែងពីតំណែង​របស់លោក​ លោក Yana គឺជាការប៉ះពាល់​ដល់នាយករដ្ឋមន្ត្រី​ជប៉ុន​ លោកស្រី Takaichi
10/14/2026 07:10 PM